ពលរដ្ឋ​នៅ​ឃុំ​អូរ​បី​ជាន់​​អំពាវ​​នាវ​​ឱ្យ​រដ្ឋាភិបាល​ជួយ​ទប់​ស្កាត់​យោធា​ថៃ​រាយ​បន្លា​លួស​ព័ទ្ធ​យក​ផ្ទះ

ក្រោយ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​​នៅ​ឃុំ​អូរ​បី​ជាន់ ខេត្ត​បន្ទាយ​មាន​ជ័យ ទទូច​រក​ការ​ជួយ​ទប់​ស្កាត់​ការ​ឈ្លាន​ពាន​​របស់​​ថៃ ដែល​យោធា​ថៃ បាន​រាយ​លួស​បន្លា​ព័ទ្ធ​យក​ផ្ទៈ​របស់​ពួក​គេ​នោះ រដ្ឋាភិបាល​បាន​អំពាវ​នាវ​ឱ្យ​​មាន​​ការ​អត់​ធ្មត់ ដោយ​ថា កុំ​ធ្លាក់​ក្នុង​កល​ល្បិច​របស់​ថៃ។

ការណ៍​នេះ ជំរុ​ញ​ឱ្យ​មាន​ការ​ស្តី​បន្ទោស​ថា ជា​ការ​បរាជ័យ​ធ្ងន់​ធ្ងរ​របស់​មេដឹកនំាំ​បក្ស​កាន់​អំណាច ដែល​មិន​អាច​ការ​ពារ​ប្រជា​ពលរដ្ឋ និង​បូរណ​ភាព​ទឹក​ដី​របស់​ខ្លួន​បាន។

ជុំវិញបញ្ហានេះ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គមហ្វេសប៊ុក ឈ្មោះថា​ បញ្ញា ស៊ុច កាល​ពី​​ថ្ងៃ​​​ទី​១​៣ ខែ​​សីហា​​នេះ បាន​បង្ហោះ​វីដេអូ ដោយ​រៀប​រាប់​ថា​ ទាហាន​​​ថៃ​​បាន​​ពង្រីក​​ការ​​រាយ​លួ​ស​​​បន្លា​​ព័ទ្ធ​ផ្ទះ​​ពលរដ្ឋ​​ខ្មែរ​​​នៅ​ទី​តាំង​ភូមិ​តំបន់៥ ឃុំ​​អូរ​​បី​ជាន់ ស្រុក​​អូរ​ជ្រៅ ខេត្ត​​បន្ទាយ​​មាន​​ជ័យ។​

ប្រភព​អះអា​ង​ថា សូម្បី​តែ​ផ្ទះអ​តីត​មេភូមិ​ចាស់​ ​ក៏​ត្រូវ​បាន​ចោរ​សៀម​ហ៊ុំព័​ទ្ទ​រំលោភ​យក​ផង​ដែរ ខណៈប៉ុស្តិ៍​បន្ទាយ​ទាហាន​ខ្មែរ​ជាង​ ៣០០​ម៉ែត្រ ក៏​ត្រូវ​ចោរ​សៀម​បំផ្លាញ​និង​រំលោភ​យក​ទាំង​កម្រោល​ដូច​គ្នា។

លោក​ថា៖ «ភូមិ​តំបន់​៥​នៅ​ថ្ងៃទី១៣ ខែ​សីហា ២០២៥ នៅវេ​លា​ម៉ោង​១៦:៤​៦​នាទី​នេះ​ត្រូវ​ពួក​ចោរ​សៀម​មក​ហ៊ុម​ព័ទ្ធ​យក​ទឹក​ដី​ខ្មែរ​នៅភូ​មិតំ​បន់៥ ឃុំ​អូរបី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ បាទ​នោះអតីតផ្ទះ​មេ​ភូ​មិ​ចាស់ វា​ហ៊ុម​ព័ទ្ធ​យក​បាត់​ហើយ​ គឺ​យោធា​ថៃ​យក​ដី​មេភូមិ​ចាស់​គេហ៊ុ​ម​ព័ទ្ធ​ដី​ផ្ទះ​ប្រជាពលរដ្ឋ​យើង​នោះ ហើយ​បន្ទាយ​ទាហាន​​ខ្មែរ​យើង នៅ​ខាង​មុខ​ប្រហែល​២០០​ម៉ែត្រ ទៅ​៣០០​ម៉ែត្រ​ឥឡូវ​វាហ៊ុម​ព័ទ្ធ​សឹង​ពាក់​កណ្តាល​ភូមិ​តំបន់​៥ ពួក​ចោរ​សៀម​ប្លន់​ដី​ខ្មែរ​យើង​អស់​ហើយ»។

បន្ថែមពីនេះ អ្នកប្រើប្រាស់បណ្តាញសង្គម​ម្នាក់​ទៀត បាន​បង្ហោះ​វីដេអូ ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ដែល​ស្រែក​យំទា​មទា​រ​ដី​និ​ង​ផ្ទះ​ត្រឡប់​មក​វិញ ក្រោយ​ចោរ​សៀម​រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី​ផ្ទះ​របស់​ពួក​គេ។

ប្រភពបន្តថា ពលរដ្ឋខ្មែរបានស្រែកយំ ទាម​ទារ​និង​ស្នើ​ដល់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ជួ​យ​ពន្លឿន​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់​ឱ្យ​​បាន​​ឆាប់ ព្រោះ​ពួក​គាត់​មិ​ន​មាន​ផ្ទះស​ម្បែង​ដើម្បី​ជ្រក​កោណ​នោះ​ទេ។

អ្នកស្រី​ថា៖ «ខ្ញុំរស់នៅ​២​០-៣០​ឆ្នាំ​ហើយ ខ្ញុំ​សុំ​​ដី​ផ្ទះ​ខ្ញុំ​នៅវិញ​មក ផ្ទះ​ខ្ញុំ​នៅ​ទី​នេះ ថៃ​វា​ព័ទ្ធ​បន្លា​លួស​យក​អស់​ហើយ ខ្ញុំ​សុំ​ចូល​នៅ​ផ្ទះ​ខ្ញុំ​វិញ​មកៗ ខ្ញុំ​សុំអ​ង្វរ​ខ្ញុំអ​ត់​មាន​ដី​នៅ​ទេ អស់​លោក​សុំ​ជួយ​ខ្ញុំ​ផង​ដែរ»។

ជាការឆ្លើយតប អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថ្លែងក្នុងសិន្ន​សីទកាសែត​នា​ថ្ងៃ​ទី​១៥ខែ​សី​ហានេះ​ អំពា​វ​នាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មាន​ការ​អត់​ធ្មត់ ព្រោះ​ការ​អត់​ធ្មត់​ជា​គន្លឹះ​សំខា​ន់​បំផុត ក្នុង​ការ​អនុវត្ត​បទ​ឈប់​បាញ់។

លោកបន្តថា បើសិ​ន​កម្ពុជា​អស់​ការ​អត់​ធ្មត់ កម្ពុជា​នឹង​ក្លាយ​ជាអ្ន​ក​បង្ក​ហេតុ ហេតុ​នេះ​កម្ពុជា​ត្រូវ​តែ​ប្រយ័ត្ន ហើយ​នេះ​ជា​អ្វី​ដែល​ភាគី​ថៃច​ង់​បាន​បំផុត។

លោកថា៖ «បងប្អូនយើង​តែង​យល់​ថា​ បើ​សិន​ជា​យើង​អស់​ការ​អត់​ធ្មត់​ យើង​នឹង​ក្លាយ​ខ្លួន​មួយ​រំពេច​ទៅ​ជា​អ្នក​បង្ក​ហេតុ​ ដូច្នេះ​ដំណាក់​កាល​នេះ​ ម៉ោង​នេះ​ការ​អត់​ធ្មត់​ គឺ​ជា​ភាពខ្លាំ​ង​និង​ពី​ឈ្នះ​របស់​កម្ពុជា»។

លើសពីនេះ អ្នកនាំពាក្យក្រសួងការពារបរទេស​កម្ពុជា លោក ជុំ សន្ទរី និយាយ​ថា ការ​លុក​លុយ​លើ​ដែន​អធិប​តេយ្យ​កម្ពុជា​នេះ កម្ពុជា​បាន​ប្តឹង​តវ៉ា​តាម​យន្ត​ការ​ការទូត ប្រឆាំ​ងនឹ​ង​ការ​រំលោភ​បំពាន​របស់​ថៃ និង​ទាម​ទារ​ឱ្យ​ថៃ​គោរព​បទ​ឈប់​បាញ់ ច្បាប់​អន្តរ​ជាតិ និង​ដក​កង​កម្លាំង​ចេញ​ពី​ដែន​ដី​កម្ពុជា។

លោកថា៖ «សកម្មភាពទាំងនេះ បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ផ្លាស់​ប្ដូរ​ទីលំនៅ​ធ្វើ​ឲ្យពួ​ក​គេ​បាត់​បង់​លំនៅ​ឋាន ហើយ​ទាំង​ជីវភាព​រស់​នៅ​ដែល​ជាកា​រ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ជាមូល​ដ្ឋាន​របស់​គេ ទីតាំង​ដែល​បាន​លើក​ឡើង​ខាង​លើ គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កម្ពុជា​ដូច​ដែល​បាន​កំណត់​ដោយ​ផែន​ទី​​មាត្រ​ដ្ឋាន​១/២០០០០​នៅ​ក្រោម​អនុ​សញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិ​សញ្ញា​ឆ្នាំ១​៩០៧ រវាង​ឥណ្ឌូចិន​និង​សៀម»។

ជុំវិញ​បញ្ហានេះ​ តំណាងរាស្រ្តបក្ស​សង្គ្រោះ​ជាតិ លោក សួន សូរីដា​ ប្រាប់​VOD​នៅថ្ងៃ​ទី​១៥ ខែ​សីហា​នេះថា ភាព​អត់​ធ្មត់ មិន​មែន​ជាក​ត្តាជោ​គ​ជ័យ​សម្រាប់​កម្ពុជា​ ក្នុង​ការ​ទប់​ទល់​នឹង​សត្រូវ​ឈ្លាន​ពាន​នោះ​ទេ។

ក្នុងន័យ​នេះ លោក​ពន្យល់​ថា ការ​អត់ធ្ម​ត់​ជាស​ត្រូវ​ពេក និង​ធ្វើ​ឱ្យ​សត្រូវ​បាន​ចិត្ត គឺ​បន្ត​គឃ្លើន​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ ធ្វើ​បា​បព​លរដ្ឋ​ខ្មែរ​ហ៊ុំព័ទ្ធ​យក​ដី​ផ្ទះពួ​ក​គាត់​ជា​​បន្ត​បន្ទាន់ គឺ​ធ្វើ​ឱ្យ​រាស្រ្ត​រង​ទុក្ខ​ទៅវិ​ញ​ទេ។

លោក​បន្ត​ថា ក្នុង​កាលៈ​ទេសៈ​នេះ កម្ពុជា​មិន​អាច​ចេះតែ​អ​ត់​ធ្មត់ ឱ្យ​សត្រូវ​បន្ត​គឃ្លើន​ឈ្លាន​ពា​នទឹ​ក​ដីនោះ​ទេ ត្រូវ​មាន​ចំណាក់​ការ​ចំពោះ​មុខ​គឺ​រារាំង ទប់​ទល់ និង​រុះ​រើ​រួស​បន្លា​របស់​ភាគី​ថៃ​ចេញ​ពី​ទឹក​ដី​ខ្មែរ។

លោក​សង្កត់ធ្ងន់ថា បទឈប់បាញ់ និងយន្តការអន្តរជាតិ ច្បាប់អន្តរជាតិនានា កម្ពុជា​គោរព អនុវត្ត តែ​កម្ពុជា​ក៏​មាន​សិទ្ធិ​ផង​ដែរ គឺ​ច្បាប់​សិទ្ធិ​ស្វ័យ​ការ​ពារ​ដែន​អធិ​​បតេយ្យ បូរណ​ភាព​ទឹក​ដី​របស់​ខ្លួន។

លោកថា៖ «ខ្ញុំគិតថា ភាព​អត់ធ្មត់​ វាមិ​នមែ​ន​ជាក​ត្តាជោ​គ​ជ័យ​នៅ​លើ​ភាព​ឈ្នះ​ទេ ព្រោះ​ជាក់​ស្ដែង​ដូច​ក្នុង​សង្គ្រាម​ភាព​ឈ្នះ​ចាញ់​វា​លើ​ការ​កាន់​កាប់​ទឹក​ដី​ដែល​ភាគី​ម្ខាងៗ​ដណ្តើម​បាន ប្រសិន​បើ​ភាគី​ថៃ​ចូល​មក​កាន់​កាប់​យក​ទឹក​ដី​របស់​កម្ពុ​ជា​ស្រេច​តែ​ចិត្ត ហើយ​មិន​បាន​ការ​ប្រើ​ប្រាស់​កាំភ្លើង​ សូម្បី​តែ​មួយ​គ្រាប់​ឲ្យ​កាន់​កាប់​ទឹក​ដី​ខ្មែរ​បាន​​អាហ្នឹង​អី​ ខ្ញុំគិ​ត​ថា ភាគី​ថៃ​ទទួល​បាន​ជោគ​ជ័យ»។

ប្រហែលគ្នានេះដែរ អ្នកច្បាប់និងជាអ្នកវិភាគ​ឯករាជ្យ លោក វន់ ចាន់ឡូត យល់​ថា ភា​ព​អត់​ធ្មត់​របស់​កម្ពុជា​ហាក់​ឆ្លុះ​បញ្ចាំង​ពី​ភាព​បរាជ័យ ចាញ់​ប្រៀប​យោធា​ថៃ ខណៈ​ថៃ​បន្ត​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​រហូត។

ក្នុងន័យនេះ លោកថា កម្ពុជាចាញ់ប្រៀបថៃនៅត្រង់ថា ទី១​ថៃ​មិ​នគោ​រព​បទ​ឈប់​បាញ់​ ជាក់​​ស្តែង​​​ថ្ងៃ​ទី២៩ ខែ​កក្កដា ចូល​ចាប់​ទាហាន​ខ្មែរ​២០​នាក់​ក្នុង​ទឹក​ដី​ខ្មែរ យក​ធ្វើ​ជា​ចំណាប់​ខ្មាំង​រហូត​មក​ពេល​បច្ចុប្បន្ន​។

ទី​២ ថៃ​បន្ត​គឃ្លើន​រាយ​បន្លា​លួស ធ្វើលេណដ្ឋាន​នៅ​លើ​ប្រាសាទ​តាមាន់ធំ ច្រក​អាន​សេះ និង​ថ្មី​ៗ​នេះ ថៃ​បាន​រាយ​លួស​បន្លា​ព័ទ្ធ​ដី​ និ​ង​ផ្ទះ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​កន្លែង​នៅ​ឃុំអូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័​យ​ទៀត។

លោកបន្តថា ទាំងនេះស្តែងឱ្យឃើញថា ភាពអត់ធ្មត់របស់​កម្ពុជា ដែល​មិន​ធ្វើ​សកម្ម​ភាព​តទល់ រារាំង​ ហាម​ឃាត់​ទាំង​នេះ​ហើយ ជា​ឳកាស​របស់​ចោរ​សៀ​ម​បន្ត​គឃ្លើន​ឈ្លាន​ពាន​ទឹក​ដី និង​ធ្វើ​បាប​រាស្រ្ត​ខ្មែរ។

លោក​ថា​៖ «អ្វីដែលយោធាថៃបាន​និង​កំពុ​ង​តែ​បន្ត​ភាព​គឃ្លើន​របស់​ខ្លួន ក្រោយ​មាន​បទ​ឈប់​បាញ់​នេះប្រាកដ​ណាស់​ គឺ​មាន​នូវ​ថា​យុទ្ធ​សាស្ត្រច្បាស់លា​ស់យុ​ទ្ធ​សាស្ត្រ​ទី១ យោធា​ថៃ​ក៏​កំពុង​តែ​សិក្សា​លម្អិត​ទៅ​នឹង​ទីតាំង​ភូមិ​សាស្ត្រ ក្នុង​ករណី​ដែល​យោធា​ថៃ​សម្រេច​ចិត្ត​បើក​ការ​វាយ​ប្រហារ​លើ​ក​ទី​ពីរ​ឡើង​វិញ គឺត្រូ​វ​ប្រាកដ​ថា​នឹង​អាច​វាយ​ដណ្តើម​នៅទីតាំង​សមរភូមិ​សំខាន់ៗ​ដែល​ខ្លួន​ចង់​បាន យើង​ដឹង​ក្នុង​រយៈ​កាល​នេះ​យោធា​ថៃ​បាន​បន្ត​ជីក​លេណ​ដ្ឋាន​ ក៏​ដូច​ជា​ការ​បន្ត​ស៊ើប​នៅ​ទីតាំង​សំខាន់ៗ​ ដើម្បី​ជា​ជំនួយ​ទៅ​ដល់​ការ​ប្រើប្រា​ស់​យោធា​ ក៏​ដូ​ច​ជា​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​នូវ​ការ​ឈ្លាន​ពាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ