អ្នកឃ្លាំមើល​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស​ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​អន្តរ​ជាតិ

ក្នុង​របាយ​ការណ៍​កម្រាស់​២៣​ទំព័រ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១២​ ​ខែ​សីហា ឆ្នាំ​២០២៥ ក្រសួ​​ង​ការ​​បរ​ទេ​ស​អា​​មេរិក បាន​សង្កត់​​ធ្ងន់​ថា នៅ​ក្នុង​ឆ្នាំ​២០២៤ ពោល​គឺ​មួយ​ឆ្នាំ​កន្លង​មក​នេះ បញ្ហា​សិ​​ទ្ធិ​មនុស្ស​​​នៅ​​កម្ពុ​ជា​គ្មា​​នអ្វី​ប្រែ​ប្រួល​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ។

របាយការណ៍​បាន​លើក​​ឡើង​ពី​បញ្ហា​​សិទ្ធិ​មនុស្ស​សំខាន់ៗ ដូច​ជា ការ​ធ្វើទារុណ​កម្ម​ឃោរឃៅ អម​​នុ​ស្ស​ធម៌ ការ​ចាប់​ខ្លួន​ឬ​ការ​ឃុំ​ខ្លួ​​នដោយ​បំពាន ការ​គាប​សង្កត់​ប្រឆាំ​​ងនឹ​ង​បុគ្គល​នៅ​ក្នុង​​ប្រទេ​ស​មួយ​​ផ្សេ​ង​​​ទៀ​ត ក្នុង​នោះក៏មាន​ផង​ដែរ នូវ​ការ​​រំលោភ​​​សិទ្ធិ​មនុស្ស​​ធ្ងន់​​ធ្ងរ​ រួម​​មាន ​ការ​​​ធ្វើ​​ទារុណ​​​កម្ម អំពើ​ហិ​ង្សា​ ​ការ​​ដាក់​​ទណ្ឌក​ម្ម​​ដោយ​​រដ្ឋាភិ​បាល ​និង​​តុលាការ​​មិន​​ឯករាជ្យ ​ការ​ដាក់​​ទោស​​លើ​​អ្នក​​ទោស​ អ្នក​នយោ​​បា​យ និង​ស​កម្មជន​​សង្គម​។

របាយការណ៍ដដែល បាន​ឱ្យដឹ​ង​ថា រដ្ឋាភិបាល​​កម្ពុជា​​បាន​​បង្កើន​​ការ​​គំរាម​កំហែង ការ​​យាយី និង​​តាម​អំពើ​​ចិត្ត​ រួម​ទាំង​ការ​ឃ្លាំមើ​​​ល​ប្រឆាំង​នឹង​សកម្ម​ជន​នយោបាយ​ និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​​​នៅ​ក្រៅ​ប្រទេ​ស។ ជាក់​ស្ដែង​ករណី​មន្ត្រី​​កម្ពុជា​​បា​ន​​ចុះ​​ទៅ​​ពិនិត្យ​​​ជា​ប្រចាំ​នៅស​ហគមន៍​​ជន​​ភៀស​ខ្លួន​​កម្ពុជា​​នៅ​ទីក្រុ​​ង​បាង​កក ដើម្បី​តាម​ដាន​និង​ឃ្លាំ​មើល​ផ្ទះ​របស់​សកម្មជន​នយោបាយ និង​សិទ្ធិ​មនុស្ស​ ដែល​គេច​ខ្លួន​​និង​​ជ្រ​​​កកោន​នៅប្រទេស​ថៃ។

ជុំវិញបញ្ហានេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ (KOD) លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា របាយ​​​ការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក ធ្វើ​ឡើង​មាន​លក្ខណៈ​បច្ចេក​ទេស ដែល​មា​​ន​ការ​​ឃ្លាំ​មើល និង​តាម​ដាន​ល្អិត​ល្អន់ ខណៈ​រដ្ឋាភិបាល​ចាប់​ខ្លួន និង​ធ្វើ​ទុក្ខ​បុក​​ម្នេញ​លើ​​សកម្មជ​​នបក្ស​ប្រ​ឆាំង​ បរិ​ស្ថាន ដោយ​បើក​ចំហ។

លោ​កបន្តថា ស្របពេលដែល​កម្ពុជាកំពុងស្ថិ​តក្រោម​​ក្រ​​សែ​ភ្នែ​​ក​អន្ត​​រជាតិ ករណី​វិវាទ​ព្រំដែន​ជាមួយ​ថៃ​ រដ្ឋាភិ​បាល​គួរ​យក​ឱកាស​នេះ​ស្ដារ​លទ្ធិ​ប្រជា​ធិប​តេយ្យ និង​ដោះ​លែ​​ងអ្ន​​កទោ​សម​នសិកា​រ​ឱ្យ​មាន​​សេ​រី​ភាព​វិញ។

លោក ស៊ឹង សែនករុណា ថ្លែងថា៖ ​​«អ៊ីចឹង​ក្នុង​ឱកាស​ហ្នឹង ដើម្បី​យក​ចិត្ត​ទុក​ដា​ក់​ជាមួយ​នឹង​ខា​ង​ប្រទេ​ស​លោ​ក​​សេរី មាន​សហរដ្ឋ​អាមេរិក សហភាព​អ៊ឺរ៉ុប​ និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ដែល​គេ​ចង់​ឃើ​​ញកម្ពុជា​​មាន​​​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ​ហ្នឹង ក្នុង​ឱកាស​ហ្នឹង យើង​គួរ​តែ​ចាប់​យក ដោយ​ចាប់​​ផ្ដើម​ពី​កា​​រអនុវត្ត​ការ​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​នូវ​ប្រជាធិប​តេយ្យ​ហ្នឹង​ឯង»។

ក្រៅពីបញ្ហាខាងលើ របាយការណ៍បា​នរំលេច​ផង​ដែរ ពី​ការ​រឹត​ត្បិត​យ៉ាង​ធ្ងន់​ធ្ងរ​លើ​សេ​រី​ភាព​នៃ​​ការ​​បញ្ចេញ​មតិ និង​សេរីភាព​សារព័​ត៌​មាន រួម​ទាំង​ការ​គំរាម​កំហែង ហិង្សា​ និង​ការ​ចាប់​ខ្លួន​​អ្នក​សារ​ព័ត៌​​មាន​​ដោយ​អ​យុត្តិ​ធម៌​លើ​អ្នក​សារ​ព័ត៌​មាន ព្រម​ទាំង​ការ​លើក​ឡើង​ពី​បញ្ហា​រស៊ើប​ផ្សេង​ទៀត នោះ​គឺ​កា​​រជួញ​​ដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ ពលកម្ម​កុមារ​ ការ​រឹត​ត្បិត​គំរាម​កំហែ​ង​សហជីព​របស់​កម្មករ និង​​ការ​កត់​សម្គាល់​​ពីក្រុម​ឧក្រិដ្ឋ​ជន​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ​ដែល​បាន​​រំលោភ​​បំពាន​​ផ្លូវ​​កាយ និង​​ផ្លូវ​​ភេទ​ កេង​ប្រវ័ញ្ច និង​​ជំរិត​​ទារ​​ប្រាក់​ពី​ជន​រង​គ្រោះ ដើម្បី​ជា​សំណូក​ទៅ​ឲ្យ​​ប៉ូលិស និង​​មន្ត្រី​​រដ្ឋាភិបាល។

តាមរ​យៈ​របាយ​ការណ៍ ក្រសួង​ការ​បរទេស​អាមេរិក​បាន​សង្កត់​ធ្ងន់​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចាត់​​វិធាន​ការ ឬមាន​​ចំណាត់​ការ​កំណត់​អត្ត​សញ្ញាណ និង​ដាក់​ទោស​មន្ត្រី​ ដែល​ប្រព្រឹត្ត​កា​​ររំលោភ​សិទ្ធិ​មនុស្ស​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ