អនុព័ន្ធយោធាមកពី៦ប្រទេស នៅថ្ងៃទី១៤ខែសីហានេះ បានចុះពិនិត្យសន្តិសុខតាមព្រំដែន ដោយធ្វើដំណើរទៅកាន់យ៉ាងតិច៣ទីតាំងក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ខណៈទីតាំងទាំងនោះត្រូវបានទាហានថៃរាយលួសបន្លារំលោភទឹកដីកម្ពុជា បំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់។
នេះបើតាមការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់ របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ។
អ្នកស្រីនិយាយថា គិតចាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ខែកក្កដា និងក្រោយកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រហូតដល់ព្រឹកថ្ងៃទី១៤ ខែសីហានេះ សភាពការណ៍ជួរមុខនៅតាមបន្ទាត់ព្រំដែនក្នុងយុទ្ធភូមិភាគទី៤និងទី៥ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជាស្ថិតក្នុងការប្រុងជើងការ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ក្រោមស្មារតីនៃបទឈប់បាញ់។
អ្នកស្រីគូសបញ្ជាក់ថា កម្ពុជាគោរពយ៉ាងម៉ឺងមាត់នូវបទឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំនុចនៃកិច្ចវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។
លើសពីនេះ អ្នកស្រីថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនអ្នកសង្កេតការណ៍ ហៅកាត់ថា(IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក ណាស់ស្លី ប៊ីន អ៊ាប់ដុលរ៉ាហ៊ីម (NAZLEE BIN ABDUL RAHIM) អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន៦ ចូលរួម មានប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម មានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ ៣ទីតាំង ស្ថិតក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងព្រះវិហារ។
អ្នកស្រីថា៖ «ទិសដៅទី១ គឺនឹងធ្វើដំណើរតទៅខេត្តបាត់ដំបងក្នុងយុទ្ធភូមិភាគទី៥។ ទី២ខេត្តបន្ទាយមានជ័យ គឺទៅច្រកអន្តរជាតិប៉ោយប៉ែត ច្រកអូរ៣ជាន់ ភូមិជោគជ័យ និងច្រកបឹងត្រកួន។ ទិសដៅទី៣ គឺនៅខេត្តព្រះវិហារ នៅច្រកអានសេះ»។
កន្លងទៅថ្មីៗនេះ កម្ពុជា បានអះអាងថា ថៃបានរំលោភកិច្ចព្រមព្រៀងលើបទឈប់បាញ់ ដោយបានរាយលួសបន្លានៅប្រាសាទតាមាន់ធំ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងតំបន់អូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងតំបន់មួយចំនួនទៀត។
បើតាមប្រភពខាងលើ បេសកកម្មនេះ បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT។
ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។
លើសពីនេះ កម្ពុជាក៏នៅតែអំពាវនាវឱ្យភាគីថៃ ប្រគល់កងម្លាំងចំនួន១៨រូបមកឱ្យកម្ពុជាវិញ តាមច្បាប់មនុស្សធម៌អន្តរជាតិដែលថៃបានចាប់នៅថ្ងៃទី២៩ខែកក្កដា ទាំងដែលកងកម្លាំងកម្ពុជា ទទួលបញ្ជាមិនឱ្យតដៃ ដោយសារតែគោរពបទឈប់បាញ់៕









