លោក ត្រាំ គំរាម​លោក ពូទីន ថានឹ​ង​ជួប​ផល​លំបាក​​ធ្ងន់​​ធ្ងរ​​បើ​​រុស្ស៊ី​រារាំង​សន្តិភា​ព​នៅ​អ៊ុយ​ក្រែន

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ គំរាម​មេដឹក​នាំ​រុស្ស៊ី លោក ពូទីន ថា​នឹង​ជួប​‘‘ផល​លំបាក​ធ្ងន់​ធ្ងរ’’ ប្រសិន​បើ​រុស្សី​មិន​យល់​ព្រម​ចំពោះ​សន្តិ​ភាព​ក្នុង​ប្រទេស​អ៊ុយ​ក្រែន។

ប៉ុន្តែកា​ល​ពីថ្ងៃ​ពុធ លោក ត្រាំ បាន​និយាយ​ថា កិច្ចប្រជុំ​រវាង​ពួក​គេ​អាច​ត្រូវ​បាន​ធ្វើ​យ៉ាង​ឆាប់​រហ័ស ដែល​នឹង​រួម​បញ្ចូល​មេដឹក​នាំ​អ៊ុយ​ក្រែន។​

រ៉យទ័រ​(Reuters) បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​១​៤ ខែ​សីហា ឆ្នាំ​២០២៥​នេះ​ថា លោក​ ត្រាំ មិន​បាន​បញ្ជាក់​ថា​អ្វី​អាច​ជា​ផល​ពិបាក​នោះ​ទេ ប៉ុន្តែ​លោក​បាន​ព្រមាន​អំពី​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ ប្រសិន​​បើ​ជំនួប​របស់​លោក​ជា​មួយ​ លោក ពូទីន នៅ​អាឡាស្កា​(Alaska) នៅ​ថ្ងៃ​សុក្រ​នេះ​ បង្ហាញ​ថា ​មិ​ន​ទទួល​បាន​ផ្លែ​ផ្កា។

ការ​អធិប្បាយ និង​លទ្ធផល​នៃ​សន្និ​សីទ​ប្រជុំ​តាម​អន​ឡាញ​របស់ លោក ត្រាំ (Trump) ជាមួយ​​បណ្តាអ្ន​ក​ដឹក​នាំ​អឺរ៉ុប និង​ប្រធានាធិបតី​អ៊ុយ​ក្រែន លោក វូឡូឌីមៀ ហ្សេលេន​ស្គី​(Volodymyr Zelenskiy) ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ អាច​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត​សម្រាប់​ទីក្រុង​គី​វ​(Kyiv) បន្ទាប់​ពី​មាន​ការ​ភ័យ​ខ្លាចថា​កិច្ច​ប្រជុំ​កំពូល​នៅ​អាឡាស្កា បញ្ចប់​ដោយ​ការ​បែង​ចែក​ទឹក​ដី​របស់​អ៊ុយ​ក្រែន។

ទោះជាយ៉ាងណាក៏​ដោយ រុស្ស៊ី​ទំនង​ជា​ទប់​ទល់​ទៅ​នឹង​ការ​ទាម​ទារ​របស់​អ៊ុយ​ក្រែន និង​អឺរ៉ុប ហើយ​កាល​ពី​មុន​​បាន​និយាយ​ថា ជំហរ​របស់​ខ្លួន​មិន​ផ្លាស់​ប្តូរ​​ទេ ចាប់​តាំង​ពី​ខ្លួន​បាន​លម្អិត​ជា​លើក​ដំបូង​ដោយ ​លោក ពូទីន ក្នុង​ខែ​មិថុនា ឆ្នាំ​២០២៤។

បន្ថែម​ពី​នេះ ការ​លើក​ឡើង​នូវ​សំណួរ​ទៅ​កាន់​ លោក ត្រាំ ថា តើ​ផល​ពិបាក​ដែល​រុស្ស៊ី​ទទួល​បាន​នោះ គឺ​ជាការ​ដាក់​ទណ្ឌ ឬ​ក៏​ការ​ដាក់​ពន្ធ​ពាណិជ្ជ​កម្ម? យ៉ាង​ណា លោក ត្រាំ បាន​ប្រាប់​ទៅ​កាន់​អ្នក​សារ​ព័ត៌​មាន​ថា‘‘ខ្ញុំ​មិន​ចាំ​បាច់​និយាយ​ទេ ប៉ុន្តែ​នឹង​មាន​ផល​ពិបាក​ធ្ងន់​ធ្ងរ’’៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ