កម្ពុជា​ថាការអត់​ធ្មត់​ពេល​នេះ​ជា​ប្រៀប​ឈ្នះ​លើ​ថៃ​ខណៈ​ថៃ​ពង្រីក​ការ​ឈ្លាន​ពាន

មន្ត្រី​អ្នក​នាំ​ពាក្យ បាន​និយាយ​ថា ភាព​អត់​ធ្មត់​មិន​តប​តទៅ​នឹង​កល​ល្បិច​ឈ្លាន​ពាន​ពី​សំណាក់​ភាគី​ថៃ ជា​ភាព​ខ្លាំង​របស់​កម្ពុជា​ក្រោម​បទ​ឈប់​បាញ់ បើទោះ​បី​ជា​ថៃ​បំពាន​បទ​ឈប់​បាញ់ ហើយ​បាន​ចល័ត​ទ័ព​ មក​​រា​យ​បន្លា​លួស រំលោភ​យក​ដែ​នដី​ខ្មែរ​ច្រើន​កន្លែង រួម​ទាំង​ប្រាសាទតា​មាន់​ធំ តំបន់​អាន​សេះ និង​នៅ​ឃុំ​អូរជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ ជាដើម​ក្តី។

អ្នក​នាំពា​ក្យ​រដ្ឋាភិ​បាល លោក ប៉ែន បូណា និយាយ​នៅ​ថ្ងៃទី​១៥ខែ​សីហា​នេះ​ថា ការ​អត់​ធ្មត់​គោ​រព​ប​ទ​ឈប់​បាញ់ ជា​ភាព​ខ្លាំង​និង​ឈ្នះ​របស់​កម្ពុជា បើ​ទោះ​បី​ជា​ថៃ​មិន​គោរព​បទ​ឈប់​បាញ់​នេះ ហើយ​បាន​ប្រើ​កល​ល្បិច​ជា​​ច្រើន ដូច​ជា ប្រើ​ជំពាម​កៅស៊ូ និង​រាយ​លួស​បន្លា​ជា​បន្ត​បន្ទាប់ ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា​ក្តី។

លោកថា៖ «បងប្អូនយើងត្រូវយល់ថា បើសិនជាយើងអស់ការ​អត់​ធ្មត់​ យើង​នឹង​ក្លាយ​ខ្លួន​មួយ​រំពេច​ទៅ​ជា​អ្នក​បង្ក​ហេតុ ដូច្នេះ​ដំណាក់​កាល​នេះ​ម៉ោង​នេះ​គឺ​ជា​ភាព​ខ្លាំង​របស់​កម្ពុជា»។

លើសពីនេះ អ្នកនាំពាក្យក្រសួងការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​និយាយ​ថា ការ​បំពាន​បទ​ឈប់​បាញ់​ពី​សំណាក់​​ភាគី​ថៃ កម្ពុជា​បាន​ធ្វើ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​លើ​សមរភូមិ​ការទូត។

លោកបានទាមទារឱ្យថៃបញ្ឈប់ការលុក​លុយ​លើ​ដែន​អធិប​តេយ្យ​កម្ពុជា និង​ត្រូវ​ដក​កង​កម្លាំង​ត្រឡប់​ទៅ​ដែន​ដី​របស់​ថៃ​វិញ តប​តាម​ច្បាប់​អន្តរ​ជាតិ រួម​ទាំង​អនុវត្ត​តាម​សន្ធិ​សញ្ញា​ព្រំដែន​បារាំង​សៀម ដែល​ទទួល​ស្គាល់​ដោយ​អន្តរ​ជាតិ។

លោកគូសបញ្ជាក់ថា ក្រោយមានបទឈប់បាញ់ភាគីថៃ មិន​បាន​គោរព​ទេ តែ​ផ្ទុយ​ទៅវិ​ញ​ថៃ បាន​ចល័ត​កង​ទ័ព មក​លុក​លុយ​ទឹក​ដី​កម្ពុជា ដូច​ជា ការ​រាយ​លួសប​ន្លា​នៅ​ប្រាសាទ​តាមាន់​ធំ ស្ថិត​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ តំបន់​អាន​សេះ ខេត្ត​ព្រះ​វិហារ និង​ថ្ងៃ​ទី​១៣ខែសីហា​នេះ ទាហាន​ថៃ បាន​បន្ត​រុល​ចូល​ទឹក​ដី​កម្ពុជា​ ហើយ​រាយ​លួស​បន្លា នៅឃុំ​អូរបី​ជាន់ ស្រុកអូ​រជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ បន្ថែ​ម​ទៀត ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាត់​បង់​លំនៅ​ឋាន និង​ប្រឈម​បញ្ហា​ជីវភាព។

លោកថា​៖ «នៅក្នុងថ្ងៃដដែលនេះ កង​ទ័ព​ថៃបា​ន​សាងស​ង់ស្នា​ក់កា​រ​អំពី​ឈើ​របស់​នៅ​ក្នុង​ភូមិ​ឯក​ភាព ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ ជីក​លេណ​ដ្ឋាន​យោធា​ខាង​កើត និង​ខាង​លិច​របស់​ប្រាសាទ​តាមាន់​ធំហើយ​បាន​ប្រើ​ប្រាស់​ដ្រូន​ល្បាត​​ ដែល​​បំពាក់​ទៅ​ដោយប្រព័ន្ធកំ​ណត់​ទីតាំង​តាម​ផ្កាយ​រណប​GPS​ហើយ​នឹង​កាមេរ៉ា​នៅ​​ប្រាសាទ​តា​ក្របី»។

លោកសង្កត់​ធ្ងន់​ថា សកម្មភាព​របស់​ថៃ​បាន​ពង្រីក​ជម្លោះ​ចូល​ទៅដ​ល់តំ​បន់​ពលរដ្ឋ​ស៊ីវិល ក្នុង​នោះក៏​មាន​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ស្រុក​អូរ​ជ្រៅ ដែល​ថា សកម្មភាព​ទាំង​នេះ​បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ បាត់​បង់​លំនៅ​ឋាន និង​ប្រឈម​បញ្ហា​ជីវភាព​រស់​នៅ ដែល​ជាកា​រ​រំលោភ​បំពាន​លើ​សិទ្ធិ​មូល​ដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ ដែល​ទាំង​នេះ​ថៃ​បា​នរំ​លោភ​លើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ រំលោភ​លើកំណត់​ហេតុ​នៃ​កិច្ច​ប្រជុំវិសាមញ្ញ​របស់​គណៈ​កម្មា​ធិការ​កិច្ច​ការ​ព្រំដែន​ទូទៅ នៅថ្ងៃ​ទី​៧​ ខែ​សីហា ឆ្នាំ​២០២៥ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេ​ស៊ី។

លោកសង្កត់​ធ្ង​ន់​ថា ទីតាំងដែលបានថៃរំលោភបំពានខាងលើស្ថិត​នៅក្នុ​ង​ទឹក​ដីកម្ពុ​ជា ដូច​ដែល​បាន​កំណត់​ក្នុង​ផែន​ទី​មាត្រ​ដ្ឋាន​១លើ២​រ​យពា​ន់​​នៅ​ក្រោម​អនុ​សញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិ​សញ្ញា​ឆ្នាំ​១៩០៧រវាង​ឥណ្ឌូ​ចិន និង​សៀម។

លោកថា៖ «ការអំពាវនាវរបស់កម្ពុជា បញ្ឈប់​ការ​លុក​លុយ និង​ការ​កាន់​កាប់​ដោយ​ខុស​ច្បាប់​ ដក​រាល់​កម្លាំង​យោធា​ហើយ​នឹង​សំភារៈ​របស់​ខ្លួន​ ទៅ​កាន់​ទីតាំង​សម​ស្រប​ទៅ​នឹង​ព្រំប្រ​ទល់​ដែល​កំណត់​ដោយ​ច្បាប់​គោរព​ឱ្យ​ពេញ​លេញ ចំពោះ​កាតព្វកិ​ច្ច​ទ្វេ​ភាគី​ និង​កាតព្វ​កិច្ច​អន្តរ​ជាតិ​ ដែល​មាន​សុពុល​ភាព​លើ​ផ្នែក​ច្បាប់​រួម​ទាំង​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់»

យ៉ាងណា អ្នកឃ្លាំមើលបញ្ហាព្រំដែនកូតាពី​គណបក្ស​សង្គ្រោះជា​តិ​ លោក អ៊ុំ សំអាន ហៅ​ការ​បណ្តែត​បណ្តោយ​ឱ្យ​ថៃ​ប្រើ​ត្រឹម​ជំពាម​កៅ​ស៊ូ និង​លួស​បន្លា អាច​រំលោភ​យ​កដី​ខ្មែ​រ​បាន​តាម​ចិត្ត​បែប​នេះ ដោយ​សារ​លោក ហ៊ុន សែន បារ​ម្ភថា​ ការ​ទប់​ទល់​ទៅ​នឹង​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ​ពេល​នេះ អាច​រាល​ដាល​ដល់​ការ​បាត់​បង់​អំណាច​របស់​គ្រួសារ​ហ៊ុន។

ក្នុងន័យនេះ លោកអះអាងថា លោក ហ៊ុន សែន ក៏មិនចង់ឱ្យមាន​សង្គ្រាម​នោះ​ដែរ ព្រោះ​ខ្លាច​ថៃ​ឈាន​ទៅ​ទម្លាក់​ត្រកូល​ហ៊ុន​ពី​អំណាច ដែល​មូល​ហេតុ​នេះ​ហើយ ទើប​គាត់​មិន​បញ្ជា​ឱ្យ​ទាហានខ្មែ​រ​ទៅ​រើ​បន្លា​លួស និង​ទប់​ស្កាត់​កុំ​ឱ្យ​ទាហាន​ថៃ​រាយ​បន្លា​លួស​លើ​ដី​ខ្មែរ។

មួយវិញ​ទៀត លោក​ថា ទាហាន​ថៃ​កំពុ​ងគ្រប់​គ្រង​ប្រាសាទ​តាមាន់​ធំ​ ហើយ​​មិន​យូរ​ប៉ុន្មាន​ទាហាន​ថៃ​នឹង​កាន់​ចំពាម​កៅស៊ូ​​ និង​យក​បន្លា​លួស​មក​រាយ​នៅ​ប្រាសាទ​តាក្របី និង​គ្រប់​គ្រង​ប្រាសាទ​តា​ក្របី។

បើតាម​ លោក អ៊ុំ សំអាន ក្រោយ​បទ​ឈប់​បាញ់​ភ្លាមៗ ទាហាន​ខ្មែ​រគ្រប់​គ្រង​ប្រាសាទ​តាមាន់ធំ និង​ប្រាសាទ​តាក្របី​ផ្តាច់​មុខ។

បែបនេះ​ក្កី អ្នក​ច្បាប់ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក វន់ ចាន់ឡូត ធ្លាប់​ប្រាប់​វីអូឌីថា បើ​ទោះ​ជា​មាន​បទឈប់​បាញ់​​ក្តី ​​តែក្នុ​ង​ករណី​ភាគី​ម្ខាង​ទៀត​មិន​គោរព ​កម្ពុជា​ចាំបាច់​ត្រូវ​ប្រើ​ប្រាស់​​សិទ្ធិ​​ស្វ័យ​​ការ​ពារ​​ខ្លួន​ ទើប​អាច​ទប់ទ​ល់ទៅ​នឹ​ង​មហិច្ឆតា​ការ​ឈ្លាន​ពាន​បាន។

លោកថា៖ «ប្រាកដ​ណាស់ ការប្រើប្រាស់​ស្វ័យកា​រ​ពារ​នៅ​​​តែ​​ជា​​​អាទិ​ភាព​ ដែល​​យោធា​ក​ម្ពុជា​​​គួ​រ​​តែ​​ប្រើ​ក្នុង​​ករណី​​ដែល​​មាន​​ការ​​បំពាន​​​លើ​​ដែន​​អធិប​​តេយ្យ​ ហើយ​​ជា​ពិសេស​​នោះ គឺ​​ការ​បំពាន​​ទៅ​លើ​​កិច្ច​​ព្រម​ព្រៀង​​នៃ​​បទ​​ឈប់​​បាញ់​​ស្វ័យ​ការ​​ពារ​​នេះ កម្ពុជា​អាច​​ប្រើ​​ប្រាស់​​បាន​​គ្រប់​​មធ្យោ​បាយ រួម​ទាំង​កម្លាំង​អាវុធ​ផង​ដែរ​ហើយ​កម្ពុជា​នឹង​មិន​មែន​ជា​អ្នក​​​ទទួល​ខុស​ត្រូវ​ ទៅ​លើ​ការ​បំពាន​លើ​បទ​ឈប់​បាញ់​ណា​មួយ ឬ​ក៏​ការ​បង្កើត​​សង្គ្រាម​សារ​ថ្មី​ឡើយ​ ពីព្រោះ​នេះ​គ្រាន់​​​តែ​ជា​អ្វី​ដែល​ជាកា​រកា​រ​ពារ​ដោយ​ធម្មានុ​រូ​ប មា​​នន័​យ​ថា កម្ពុជា​ការ​ពារ​ខ្លួន​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់​ជាតិ​ និង​អន្តរ​ជាតិ»។

យ៉ាងនេះក្តី ជុំវិញការលុកលុយរបស់ថៃចូលឈ្លានកម្ពុជា រំលោភ​បទឈប់​បាញ់​នេះ ភាគី​កម្ពុជា​បាន​សម្របស​ម្រួល​ឱ្យ​អនុ​ព័ន្ធ​​យោធា​​ម​ក​ពី​៧​​ប្រទេស ​ចុះ​​​ពិនិត្យ​​ដល់​ទីតាំង​ដែល​ថៃ​រំលោភ​បំពាន​ដែន​អធិប​តេយ្យ​កម្ពុជា តប​តាម​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ នៅ​ថ្ងៃ​​ទី​​២៨ ខែ​ក​ក្កដា ឆ្នាំ​២០២៥ និង​​​​កិច្ច​​​ប្រជុំ​​វិសា​មញ្ញ​​គ​​​ណៈ​ក​ម្មាធិការកិ​ច្ចកា​រ​​ព្រំដែន​​ទូទៅ​​កម្ពុជា-ថៃ (GBC) នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ