ការដែលកម្ពុជាបញ្ជាក់ជំហរគោរពបទឈប់បាញ់ ដោយមិនប្រើសិទ្ធការពារខ្លួនទប់ទល់ការឈ្លានពានពីយោធាថៃ ដែលពង្រីកការឈ្លានពានដោយយកលួសបន្លាព័ន្ធផ្ទះពលរដ្ឋខ្មែរ រួមទាំងតំបន់មួយចំនួនទៀតនោះ ក្លាយជាក្តីបារម្ភថា ថៃនឹងវិញមកគ្រប់គ្រងទឹកដីខ្មែរឡើងវិញដោយជោគជ័យ បើកម្ពុជាមិនទប់ស្កាត់បន្ទាន់ទេនោះ។
ក្តីបារម្ភនេះ ក្រោយអ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកសកម្មភាពទាហានថៃ បានយកលួសបន្លាបិទផ្លូវចូលផ្ទះពលរដ្ឋ និងផ្លូវចូលនៅច្រកណងចាន់ ព្រមទាំងវាយកម្ទេចចោលរោង និងប៉ុស្តិ៍ច្រករបៀងណងចាន់បណ្តាល២កន្លែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បន្ថែមលើនេះ នៅថ្ងៃទី១៣ ខែសីហានេះ ទាហានថៃបានពង្រីកការរាយលួសបន្លាពទ្ធ័ផ្ទះពលរដ្ឋខ្មែរនៅទីតាំងដដែលនោះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា និយាយក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៣ ខែសីហានេះថា កងទ័ពប៉ារ៉ាថៃ និងតម្រួតថៃ បានចូលរាយបន្លាលួសនៅភូមិអូរជ្រៅ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅទិសទី១ យោធភូមិភាគទី៥នៅថ្ងៃទី១២-១៣ ខែសីហានេះ ។
ការណ៍នេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនទូទៅ(GBC) ពិសេសត្រង់ចំណុចទី២ និងចំណុចទី៤ ឡើយ។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា បារម្ភថា ថៃនឹងបន្តកាន់កាប់តំបន់ណាដែលពួកគេចង់បាន បើកម្ពុជាមិនប្រើប្រាស់សិទ្ធការពារខ្លួនជាក់ស្តែង ទប់ទល់នឹងការឈ្លានពានពីយោធាថៃទាន់ពេលទេនោះ។
លោកថា៖ «ប្រទេសចិន និងប្រទេសឥណ្ឌា មានជម្លោះព្រំដែនដូចនៅប្រទេសកម្ពុជា ប៉ុន្តែគេអត់ប្រើអាវុធ ព្រោះគេគោរពបទឈប់បាញ់។ គេអត់ប្រើអាវុធតែគេប្រើកម្លាំងវ៉ៃគ្នា។ ចូលមកវ៉ៃៗ និងដូចគ្នាចឹង! យើងដាក់ទាហានយើងដែលមានវ័យកាយសម្បទារឹងមាំ កុំដាក់យោធាកម្ពុជាយើងដែរ គាត់ចាស់ៗ យើងដាក់យោធាណា ដែលមានកាយសម្បទារឹងមាំ ដាក់ទៅបញ្ឈរជើងប្រចាំការ។ ខ្ញុំលើកឧទាហរណ៍ដូចជាយើងដាក់កម្លាំងប្រដាប់អាវុធ នៅក្នុងការបង្ក្រាបបាតុកម្ម ក្នុងការបង្ក្រាបបាតុកម្ម យើងប្រើខែលរឿងប្រើអីយកទៅដាក់»។
លោក សូរីដា កត់សម្គាល់ថា មុនការផ្ទុះអាវុធមេដឹកនាំកម្ពុជាទាំង លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានឆ្លើយតបដោយម៉ឹងម៉ាត់ តាមរយៈសកម្មភាពយោធាក្រោយថៃបំពានដីខ្មែរ តែក្រោយមានបទឈប់បាញ់ លោកថា រដ្ឋាភិបាលហាក់បន្ទន់ឥរិយាបទទៅវិញ។
ក្នុងន័យនេះ លោកថា បទឈប់បាញ់ហាក់បានចងដៃយោធាខ្មែរ ឱ្យរក្សាភាពស្ងៀមស្ងាត់នៅពេលនេះ ដែលហាក់កំពុងបើកដៃឱ្យថៃបំពានយកដីខ្មែរតាមទំនើងចិត្ត។
លោកថា៖ «ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ ថៃវាមកយកអាតំបន់ដែលយើងឈ្នះនេះ ត្រឡប់ទៅជារបស់វាវិញ អាហ្នឹងយើងគិតថាយើងចាញ់ធ្ងន់ធ្ងរមែនទែន ចាញ់ត្រង់ថា យើងបាត់របស់ដែលថាជារបស់រួម ហើយយើងចាញ់ដោយសារតែយើងមិនតបត ទៅនឹងការគេហៅថា កាន់កាប់តំបន់ទាំងអស់នោះ ដោយមិនបានប្រើគ្រាប់កាំភ្លើងមួយគ្រាប់សោះ វាអាចយកតំបន់ហ្នឹងបាន។ ហើយទាហានពលី កងទ័ពយើងដែលប្រយុទ្ធនៅក្នុងរយៈពេលប្រាំថ្ងៃនេះ ហាក់ដូចជាលោកពលីទទេៗទៅវិញ»។
យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ថ្លែងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ថា កម្ពុជាបានផ្ញើលិខិតទៅកាន់ប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីហានិភ័យដែលកំពុងកើនឡើង និងគំរាមកំហែងចំពោះបទឈប់បាញ់ដ៏ផុយស្រួយរវាងកម្ពុជា-ថៃ។
លោកថា កិច្ចព្រមព្រៀងឈប់បាញ់ស្ថិតក្នុងភាពផុយស្រួយ ដោយសារយោធាថៃបង្កើនការរំលោភបំពានបូរណភាពទឹកដីកម្ពុជា ដែលជាការបំពានយ៉ាងច្បាស់លើច្បាប់អន្ដរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានសុពលភាពតាមផ្លូវច្បាប់ ខណៈថៃបន្តរាយបន្លាលួស ធ្វើផ្លូវ និងសាងសង់លេណដ្ឋានជាច្រើនកន្លែងក្នុងទឹកដីកម្ពុជា។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ថ្កោលទោសចំពោះការឈ្លានពានពីថៃដែលជាភាពគគ្លើនជាន់ឈ្លីបទឈប់បាញ់កម្ពុជា-ថៃ។
យ៉ាងណា លោកជំរុញឱ្យប្រញាប់ប្តឹងប្រទេសថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJហើយ ក្រៅពីពឹងសហគមន៍អន្តរជាតិហើយ កម្ពុជាក៏ត្រូវទប់ស្កាត់ការឈ្លានពានពីថៃ តាមភាពជាក់ស្តែងនៅពេលនេះ កុំឱ្យចេះតែរុលចូលមកដីខ្មែរដោយចំហរបែបនេះ។
លោកថា៖ «ការការពារខ្លួននេះ គឺយើងការពារខ្លួនពីការឈ្លានពាន យើងព្យាយាមណាស់ការគោរពបទឈប់បាញ់រវាងប្រទេសទាំង២ហ្នឹង។ ក៏ប៉ុន្តែនៅពេលដែលភាគីមួយទៀតគគ្លើនឈ្លានពាន យើងត្រូវតែចាត់វិធានការពារខ្លួនផ្ទុះអាវុធក៏ផ្ទុះ ហើយត្រូវបណ្តេញចេញឱ្យអស់នូវជនឈ្លានពានពីកម្ពុជា ហើយអាបន្លាលួស អាបោះបង្គោលបោះអីហ្នឹងនៅតាមព្រំដែនហ្នឹង ត្រូវបណ្តេញហើយ យកបន្លាលួសមកប្រើប្រាស់ទៅគ្មានបញ្ហាអីទេ»។
កម្ពុជា-ថៃ បានផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ក្រោយមកភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដាតទៅ ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន នៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។
ប៉ុន្តែភាគីថៃមិនបានគោរពកិច្ចព្រមព្រៀងនេះទេ ពោលគឺបទឈប់បាញ់នេះ បានចូលជាធរមានបាន ៨ម៉ោង ទាហានថៃបានចូលទៅចាប់ទាហានខ្មែរនៅខ្សែត្រៀមជួរមុខចំនួន២០នាក់ ខណៈទាហានខ្មែរមិនហានបាញ់ដោយគោរពបទឈប់បាញ់។
រហូតមកដល់ថ្ងៃទី១៣ ខែសីហានេះ គឺរយៈពេល១៥ថ្ងៃហើយ ទាហានខ្មែរ១៨នាក់ទៀត ភាគីថៃមិនទាន់ប្រគល់ឱ្យកម្ពុជាវិញទេ ទោះភាគីកម្ពុជាអំពាវនាវឱ្យដោះលែង និងស្វែងរកកិច្ចអន្តរាគមន៍ពីអន្តរជាតិក្តី៕









