បក្សប្រឆាំង​និង​បក្ស​កាន់​អំណាច​យល់​ផ្សេង​គ្នា​ពី​យុទ្ធ​សាស្រ្ត​ការ​ពារ​ទឹក​ដី​ខណៈ​ថៃ​ពង្រីក​ការ​ឈ្លាន​ពាន

គណបក្ស​ប្រឆាំង​និយាយ​ថា យុទ្ធ​សាស្រ្ត​របស់ លោក ហ៊ុន សែន ដែល​រក្សា​ភាព​អត់​ធ្មត់ មិន​តប​ត​ទៅ​នឹង​ការ​ពង្រីក​ការ​ឈ្លាន​ពាន​របស់​ថៃ នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់​ទឹក​ដី​ទៅថៃ​ ដូច​បាត់​ទៅ​ប្រទេស​វៀត​ណាម បើ​មិន​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​ដើម្បី​ទប់​ទល់​ទៅនឹ​ងទ​ង្វើ​ឈ្លាន​ពាន​នេះ។

រីឯគណបក្ស​កាន់​អំណាច​វិញ បាន​ការ​ពារ​ថា ភាព​អត់​ធ្មត់​នៅ​ពេល​នេះ គឺ​ជា​ភាព​ខ្លាំង​និង​ឈ្នះ​លើភា​គី​ថៃ​ខាង​សមរភូមិ​ការទូត ក្រោម​ក្រសែ​ភ្នែក​អន្តរ​ជាតិ​រួម​ទាំង​មហា​អំណាច។

ក្នុង​ន័យ​នេះ បក្ស​កាន់​អំណា​ច​សំអាង​ថា កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​​កម្ពុជា-ថៃ ដែល​បាន​ប្រសូត្រ​ឡើង នៅ​ប្រទេស​ម៉ាឡេ​ស៊ី នា​ថ្ងៃ​ទី២​៨​ ខែ​កក្កដា ឆ្នាំ​២០២៥ និង​ស្មារតី​នៃ​ប្រជុំ​គណៈ​កម្មា​ធិការ​កិច្ច​ការ​ព្រំដែន​ទូទៅ​(GBC) ចំនួន​១៣​ចំនុច ចុះ​ថ្ងៃ​ទី​៧ខែ​សីហា​នេះ ស្ថិត​ក្រោម​យន្ត​ការ​អាស៊ាន និង​មហា​អំណាច មាន​សហរដ្ឋ​​អាមេរិ​ក និង​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ជា​ដើម ។

ភាព​ចម្រូង​ចម្រាស​នេះ វា​បាន​កើត​ឡើង​ក្រោយ​ពីយោ​ធា​ថៃ​បន្ត​ពង្រីក​ការ​ឈា្លន​ពាន​ដែន​អធិប​តេយ្យ​កម្ពុជា បំពាន​បទ​ឈប់​បាញ់​ជា​ច្រើន​ដង​តាម​រយៈ​ដើរ​ចូល​រាយ​បន្លា​លួស ដាក់​កង់​ឡាន ធ្វើ​ស្នាក់​ការ ជីក​លេណ​ដ្ឋាន​លើទឹ​ក​ដី​កម្ពុជា និង​បាន​ដាក់​កាមេរ៉ាលើ​ប្រាសាទ​តាក្របី​ជាដើម។

ជុំវិញ​បញ្ហានេះ ប្រធាន​អង្គ​ភាព​អ្នក​នាំពា​ក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ថ្លែង​ក្នុង​សន្និ​សីទ​សារព័​ត៌​មាន​នៅថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៥​ថា ការ​អត់​ធ្មត់​របស់​កម្ពុជា​នៅ​​ពេល​នេះ​គឺ​ជា​គ​ន្លឹះ​សំខាន់ ​ដើម្បី​គោរព​បទ​ឈប់​បាញ់​ក្រោម​ការ​ឃ្លាំមើ​ល​ពី​អន្តរ​ជាតិ​មាន​ទាំង​អាមេរិក​និង​ចិន។

​លោក​ថា«ការអត់ធ្មត់គឺជាគន្លឹះសំខាន់បំផុត! ហេតុអ្វីពីព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ថា​ កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​នេះ មិន​មែន​កើត​ឡើង​តែពី​រ​នាក់​ទេ​ កម្ពុជា​និង​ថៃ​ទេ។ តែ​វា​កើត​ឡើង​ដោយ​ការ​ចូល​រួម​ពី​អន្តរ​ជាតិ​ ពោល​គឺ​លទ្ធផល​ដែល​កើត​ចេញ​ពី​កិច្ច​ប្រជុំ​ពិសេស កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ នៅ​ទី​ក្រុង​ភូត្រា​ចាយ៉ា ដែល​មាន​ម៉ាឡេស៊ី​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សហ​រៀប​ចំ​ដោយ​សហរដ្ឋ​អាមេរិក នឹង​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​ប្រទេស​ចិន»

លោកសង្កត់ធ្ងន់ថា រាល់សកម្មភាពរបស់ក្រុម​យោធា​ឈ្លាន​ពាន​របស់​ថៃ ត្រូវ​បាន​កត់​ត្រា​ទុក​ជា​ភស្តុ​តាង​រួច​ហើយ។

លោកថា៖ «បើសិនជាយើងអស់ការអត់ធ្មត់ យើង​នឹង​ក្លាយ​ខ្លួន​មួយរំ​ពេ​ច​​ទៅ​ជា​អ្នក​បង្ក​ហេតុ។​នេះ​ជា​អ្វីដែ​ល​យើង​ប្រុង​ប្រយ័ត្ន​ ហើយ​ជា​អ្វី​ដែល​គេច​ង់​បាន។ ការ​បង្ក​ហេតុមា​ន​ច្រើន​យ៉ាង​ដូច​បង​ប្អូន​យើង​បាន​ដឹង​ ហើយ​មាន​នៅ​តាម​ព្រំដែន​ដែល​យើង​បាន​ដឹង​ទាំង​អស់​គ្នា មាន​ការ​ដាក់​កង់​ឡាន​ដាក់​បន្លា​លួស​បាញ់​ចំពាម​កៅ​ស៊ូ»។

ក្រោយបទ​ឈប់​បាញ់កម្ពុជាថៃចូលជាធរមាន​​ចា​ប់​​​ពី​​ម៉ោង​​​១២​យប់ ​​​​ថ្ងៃ​​​​​​ទី២​៨ ខែក​ក្កដា​​​​ បាន​តែប៉ុ​ន្មាន​ថ្ងៃ យោធា​ថៃ​បាន​បញ្ជូន​កម្លាំង​ឡើង​មក​​ប្រាសាទ​​តាមា​​ន់ធំ​ និង​​បាន​​ដាក់​​បាវ​​ខ្សាច់​​ធ្វើ​លេណ​​ដ្ឋាន​​ឈរ​​ជើង​​គ្រប់​​គ្រង​​ប្រាសាទ​ រួម​​ទាំង​រាយ​​​លួស​​បន្លា​​ព័ទ្ធ​​ប្រាសាទ​​ទៀត​​ថែម​​ទៀត។

ជាង​នេះ​ទៀត​ ទាហាន​ថៃ​បាន​​​ប្រើ​​គ្រឿង​​ចក្រ និង​​រាយ​​លួស​​បន្លាព័​​​ទ្ធ​​​​ចូល​​​ដី​​ខ្មែរ​​​នៅ​​​ច្រក​​អាន​សេះ ខេត្ត​​​ព្រះ​​វិហារ និង​ពង្រីក​ការ​ឈ្លាន​ពាន​​យក​​លួស​​បន្លា​​ពទ្ធ័​​ផ្ទះ​ពលរដ្ឋ​ខ្មែរ នៅ​​ភូមិ​​ជោគ​ជ័យ ឃុំ​​អូរ​បីជាន់ ស្រុក​​អូរជ្រៅ ខេត្ត​​បន្ទាយ​​មាន​​ជ័យ។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន បារម្ភ​ថា បើ​ឱ្យ​ថៃ​ចូល​គ្រប់​គ្រង​ទឹក​ដី​ខ្មែរ​បែប​នេះ នោះថៃ​មិ​ន​ប្រគល់​ដី​ដែល​គេកា​ន់​កាប់​ឱ្យក​ម្ពុជា​វិញ​ទេ ទាល់​តែ​ផ្ទុះ​អាវុធ​ឬ​ប្តឹង​ទៅតុ​លាការ​យុត្តិធ​ម៌​(ICJ) ទើប​កម្ពុជាមា​នឱ​កាស​យក​មក​វិញ​បាន។

លោកប​ន្ត​ថា ខ្មែរមានបទពិសោធន៍ច្រើនហើយដូច​ជា​ឱ្យថៃ​ គ្រប់​គ្រង​កោះ​កុត ផ្ទះតា​ម៉ុក​ក្បែរ​ប្រាសាទ​ព្រះវិ​ហារ ប្រាសាទ​តាមាន់​តូច និង​ការ​គ្រប់​គ្រង​រួម​នៅ​ប្រាសាទ​តាមាន់​ធំ និង​ប្រាសាទ​តាក្រ​បី​តែ​ពេល​ចរចា​ទ្វេភាគី​ថៃ​មិន​ព្រម​ប្រគល់​ឱ្យ​កម្ពុជា​ទេ។

ភស្តុតាងមួយទៀត បង្គោល​លេខ​៧២​នៅ​ច្រក​ចាំ​យាម​ ខេត្ត​កោះកុ​ង ថៃ​រំ​កិល​ចូល​យ៉ាង​ជ្រៅ​ចូល​ដី​ខ្មែរ ក៏​ថៃមិ​ន​ដក​ថយ​ដែរ។

បើតាម​អ្នកមា​ន​បទ​ពិសោធន៍​កិច្ច​ការ​ព្រំដែន​រូប​នេះ បង្គោល​ព្រំដែន​ជាមួ​យថៃ​មាន​៧៣បង្គោល តែ​ឯកភាព​គ្នា​បាន​តែ​៤៣​បង្គោល ហើយ​បង្គោល​នៅ​សល់​នៅបា​ន​ថៃ​រំលោភ​ចូល​ដីខ្មែរ​យ៉ាង​ជ្រៅ។

លោកថា៖ «នៅលើពិភពលោកឲ្យមានប្រទេសណា​ គេ​អនុញ្ញាត​ឲ្យ​ប្រទេស​ជិត​ខាង​ហ្នឹង​មក​យក​ដី​ខ្លួន​ឯង​ តាម​យុទ្ធ​សាស្រ្តរ​បស់​ លោក ហ៊ុន សែន ហ្នឹង​ហើយ​ចង់​ឲ្យ​អន្តរ​ជាតិ​ជួយ​ដោះ​ស្រាយ​ទេ។ អន្តរ​ជាតិ​គេ​គ្រាន់​តែ​ថា​អូ! អ្នក​ឯង​សម្រប​សម្រួល​ជួយ​ដោះ​ស្រាយ​គ្នា​តែ​​គេ​មិ​នអាច​ទទួល​ដោះស្រាយដីហ្នឹងជាមួយយើងបានទេលើកលែងតែតុលាការយុត្តិធម៌អន្ដរជាតិ(ICJ)ទើបអាចដោះស្រាយបញ្ហាទំនាស់ដីធ្លីឲ្យយើងបាន។ប៉ុន្តែដូចខ្ញុំថាចឹងគេមិនអាចដោះស្រាយ​១០០​ករណី​ ឬ​២០០​ករណី​បាន​ទេ យ៉ាង​ច្រើន​ក្រោម​ដប់​ករណី​បាន​គេ​ដោះ​ស្រាយ​ឱ្យ​យើង ដូច្នេះ​កាល​ណា​ឲ្យ​ថៃ​គ្រប់​គ្រង​រហូត​ដល់​១០០​ករណី​ជាង​ហើយៗ ​គឺ​​មិ​ន​​អាច​ដោះស្រាយ​នៅ​តុលាការ​យុត្តិ​ធម៌​អន្ដរ​ជាតិ​ទេ»។

ជាងនេះទៀត លោកថា លោក ហ៊ុន សែន កំពុង​ប្រើ​យុទ្ធសាស្រ្ត​ដូច​គ្នា​នេះ​ជាមួយ​វៀត​ណាម​ដោយ​ឱ្យ​វៀត​ណាម​ចូល​មក​គ្រប់​គ្រង​ទឹក​ដី​កម្ពុជា​តាម​ជាយ​ដែន ចុង​ក្រោយ​វៀត​ណាម​ស៊ី​ដាច់​ទឹក​ដី​ទាំង​នោះ​បាត់​អស់។

លោក​ថា៖ «បទ​ពិសោធន៍​ជាមួយ​វៀត​ណាម​អ៊ីចឹង​ដែរ! នៅ​ពេល​ដែល​វៀត​ណាម​រំលោភ​ចូល​ក្នុង​ដី​ខ្មែរ​យើង​នៅ​តាម​ព្រំដែន​ហ្នឹង នៅពេ​លដែ​ល​ចរចា​គឺ​វៀត​ណាម​មិន​ឲ្យ​យើង​នោះ​ទេ គឺ​ដី​ដែល​វៀត​ណាម​រំលោភ​ចូល​ទាំង​ប៉ុន្មាន គឺ​កាត់​ទៅ​ឲ្យវៀ​ត​ណាម​អស់​ ដី​មួយ​ចំនួន​គឺ​ដូរ​ដី​ខ្មែរ​នឹង​ដី​ខ្មែរ បាន​ន័យ​ថា វៀត​ណាម​ចូល​មក​បី​គីឡូ​ម៉ែត្រ បើ​ចង់​បាន​ដី​ហ្នឹង ត្រូវ​យក​ដី​៣គីឡូ​ម៉ែត្រ​តំបន់​ផ្សេង​ទៅ​ឲ្យ​វៀត​ណាម​វិញ​ទៅ។ ដូច​ភូមិ លោក ហេង សំរិន វៀត​ណាម​ថា​ដី​របស់​វៀត​ណាម​ ដូច្នេះ​ចង់​បាន​ភូមិ​លោក ហេង សំរិន ត្រូវ​យក​ដី​ខ្មែរ​តំបន់​ផ្សេង​ទៅ​ឱ្យ​វិញ​ ទៅដូរដី​ខ្មែរ​និង​ដី​ខ្មែរ​ហ្នឹង ចឹ​ងខា​ត​ដី​ខ្មែ​រ​ឃើញ​ទេ!។ បទ​ពិសោធន៍​ទាំង​វៀត​ណាម​និ​ង​ថៃ​ហ្នឹង នៅ​ពេល​ដែល​រំលោភ​យក​ដី​ខ្មែរ​យើង​ហើយ គឺ​មិន​ដែល​ប្រគល់​ដី​ហ្នឹង​មក​ឲ្យខ្មែ​រ​យើង​នោះ​ទេ»។

យ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មិន​ជំទាស់​នឹ​ងជំ​ហរ​រដ្ឋាភិ​បាល​កម្ពុជា​ដែល​រក្សា​ភាព​អត់​ធ្មត់​នេះ​ទេ តែ​អ្វីដែ​ល​កម្ពុជា​ត្រូវ​ធ្វើ​បន្ទាន់​ គឺប្រើសិ​ទ្ធិកា​រ​ពារ​ខ្លួន​ទប់​ទល់​នឹង​ថៃ។

លោកថា យុទ្ធសាស្រ្តអត់ធ្មត់​របស់​កម្ពុជា ក៏​បាន​ធ្វើ​ឱ្យ​ទាហាន​ឈ្លាន​ពាន​ថៃ​បាក់​មុខ​លើ​ឆាក​អន្ត​រ​ជាតិ​ដែរ ក្រោយ​រំលោភ​ដី​ខ្មែរ​តាម​ទំនើង​ចិត្ត​បំពាន​បទ​ឈប់​បាញ់​ដោយ​ចំហរ​បែប​នេះ។

លោកថា៖ «ខ្ញុំយល់ថា ខ្មែរមិនអាចនៅស្ងៀមបាន​យូរ​បា​ន​ទេ មាន​វិធាន​ការ​តបត​ហើយ! ប៉ុន្តែ​ប្រើ​ពេល​វេលា​ឲ្យ​ថៃ​នឹង​រុល​ថែម​ទៀត​ទៅ​ យើង​ដឹង​ច្បាស់​ថា តំបន់​ហ្នឹង ជា​តំបន់​អធិប​តេយ្យ​របស់​កម្ពុជា អ្នក​ឯង​ចេះ​តែ​ចូល​ម​កដើម្បី​អាច​ឲ្យ​ឃើញ​ថា ថៃ​ឈ្លាន​ពាន​កម្ពុជា​ ទោះ​បី​ថៃ​ប្រើ​ពាក្យ​ថា ការ​ពារ​ដែន​អធិប​តេយ្យ​របស់​ខ្លួន​ក៏ដោ​យ ប៉ុន្តែ​ភាគី​កម្ពុជា​ក៏ដឹ​ង​ថា​ថៃ​ជា​ជន​ឈ្លាន​ពាន ហើយ​សហគមន៍​អន្តរ​ជាតិ​ ក៏​ដឹង​ថាថៃ​គឺ​ជាជ​ន​ឈ្លាន​ពាន​ដែរ តាម​រយៈ​ពួក​អនុ​ព័ន្ធ​យោធា ពួក​អ្នក​អង្កេត​ការណ៍​បរទេស​គាត់​បាន​មើល​ឃើញ​ជាក់​ស្ដែង»។

បន្ថែមលើនេះ លោកជំរុញឱ្យពន្លឿនប្តឹងថៃទៅតុលាការ​យុត្តិ​ធម៌​អន្ត​រ​ជាតិ​(ICJ) និង​ប្តឹង​មេ​ទ័ព​ភូមិ​ភាគ​២ថៃ​ លោក ប៊ុន ស៊ីន​ផាត​ឃ្លាំង ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​(ICC) ពីប​ទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម។

កម្ពុជា-ថៃ បានផ្ទុះអាវុធដាក់​គ្នាទ្រង់​ទ្រាយ​​ធំ​​​រយៈ​​​ពេល​​៥ថ្ងៃ គឺ​​​​ចាប់​​​​ពី​​​ថ្ងៃ​​ទី​២៤ ខែ​​​​កក្កដា ដល់​​​​ថ្ងៃ​​ទី​​​២៨ ខែកក្កដា​ ឆ្នាំ​​២០២៥។

ក្រោយ​មក​ភា​គី​​​ទាំង​​ពីរ​ បាន​ចុះកិ​ច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​​ចាប់​​ពី​​​ម៉ោង​​​១​២​​យប់​​ថ្ងៃ​​​ទី២​៨ ខែកក្កដា​​​​​តទៅ ក្រោម​ការ​សម្រប​សម្រួល​ពី​ប្រធាន​អាស៊ាន​ប្តូរ​វេន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោម​ការតា​ម​ដាន​ពីអា​មេរិក និង​ចិន។

ប៉ុន្តែ​​​ប​ទ​​​ឈប់​​បា​ញ់​នេះ​ ចូល​​ជា​​​ធរមាន​​​​បាន​​៨ម៉ោង​ ទាហាន​​ថៃ​បាន​ចូល​ទៅ​ចាប់​ទាហាន​ខ្មែរ​​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​ចំនួន​២០​នាក់ ខណៈ​​ទាហាន​ខ្មែរ​មិន​ហាន​បាញ់​ដោយ​គោរព​បទ​ឈប់​បាញ់។

រហូតមកដល់ថ្ងៃទី១៥ ខែ​​សីហា​នេះ គឺ​រយៈពេល១៧ថ្ងៃ​​ហើយ ទាហាន​​ខ្មែរ​​១៨​​នាក់​​ទៀត ភាគី​ថៃ​​​មិន​​ទាន់​ប្រគល់​ឱ្យ​កម្ពុជា​​វិញ​ទេ​ ទោះ​ភាគី​កម្ពុជា​​អំពាវនាវ​ឱ្យ​ដោះលែ​ង និង​ស្វែង​រក​កិច្ច​អន្តរា​គម​ន៍​​ពី​អន្តរ​ជាតិ​ក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ