អង្គការដែលធ្វើការពាក់ព័ន្ធវិស័យការងារ និងសហជីព ជំរុញឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធ ដាក់ចេញនូវយន្តការចាំបាច់បន្ថែម ក្នុងការជួយដល់ពលករខ្មែរជាង៩០ម៉ឺននាក់ដែលមកពីថៃ តាមរយៈការរៀបចំឱ្យមានប្រាក់ឈ្នួលសមរម្យ ដោះស្រាយបញ្ហាបំណុល ទប់ស្កាត់ការដណ្តើមមុខរបរក្រៅប្រព័ន្ធពីសំណាក់ជនបរទេស និងត្រូវចុះធ្វើអធិការកិច្ចនៅតាមបណ្តារោងចក្រសហគ្រាស ដើម្បីទប់ស្កាត់ កុំឱ្យមានការគប់គិតគ្នាប្រមូលលុយពីពលករ ជាថ្នូរនឹងផ្តល់ការងារថ្មី ក្នុងគ្រាដ៏លំបាកនេះ។
ចាប់តាំងពីប្រទេសកម្ពុជា និងប្រទេសថៃ មានវិវាទព្រំដែនជាមួយគ្នាជាង២ខែ រហូតវិវត្តទៅរកភាពតានតឹងបណ្ដាលឱ្យមានការផ្ទុះអាវុធ ពលរដ្ឋកម្ពុជារាប់សិបម៉ឺននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ បានសម្រុកនាំគ្នាត្រឡប់ចូលប្រទេសកំណើតវិញ ដើម្បីសុវត្ថិភាព និងគេចផុតពីការតាមយាយីរាងកាយពីសំណាក់ពលរដ្ឋថៃជ្រុលនិយមមួយចំនួន។
ការត្រឡប់មកវិញយ៉ាងគំហុក បានធ្វើឱ្យគេពួកគេបាត់បង់ការងារ គ្មានប្រាក់ចំណូល ខណៈមួយចំនួនធំជាប់បំណុលធនាគារថែមទៀតផង ដែលតម្រូវឱ្យត្រូវស្វែងរកការងារធ្វើឱ្យបានឆាប់រហ័ស។
កាលពីថ្ងៃទី១៣ ខែសីហា ម្សិលមិញនេះ ក្រសួងការងារ បានចេញសេចក្តីណែនាំមួយដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវសហការផ្តល់ព័ត៌មានឱកាសការងារ និងតម្រង់ទិសការងារ ដល់ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ប្រកបដោយសម្តីទន់ភ្លន់ និងសមរម្យ ព្រមទាំងត្រូវចូលរួមឱ្យបានសកម្មក្នុងវេទិកាការងារដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហាតទៅ នៅគ្រប់រាជធានី-ខេត្តជាដើម។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វន់ ពៅ មានប្រសាសន៍នៅថ្ងៃទី១៤ ខែសីហានេះថា ជារឿងល្អ ដែលក្រសួងការងារ បានបង្ហាញពីការយកចិត្តទុកដាក់ និងបានណែនាំដល់ម្ចាស់រោងចក្រសហគ្រាស រោងចក្រ និងក្រុមហ៊ុននានា ពីការជួយសម្រួល និងផ្តល់ឱកាសការងារជូនពលករខ្មែរដែលត្រឡប់មកពីថៃ។
លោកបន្តថា ដើម្បីជួយសម្រួលដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដ៏ច្រើនលើសលុបនេះបន្ថែមទៀត រដ្ឋាភិបាល ជាពិសេសក្រសួងការងារ គួរបញ្ជូនក្រុមអធិការកិច្ចចុះទៅមូលដ្ឋានផ្ទាល់តែម្តង ដើម្បីជួយសម្រួលដល់ពលករអាចរកការងារធ្វើ ដោយទទួលបានប្រាក់ឈ្នួលសមរម្យ ទប់ស្កាត់ឱ្យមានប្រសិទ្ធភាពលើការទារលុយពីពលករជាថ្នូរនឹងការទទួលបានការងារធ្វើ និងរៀបចំឱ្យមានប្រាក់ឈ្នួលសមរម្យដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបាន។
លោកថា៖ «ក្រសួងគួរពិចាណារបន្ថែមទៀត ដើម្បីធានានូវប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករ ដែលធ្វើការនៅតាមបណ្តារោងចក្រសហគ្រាស ឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករ ជាពិសេសពលករដែលធ្វើការទាំងអស់ហ្នឹង»។
ក្រៅពីនោះ លោក វន់ ពៅ ក៏បានជំរុញឱ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាបំណុលរបស់ពលករ តាមរយៈការបន្ធូរបន្ថយការប្រាក់ក្នុងវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ និងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃការលក់ដូរតាមដងផ្លូវ និងទីផ្សារនានា ព្រមទាំងទប់ស្កាត់ការដណ្តើមមុខរបររបស់ពលរដ្ឋផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធពីសំណាក់ជនបរទេសជាដើម។
លោក វន់ ពៅ ព្រមានដែរថា បើសិនជារដ្ឋាភិបាលមិនមានយន្តការឱ្យមានប្រសិទ្ធភាពទាក់ទងនឹងទីផ្សារការងារសម្រាប់ពលករដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រឡប់មកកម្ពុជា នាពេលនេះទេ នឹងធ្វើឱ្យពលរដ្ឋទាំងនោះធ្លាក់ក្នុងបន្ទាត់នៃភាពក្រីក្រ និងជាប់បំណុលវ័ណ្ឌកកាន់តែធ្ងន់ធ្ងរ ហើយបញ្ហាអស្ថេរភាព និងអសន្តិសុខក្នុងសង្គមនឹងអាចកើតមានឡើង ដោយសារតែភាពគ្មានការងារធ្វើនេះ។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា មានប្រសាសន៍ថា ពលករខ្មែរដែលមកពីថៃ គឺមានជំនាញផ្សេងៗគ្នា ហើយកម្លាំងពលកម្មនៅកម្ពុជា ក៏មានច្រើនផងដែរ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺទីផ្សារការងារហាក់មិនចំនឹងជំនាញរបស់ពលករ ខណៈប្រាក់ឈ្នួលនៅមានកម្រិតទាបជាងប្រទេសជិតខាង ដែលមិនអាចទ្រង់ទ្រង់ជីវភាពគ្រួសារបាន ដែលធ្វើឱ្យពលករមួយចំនួន នៅមានភាពស្ទាក់ស្ទើរក្នុងការរកការងារក្នុងស្រុក និងអាចមានបំណងចង់ចំណាកស្រុកទៅធ្វើការនៅបណ្តាប្រទេសផ្សេងទៀតជាដើម។
លោកស្រីថា៖ «គ្រប់បងប្អូនយើងដែលគាត់ត្រឡប់មកវិញ គាត់មានជំនាញខុសៗគ្នា ប៉ុន្តែបើយើងមើលទៅទីផ្សារការងារនៅក្នុងកម្ពុជា ទីផ្សារដែលត្រូវការកម្មករហ្នឹងគឺមានច្រើនហ្នឹង គឺមានតែក្នុងវិស័យកាត់ដេរទេ ប៉ុន្តែត្រឡប់មកវិញ សួរថាតើបងប្អូនយើងហ្នឹងគាត់ស្ម័គ្រចិត្តចូលទៅធ្វើការងារក្នុងវិស័យកាត់ដេរអត់ បើវិស័យនេះ បើបងមើលទៅ ជាវិស័យមួយដែលប្រាក់ឈ្នួលអីហ្នឹង ស្ថិតក្នុងប្រាក់ឈ្នួលមួយដែលមានកម្រិតមិនទាន់អាចឆ្លើយតបទៅនឹងការរស់នៅដែរទេ ចឹងបរិបទប្រាក់ឈ្នួលខុសពីប្រទេសដែលគាត់ធ្វើការហ្នឹងឯង ចឹងហា ហើយមួយទៀត វាអត់ចំជំនាញគាត់ថែមទៀត កន្លែងនេះហើយជាបញ្ហា»។
ករណីនេះ លោកបានជំរុញឱ្យរដ្ឋាភិបាល ដាក់ចេញនូវយន្តការ ឬវិធានការបន្ថែមទៀត ក្នុងការជួយដល់ពលករខ្មែរទាំងនោះ ដើម្បីឱ្យពួកគាត់អាចរកប្រាក់ចំណូលបានសមរម្យ និងដោះស្រាយបំណុលបាន។
លោកស្រីនិយាយថា៖ «បើសិនណាមិនមានការដោះស្រាយទាន់ពេលវេលាទៅដល់ពួកគាត់ទេ ខ្ញុំគិតថា វិបត្តិដែលបងប្អូនប្រជាពលរដ្ឋយើង នឹងបធ្លាក់ទៅក្រោមបន្ទាត់នៃភាពក្រីក្រកាន់តែធ្ងន់ជាងមុន ហើយបន្ទុកអ្នកអត់ការងារធ្វើគឺកាន់តែច្រើន ចឹងវាបញ្ហាបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ ពីព្រោះបងប្អូនប្រជាពលរដ្ឋយើងហ្នឹង ទី១គាត់ជំពាក់បំណុលគេ គាត់មានបំណុលក្នុងបន្ទុករបស់គាត់ ហើយបន្ទាប់មក ធម្មតានៅពេលដែលគាត់អត់មានថវិកានៅក្នុងការចំណាយ វាប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិទៀត»។
ចំណែក លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ មានប្រសាសន៍ថា បើតាមការស្រាវជ្រាវរបស់អង្គការនេះ អ្វីដែលជាតម្រូវការចាំបាច់សម្រាប់ពលករខ្មែរដែលមកពីថៃ គឺការស្វែងរកការងារធ្វើ និងបញ្ហាបំណុល។
លោកសង្កេតឃើញថា នៅកម្ពុជា ឱកាសទីផ្សារការងារ នៅមិនទាន់សមាមាត្រទៅនឹងចំនួនពលករខ្មែរដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រឡប់មកវិញនោះទេ ដែលនេះជាក្តីបារម្ភចម្បងមួយពីបញ្ហាជីវភាពរបស់ពលរដ្ឋទាំងនោះ និងទាមទារឱ្យមានដំណោះស្រាយជាបន្ទាន់។
លោកបន្តថា៖ «អីចឹងការសម្របសម្រួលឱ្យមានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងការធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់សហគមន៍ពួកគាត់ដែលរស់នៅ ជាពិសេសគឺការផ្គូរផ្គងផ្ទៀងផ្ទាត់ទៅនឹងការងារ ហើយនិងជំនាញរបស់គាត់ទៅតាមបទពិសោធន៍ការងារដែលគាត់ធ្វើនៅថៃ ទៅតាមវិស័យដែលគាត់ធ្វើការងារហ្នឹង ខ្ញុំគិតថា វាជារឿងចាំបាច់។ ទន្ទឹមនៅក្នុងហ្នឹង គឺថាអ្វីដែលជាក្តីបារម្ភចំពោះមុខនោះ យើងបារម្ភខ្លាចនៅក្នុងអំឡុងពេល ប្រសិនបើស្ថានភាពនៃបញ្ហាជម្លោះព្រំដែននេះ វាកាន់តែពន្យាពេល វាធ្វើឱ្យជះឥទ្ធិពលកាន់តែខ្លាំងទៅដល់ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ហើយយើងដឹងហើយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងប្រចាំឆ្នាំ ក៏ពឹងផ្អែកទៅលើចំណូលដែលកើតចេញមកពីការផ្ញើលុយរបស់ពលករនៅក្រៅប្រទេស ជាពិសេសដែលភាគច្រើនគឺពីប្រទេសថៃ ចឹងវាក៏អាចជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចនៅក្នុងសង្គមសម្រាប់ប្រទេសកម្ពុជាដែរ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានទេ។
បើតាមព័ត៌មានដែលផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុករបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានលើកឡើងពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ជុំវិញការវិលត្រឡប់ពីថៃរបស់ពលរដ្ឋខ្មែរ កាលពីថ្ងៃទី១៣ ខែសីហានោះ គឺលោក ហេង សួរ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី១៣ ខែសីហា ពលរដ្ឋខ្មែរវិលពីប្រទេសថៃមានជាង ៩០ម៉ឺនហើយ ដែលភាគច្រើនជាពលរដ្ឋមានស្រុកកំណើតនៅខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងព្រៃវែង។
លោក ហេង សួរ បន្តថា ពេលនេះ មន្រ្តីក្រសួងការងារ បានចុះផ្សព្វផ្សាយទីផ្សារការងារ និងប្រមូលព័ត៌មានពីពលរដ្ឋនៅតាមឃុំ សង្កាត់ជាង ៤០០ហើយ ហើយនិងបន្តទៅឃុំសង្កាត់ផ្សេងទៀត ដើម្បីជួយសម្របសម្រួលផ្នែកទីផ្សារការងារដល់ពលករខ្មែរទាំងនោះ៕









