ពលករខ្មែរនៅកូរ៉េ​ឱ្យ​អាមេរិក​ទប់​ស្កាត់​ទង្វើ​ថៃ​រំលោភ​បទ​​​ឈប់​​បាញ់​ចូល​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ

ពលករខ្មែរ​នៅ​កូរ៉េ ទាម​ទា​រឱ្យ​​អាមេរិក​ដាក់​សម្ពាធ​លើ​ថៃ ឱ្យ​គោរព​កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់​ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា ខណៈ​ថៃ​បាន​ចល័ត​​ទ័ព​ចូល​ក្នុង​ដែន​ដី​កម្ពុជា រំលោភ​បទ​ឈប់​បាញ់​ ហើយ​បាន​រាយ​លួស​បន្លា​រំលោភ​​យក​ប្រាសាទ​តាមាន់​ធំ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ តំបន់​អូ​រ​៣ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ តំប​ន់​អា​ន​សេះ ខេត្ត​ព្រះ​វិហារ រួមទាំង​ចាប់​ទាហាន​ខ្មែរ​២០​នាក់។

ការអំពាវនាវ​នេះ តាម​រយៈ​សកម្ម​ភាព​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​លើទឹក​ដី​កូរ៉េ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៥។

អ្នករៀបចំបាតុកម្ម លោក មាន សំណាង ប្រាប់​VOD​​នៅ​ថ្ងៃទី​១៤ ខែ​សីហា​នេះថា​ បាតុកម្ម​នេះ​គោល​បំណង​៣​សំខាន់ៗ ​គឺ​ឱ្យ​ថៃ​បញ្ឈប់​ការ​ឈ្លាន​ពាន​ជា​បន្ទាន់ មក​លើ​ដែន​អធិប​តេយ្យ​ភាព​កម្ពុជា។

មួយ​វិញ​ទៀត ទាម​ទារ​ដោះ​លែង​ទាហាន​ខ្មែរ​ដែល​នៅ​សល់​១៨​នាក់​ទៀត និង​ឱ្យ​អន្តរ​ជាតិ​ ភាគី​ពាក់​ព័ន្ធ​មាន​ចិន ជាពិសេស​អាមេរិក​ដែល​ផ្តួច​ផ្តើម​ឱ្យ​មាន​បទ​ឈប់​បាញ់​ជួយ​ទប់​ស្កាត់​ទង្វើ​គគ្លើន​របស់​ថៃ​បំពាន​ដី​ខ្មែរ។

លោកថា៖ «យើង​អំពាវនាវឲ្យសហគមន៍អន្តរជាតិ ដែល​ពាក់​ព័ន្ធ​ទាំង​អស់ ជាពិសេស​រដ្ឋាភិ​បាល​សហរដ្ឋ​អាមេរិក​ហើយ​​យើង​ក៏​មាន​ទាម​ទារ​ទៅ​ដល់​ភាគី​ចិន​ដែរ ព្រោះ​ថ្ងៃ​ដែល​ចរចា​គ្នា​បទ​ឈប់​បាញ់​នោះ ក៏​មាន​តំណាង​ប្រទេស​ពីរ​សំខាន់​ដែរ គឺ​អាមេរិក​ហើយ​និង​ចិន អ៊ីចឹង​យើង​សុំ​ឲ្យ​ភាគី​ទាំង​ពីរ​ហ្នឹង ដែល​ជា​សាក្សី​នៅក្នុ​ង​កិច្ច​ការ​ងារ​នេះ សុំ​ឱ្យ​ជួយ​អន្តរា​គមន៍​ឲ្យ​ភាគី​ថៃ​ គោរព​បទ​ឈប់​បាញ់​ឲ្យ​បាន​ពេញ​លេញ ហើយ​និង​​ប្រទេស​ដទៃ​ទៀត ដែល​គាត់​បាន​ចូល​រួម​ជាមួយ​នឹង​កិច្ច​ការ​ងារ​នេះ​ ទាំង​ដែល​ប្រទេស​ដែល​មិន​បាន​ចូល​រួម​ក៏​ដោយ សូម​ឲ្យ​ជួយ​ទៅ​ដាក់​សម្ពាធ​ទៅ​ប្រទេស​ថៃ​ ដែលឈ្លាន​ពាន​ខ្មែរ ​​នៅ​ពេល​ដែល​ព្រម​ព្រៀង​គ្នា​គ្រប់​បែប​យ៉ាង​ហើយ! ហើយ​នៅ​តែ​ឈ្លាន​ពាន​តាម​រូប​ភាព​ផ្សេងៗ​ទៀត​ហ្នឹងសុំ​ឲ្យ​អន្តរាគម​ន៍​ជា​បន្ទាន់»។ 

លោកថា សកម្មភាព​ក្នុង​ថ្ងៃ​ធ្វើ​បាតុកម្ម​នោះ មាន​ការ​ដង្ហែ​ក្បួន​យក​ញត្តិ​ទៅ​​ដា​​ក់​​នៅស្ថាន​ទូត​ថៃ និ​ង​គ្រប់​ស្ថាន​ទូត​បរទេស​នៅ​កូរ៉េ ដើម្បី​បង្ហាញ​ឱ្យ​អន្តរ​ជាតិ​ឃើញ​ថា ថៃ​មិន​បាន​គោរព​បទ​ឈប់​បាញ់​នោះ​ទេ។  

បើតាមលោក មាន សំណាង បើថៃ​នៅ​តែ​បន្ត​សកម្មភាព​រំលោភ​បំពាន​ដី​ខ្មែរ លោក​ក៏​នៅ​តែ​ធ្វើសកម្ម​ភាព​បាតុកម្ម​​ជារៀង​រាល់​សប្តាហ៍ ទាល់​តែ​ថៃ​បញ្ឈប់​​ការ​ឈ្លាន​ពាន​របស់​ខ្លួន។

ប្រភពបន្តថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​រស់​នៅ​ក្រៅ​ប្រទេស លោក​មាន​ការ​ឈឺចា​ប់​ ក្រោយ​សង្គ្រាម​ឈ្លាន​ពាន​ពី​ថៃ​បាន​ផ្ទុះ​ឡើង ចាប់​ពី​ថ្ងៃ​ទី២​៤ ខែ​កក្កដា​មក ដែល​ថៃ​បាន​បាញ់​លើ​ទាហាន​ខ្មែរ ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់ និ​ង​របួស រួម​ទាំង​ឱ្យ​ខូច​ខាត​ប្រាសាទ​បុរាណ​ខ្មែ​រ ខណៈពលរដ្ឋ​ខ្មែរ​រត់​ភៀស​ខ្លួន​ទាំង​លំបាក​រាប់​ម៉ឺន​នាក់​ទៀត។

លោក​ថា៖ «អ្នក​នៅ​ប្រទេស​ណា​ក៏​ដោយ​ នៅ​ក្នុង​កាលៈ​ទេសៈ​មួយ​ទេ​ សូម​ឲ្យ​រួម​កម្លាំង​គ្នា​ជួយ​កិច្ច​ការ​ងារ​ ដើម្បី​ជួយ​ទៅ​ដល់​ប្រទេស​ជាតិ​យើង​ទាំង​អស់​គ្នា តាម​រយៈ​រូប​ភាព​បាតុកម្ម​ក៏​ដោយ តាម​រយៈ​រូប​ភាព​នៃ​ការ​ចូល​រួម​ឧបត្ថម្ភ​អី​ផ្សេង​ៗ​ក៏ដោយ​ សូម​ឲ្យ​មាន​សកម្មភា​ព​ទាំងអស់​គ្នា​ សូម​កុំ​ឲ្យ​មាន​នរណាម្នា​ក់​ចាំ​មើល​បំណាំ​គ្នា សុំ​ឲ្យ​ចាប់​ដៃ​គ្នា​ពួត​ដៃ​គ្នា​ធ្វើ​កិច្ច​ការ​ងារ​នេះ ដើម្បី​រំដោះ​ប្រទេស​ជាតិ​យើង​ទាំង​អស់​គ្នា ព្រោះ​យើង​ឆ្លង​កាត់​មក​ច្រើន​ហើយ ល្មម​ដល់​ពេល​វេលា​ដែល​យើង​ចេះ​ស្រឡាញ់​គ្នា​ យើង​ចេះ​រួប​រួម​គ្នា​ យើ​ង​ចេះ​ធ្វើ​ការ​ងារ​ជាមួយ​គ្នា​ក្នុង​នាម​ជា​ខ្មែរ​ពិត​ប្រាកដ»។

ជាមួយគ្នានេះ លោក យង់ សីណេត ពលករខ្មែរនៅកូរ៉េ និយាយ​ថា បាតុកម្ម​ទ្រង់​ទ្រាយ​​ធំ​នេះ ធ្លាប់​បាន​ធ្វើ​ម្តង​រួច​ហើយ​កាល​ពី​ថ្ងៃទី​២៧ ខែ​កក្កដា ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​១ម៉ឺន​នាក់។

លោកថា ជនជាតិខ្មែរស្រឡាញ់​សន្តិភាព គ្មាន​បំណង​ឈ្លាន​ពាន​ដី​អ្នក​ណា​ទេ តែ​ថៃ​វិញ​មិន​បោះ​បង់​មហិច្ចតា​ឈ្លាន​ពាន​ដី​ខ្មែរ​នោះ​ទេ ធ្វើ​ឱ្យ​លោក​ឈឺចា​ប់​នៅ​ពេល​ឈាម​កង​ទ័ព​ខ្មែរ និង​ពលរដ្ឋ​ស្លូត​ត្រង់​បាន​ហូរ ដោយ​សារតែ​គ្រាប់​កំាំភ្លើង​ទាហាន​ឈ្លានពាន​ថៃបាញ់​មក​​លើ​ដី​ខ្មែរទាំង​បំពាន។

លោក​សង្កត់ធ្ងន់ថា ស្ថានភាពនេះ​ ខ្មែរ​ត្រូវ​រួប​រួម​គ្នា​ឈរ​លើ​ស្មារតី​ជាតិ​តែមួយ ដើម្បី​ប្រឆាំង​សត្រូវ​ឈ្លាន​ពាន។ មួយ​វិញ​ទៀត លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រញាប់​ប្តឹង​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ (ICJ) ឱ្យ​បាន​ឆាប់​ដើម្បី​ការ​ពារ​ទឹក​ដី​ផង​ដែរ។

លោកថា៖ «ខ្ញុំសុំលើកដៃសំពះអង្វរគ្រប់បងប្អូនទាំងអស់ គ្រប់​និន្នាការ​ទាំង​អស់ ទាំង​សិស្ស​ទាំ​ង​និស្សិត​ទាំង​ស្ត្រី​រៀប​ការ​ស្វាមី​កូរ៉េ ពិ​ត​ណាស់​យើង​មាន​ឈាម​ជ័រ​ជា​ខ្មែរ យើង​មិន​អាច​បូម​ឈាម​ជាតិ​យើង​ចេញ​ដាក់​ឈាម​គេ​បា​ន​ទេ​ អ៊ីចឹង​ខ្ញុំ​ជឿ​ថា បងប្អូ​ន​នឹ​ង​មាន​ការ​ឈឺ​ចាប់​ចំពោះ​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ជិត​ខាង លើ​ប្រទេស​យើង។ ដូច្នេះ​យើង​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ សូម​មេត្តា​លះ​បង់​ពេល​វេលា​មួយ​ថ្ងៃ​សម្រាប់​ថ្ងៃ​ទី​១៧​ អាទិត្យ​សប្ដាហ៍​នេះ ដើម្បី​ចូល​រួម​ជា​សំ​​ឡេង​ ដើម្បី​អំពាវ​នា​វ​ទៅ​សហគមន៍​អន្តរ​ជាតិ ដើម្បី​ឲ្យ​គេ​មក​ជួយ​អន្តរាគមន៍ ដើម្បី​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​ថៃ​នេះ»។

កាលពី​ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរនៅ​ប្រទេស​​អូស្រ្តាលី កូរ៉េ​​ខាង​​ត្បូង ញូហ្សើ​​លេន សហរដ្ឋ​​អាមេ​រិក និង​​ប្រទេស​​កាណាដា រាប់​​ម៉ឺន​​នាក់ ក៏​ធ្លា​ប់​បាន​ចេញ​​​ធ្វើ​​បាតុ​កម្ម​ថ្កោល​​ទោស​​ទង្វើ​​ឈ្លាន​​ពាន​​យ៉ាង​ឃោរ​​ឃៅ​​របស់​​ទាហាន​​ថៃ​​​លើ​​ទឹក​​ដី​​កម្ពុជា​ដែរ។

​សម្រាប់ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់​គំនិត និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ យល់​ថា សកម្ម​ភាព​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​នេះ ជា​រឿង​ចាំបាច់​ខ្លាំង​ណាស់ដើម្បី​បង្ហាញ​ទៅអ​ន្តរជា​តិ​យល់​ច្បាស់​ពី​រឿង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ដែល​ថៃ​ព្យាយាម​បំពាន​ទឹក​ដី​កម្ពុជា។

មួយវិញទៀត លោកថា សកម្មភាពនេះ​ក៏​​បង្ហាញ​ពី​សាមគ្គី​ជាតិ​ខ្មែរ​គ្រប់​ទិស​ទី​រួម​គ្នា​ និង​ជា​ផ្នែក​លើ​ក​ទឹក​ចិត្ត​​ដល់​​កង​ទ័ពជួរមុ​ខ​ផង​ដែរ។

លោក​ថា៖ «បើសិន​ជា​ជាតិ​សាស​ន៍មួយ​ត្រូវ​គេរំ​លោភ​បំពាន​​ អ៊ីចឹង​វា​គឺជា​ការ​មើល​ងាយ​ទៅ​ដល់​ជាតិ​សាសន៍​ទាំង​មូលដូច្នេះ​ចំណុច​ទាំង​អស់​នេះ គឺ​ជា​ចំណុច​ដែល​ខ្មែរ​នៅ​គ្រប់​ទិស​ទី​ទាំង​អស់ ត្រូវ​តែ​ងាក​មក​រួប​រួម​សាមគ្គី​ជា​ធ្លុង​មួយ​ ដើម្បីជម្នះ​នូវ​រាល់​គ្រប់​ឧបសគ្គ​នៅ​ចំពោះ​មុខ​ការ​ឈ្លាន​ពាន​របស់​បរទេស​ជាមុន​សិន​ យើង​ពិត​ជា​សប្បាយ​ចិត្ត​ហើយ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​អំពី​គោល​បំណង​នៅ​ក្នុង​ការ​តស៊ូ​មតិ​ ឬ​ក៏​ការ​ធ្វើ​បាតុកម្ម​នៅ​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​បរទេស​បាន​មើល​ឃើញ​អំពី​ទង្វើ​ឈ្លាន​ពាន​ទាំង​គឃ្លើន​របស់​ថៃ»។  

កម្ពុជា-ថៃ បានផ្ទុះអាវុធដាក់​គ្នាទ្រង់​ទ្រាយ​ធំ​​រយៈ​​ពេល​​៥ថ្ងៃ គឺ​​​​ចាប់​​​​ពី​​​ថ្ងៃ​​ទី​២៤ ខែ​​​​កក្កដា ដល់​​​​ថ្ងៃ​​ទី​​​២៨ ខែកក្កដា​ ឆ្នាំ​​២០២៥។

ក្រោយ​មក​ភា​គី​​​ទាំង​​ពីរ​ បាន​ចុះកិ​ច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ចាប់​ពី​ម៉ោង​​១២​យប់​​ថ្ងៃ​​​ទី២​៨ ខែកក្កដា​​​​តទៅ ក្រោម​​ការ​​សម្រប​​សម្រួល​ពី​ប្រធាន​​អាស៊ាន​ប្តូរ​​វេន នៃ​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេ​ស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោម​គំនិត​ផ្តួច​ផ្តើម​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ។

ប៉ុន្តែភាគីថៃ​មិ​នបា​ន​គោរព​កិច្ច​ព្រម​ព្រៀង​នេះ​ទេ ពោល​គឺ​​បទ​​ឈប់​​បា​ញ់​នេះ បាន​ចូល​ជា​ធរមាន​​​បាន​ ៨ម៉ោង​ ទាហាន​​ថៃ​បាន​ចូល​ទៅ​ចាប់​ទាហាន​ខ្មែរ​​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​ចំនួន​២០​នាក់ ខណៈ​​ទាហាន​ខ្មែរ​មិន​ហាន​បាញ់​ដោយ​គោរព​បទ​ឈប់​បាញ់។

ក្រោយមកកងទ័ពថៃបានបញ្ជូនកម្លាំងឡើងមក​ប្រាសាទ​តាមា​ន់ធំ​ និង​បាន​ដាក់​បាវ​ខ្សាច់​ធ្វើ​លេណ​ដ្ឋាន​ឈរ​ជើង​គ្រប់​គ្រង​ប្រាសាទ​ រួម​ទាំងរាយ​​លួស​បន្លា​ព័ទ្ធ​ប្រាសាទ​ទៀត​ថែម​ទៀត។

ជាង​នេះ​ទៀត​ ទាហាន​ថៃ​បាន​​​ប្រើ​​គ្រឿង​​ចក្រ និង​​រាយ​​លួស​បន្លាព័​ទ្ធ​​​ចូល​​​ដី​​ខ្មែរ​​​នៅ​​ច្រក​​អាន​សេះ ខេត្ត​​​ព្រះ​​វិហារ។

មិនត្រឹមតែប៉ុណ្ណោះ យោធាថៃ​​បាន​ពង្រីក​ការ​ឈ្លាន​ពាន​ដោយ​យក​លួស​បន្លា​ពទ្ធ័​ផ្ទះ​ពលរដ្ឋខ្មែរ ព្រម​ទាំង​វាយ​កម្ទេច​ចោល​រោង និង​ប៉ុស្តិ៍​ច្រក​របៀង​ណង​ចាន់ នៅ​ភូមិ​ជោគ​ជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។

រីឯទាហានខ្មែរ១៨នាក់ទៀត ភាគីថៃមិនទាន់ប្រគល់​ឱ្យ​កម្ពុជា​វិញ​ទេ ដែល​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែសីហា​នេះ គឺ​រយៈ​ពេល​​១៦​ថ្ងៃ​ហើយ ទោះ​ភាគី​កម្ពុជា​អំពាវ​នាវ​ឱ្យ​ដោះ​លែង និង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អន្តរ​ជាតិ​ក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ