នៅពេលទាហានថៃ នៅតែបន្តរំលោភលើបទឈប់បាញ់ ដោយចូលមកចាប់ទាហានខ្មែរ២០នាក់ តាំងពីថ្ងៃទី២៩ខែកក្កដា ហើយរហូតមកដល់ថ្ងៃទី១៨ខែសីហានេះ គឺទាហានខ្មែរ១៨នាក់ ថៃមិនទាន់ដោះលែងនៅឡើយ។
លើសពីនេះ ថៃបាននិងកំពុងចូលមករាយបន្លាលួសវាទលើដីខ្មែរ នៅតាមតំបន់ជាច្រើនក្នុងនោះមានទាំងប្រាសាទតាមាន់ធំ និងនៅច្រកអានសេះផងនោះ ធ្វើឱ្យមានក្តីបារម្ភយ៉ាងខ្លាំង ពីការបាត់បង់ទឹកដីបន្ថែមទៀតទៅថៃ ដូចការបាត់បង់ទឹកដីខ្មែរប៉ែកខាងកើតទៅប្រទេសវៀតណាមដែរ។
នារីម្នាក់ឈ្មោះ រីតា បាននិយាយលើអាខោនហ្វេសប៊ុករបស់ខ្លួន Somaly Koemleang ថា កាលពីរសៀលថ្ងៃទី១៣ ខែសីហា កងទ័ពឈុតខ្មៅថៃជិត១០០នាក់ ត្រូវបានការពារដោយដ្រូនបានយកបន្លាលួស និងសម្បកកង់ឡានមករាយចូលដីខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានព័ទ្ធយកទាំងផ្ទះរបស់ម្តាយនាង និងផ្ទះពលរដ្ឋខ្មែរផ្សេងទៀត។
រីតា និយាយទាំងទឹកភ្នែកថា ម្តាយឪពុករបស់នាងបានយំ។ នាងធ្លាប់តែជួយទៅកាន់បងៗដែលគាត់ភៀសសឹកជួយទៅកាន់បងៗកងទ័ព ឥឡូវរឿងនេះ មកកើតលើគ្រួសារនាងផ្ទាល់ នាងថាពិតជាឈឺចាប់ណាស់។
សំឡេងរីតា៖ «ម៉ាក់ខ្ញុំតេមកខ្ញុំយំផងអីផងគាត់ថា កូនអើយគេព័ទ្ធយកផ្ទះយើងបាត់ហើយ! បងប្អូនគិតមើលនៅសុខៗគេមកព័ទ្ធយកផ្ទះយើងស្រស់ៗហីឈឺចិត្តកម្រិតណា? ហើយកុំថាខ្ញុំព័ត៌មានបំពុល ចូលតាមដានផេកខ្ញុំសិន គឺខ្ញុំឈឺចាប់ណាស់បងប្អូនខ្ញុំនៅភ្នំពេញ តែប៉ាម៉ាក់ខ្ញុំនៅផ្ទះនៅជាយដែន។ ដីនឹងគឺគាត់នៅយូរហើយនៅតាំងពីខ្ញុំនៅតូចៗមកម្ល៉េះ ឥឡូវហ្នឹងវាមកព័ទ្ធយក ហើយទាហានខ្មែរយើងនៅច្រកនឹងមានតែ៤នាក់គត់ ពួកឈុតខ្មៅវាមកឡើងចង់ជាង១០០នាក់ ដ្រូនវាហោះពេញលើក្បាល វាព័ទ្ធអត់ឱ្យយកអីចេញទេ វាឱ្យគាត់យកតែឡាន បើក្រៅពីហ្នឹងអត់ឱ្យយកចេញទាំងអស់ សូម្បីតែខោអាវស្លៀកពាក់មានតែ១កំប្លេជាប់នឹងខ្លួននឹងឯង»។
ស្ត្រីអ្នកភូមិព្រែកចាន់ ក្នុងស្រុកអូរជ្រៅផ្សេងទៀត ក៏បានយំរៀបរាប់ពីទុក្ខលំបាក បន្ទាប់ពីទាហានថៃបានរាយលួសបន្លា និងដាក់សម្បកកង់ឡានព័ទ្ធយកផ្ទះរបស់ពួកគាត់ផងដែរ និងទទូចសុំឱ្យអន្តរជាតិជួយរកយុត្តិធម៌ដល់ពួកគាត់ផង។
អ្នកស្រីថា៖ «សូមជួយខ្ញុំផង ខ្ញុំចង់បានដីផ្ទះខ្ញុំនៅវិញ ខ្ញុំគ្មានកន្លែងនៅទេ ខ្ញុំមានតែផ្ទះនេះឯង ឥឡូវវាព័ទ្ធបន្លាលួសហើយ ជួយខ្ញុំផង»។
ស្ត្រីអ្នកភូមិទាំងនេះ បានថ្លែងខណៈក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា បានដឹកនាំអនុព័ន្ធយោធា ដែលមានតំណាងមកពីប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ចុះទៅពិនិត្យស្ថានភាពសន្តិសុខ និងការខាតបង់ដោយសារសង្គ្រាមនៅតាមព្រំដែនក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងខេត្តព្រះវិហារ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលមានបទពិសោធន៍កិច្ចការព្រំដែន ហាក់បានទម្លាក់កំហុសបញ្ហាទាំងនេះ ទៅលើការទទួលខុសត្រូវរបស់មេដឹកនាំគណបក្សកាន់អំណាចគ្រួសារហ៊ុន។
លោកបាននិយាយបែបចំអកលើបណ្តាញសង្គម នៅថ្ងៃទី១៥ខែសីហានេះថា បន្ទាត់ក្រហមរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គឺប្រហែលជាទាល់តែទាហានថៃ មករាយបន្លាលួសនៅទួលក្រសាំងដែលជាផ្ទះរបស់គាត់ទើបគាត់ប្រតិកម្ម។
សម្រាប់លោក អ៊ុំ សំអាន ពេលនេះទាហានថៃ បានរាយបន្លាលួសហ៊ុំព័ទ្ធយកផ្ទះពលរដ្ឋខ្មែរ ហើយពលរដ្ឋខ្លះមិនទាន់ប៉ះសាច់ខ្លួនឯងមិនទាន់ឈឺនោះទេ។ លោកថា ថៃពេលនេះ មិនចាំបាច់ប្រើអាវុធ ដើម្បីសម្រេចមហិច្ឆតាលេបទឹកដីខ្មែរទេ ដោយគ្រាន់តែកាន់ចំពាមកៅស៊ូ និងយកបន្លាលួសមករាយលើទីតាំងដែលថៃចង់បាន ជាការស្រេច។
ម្យ៉ាងទៀត លោកថា លោក ហ៊ុន សែន ក៏មិនចង់ឱ្យរឿងនេះរាលដាលរហូត ធ្វើឱ្យគ្រួសារលោកបាត់បង់អំណាចនោះដែរ ទើបកម្ពុជាមិនមានវិធានឱ្យទាហានខ្មែរ ទៅរើបន្លាលួសដែលទាហានថៃរាយលើដីខ្មែរ។
ចំណែក លោកមួង ណារ៉េត អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គម រស់នៅសហរដ្ឋអាមេរិក បានថ្លែងថា លោក ភុំថាំ វិឆ័យយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ បាននិយាយកាលពីថ្ងៃទី១៣ ខែសីហាថា គាត់នឹងស្នើទៅគណៈរដ្ឋមន្ត្រី ដើម្បីឱ្យទម្លាក់កញ្ចប់ថវិកាយកទៅទិញបន្លាលួស ដើម្បីស្រះរបងនៅតាមព្រំដែនកម្ពុជា ដែលនេះគឺជាការចាប់ផ្តើមឆ្លើយតបរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ ទៅកាន់មេបញ្ជាការភូមិភាគ២ថៃ លោក ប៊ុនស៊ីន បាត់ក្លាំង។
លោកថា៖ «លោក ប៊ុនស៊ីន បាត់ក្លាំងនិយាយពីការយកបន្លាលួសថែម រាយតាមព្រំដែន គឺទាំងរដ្ឋាភិបាលថៃទាំងយោធាថៃកំពុងតែចូលដៃគ្នាប្រព្រឹត្តអំពើបំពានកិច្ចព្រមព្រៀងឈប់បាញ់គ្នាហើយ។ ចឹងបានថា នេះគឺជាសារបញ្ជាក់យ៉ាងច្បាស់ថា ភាគីទាំងពីរទាំងរដ្ឋាភិបាលទាំងយោធាដែលអត់ត្រូវគ្នាស្រាប់ហ្នឹង គឺកំពុងតែរួមគ្នាបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ពីព្រោះបទឈប់បាញ់បានចែងហើយថា អ្នកណានៅណានៅនឹងអត់ចល័តទ័ពអត់មានធ្វើកិច្ចការងារអី ទាក់ទងរឿងបោះបង្គោលព្រំដែន រឿងរាយលួសបន្លាតាមព្រំដែន រឿងញុះញង់អីឱ្យមានភាពរកាំរកូសជាឈ្នាន់ធ្វើឱ្យផ្ទុះសង្គ្រាមអីទៀតហ្នឹង គឺយើងបានប្តេជ្ញាគា្នហើយហើយហ្នឹង»។
លោកលើកឡើងថា ថៃប្រព្រឹត្តផ្តេសផ្តាសខ្លួនឯង ចង់រករឿងដើម្បីឱ្យមានលេសវ៉ៃសន្ធាប់មកប្រទេសកម្ពុជា ដោយយកលេសទាហានខ្លួន ដើរជាន់មីនធ្វើជាហេតុផលរកតែលេសវ៉ៃមកលើកម្ពុជា។
យ៉ាងណា លោក ណារ៉េត គាំទ្រក្រសួងការបរទេសកម្ពុជា ដែលបានដាក់លិខិតជូនទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ និងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាការតវ៉ាទៅនឹងភាគីថៃ ដែលញុះញង់បំផ្លាញស្មារតីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងសូមឱ្យថៃឈប់ប្រើកម្លាំងទ័ពរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។
ជាមួយគ្នានេះ លោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់រដ្ឋាភិបាល នៅថ្ងៃទី១៥ ខែសីហា បានដាក់ញត្តិបន្ទាន់មួយទៅអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន របស់អង្គការសហប្រជាជាតិ ក្នុងគោលបំណងដើម្បីជំរុញឱ្យភាគីថៃ រើបន្លាលួសនិងកង់ឡានដែលបានដាក់ពង្រាយខុសច្បាប់លើទឹកដីកម្ពុជាចេញវិញ ធានាការប្រគល់ទ្រព្យសម្បត្តិ និងស្រែចំការរបស់ពលរដ្ឋខ្មែរទាំងអស់ ដែលត្រូវបានភាគីថៃរំលោភយក ជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ បង្កើតក្រុមការងារចំពោះកិច្ច ក្នុងការស៊ើបអង្កេតនិងស្វែងរកអ្នកទទួលខុសត្រូវ និងជំរុញឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និងឥតលក្ខខណ្ឌជាដើម។
សម្រាប់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ខែសីហា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានធ្វើការតវ៉ាប្រឆាំងដាច់អហង្ការ ចំពោះការរំលោភបំពានរបស់យោធាថៃដែលចូលមករាយបន្លាលួស សំណាញ់ រនាំង និងដាក់សម្បកកង់ឡានជាបន្តបន្ទាប់ នៅលើដែនអធិបតេយ្យភាពរបស់កម្ពុជា ចាប់តាំងពីថ្ងៃទី១២រហូត ដល់ថ្ងៃទី១៤ ខែសីហា នៅភូមិជោគជ័យ និងភូមិអូរចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងនៅបរិវេណច្រកទ្វារព្រំដែនបឹងត្រកួន នៅភូមិបន្ទាយមានឫទ្ធិ និងភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាដើម។
ស្ថាប័ននេះ គូសបញ្ជាក់ថា សកម្មភាពទន្ទ្រានកាន់កាប់យកដីជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់រនាំង និងដាក់សំបកកង់ឡាននៅកំណាត់ខ្សែព្រំដែនខាងលើនេះ គឺជាសកម្មភាពរំលោភលើស្មារតីនៃMOUឆ្នាំ២០០០ និងច្បាប់អន្តរជាតិ ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)នៃប្រទេសទាំងពីរ។ ជាថ្មីម្តងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមធ្វើការតវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ និងទាមទារឱ្យរុះរើជាបន្ទាន់នូវបន្លាលួស សំណាញ់ និងសម្បកកង់ឡាន ព្រមទាំងចាត់វិធានការទប់ស្កាត់កុំឱ្យកើតមានសកម្មភាពរំលោភបំពានបែបនេះតទៅទៀត នៅតាមបណ្តោយព្រំដែន។
មិនមែនមានតែនៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យនោះទេ ដែលទាហានថៃចូលមករាយបន្លាលួស នៅច្រកអានសេះ ក្នុងខេត្តព្រះវិហារ និងប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ និងនៅតាមតំបន់មួយចំនួនទៀត ដែលកងទ័ពកម្ពុជាបានប្រយុទ្ធស៊ីសាច់ហុតឈាម រហូតដល់មានពលីនិងរងរបួសជាច្រើននាក់ទម្រាំតែដណ្តើមកាន់កាប់ទីនោះបាន ក៏ត្រូវបានទ័ពថៃចូលមករាយបន្លាលួសដណ្តើមកាន់កាប់វិញ ដោយសន្តិវិធីផងដែរ បន្ទាប់ពីបទឈប់បាញ់។ បន្ទាប់ពីបទឈប់បាញ់ទ័ពថៃគេនៅតែបន្តធ្វើសកម្មភាពរស់រវើកបង្កហេតុជារៀងរាល់ថ្ងៃ ខណៈកម្ពុជាតែងតែប្រកាសប្រកាន់ខ្ជាប់នូវបទឈប់បាញ់។
ជ្រុងមួយនៃបញ្ហានេះ លោក អ៊ុំ សំអាន បាននិយាយបែបចម្អកថា៖ «ទាហានថៃកំពុងគ្រប់គ្រងប្រាសាទតាមាន់ធំហើយ មិនយូរប៉ុន្មានទាហានថៃ នឹងកាន់ចំពាមកៅស៊ូ និងយកបន្លាលួសមករាយនៅប្រាសាទតាក្របី និងគ្រប់គ្រងប្រាសាទតាក្របី។ សូមបញ្ជាក់ថា ក្រោយបទឈប់បាញ់ភ្លាមៗ ទាហានខ្មែរគ្រប់គ្រងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីផ្តាច់មុខ»។
បន្ថែមពីនេះ លោក អ៊ុំ សំអាន លើកឡើងទៀតថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានសរសើរលោក ហ៊ុន សែន ថាជាបីតាកំពូលយុទ្ធសាស្រ្ត ដែលប្រើល្បិចឱ្យទាហានថៃចូលមករាយបន្លាលួសលើដីខ្មែរនៅច្រកអានសេះ ប្រាសាទតាមាន់ធំ និងតំបន់ផ្សេងៗទៀត ព្រមទាំងដាក់បាវខ្សាច់សាងសង់លេណដ្ឋានក្នុងប្រាសាទតាមាន់ធំ ហើយបញ្ជាឱ្យទាហានខ្មែរដកថយ។ បន្ទាប់មកកម្ពុជាបានហៅអនុព័ន្ធយោធាបរទេសទៅមើលកន្លែងនោះដើម្បីបង្ហាញអន្តរជាតិថា ថៃពិតជាបានចូលមកឈ្លានពានទឹកដីកម្ពុជាមែន រួចអួតថាកម្ពុជាឈ្នះថៃលើការទូត។
ប៉ុន្តែយ៉ាងណាក្តី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ បានប្រាប់ទៅអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យក្រឡេកមើលយុទ្ធសាស្រ្តដែលលោក ហ៊ុន សែន បណ្តោយឱ្យថៃយកផ្ទះតាម៉ុកក្បែរប្រាសាទព្រះវិហារ យកប្រាសាទតាមាន់តូច និងគ្រប់គ្រងរួមនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីកន្លងមក ថាតើកម្ពុជាអាចទាមទារទឹកដីនិងប្រាសាទទាំងនោះបានមកវិញទេ? ចម្លើយគឺទាមទារ ឬចរចាអត់បានមកវិញទេ។ លោកបញ្ជាក់ថា ទឹកដីខ្មែរដែលថៃគ្រប់គ្រងហើយ កម្ពុជាមិនដែលទាមទារទឹកដីនោះបានមកវិញនោះទេ លើកលែងតែប្រាសាទព្រះវិហារដែលកម្ពុជាឈ្នះក្តីនៅតុលាការ ICJ ឆ្នាំ១៩៦២ប៉ុណ្ណោះ។
សូមបញ្ជាក់ថា កម្ពុជាគ្រោងប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ មានតែ៤តំបន់តែប៉ុណ្ណោះ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី រីឯតំបន់ផ្សេងទៀតនឹងចរចាទ្វេភាគី។
សម្រាប់ លោក អ៊ុំ សំអាន កាលណាចរចាទ្វេភាគី ទឹកដីខ្មែរដែលថៃគ្រប់គ្រងនោះ ថៃនឹងមិនប្រគល់មកឱ្យខ្មែរវិញនោះទេ។ ថៃនឹងអាចរើបន្លាលួសចេញនាពេលអនាគត ប៉ុន្តែថៃនឹងមិនប្រគល់ទឹកដីនោះមកឱ្យកម្ពុជាវិញនោះទេ។
លោកលើកឡើងថា រឿងព្រំដែនជាមួយថៃនេះ លោក ហ៊ុន សែន ប្រើយុទ្ធសាស្រ្តដូចគ្នាជាមួយវៀតណាមដោយបណ្តោយឱ្យវៀតណាមចូលមកគ្រប់គ្រងទឹកដីកម្ពុជាតាមជាយដែន ចុងក្រោយវៀតណាម ស៊ីដាច់ទឹកដីនោះឬដូរដីខ្មែរនឹងដីខ្មែរ។
សម្រាប់លោកបណ្ឌិត សេង សារី ដែលធ្លាប់ធ្វើជាចារកម្មយកការណ៍ពីមេដឹកនាំគណបក្សប្រឆាំង ឱ្យលោក ហ៊ុន សែន បានលើកឡើងថា យោងតាមកាសែត The Nation របស់ថៃ ពួកកងទ័ពថៃ មិនត្រឹមតែមិនខ្វល់ពីកិច្ចព្រមព្រៀងដែលធ្វើដោយរដ្ឋាភិបាលស៊ីវិលនោះទេ ថៃថែមទាំងមិនត្រូវការកញ្ចប់ថវិកាពីរដ្ឋសម្រាប់ប្រតិបត្តិការខ្លះៗរបស់កងទ័ពទៀតផង។
យុទ្ធសាស្ត្រដែលមេទ័ពភូមិភាគ ២ ថៃបានប្រកាសរៃអង្គាសលុយទិញខ្សែលួស ដើម្បីព័ទ្ធយកដី និងប្រាសាទបុរាណក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺជាការស្ទាបស្ទង់ការគាំទ្រពីប្រជាជនថៃ ដើម្បីអាចសម្រេចចិត្តបើកការវាយប្រហារមកលើកម្ពុជាជាថ្មី ដោយមិនបាច់សួរយោបល់ពីរដ្ឋាភិបាលស៊ីវិល។
សញ្ញាណនេះ បញ្ជាក់យ៉ាងច្បាស់ថា លទ្ធភាពនៃការបង្ករសង្រ្គាមជាថ្មីពីពួកយោធាថៃអាចមានខ្ពស់ ហេតុដូច្នេះ លោក សេង សារី បានប្រាប់ឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមខ្លួនធ្វើសង្គ្រាមរយៈពេលវែងជាមួយថៃ ដោយត្រូវបញ្ជាទិញសព្វាវុធទំនើបឲ្យឆាប់បំផុតតាមតែអាចធ្វើទៅបាន៕









