រដ្ឋាភិបាល​គួរ​កាត់​បន្ថយ​ក្រសួង​និង​​អំពើ​​ពុក​រលួយ​ដើម្បី​​​ប្រមូល​ថវិកា​​ពង្រឹង​​កង​ទ័ព​​​ឱ្យ​កាន់​​តែ​​ខ្លាំង​

អ្ន​ក​​នយោបា​យ​​ប្រឆាំង ​និង​អ្នក​​ឃ្លាំ​មើល​​សង្គម ​រួម​​ទាំង​​ប្រជា​ពលរដ្ឋ​​ខ្មែរ​​នៅ​គ្រប់​​ទិស បាន​​បង្ហាញ​​​ពីកា​រ​​គាំទ្រ​​យ៉ាង​ខ្លាំង​​ដល់​​វីរៈ​​កង​ទ័ព​​កម្ពុជា ​ដែល​​មាន​​ទឹក​​ចិត្ត​​មោះ​​មុត​​អង់​​អាច​ក្លា​ហាន​ ​ក្នុង​​ការ​​ច្បាំង​​ទប់​​ទល់​​ប្រឆាំង​ទៅ​​នឹង​​ការ​​ឈ្លាន​​ពាន​​របស់​​ថៃ ​ក្នុ​ង​​រយៈ​​ពេល​​៥​​ថ្ងៃ​​កន្លង​​មក ​​គឺ​ចាប់​​ពី​ថ្ងៃ​ទី​​​២៤​​​រហូត​ដល់​​ម៉ោង​​១២​យប់​​ថ្ងៃ​ទី​​២៨​ ខែ​កក្កដា ​​ឆ្នាំ​​២០២៥។

បើទោះ​បីជាថៃ​មា​ន​​កង​​​​ទ័ព​​​ច្រើន​ជាង ​និង​​មាន​​សព្វា​វុធ​ទំនើប​​ជាង​កងទ័​ព​កម្ពុជា​ក្តី ក៏​ប៉ុន្តែ​​​កង​ទ័ព​​កម្ពុជា​​បាន​​បើក​​ការ​ប្រយុទ្ធ​ទប់​​ទ​ល់​​រហូត​​ដល់​អាច​​បណ្តេញ​​ទ័ព​​ថៃ​​ឈ្លាន​​ពាន​ ​ឱ្យ​ចេញ​ពី​ទីតាំង​ជាច្រើន​ដែល​​ពួកគេ​​​បាន​​ចូល​មក​​ឈរជើង​​ដោយ​ខុសច្បាប់​​នៅលើ​ទឹកដី​កម្ពុជា។

ប៉ុន្តែ​យ៉ាងណាក្តី​ ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់ បាន​បង្ហាញ​ពី​អារម្មរណ៍​ឈឺ​ចាប់​​សង្វេក​ក្តុក​ក្តួល​​រំជួលចិត្ត​ស្រក់​​ទឹក​ភ្នែក ដោយសារ​តែ​ខឹងនឹងការ​ឈ្លានពាន​​របស់​ទ័ព​សៀម​ផង​ និង​ឃើញ​គ្រួសារ​កងទ័ព​ក្នុង​ចំនួន​​ដ៏ច្រើន​​ដែល​​បាន​​ពលី​ និង​រងរបួស​ ​មាន​ជីវភាព​ក្រីក្រ​តោក​យ៉ាក​យ៉ាង​ខ្លាំង ​ដោយ​គ្រួសារ​ខ្លះ​សូម្បី​តែផ្ទះ​មិន​មាន​​​​នៅ​​​ផង ​ខណៈ​គ្រួសារ​ខ្លះទៀត ​មាន​ផ្ទះ​ខ្ទម​រយីករយាក​​មើ​ល​​ពី​មុ​ខ​ធ្លុះ​​ដល់​ក្រោយ​ ថែម​​ទាំង​​ជំពាក់​​បំ​ណុល​​​​គេ​វ័ណ្ឌក​ថែម​ទៀត។

លោក​មាជ សុវណ្ណារ៉ា ប្រធានគណបក្ស​ជំនាន់​ថ្មី បាន​​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​១៣ខែ​​សីហា​​នេះ​​​ថា ដើម្បី​​ធ្វើ​ឱ្យ​ប្រទេស​​​ជាតិ​មួយ​ខ្លាំងរឹងមាំ​​ មាន​ស្ថិរភាព​គឺចាំបាច់​ត្រូវ​តែមាន​កងទ័ព​​ខ្លាំង ​មាន​សព្វាវុធ​ទំនើប។ ​បើ​ទោះ​បី​ជា​​​​កម្ពុជា​​គ្មាន​បំណង​​ទៅធ្វើសង្គ្រាម​ឈ្លាន​ពាន​ទឹក​ដី​ពី​ប្រទេស​ណា​ក៏ដោយ​ ប៉ុន្តែ​កម្ពុជា​​ត្រូវ​តែ​ត្រៀម​ការពារ​នូវ​ហានិភ័យ​​ដែល​អាច​​​កើត​ឡើង​​ជាយថា​ហេតុ​ ​ប​ង្ក​ឡើង​​ដោយ​​ប្រទេស​​ជិត​ខាង​ ​ដែល​គេ​កំពុង​តែខ្លាំង​ខាង​សេដ្ឋកិច្ច​ និង​​ខ្លាំង​ខាង​យោធា។

លោក​បន្តថា បន្ទាប់​ពី​ឆ្លង​កាត់​បទពិសោធន៍​សង្គ្រាម​ក៏ក្តៅ​គគុកស៊ីសាច់ហុត​ឈាម ​​រយៈ​​ពេល​​៥​ថ្ងៃ ជាមួយ​កង​​ទ័ព​សៀម ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ដំឡើង​ថវិកា​ ពង្រឹង​វិស័យការ​ពារ​ជាតិ ​និង​បន្ថែម​ប្រាក់​បៀរ​វត្ស​រ៍ឱ្យ​បាន​​​សមរម្យ​​ដល់​​កងទ័ព និង​យក​ចិត្ត​ទុកដាក់​ដល់​សុខមាល​ភាព​​របស់​​គ្រួសារ​កង​ទ័ព ​ដើម្បី​ឱ្យ​ពួកគាត់​​អាច​រស់​នៅ​​បានក្នុង​ជីវភាព​សមរម្យ​ថ្លៃថ្នូរ​។ ដើម្បី​មាន​ថវិកា​ពង្រឹង​វិស័យ​ការ​ពារជាតិ រដ្ឋា​ភិបាល​គួរ​កាត់​បន្ថយ​ក្រសួ​ង​​ពី​៣០​​​មក​ជាង​១០​ ​ខណៈ​​បច្ចុប្បន្ន​​ក្រសួង​​​ជាន់​គ្នា​​ច្រើន មន្ត្រី​ច្រើន​ធ្វើឱ្យ​ខាត​បង់​ថវិកា​ជាតិ។

លោកថា៖ «ក្រសួ​ង​៣​យើង​អាចក្លាយ​​ជាក្រសួង​១ ក្រសួង​​​២ក្លា​យ​​ជា​​​ក្រសួង​​១​ទៅ ​យ​ក​​​អាកញ្ចប់​​ថវិកា​​ជាតិ​ប្រចាំ​ឆ្នាំក្នុង​ការ​​ចាយ​​វាយ​​ទៅ​​ឱ្យ​​ក្រសួង​​ស្ថាប័ន​​រដ្ឋ​​ហ្នឹង ​គឺយើង​ដក​អាប្រាក់​ថវិកា​ជាតិហ្នឹង ​យក​មក​បំពេញនូវ​ផ្នែកកងទ័ព ហើយ​តម្លើង​​ប្រាក់​​ខែ​​ទប់​​ស្កាត់​​អំពើ​​ពុក​​រលួយ​បក្ខ​ពួ​កគ្រួ​សារ​​និយម​​ហ្នឹង​ទៅ​ អាក​ន្លែង​​ណា​ដែល​​យើង​​មិន​​ត្រូវ​​ចំណាយ​​ កន្លែង​​​ណា​​ដែល​​មើល​ទៅ​ស្ថាប័ន​​ដែល​មាន​មន្ត្រី​រាជការ ​ឬកងកម្លាំង​ប្រដាប់​អាវុធ​ហ្នឹង​​វាច្រើន​​ពេក ​គឺថា​យើង​ត្រូវកំណែទម្រង់​រដ្ឋបាល​សាធារណៈ ​និង​អភិបាល​កិច្ច​ល្អ ​ហើយ​​យើង​ប្រមូល​​លុយ​នោះ​​មក​​ពង្រឹង​ថវិកា​ជាតិ»

សម្រាប់​​ លោក ​មាជ សុវណ្ណា​រ៉ា ​កម្ពុជា​ត្រូវមាន​កម្លាំង​ប្រដាប់​អាវុធ​​របស់​​ជាតិ​​ដែល​​​ខ្លាំង​​រឹង​មាំ​​ ឈរ​ជើង​តាម​ព្រំដែន​​​​ ជាកងទ័ព​​មាន​សម្ភារប្រើប្រាស់គ្រប់​គ្រាន់ ​មាន​សព្វាវុធ​ទំនើប និង​ជា​កងទ័ព​ដែល​ឯករាជ្យអព្យាក្រឹត្យ​​មិន​ពាក់​ព័ន្ធ​នឹង​គណ​បក្ស​នយោបាយ។

​សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន ​​កម្ពុជា​ដែល​មាន​ប្រជាជន​ប្រមាណតែ​១៧លាន​នាក់ ​មាន​ក្រសួង​ប្រមាណ​​៣០ ​និង​ស្ថាប័ន​រដ្ឋ​ចំនួន​១៧ផ្សេងទៀត​​ ដែល​នៅគ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ទាំង​នោះ​ ​ពេញ​ណែន​ទៅ​ដោយ​មន្ត្រីគ្រាក់ៗ​​ ក្នុង​​នោះ​​គ្រាន់​តែ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រីមួយ​​ មាន​រដ្ឋមន្ត្រី​ប្រតិភូអមនាយក​​​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ និង​អនុរដ្ឋលេ​ខាធិការ​រហូត​ដល់​ជា​ង​ ១០០​នាក់​ឯណោះ ខណៈ​ប្រទេស​វៀតណាមដែលមានប្រជាជន​ប្រមាណ ១០០លាន​​នាក់​ គេមាន​តែ១៤ក្រសួង​​ និង​ពុំ​មាន​តំណែង​​ជារដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​​​រដ្ឋ​មន្ត្រី រដ្ឋ​លេខា​ធិការ​ ​និង​​អនុ​រដ្ឋលេខា​​ធិការ​​ដូច​​កម្ពុជា​​ឡើយ​។

ជាមួយគ្នា​នេះ លោកសម រង្ស៊ី ប្រធានក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​​របស់​លោក​​នៅ​ថ្ងៃទី​១៣​ខែ​សីហា​​នេះថា ប្រាក់​ចំណូលដែល​កម្ពុជា​ប្រមូលបាន​ពីពួកឧក្រិដ្ឋជន​​អន​ឡាញ​​ប្រមាណ​​ ១៩​​ពាន់​លាន​​ដុល្លារ​ក្នុង​​មួយ​​ឆ្នាំ គួរ​​យក​​មក​​ពង្រឹង​​វិស័យ​​ការ​​ពារ​​ជាតិ​​ឱ្យ​​ខ្លាំង​។

លោកនិយាយក្នុងសំដីដើម​ថា៖ ​«បើយើងរឹបអូសលុយប្រមាណ​១៩​ពាន់​​លាន​​ដុល្លារ​​ ពី​ពួ​ក​​ឧក្រិដ្ឋ​​ជន​នៅ​កម្ពុជា យើង​​​អាច​ទិញយ​ន្ត​ហោះ​​ចម្បាំង​ F-16 របស់​​សហរដ្ឋ​អាមរិក​​បាន​ប្រហែល ២៩២​គ្រឿង»។

លោក ​សម រង្ស៊ី ​បាន​លើកឡើង​ថា កាលពីថ្ងៃ១៨ ខែ​​ឧសភា ឆ្នាំ​២០២៥ វិទ្យុ ABC របស់​​ប្រទេស​​អូស្ត្រាលី​បាន​​ចេញ​ផ្សាយ​​រឿង​ឧក្រិដ្ឋ​កម្ម​អន​ឡាញ (Cybercrime) នៅ​កម្ពុជា ដោយ​​មាន​​ឯកសារ​​៧៣​ទំព័រ ស្រាវ​​ជ្រាវ​​ដោយ​​វិទ្យា​​ស្ថាន Humanity Research Consultancy នៅ​សហ​រ​ដ្ឋ​អា​មេរិ​ក។ ក្នុង​នោះ​​មាន​ឈ្មោះត្រកូល​ហ៊ុន ពួក​ឧកញ៉ា​ជា​ច្រើន​ និង​​​ថ្នាក់​​ដឹក​នាំ​​មួយ​​ចំនួន​​ធំ​​​របស់​គណបក្ស​ប្រជាជន គឺ​ជា​អ្នក​កាង​ការ​ពារ​បណ្តាញ​ឧក្រិដ្ឋ​កម្មអ​ន្តរ​ជាតិ​​នេះ​ ដើម្បី​​ប្រមូល​​​​ប្រាក់​​ពី​​​ឧក្រិដ្ឋ​​កម្ម​​​នេះ​​ប្រមាណ​​ពី ១២,៥​​ពាន់​លាន ទៅ ១៩​ពាន់​​លាន​​ដុល្លារ​នៅ​​ក្នុង​​មួយ​ឆ្នាំៗ យក​​​ទៅ​​ចិញ្ចឹម​​អំណាច​​គណបក្ស​​ប្រជាជន​កម្ពុជា​​។

ចំណែក ​លោក ​ផាន់ ផាណា សកម្ម​ជន​នយោបាយម្នាក់​នៅ​ក្រៅ​​ប្រទេស ​​បាន​​លើក​​ឡើង​​ថា ប្រទេស​កម្ពុជា​កំពុង​កើតមាន​អំពើ​ពុក​រលួយ​​ហៅលែងឮ ពីព្រោះ​ថវិកាចំណាយក្នុង​វិស័យ​ការ​ពារ​ជាតិ​ចំនួន ​១,៤១៣​ពាន់លាន​ដុល្លារក្នុង​១ឆ្នាំ​ តែទាហាន​​ជួរ​មុខ​​រក​អាយ​កូមប្រើ​​​និង​ស្បែក​ជើង​​ពាក់គ្មាន​។

ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​ខាងលើ​នេះ គឺ​បន្ទាប់​ពីមាន​សេចក្តីរាយការ​ណ៍​ជាច្រើ​ន​ថា មេ​បញ្ជា​ការ​កង​ទ័ព​​នៅ​​​តាម​​អង្គ​ភាព​​មួយ​​ចំនួន ​បា​ន​កឹប​កេង​​ថវិកា​ដែល​​ជា​រ​បប​​កង​ទ័ព ហើយ​​ជំនួយ​​ឧបត្ថម្ភ​​​ជា​ច្រើន​ដល់​​កង​ទ័ព​ជួរ​មុខ​​ត្រូវ​បាន​​មន្ត្រី​មួយ​​ចំនួន​​កឹប​​កេង។

ក្នុង​នោះមា​ន​​​ទាហាន​​ឈរ​​ជើង​​​​​នៅ​​ភ្នំ​កោះ​យ៉ ស្ថិត​នៅទល់​មុខកោះគជ់​ ​បាន​លើក​ឡើង​ថា៖ ​«ពិត​ជាមិន​ចង់​សួរ​​នៅ​ពេល​​នេះ​ទេ ប៉ុន្តែវាចាំបាច់ពេក។ លោក ឯម ចន្ថា វីរៈ​ ការពារកោះ​កុង​​ក្រៅ​​លេខ២ បាន​​​​កាត់​​លុយ​កូន​​​ទាហាន​​១៤ម៉ឺន​រៀលក្នុង​មួយខែយក​ទៅ​ណា? លុយ​​ឧបត្ថម្ភ​​ ៣០០០​រៀល​​របស់​​សម្តេច​​បាត់​ទៅ​ណា?​ អំណោយ​​ជួរ​មុខ​បាត់​ទៅ​ណា?»។

ទាហាន​ទាំង​នេះ បាន​ស្នើ​​ឱ្យ​​លោក​ ​ឯម​ ចន្ថា បើកប្រាក់ទាំងនេះ​ជូន​​ពល​​ទាហាន​ នាយ​ទាហាន​​រង ​និង​​នាយ​ទា​ហា​​ន​​ក្រោម​​បង្គាប់​​​​ឱ្យ​​បាន​​គ្រប់​ចំនួនតាម​របបរដ្ឋ។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​ឈ្មោះ អវតារ ស.និង Phan Phana បង្ហោះ​កាលពីថ្ងៃ​ទី​៦ ខែ​សីហា ​ឆ្នាំ​២០២៥។

ប៉ុន្តែ​យ៉ាងណាក្តី ​រហូត​មក​ដល់​ពេល​នេះ ​គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​ ​លោក​ឯម ចន្ថា និង​ពីក្រសួង​ការ​ពារជាតិ​​​នៅ​​ឡើយ​​ទេ ខណៈ​ដែល​កងទ័ព​នៅ​ភ្នំកោះយ៉ ​បាន​អះអាងថា ពួកគេ​មានភស្តុតាងគ្រប់គ្រាន់ និ​ង​​ស្នើ​​ឱ្យ​​អង្គ​ភាព​​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​ចុះទៅ​​​ស៊ើប​​អង្កេត​​ដោយ​ផ្ទាល់ដើម្បី​ដឹងការពិត​។

បើ​តាម​នាយទាហាន​​ជើងគោកម្នាក់​​ដែល​បដិសេធប្រាប់ឈ្មោះ ​បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​កង​ទ័ព​ម្នាក់​ទទួល​បា​ន​​​របប​​អាហារ​៤ពាន់​រៀល​ក្នុង១ថ្ងៃ ​​និង​លោក ​ហ៊ុន ម៉ាណែត ​បានឧបត្ថម្ភ​​៣ពាន់​រៀល​ សរុបក្នុង១ថ្ងៃកងទ័ព​ម្នាក់​​មាន​របបអាហារ​៧ពាន់​រៀល។

លោក ​ពេជ្រ មេត្តា ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​សៀម​រាប ​បាន​​លើក​ឡើង​​ថា អំពើ​​ពុក​​រលួយ​​ដែល​​បាន​​និងកំពុង​​កើត​ឡើង​​ចាក់​ស្រែស​នៅក​ម្ពុជា ​​គឺ​​ជា​ជំងឺ​សម្លាប់​ជាតិ​​និ​ង​ប្រជា​ជន ពី​ព្រោះ​​​អំ​ពើ​​ពុក​​រលួយ​វា​​ដូច​​ជា​ជំងឺមហា​​រីក​​​ដែល​​វា​កើតក្នុ​ង​ខួរ​​ក្បាល​​មនុស្ស ​ហើយ​វារីក​សាយ​ភាយពីមនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់តៗគ្នា​​។

លោក​លើកឡើង​ថា ស្ថាប័នណាក៏​ដោយ​នឹង​ពុំមានការ​រីកចម្រើន​ទៅ​រួច​ទេ ​ប្រសិន​បើមាន​អំពើ​ពុករលួយ។

លោក​ ​មេត្តា ​និយាយ​ក្នុង​សម្តីដើម​ថា៖ «អ៊ី​ចឹង​យើងមើលទៅ​ អាជំងឺ​ពុករលួយនេះ វាជាជំងឺ​​ធំ​វាស៊ីៗ​រហូត​ដល់​​ជាតិ​ដួល​ទាំង​គ្រេង​តែម្តងបើមិន​មានការទប់ស្កាត់​។ ចឹង​វិស័យអីក៏ដោយ​កាលណាមាន​អំពើ​ពុករលួយ​ហើយ​​គឺ​ដួល​ហើយ ​មិ​ន​​ថា​​​វិស័យ​ការ​ពារ​​ព្រំ​ដែន​ ឬកា​របុ​​​ក​គ្រឹះ​​នៃ​ការ​​ការ​ពារ​​ចំណុច​ស្នូល​​នៃ​​​ជាតិ​នោះទេ​​​ ពេល​​​​ដែល​​អំពើ​ពុក​រលួយ​កើតឡើង​ហើយ​វាសាយភាយ​។ ចឹងហើយ​ទើប​​បណ្តា​ប្រទេស​មួយ​ចំនួន ​គេ​កាត់​ទោស​ប្រហារជីវិត​​ចំពោះ​មន្ត្រី​​ពុករលួយ»។​

សម្រាប់​ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅ​ប្រទេសអូស្រ្តាលី លោក ស៊ឹង សែន​​ករុណា បាន​​សរ​សេរ​​​​នៅលើ​​​បណ្តាញ​​សង្គម​​របស់​​លោក​​នៅ​​ថ្ងៃទី​​១៣ខែសី​ហា​​​​នេះ​ថា បើ​គ្មាន​​អំពើ​​ពុក​​រលួយ​លួច​​ជាតិ​​យក​​មាន​​បានជាបុ​គ្គល ​ឬគ្រួសារ​ទេ ម៉្លេះ​​សម​ថវិកា​ពង្រឹង​វិស័យការ​ពារ​ជាតិ​នឹង​ខ្លាំង​ជាងនេះ​​​ ដូច្នេះ​ត្រូវ​តែបញ្ឈប់​អំពើ​ពុក​រលួយ​។

ជាមួយគ្នា​នេះ លោក ​ស៊ឹង សែន​ករុណា បាន​ប្រាប់​ឱ្យប្រជាពលរដ្ឋ​ស្រមៃ​នឹករឿងកាល​ពី​មុន​សង្គ្រាម ពេលកំពុង​មាន​សង្គ្រាម និងក្រោយពេលមានបទឈប់បាញ់ ថា​​តើមានរឿងកិបកេង​ពីជាតិអ្វី​ខ្លះកើតឡើង​?

នៅ​ក្នុង​វីដេអូឃ្លីបខ្លីមួយ​ដែល​បង្ហោះ​នៅលើ​អាខោន​​ហ្វេសប៊ុក​ឈ្មោះ «ពូបញ្ញា» នៅ​ថ្ងៃទី​១១ ​ខែ​សីហា ​ឆ្នាំ២០២៥ ​​​ក្រុម​ទាហាន​ប្រមាណជា​១០​នាក់ ក្នុង​ចំណោម​​៥៣​នាក់​​ ដែល​កំពុង​ឈរ​ជើង​នៅ​ខ្សែត្រៀម​ជួរមុខមួយ​​កន្លែង​​​ បាន​លើក​ដៃ​សំពះ​​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ខ្មែរ​នៅ​​​សហ​រដ្ឋអាមេរិក ​ជួយ​ឧត្ថម្ភ​ពួកគាត់​ដែល​កំ​ពុ​ង​​​ជួប​ការ​លំបាក​​ខ្វះ​ខាត​សម្ភារ​ប្រើប្រាស់​ ក្នុង​នោះ​រួម​ទាំង​ស្បែកជើង​ផងដែរ។ ក្នុង​ចំណោម​ពួកគាត់​​១០​នាក់​ ​នៅក្នុង​វីដេអូ​ឃ្លីប​នេះ ​ឃើញ​មាន​តែម្នាក់​ប៉ុណ្ណោះ​ ដែល​មាន​ស្បែក​ជើង​ប៊ូ​ពាក់​​ចំណែក​៩​នាក់​ទៀត ​គឺពាក់​ស្បែកជើង​ផ្ទាត់​។

 លោកថា៖ «បងប្អូន​យើង​ដែល​នៅ​ខាង​សហរដ្ឋអាមេរិក ​ខ្ញុំ​សុំ​មានអីទេ​សុំ​​ស្បែក​ជើង កៅស៊ូ​តង់ ចង្ក្រាន​ហ្គាស ផោវើប៊ែង សូឡា សុំបើបាន​ច្រើនកាលណា​ គឺល្អកាលហ្នុង​ ពីព្រោះ​ពុង​តែកម្សត់​ជាក់​ស្តែង​។ ១វារៈ​មាន​​​​៥៣​នាក់​ ដោយ​​សា​រ​​ពួ​ក​ខ្ញុំ​​​នេះ​ឯង​ ​ជាអ្នក​វ៉ៃផ្ទាល់​ជាមួយថៃ​ជួរមុខ​ផ្ទាល់​តែម្តង។ ​សព្វថ្ងៃមិន​ដែល​បាន​ដេក​ទេ​​យប់​​ឡើង​ដាក់​​វេន​គ្នា​​យាម​​ វាកម្សត់ណាស់​បងអើយ​ មើល​​ទ្រនាប់​​​ជើង​​ទៅ​​កម្សត់​មហាសែ​ន​កម្សត់ គ្រាន់​​​តែក​ង​កម្លាំង​​មិន​​បាន​​មក​​អស់​​ទេ ​ដែល​បងបាន​មក​ជួបនេះ ដោយ​សារ​កងកម្លាំង​នៅ​ជួរមុខ​នៅ​យាមកាំភ្លើង​​នៅ​​​យាម​​អី»។

ចំណែក កងទ័ព​​នៅ​ខ្សែ​ត្រៀ​ម​ជួរ​​មុខ​​​ផ្សេង​ទៀត​ ​ក៏​បាន​ធ្វើការ​អំពាវនាវ​ឱ្យ ​លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធ​សភា​ និង​​​សប្បុរស​​ជន​ជួយ​​ផ្តល់​​អាវ​​ក្រោះ​ ម៉ាស់​ពាក់​ការ​​ពារ​​ផ្សែង​​ពុល​ និង​​កាំ​ភ្លើ​ង​​​បាញ់​ដ្រូន​​ផង​ដែរ​ ដើម្បី​ការ​​ពារខ្លួ​​ន ​​និង​​បាញ់​​ទម្លា​ក់​​ដ្រូន​​ថៃ ​ប្រសិន​បើ​មានការ​ប្រយុទ្ធគ្នា​កើតឡើង​ជាថ្មីទៀត។

 វីអូឌី មិន​អាច​ទាក់​ទង​​លោក​ស្រី ម៉ាលី សុជាតា​ អ្នក​នាំពាក្យក្រសួង​ការពារ​ជាតិ ​ដើម្បី​ស្នើ​សុំ​ធ្វើការ​អត្ថាធិប្បា​យ​​​លើ​បញ្ហា​នេះ​បាន​ទេ ប៉ុន្តែ​លោក​ស្រី​​​បាន​ថ្លែងក្នុង​សន្និសីទ​កាសែត ​ស្តី​ពី ​«លទ្ធផ​លនៃ​កា​រអ​នុវ​ត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ» នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រ​ង់​ថ្ងៃទី​១​៣ ខែ​​​​សីហា​​នេះ​​ថា ស្ថាន​​ភាព​នៅ​​ព្រំដែន​​គឺ​ស្ង​ប់​ស្ងា​​ត់​ ​និង​​ថា ក្រសួង​​ការ​​ពារ​ជាតិ​ ​និ​ង​​រាជ​រដ្ឋាភិ​បាល ​នឹង​មិន​​ទុ​ក​​ឱ្យ​កង​​ទ័ព​​កម្ពុជា​ណាម្នា​ក់​​​នៅ​​ឯកោ​នោះ​ទេ។

សម្រាប់​ ​លោក​បណ្ឌិត មាស នី ​អ្ន​ក​​សិក្សា​​ស្រាវ​​ជ្រាវ​​ពី​ការ​​អភិវឌ្ឍ​​សង្គម ​មើល​ឃើញថា ក្នុង​សង្គ្រាម​រវាង​កងទ័ព​កម្ពុជា និង​ថៃ​រយៈ​ពេល​៥​ថ្ងៃកន្លងមក បង្ហាញ​ឱ្យឃើញថា​ កងទ័ព​កម្ពុជាមានឧត្តមគតិជាតិ​ខ្ពស់ តស៊ូស្វិ​ត​​ស្វាញ មាន​យុទ្ធសាស្រ្តថ្មើរជើង​ខ្លាំង មានអាវុធ​គាំទ្រ​ទំនើបសមស្រប តែត្រូវបំពេញបន្ថែមទៀត​។

លោក​លើកឡើងថា អ្វីដែល​កម្ពុជាត្រូវ​ដើរ​រឆ្ពោះទៅមុខ គឺត្រូវ​ពិនិត្យនិងកំណត់​លើការ​ពង្រឹង​ និងពង្រីកគ្រឹះសេដ្ឋ​កិច្ច​​ជាតិ ដោយ​បន្ថយ​ការពឹងផ្អែកពីខាងក្រៅ តែពង្រីកទំហំ​ពាណិជ្ជកម្មបរទេសដោយអនុវត្តតាម​គោ​ល​​​ការណ៍ធ្វើ​ស្រែនិងទឹកធ្វើ​សឹកនិងបាយ និង​ជាពិសេស​ត្រូវ​ពង្រឹង​ការ​រួបរួម​និងឯកភាពជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ