ពលរដ្ឋនិងបក្សប្រឆាំងជំរុ​ញ​ឱ្យ​ប្តឹង​សហ​ប្រធា​នកិច្ច​ព្រម​ព្រៀង​ប៉ារីស​ទប់​ទល់​នឹង​ថៃ​ឈ្លាន​ពាន

ចំពេល​ដែល​យោធា​ថៃ កំពុង​ពង្រីក​ការ​ឈ្លាន​ពាន ដោយ​បាន​ចល័ត​ទ័ព ចូល​ទៅ​រាយ​លួស​បន្លា​​រំលោភ​យក​ដី​ខ្មែរ​ជា​បន្ត​បន្ទាប់ រំលោភ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​​នោះ ប្រជាពលរ​ដ្ឋ​ខ្មែរ និង​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​បក្ស​កាន់​អំណាច​​ចាំបាច់ ត្រូវ​ប្តឹង​ថៃ​ទៅស​ហប្រ​ធាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី ក្រោម​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ។

កាលពី​ប៉ុ​ន្មាន​ថ្ងៃជា​ប់គ្នាទៅ​នេះ ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រៅប្រ​ទេស រួម​មាន សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង​ ជប៉ុន អូស្រ្តាលី និង​កាណា​ដា​ជាដើម​ បាន​ចេញ​ធ្វើ​បាតុ​កម្ម ប្រឆាំង​នឹង​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ។

កាលពីថ្ងៃអាទិត្យ ប្រជាពលរដ្ឋខ្មែរនៅទីក្រុងអាឌឺឡែត ប្រទេស​អូស្ត្រាលី​ រាប់​រយ​នាក់ បាន​ចេញ​ធ្វើ​បាតុ​កម្ម​បន្លឺ​​សំឡេង​​ឱ្យសហគម​ន៍​អន្តរ​​ជាតិ ឱ្យ​​ដា​ក់​សម្ពាធ​ទៅភា​គី​ថៃ ឱ្យ​គោរព​បទ​ឈប់​បាញ់ និង​ប្រ​គល់​ក​ង​ទ័ព​កម្ពុជា​ចំនួន​១៨​នាក់ ឱ្យ​កម្ពុជា​វិញ ខណៈ​ដែល​យោធា​ថៃ​ប្រើ​ល្បិច​ចាប់​នៅថ្ងៃ​ទី​២៩ ខែ​កក្កដា រំលោភ​បទ​ឈប់​បាញ់ ខណៈ​កិច្ចព្រ​ម​ព្រៀង​នេះ​ បាន​ចូល​ជាធ​រមាន​ប្រមាណ​ជា​៨ម៉ោង​ក្រោយ​មក។

ជុំវិញកា​រធ្វើ​​បាតុកម្ម​នេះ សកម្មជន​ចលនា​មាតា​ធម្ម​ជាតិ ​អ្នកស្រី ស៊ុន រដ្ឋា បាន​ប្រាប់​VOD​នៅ​ថ្ងៃទី​១៨​ ខែ​សីហា​នេះ​ថា កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា អ្នក​ស្រីបា​ន​ចូល​រួម​ជា​មួយ​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់ នៅ​ប្រទេស​កាណា​ដា ទាម​ទារ​ឱ្យ​ថៃ​គោរព​បទ​ឈប់​បាញ់ ​និ​ង​ដោះ​លែង​ទាហាន​ខ្មែរ​១៨នាក់​ជា​បន្ទាន់។

ក្នុង​នោះដែ​រ អ្នកស្រីក៏ដូចជាពលរដ្ឋខ្មែរផ្សេងទៀត បាន​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​កម្ពុជា ត្រូវ​តែ​ពន្លឿន​ប្រើ​យន្ត​ការ​អន្តរ​ជាតិ​​និង​ប្តឹង​ថៃ​ទៅ​ ICJ ជាពិសេស​ត្រូវ​ប្តឹង​ទៅ​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀងស​ន្តិភាព​ទីក្រុង​ប៉ារីស​២៣​តុលា ដើម្បី​ការ​ពារ​បូរណភា​ព​ទឹក​ដី​កម្ពុជា​ផង​ដែរ។

អ្នក​ស្រីថា​៖ «ប្រើប្រាស់សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស និង​សន្ធិ​សញ្ញា​ទីក្រុង​ហ្សឺណែវ​ ទាក់​ទង​ជាមួយនឹង​​កា​រ​ចាប់​ឈ្លើយ​សឹក​ ដើម្បី​ទាម​ទារ​ឲ្យ​ថៃ​ប្រគល់​ទាហាន​ទាំង​១៨រូប ត្រឡប់​មក​វិញ​ និង​ទីបី​គឺ​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ICJក៏​ដូច​ជា​ប្រើ​ប្រាស់​យន្តកា​រ​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​ដូច​គ្នា​ដែរ​ ទាក់​ទង​ជាមួយ​នឹងកា​រឈ្លា​ន​ពាន​របស់​ប្រទេស​ថៃ ការប្រើ​​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​របស់​ថៃ​មក​លើ​កម្ពុជា»។

លើសពីនេះ តំណាងរាស្ត្រ​អូស្ត្រាលី មាន​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េង​ហ៊ាង និយាយ​នៅ​ក្នុង​សភា​រដ្ឋ​វិច​តូរៀ​ថា ដើម្បី​ដោះស្រា​យ​ជម្លោះ​ព្រំដែន​នេះ ត្រូវ​ប្តឹង​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ និង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ឬ​តាម​រយៈ​ការ​ចរចា​ទ្វេ​ភាគី។

លោកបន្តថា គ្រប់ដំណោះស្រាយសន្តិភាព គឺផ្អែក​លើភ​ស្តុ​តាង និង​ដោះ​ស្រាយ​តាម​យន្ត​ការ​អន្តរ​ជាតិ​ និង​តាម​រយៈ​ពាក្យ​សម្ដី ប៉ុន្តែ​មិន​មែន​ការ​ប្រើ​ប្រាស់​អាវុធ​ ដើម្បី​ឈ្លាន​ពាន​ប្រទេស​ដទៃ​នោះ​ទេ។

ការណ៍នេះ លោក តាក់ ម៉េងហ៊ាន អំពាវនាវ​ឱ្យរ​ដ្ឋាភិបាល​អូស្ត្រាលីចូល​រួម​តាម​ដាន​យ៉ាង​សកម្ម ក្នុង​ការ​បន្ត​ជំរុ​ញ​នូវ​សន្តិភា​ព​រវាង​ប្រទេស​ថៃ និង​កម្ពុជា ដើម្បី​បញ្ចប់​សង្រ្គាម​ឈ្លាន​ពាន​មួយ​នេះ។

លោកថា៖ «កន្លែងដ៏ត្រឹមត្រូវសម្រាប់ការដោះស្រាយជ​ម្លោះព្រំ​ដែ​ន​នេះ គឺ​នៅ​តុលាការ​យុត្តិធ​ម៌​អន្តរ​ជាតិ​ ឬ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ឬ​តាម​រយៈ​ការ​ចរចា​ទ្វេភា​គី។ ជម្លោះ​នេះ​ត្រូ​វ​តែ​ដោះ​ស្រាយ​តាម​រយៈ​ពាក្យ​សម្ដី ប៉ុន្តែ​មិន​មែន​ដោយ​អាវុធ​ឡើយ។ ជាល​ទ្ធ​ផល ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ និង​សង្ឃឹម​យ៉ាង​មុត​មាំ​សម្រាប់​​សន្តិភាព​យូរ​អង្វែង និង​និរន្ត​រ​ភាព»។

តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា ក៏​បាន​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​កាល​ពី​ថ្ងៃទី​​១៦ ខែ​សីហា​នេះ បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​-អូស្ត្រាលី និង​អ្នក​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ​វិច​តូរៀ លោក តាក់ ម៉េង​ហ៊ាង បាន​សរសេរ​លិខិត​ទៅ​កាន់​លោក​​ស្រី Penny Wong រដ្ឋ​មន្ត្រី​ការ​បរទេស​ប្រទេស​អូស្ត្រាលី។

លោក​បន្ត​ថា ការដាក់លិខិតនេះ ក្នុងគោលបំណងស្នើឱ្យរដ្ឋាភិបាល​អូស្ត្រាលី ដើរ​តួនាទីសំ​ខាន់​ក្នុង​នាម​ជាមេដឹក​នាំ​នៃតំ​បន់ Indo-Pacific សម្រាប់​ធានាប​ទ​ឈប់​បាញ់​រយៈពេ​លវែ​ង និង​នាំម​កនូ​វស​ន្តិភាព​ឡើង​វិញ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​និ​ង​ថៃ។

លោកបន្ថែម​ទៀត​ថា ក្នុង​នោះ​ពលរដ្ឋ​ខ្មែរ-អូស្រ្តាលី ក៏ស្នើសុំរដ្ឋាភិបាល​អូស្ត្រាលី នូវ​ជំនួយ​មនុស្ស​ធម៌​សម្រាប់​ជួយ​ដល់​​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​តំបន់ ដែល​មាន​ការ​ផ្ទុះ​អាវុធ​ពី​ការ​ឈ្លាន​ពាន​របស់​ថៃ​ផង​ដែរ។

ចំណែក ប្រធានចលនាជាតិតស៊ូនៅក្រៅប្រទេស លោក សម រង្ស៊ី ថ្លែង​សារ​កាល​ពី​ថ្ងៃទី​១៧ ខែ​សីហា​នៅ​ប្រទេស​បារាំង ដោយ​និយាយ​ថា ដើម្បី​បញ្ចប់​ទង្វើឈ្លា​ន​ពាន​ទឹក​ដី ពី​សំណាក់​ភាគី​ថៃ​នេះ រដ្ឋាភិ​បាល​កម្ពុជា​ចាំបាច់​ត្រូវ​តែ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោកអះអាងថា មានតែកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​​ប៉ារីស​២៣​តុលា​ទេ ដែល​​​​ដើរ​​​តួ​យ៉ាង​​សំខាន់​​ក្នុង​​ការ​​បញ្ច​ប់​​ភ្លើង​​សង្គ្រាម​​ឈ្លាន​ពាន​របស់​ថៃ និង​​​ធ្វើ​​ឱ្យ​​ប្រទេស​កម្ពុជា​មាន​​សុ​ខ​​សន្តិភាព​ពេញ​លេញ។

លោកហាក់​ស្តីប​ន្ទោស​ថា បើ​មេដឹកនាំ​គ្រួសារ​ហ៊ុន​មិន​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ទេ ​ស្មើ​នឹង​បំផ្លាញ​ប្រទេស​ជាតិ និង​ជា​កំហុស​ខុស​ឆ្គង​នៃ​បទ​ឧក្រិដ្ឋ​ដ៏​ធំ ចំពោះ​មុខ​ប្រវត្តិ​សាស្រ្ត និង​ប្រជា​ជាតិ​ខ្មែរ​។

លោកថា៖ «អ្វីដែលយើងធ្វើមុនគេ​ ទាម​ទារ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស៍២​៣តុ​លា១​៩៩១​ហ្នឹងហើយ​បើយើ​ង​ចង់​សង្គ្រោះ​ជាតិ​ មានតែ​​កិច្ច​ព្រម​ព្រៀងទី​ក្រុង​ប៉ារីស​នោះ​ទេ ដែល​អាច​សង្គ្រោះ​ជាតិ​យើង​បាន​មិន​អាច​លើក​ទ័ព​យក​ទាហាន​យើង​ក្រ​ខ្វះ​គ្រប់​សព្វ​គ្រប់​បែប​ ទៅ​តតាំង​ជាមួយ​ទា​ហាន​គេ​ផ្លូវ​​យោធា​កម្លាំង​ទ័ព​នេះ អត់​ទេ​អត់​ធ្វើ​អ៊ី​ចឹង​ទេ យើងមា​ន​អាវុធ​ស័ក្តិ​សិទ្ធិបំ​ផុត​ កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ យើង​ម៉េច​ក៏​មិន​ប្រើ»។

ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជានកម្ពុជា​ ​លោក ជា ធីរិទ្ធិ ​ឱ្យ​VOD​ដឹង​​ថា រដ្ឋាភិបាល​បាន​ខិត​ខំ​ប្រឹង​ប្រែង​គ្រប់​វិធី​សាស្រ្ត ទាំង​យន្ត​ការ​ការ​ទូត ច្បាប់​អន្តរ​ជាតិ យន្ត​ការ​អាស៊ាន ដើម្បី​បុព្វ​ហេតុ​ការ​ពារ​ទឹក​ដី។

លោកថា៖ «ចុះរដ្ឋាភិបាលកម្ពុជាដែលកំពុង​តែ​ស្វែង​រក​ការ​អន្តរាគ​មន៍​ ស្វែង​រក​នូវ​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​គ្រប់​បែប​យ៉ាង ដើម្បី​ប្រឆាំង​មិន​ឲ្យស​ត្រូវ​ឈ្លាន​ពាន​រំលោភ​ចូល​បូរណ​ភាព​ទឹ​ក​ដី​របស់​កម្ពុជា​ហ្នឹង​ហើយ ជា​ខ្លឹម​សារ​ដែល​យើង​បាន​អនុវត្ត​កន្លង​មក​នោះ អ៊ីចឹង​វា​អត់​មាន​អី​ដែល​យើង​មិន​បាន​អនុ​វត្ត​ទេ យើង​បាន​ធ្វើគ្រ​ប់​បែប​យ៉ាង​ទាំង​អស់ សម្រាប់​ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា»។

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់​ថា ការ​ប្រើ​ប្រាស់​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស បន្ថែម​លើ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ដែល​តាម​ដាន​ដោយ​សហរដ្ឋ​អាមេ​រិក និង​ប្រទេស​ចិន​ផង​នោះ ពិត​ជា​អាច​ទប់​ស្កាត់​បរទេស​ឈ្លាន​ពាន​បាន។

ប៉ុន្តែលោកនិយាយ​មូល​ហេតុ​ដែល​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន មិន​ហ៊ាន​ប្តឹង​ថៃ​ទៅ​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​សារ​តែ​គ្រួសារ​ហ៊ុន ខ្លាច​ប៉ះ​ពាល់​ដ​ល់​វៀត​ណាម។

ក្នុងន័យនេះ លោកពន្យល់ថា ការសើរើកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស នឹង​តម្រូវ​ឱ្យ​មោឃ​ភាព​សន្ធិ​សញ្ញាព្រំ​ដែ​ន​ខុស​ជាមួ​យ​វៀត​ណាម ដែល​វៀត​ណាម​រំលោភ​យក​ដី​ខ្មែរ ជាពិសេស​កិច្ច​ព្រម​ព្រៀង​២៣​តុលា​នេះ ទាម​ទារ​ឱ្យ​កម្ពុជា​បញ្ចប់​ជម្លោះ​នយោបាយ ផ្សះ​ផ្សា​ជាតិ ឯកភាព​ជាតិ និង​ការ​គោរព​បូរណ​ភាព​ទឹក​ដី អព្យា​ក្រឹត្យ​ភាព។

សម្រាប់លោក ម៉ែន ណាត ចំណុចទាំងអស់នេះ​ហើយ ដែល​ធ្វើ​ឱ្យ​មេដឹក​នាំ​គ្រួសារ​ហ៊ុន ព្យាយាម​គេច​វេស​មិន​អនុវត្ត​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្រោម​ហេតុ​ផល​ផ្សេងៗ រហូត​យោធា​ថៃ​ចូល​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​តាម​ចិត្ត​ដូច​បច្ចុប្បន្ន។

លោក​ថា៖ «មិនចង់ប្រើកិច្ចព្រមព្រៀងក្រុងបារីស វា​មាន​ហេតុផ​ល​ពីរ​យ៉ាង​ ក្នុង​ហ្នឹង​ដែល​រដ្ឋាភិ​បាល​កម្ពុជា​ស្ទាក់​ស្ទើរ​​ហេតុ​ផល​ទី១ ហ្នឹង​គឺ​ជា​ហេតុ​ផល​ បើ​ប្រើ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ វៀត​ណាម​​មាន​ជាប់​ជំពាក់​ជាមួយ​វៀត​ណាម ព្រោះ​វៀត​ណាម​រំលោភ​ឈ្លាន​ពាន​កម្ពុជា​និង​ច្រើន​ជាង​ថៃ​ទៀត ហើយ​រដ្ឋា​ភិ​បាល​កម្ពុជា​ហ្នឹង​បាន​ធ្វើ​កិច្ច​សន្យា កិច្ច​សន្យា​តាម​រយៈ​សន្ធិ​សញ្ញា​ ឬ​កិច្ច​ព្រម​ព្រៀង​អី​ចំនួន​មាន​ជាប់​ជំពាក់​ជាមួ​យ​វៀត​ណាម ម្លោះ​ហើ​យ​កម្ពុជា​បើ​ប្រើ​យន្ត​ការ​កិច្ច​ព្រម​ព្រៀង​ក្រុង​បារីស ខ្លាច​នៅ​ពេល​ដែល​យើង​ទាម​ទារ​យុត្តិ​ធម៌​ពី​ថៃ ហើយ​បន្តិ​ច​ក្រោយ​មក​ក៏​ពលរដ្ឋ​ជំរុញ​ឲ្យ​ទាម​ទារ​យុត្តិ​ធម៌​ពីវៀត​ណាម ដែល​វៀត​ណាម​រំលោភ​បំពាន​កម្ពុជា​ដូច​ថៃ​អីចឹង»។

ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលខ្លះ បាននិយាយថា មូល​ហេតុ​ចម្បង​មួយ​ដែល​គ្រួសារ​ហ៊ុន​មិន​ព្រម​អនុ​វត្ត​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​មេដឹក​នាំគ​ណបក្ស​ប្រជាជន​កម្ពុជា លេង​ហាន​លេង​​ល្បែង​ប្រជា​ធិប​តេយ្យ​តាម​រយៈ​បោះ​ឆ្នោត ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌។

ក្នុងន័យនេះ ប្រភព​នោះ​ពន្យ​ល់​ថា បើកាល​ណាអ​នុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ ធ្វើ​ឱ្យ​មតិ​អន្តរ​ជាតិ ឬ​សមាជិក​ហត្ថ​លេខី​នៃ​កិច្ច​ព្រម​ព្រៀង អាច​នឹង​ជំរុញ ឬ​ក៏​ដាក់​បន្ទុក​ឱ្យ​រដ្ឋាភិ​បាល ត្រូវ​តែ​គោរព​គោល​ការណ៍​ប្រជា​ធិប​តេយ្យ សិទ្ធិ​មនុស្ស ដូច​មាន​នៅ​ក្នុង​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា។

ការណ៍នេះ បើរដ្ឋាភិបាល ធ្វើតាមកិច្ចព្រមព្រៀងប៉ារីស​នេះ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្រួប​បង្រួម​ជាតិ​ ការ​ពារ​ប្រព័ន្ធ​ពហុបក្ស ដែល​នេះ​ជា​ការ​បារម្ភ​របស់​គណបក្ស​កាន់​អំណាច ពី​ការ​បាត់​បង់​អំណាច ពីព្រោះ​ការ​ដឹក​​នាំ​របស់​បក្ស​កាន់​អំណាច មិន​បាន​ឆ្លើយ​តប​ទៅ​នឹ​ង​សេច​ក្តី​ត្រូវ​ការ​របស់​ប្រជាព​លរដ្ឋ ស្នើ​ពាក់​កណ្តាល​ប្រ​ទេស ចាប់​តាំ​ងពី​ឆ្នាំ​​២០១៧​មក ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រជា​ជន ភ័យ​ខ្លាច​លើ​ការ​បោះ​ឆ្នោត​ដែល​ជាឧបសគ្គ​ គំរាម​កំហែង​អំណាច ដែល​មេដឹក​នាំ​បក្ស​កាន់​អំណាច​ភ័យ​ខ្លាច​បំផុត។

លើសពីនេះ អ្នកវិភាគ​នយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​​​ចង្អុល​​​​​បង្ហាញ​​​ពី​​​មូល​​ដ្ឋាន​​​​ច្បាប់​រឹង​​​​មាំ​​របស់​​​កម្ពុជា ដែល​​ប្រទេស​​ជិត​ខាង​មិន​អាច​រំលោភ​បំពា​ន​​បាន។

លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានបង្ហោះសារ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា កម្ពុជា​អាច​ប្រើ​ប្រា​ស់​យន្ត​ការដោះ​ស្រាយ ការ​រំលោភ​យក​កោះ​គុត​ពី​ភាគី​ថៃ ដោយ​ប្រើ​ប្រាស់​មាត្រា​៥ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀងនេះ បញ្ជាក់​ថា បើ​មាន​ការ​ការ​គំរាម​កំហែង​រំលោភ​លើអធិប​តេយ្យ​ភាព​កម្ពុជា បណ្តា​​ភា​គី​​ក្នុង​​កិច្ច​​ព្រម​ព្រៀង​នេះ​ ត្រូវ​​ពិគ្រោះ​​ជា​​បន្ទាន់ ​ដើម្បី​អនុ​ម័ត​រាល់​វិធាន​​ការ​សមស្រប ដើម្បី​​​​ដោះ​ស្រាយ​​រា​ល់​កា​រ​​រំលោភ​​ទាំង​​នេះ​​តាម​មធ្យោបាយ​សន្តិ​វិធី។

វិធានការដោះស្រាយ រួមមាន រាយកា​រណ៍​ទៅ​ក្រុមប្រឹក្សា​សន្តិសុ​ខ​អង្គការ​សហ​ប្រជាជាតិ ឬ​ប្រើ​​ប្រាស់​​មធ្យោ​បាយ​ដំណោះ​​ស្រាយ​​នូវ​ទំនាស់​ដោយ​សន្តិ​វិធី​ យោង​តាម​មាត្រា​៣៣ នៃ​ធម្មនុញ្ញ​​អង្គការ​សហប្រជាជាតិ ហើយ​ភាគី​ពាក់​ព័ន្ធ​ក៏​អាច​សុំកា​រ​ឧបត្ថម្ភ​ពី​សហ​ប្រធាន​នៃ​សន្និសីទ​ប៉ារីស​ស្តី​ពី​កម្ពុជា រួម​មានប្រទេស​​​​បារាំង និង​ប្រទេស​ឥណ្ឌូនេស៊ី​ផង​ដែរ។

បើតាមលោក​បណ្ឌិត ឡៅ ម៉ុងហៃ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុ​ង​ប៉ារីស​ បញ្ជាក់​យ៉ាង​ច្បាស់​ថា ម្ចាស់​ហត្ថលេខី​ទាំង​១៨​​ប្រទេស ដែល​ជា​សាក្សីនៃ​​កិច្ច​ព្រម​ព្រៀង​នេះ រួម​ទាំង​ប្រទេស​ថៃ និងវៀតណាម ត្រូវ​ទទួល​ស្គាល់ និងគោរ​ពគ្រប់​បែប​យ៉ាង​ទាំង​អស់ ដល់​អធិប​តេយ្យ​ភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃដែន​ដី អព្យា​ក្រឹត​ភាព និង​ឯកភាព​ជាតិ​កម្ពុជា។

កិច្ចព្រមព្រៀងនេះ មានប្រទេសបារាំង និង ប្រទេសឥណ្ឌូនេស៊ី ជាសហប្រធាន និងមានប្រទេសជាហត្ថលេខី ចំនួន​១៨ ប្រទេស​ រួមទាំងប្រទេសថៃនិងវៀតណាមផងដែរ។ ​ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ធានា​​អំពី «អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដីអព្យាក្រឹតភាព ឯកភាព​ជាតិ​កម្ពុជា​ និង ​ការ​ធានា​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ