ពលរដ្ឋ​ខ្មែរ​ដែល​ទាហាន​ថៃ​ព័ទ្ធ​បន្លា​លួស​យក​ផ្ទះ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដេក​យាម​ផ្ទះ​នៅ​ក្បែរ​របង

បន្ទាប់​ពី​កើត​ទុក្ខ​មិន​សុខ​ចិត្ត​រឿង​ទាហាន​របស់​ខ្លួន​ ដើរ​ជាន់​មីន​សល់​ពី​សង្គ្រាម​ចាស់ នៅ​លើ​ទឹក​ដី​កម្ពុជា​ និង​បាញ់​ជំពាម​កៅស៊ូ​មក​លើ​កង​ទ័ព​ខ្មែរ ក្រោយ​ពី​មាន​បទ​ឈប់​បាញ់ ដែល​សម្រប​សម្រួល​ដោយ​សហគមន៍​អន្តរ​ជាតិ ពេល​នេះ​ទាហាន​ថៃ​បាន​ដើរ​ពង្រាយ​បន្លា​លួស​ពាស​វាល​ពាស​កាល នៅ​តាម​ព្រំដែន​កម្ពុជា​ រហូត​ដោយ​ទៅ​ជាមួយ​ទាំង​ដី​ធ្លី និង​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​ខ្មែរ ដែល​ស្ថិត​ក្នុង​បូរណ​ភាព​របស់​កម្ពុជា និង​មាន​ពលរដ្ឋ​បាន​រស់​នៅ​តជំនាន់​ទៅ​ហើយ​នោះ អស់​ជា​ច្រើន​កន្លែង​ទៀត​ផង។

ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ វីតា ដែល​ត្រូវ​បាន​ទាហាន​ថៃ ព័ទ្ធ​បន្លា​លួស​យក​ផ្ទះ និង​ឃ្លាំង​ស្កុក​ទំនិញ ឃុំ​អូរ​បីជាន់ ស្រុក​អូរ​ជ្រៅ បាន​បង្ហោះ​វី​ដេអូ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ដោយ​រៀប​រាប់​ថា មក​ដល់​ពេល​នេះ​ ទាហាន​ថៃ នៅ​មិន​ទា​ន់រើ​ប​ន្លាលួ​ស​ចេញ​ពី​ផ្ទះរ​បស់​ពលរដ្ឋ​ខ្មែរ​នៅ​ឡើយ​ទេ ប៉ុន្តែ​ទាហាន​ថៃ​បាន​ប្រាប់​ទៅ​ពលរដ្ឋ​ខ្មែរ ដែល​ជាម្ចា​ស់​ផ្ទះ​ឱ្យ​ចូល​ទៅ​រស់​នៅ​បណ្ដោះ​អាសន្ន​បាន។

ទោះយ៉ាង​ណា ពលរដ្ឋខ្មែរ​ លើក​ឡើង​ថា ពួក​គាត់​នឹង​មិន​ធ្វើ​តាម​សម្ដី​របស់​យោធាថៃ​​នោះ​ឡើង ព្រោះ​ពួក​គាត់​មិន​ទុក​ចិត្ត ដោយ​ពួក​គាត់​សុខ​ចិត្ត​ចង​សំពត់​កៅ​ស៊ូដេ​ក​នៅ​ក្បែរ​បន្លា​លួស​ដែល​យោធា​ថៃ បាន​ដាក់​ពង្រាយ ដើម្បី​រង់​ចាំកិ​ច្ច​អន្តរាគមន៍​របស់​រដ្ឋាភិបាល​កម្ពុជា និង​អន្តរ​ជាតិ។ ពលរដ្ឋ​បាន​អះ​អាង​ថា បន្លា​លួស​នេះ យោធា​ថៃ​ជា​អ្នក​ដាក់​ពង្រាយ ដូច្នេះ​យោធា​ថៃ គឺ​ជា​អ្នក​ដក​បន្លា​លួស​នេះ​ដោយ​ខ្លួន​ឯង​វិញ។

គាត់បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ឱ្យប​ង​ប្អូន​ទាំង ៣​ពាន់​នាក់​ ធ្វើ​ជា​សាក្សី​ទាំង​អស់​គ្នា​ថា ចោរ​សៀម​បាន​បំពាន​យក​ដី​ផ្ទះ​របស់​ឪពុក​ម្ដាយ​ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​ធម្មតា​ចង់​បាន គឺ​ប្រគល់​អ្វី​ដែល​ជាសិ​ទ្ធិ​របស់​ឈាម​ខ្មែរ​មក​វិញ មិន​មែន​ជា​ដី​របស់​តាយាយ​អ្នក​ឯង​បន្សល់​ទុក​ទេ»។

កាលពីថ្ងៃទី១៣ ខែ​សីហា ទាហាន​​​ថៃ​បា​ន​រាយ​បន្លា​លួស​​រំលោភ​យក​ដី​ខ្មែរ ដោយ​ហ៊ុំព័ទ្ធយ​​ក​​ផ្ទះ​ពលរដ្ឋ​ខ្មែរ​ នៅ​ភូមិ​​​ព្រៃ​ចាន់​ ឃុំ​​អូរបី​ជាន់​ ស្រុក​​អូរជ្រៅ​ ខេត្ត​​បន្ទាយ​មាន​ជ័យ​។ ពលរដ្ឋ​អះអា​ង​ថា មុន​នឹង​ទាហាន​ថៃ​ បាន​មក​ដាក់​ពង្រាយ​បន្លា​លួស និង​សំបក​កង់​ឡាន ពួក​គាត់​ឃើញ​មាន​ទាហាន​ថៃ​មួយ​ក្រុម ដែល​មាន​គ្នា​ប្រហែល​ជាង ៤០​នាក់ មាន​អាកប្ប​កិរិយា​ប្លែកៗ ក្នុង​នោះ​មាន​ទាហាន​ថៃ​មួយ​ចំនួន បាន​ចូល​មក​ទឹក​ដី​កម្ពុជា​ដោយ​ឆៅៗ និង​ដើរ​រាវ​មីន​នៅ​កណ្ដាល​ផ្លូវ​យ៉ាង​ចម្លែក ស្រាប់​តែ​ក្រោយ​មក​មាន​ទាហាន​ឈុត​ខ្មៅ​ថៃ​ ផ្សេង​ទៀត បាន​មក​បណ្ដេញ​ពលរដ្ឋ​ខ្មែរ ចេញ​ពី​ផ្ទះទាំ​ង​កម្រោល ដោយមិ​ន​ទុក​ពេល​ឱ្យពួ​ក​គាត់​បាន​រើ​ឥវ៉ាន់ និង​របស់​របរយ​ក​ទៅ​ជាមួយ​នោះ​ឡើយ។

កាន់តែធ្ងន់ធ្ងរជាងនេះ ទាហានថៃបាន​វាយ​កម្ទេច​ប៉ុស្តិ៍​ប្រចាំ​ការ និង​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ​អស់​មួយ​ចំនួន​ថែម​ទៀត​ផង។ ទង្វើ​របស់​កង​ទ័ព​ថៃ​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ ដែល​​ជា​ម្ចាស់​ផ្ទះ រួម​មាន​ជន​ពិការ និង​មនុស្ស​ចាស់​ផង​នោះ បាន​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​ស្ដាយ​ស្រណោះ​ផ្ទះ​សម្បែង​របស់​ពួក​គាត់ និង​ឈឺចា​ប់​នឹង​ទង្វើ​ឈ្លាន​ពាន​របស់​យោធា​ថៃ មក​លើ​បូរណៈ​ភាព​ទឹក​ដី​កម្ពុជា។ ពលរ​ដ្ឋ​ខ្មែរ​បាន​អះ​អាង​ថា ពួក​គាត់​បាន​និងកំពុង​រស់​នៅ​តំ​បន់​ភូមិ​ព្រៃ​ចាន់​នេះ អស់​ជា​ច្រើន​ជំនាន់​មក​ហើយ ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​ក្រោយ​សម័យ​រំដោះ​ចេញ​ពី​របប​ខ្មែរ​ក្រហម​មក យោធា​ថៃ បាន​បង្ខិ​តព្រំ​​ដែន ដោយ​បាន​រុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ ចូល​ទៅ​ក្នុង​ឆ្ងាយ​ពី​ព្រំ​ដែន​ចាស់​អស់​ជា​ច្រើន​រយ​ម៉ែត្រ។

ងាកមកមើលតំបន់ច្រកបឹងត្រកួន ក្នុងឃុំគោករមៀត ស្រុក​ថ្មពួក វិញ ក្រុម​យោធា​ថៃ បាន​ត្រៀម​រាយ​បន្លា​លួស​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​បន្ថែម​ទៀត ក៏​ប៉ុន្តែ​ត្រូវ​ពលរដ្ឋ​ជា​ច្រើន​នាក់ លើ​ក​គ្នា​មក​យាម​តាម​បន្ទាត់​ព្រំ​ដែន​ចាំ​តវ៉ា​ប្រឆាំង បើ​យោធា​ថៃ​ហ៊ាន​ចូល​មក​រាយ​បន្លា​លួស​នៅ​ក្បែរ​ច្រក​ទ្វារ​បឹង​ត្រកួន​នេះ។ ពលរដ្ឋ​ខ្មែរ បាន​ប្រាប់​ទៅ​កាន់​ក្រុម​ទាហាន​ថៃ ដែល​បំពាក់​ដោយ​អាវុធ​នៅ​ក្នុង​ដៃ​ថា ទោះ​បីជា​ត្រូវ​ស្លាប់ ក៏​ពួក​គាត់​មិន​ឱ្យ​យោធា​ថៃ ចូល​មក​រាយ​បន្លា​លួស​ក្នុ​ងដី​​របស់​កម្ពុជា​បាន​ដាច់​ខាត។

យុទ្ធនាការរាយបន្លាលួស​របស់​យោធា​ថៃ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប៉ះទ​ង្គិច​គ្នា​ដោយ​អាវុធ រវាង​កង​ទ័ព​កម្ពុ​ជា​និ​ង​ថៃ មាន​រយៈ​ពេល​៥ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី​២៤ ដល់​ម៉ោង ១២​យប់ ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ នៅ​តំប​ន់ព្រំ​ដែន ក្នុង​ខេត្ត​ព្រះ​វិហារ ឧត្តរ​មាន​ជ័យ និង​ពោធិ៍​សាត់។ វិវា​ទ​នេះ បាន​ស្ងប់​ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​មាន​ការ​សម្រប​សម្រួល​ពី​ប្រធាន​ប្ដូរ​វេន​អាស៊ាន គឺ​ប្រទេស​ឥណ្ឌូ​នេស៊ី និង​សហរដ្ឋ​អាមេរិក ដោយ​បង្កើត​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់។

ទោះជាបែបនេះក្ដី យោធាថៃមិនបានអនុវត្តកិច្ចព្រម​ព្រៀង​នេះ ឱ្យ​បាន​ពេញ​លេញ​នោះ​ឡើយ ដោយ​យោធា​ថៃ បាន​បង្ក​អារិយភាព​មក​​លើ​ក​ង​​ទ័​ព​កម្ពុជា ក្រោមរូ​ប​ភាព​ផ្សេងៗ​ជាច្រើន​លើក ខណៈ​កង​ទ័ព​កម្ពុជា នៅ​តែ​រក្សា​ភាព​អត់​ធ្មត់ និង​អនុ​វត្ត​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ បាន​យ៉ាង​ពេញ​លេញ។

ជាក់ស្ដែង ក្រោយការប្រកាសបទឈប់បាញ់ បា​ន​ប្រហែល ៨ម៉ោង យោធា​ថៃ​បាន​ប្រើ​ប្រាស់​ឧបាយ​កល​ ចាប់​ទាហាន​ខ្មែរ​ចំនួន ២០​នាក់ និ​ងដោះ​លែង​វិញ​ចំនួន ២នាក់ ក្នុង​សភាព​ពិការ និង​វង្វែង​ស្មារតី។ ក្រោយ​មក​ទៀត ក្រុម​យោធា​ថៃ បាន​បាញ់​ជំពាម​កៅស៊ូ មក​លើ​ទាហាន​ខ្មែរ ជា​ច្រើន​ថ្ងៃ ហើយ​ចុង​ក្រោយ​យោធា​ថៃ បាន​លេង​ក្បាច់​ពិសេស ដោយ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ និង​គ្រឿង​ចក្រ​ធន់​ធ្ងន់ ដើរ​ដា​ក់​ពង្រាយ​បន្លា​លួស និង​សំបក​កង់​ឡាន​ចូល​មក​លើ​ទឹក​ដី​កម្ពុជា នៅ​តំបន់​អាន​សេះ ប្រាសាទ​តាមាន់​ធំ និង​ច្រក​បឹង​ត្រកួន ទោះ​បី​មាន​ការ​ហាម​ឃាត់​យ៉ាង​ខ្លាំង​ពី​សំណាក់​កង​កម្លាំង​របស់​កម្ពុជា​យ៉ាង​ណា​ក៏​ដោយ។

ទាក់ទិននឹងការរាយបន្លាលួស​របស់​ក្រុម​យោធា​ថៃនេះ​ ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរ​កាល (IOT) ចំនួន​៧ប្រទេស ដឹក​នាំ​ដោយ​អនុ​ព័ន្ធ​យោធា​ម៉ាឡេ​ស៊ី  ចុះ​ទៅ​ដល់​ទីតាំង​ដែលទា​ហាន​ថៃ​បាន​រាយ​បន្លា​លួស​ព័ទ្ធ​ផ្ទះ​អ្នក​ភូមិ​ហើយ​និង​តំបន់​ផ្សេង​ទៀត ដើម្បី​ពិនិត្យ​មើល​សភាព​ការណ៍​ព្រំដែន​ជាក់​ស្តែង។ ចំណែក​គណៈ​កម្មាធិ​ការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា JBC បាន​ធ្វើ​ការ​តវ៉ា និង​ប្រឆាំង​ដាច់​អហង្ការ​ចំពោះ​សកម្ម​ភាព​រំលោភ​បំពាន​របស់​យោធា​ថៃ​នេះ។

យ៉ាងណា​ក៏​ដោយ​ចុះ យុទ្ធនាការរាយ​បន្លាលួស និង​សំបក​កង់​ឡាន​របស់​យោធា​ថៃ​នេះ មិន​ត្រូវ​បាន​ស្ថាប័ន​សារ​ព័ត៌​មាន​ល្បីៗ​របស់​ថៃ ចុះម​ក​ធ្វើ​សេចក្ដី​រាយ​ការណ៍ និង​ផ្សព្វ​ផ្សាយ​នោះ​ទេ ដោយ​ទំនង​ពួក​គេ​ហាក់​ដឹង​ច្បាស់ និង​ទទួល​ស្គាល់ អំពី​ការ​ឈ្លាន​ពាន​របស់​ក្រុម​យោធា​របស់​ខ្លួន។

ពាក់ព័ន្ធរឿងនេះ អតីត​សាស្រ្ត​ចារ្យ និង​ជា​អតីត​មេធាវី​ការ​ពារ​ក្តី​ឲ្យ​មេដឹក​នាំ​ខ្មែរ​ក្រហម ក្នុង​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) លោក កង ឫទ្ធិ​គិរី ប្រាប់​វីអូឌី​តាម​បណ្ដាញ​តេឡេ​ក្រាម​ថា ករណី​នេះ គឺ​ជា​កាតព្វ​កិច្ច​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ក្នុង​កិច្ច​ការ​ពារ​អធិប​តេយ្យ​ភាព​របស់​ខ្លួន។ លោក​បន្ត​ថា​ កម្ពុជា​មិន​ចាំបាច់​មាន​ការ​ជូន​ដំណឹង​ពី​ប្រជាពលរដ្ឋ ចំពោះ​ការ​រំលោភ​បំពាន​ណាមួ​យ​ពី​រដ្ឋ​បរទេស​នោះ​ទេ គឺ​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​យើង ហើយ​សកម្មភាព​ថៃ​វា​រំលោភ​លើ​ធម្ម​នុញ្ញ​សហ​ប្រជា​ជាតិ ដែល​ហាម​ប្រាម​រដ្ឋ​ជា​សមាជិក​​ប្រើ​កម្លាំង​ដោះស្រា​យ​បញ្ហា និង​ត្រូវ​គោរព​អធិប​តេយ្យ​ភាព​គ្នា​ទៅ​វិញ​ទៅ​មក។

លោក កង ឫទ្ធិគិរី បន្ថែមថា រដ្ឋាភិបាល​កម្ពុជា កំពុង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នេះ ដោយ​សន្តិ​វិធី​ ស្រប​តាម​ធម្ម​នុញ្ញ​សហប្រ​ជា​ជាតិ ដោយ​នាំ​អ្នក​អង្កេត​ការណ៍​អន្ត​រ​ជាតិ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ តាម​ព្រំដែន​កម្ពុជា-ថៃ​ហើយ និ​​ងក​ន្លែង​ខ្លះ​​​ថៃ​ក៏​ដក​កង​ទ័ព​ថយ​ក្រោយ​វិញ​ផង​ដែរ ព្រោះលោ​ក​កត់​សម្គាល់​ឃើញ​ថា ថៃ​ជា​រដ្ឋ​ប្រើកម្លាំង​រំលោភ​ច្បាប់​អន្ត​រ​ជាតិ​ទាំង​ស្រុង។

ប្រជាពលរដ្ឋរស់នៅច្រកបឹងត្រកួន ខេត្ត​បន្ទាយ​មាន​ជ័យ បង្ហាញ​ក្តីបារម្ភ ក្រោយ​ថៃ​នៅ​តែ​បន្ត​រាយ​បន្លា​លួស​ចូល​ដល់​ជិត​លំនៅឋាន​របស់​ពួក​គាត់ និង​សូម​អំពាវ​នាវ​ឱ្យ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ជួយ​អន្តរា​គមន៍​ជួយ​ប្រទេស​កម្ពុជា ពី​ការ​ឈ្លាន​ពាន​របស់​យោធា​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ