លោក ​ហ៊ុន សែន ថា​​ការ​​​ធ្វើ​​ពិហិការ​​មិន​​ប្រើ​​​កូកា​​របស់​​ក្រុម​​អាមេរិក​​​ផលិត​​នៅ​​កម្ពុជា​ខ្មែរ​​​ជា​​អ្នក​​ខាត

មេដឹកនាំ​​កម្ពុជា អំពាវនាវ​​ដល់​​ពលរដ្ឋ​​រក្សា​ភាព​ស្ងៀម​ស្ងាត់ និង​​ពិចារណា​​​ឱ្យ​បាន​​ដឹត​ដល់​​ចំពោះ​​​​​​ការ​​ធ្វើ​ពហិកា​​រ​មិន​ប្រើ​ប្រាស់​ផលិត​​ផល​​កូកា​កូឡា ដែល​​​ជា​​ផលិត​​ផល​​របស់​​អាមេរិក​ផលិត​​​នៅក​ម្ពុជា​​ ដើម្បី​​ជៀស​​វា​ង​ចាញ់​ល្បិច​កល​របស់​​​ថៃ ដែល​ចង់​​រុញ​ឱ្យ​​កម្ពុជា​​​ធ្វើ​ជា​​សត្រូវ​​ជាមួយ​​អាមេ​រិក​​។

ការ​​អំពាវ​នាវ​​នេះ បាន​ធ្វើ​ឡើង​​​​ក្នុង​​សំណេររបស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា និ​ង​​ជាប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា ជាការ​ឆ្លើយតប​នឹង​​ការ​​​បង្ហោះសាររបស់​អ្នកសារព័ត៌​មាន​​​ម្នាក់ ក្នុងបណ្តាញ​សង្គម​​ហ្វេស​ប៊ុក ​នៅយប់ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២៥ ក្រោយ​ពី​ក្រុមហ៊ុន​​​កូកា​កូឡា (Coca-Cola) បានផ្តាច់​​កុងត្រា​​ជាមួយ លោក វណ្ណដា ដែលជា​តារាចំរៀង​រ៉េបល្បីឈ្មោះ​មួ​យរូប​នៅ​កម្ពុជា ដែលគេ​នៅមិនទាន់ដឹងថាតើ​ការ​ផ្តាច់កុងត្រា​នោះ​ដោយសារ​មូលហេតុអ្វី​នៅឡើយ​ទេ។​

ក្នុងសំណេរនោះ លោក ហ៊ុន សែន បានលើកឡើង​ថា កូកាកូឡា ​ជា​ផលិតផល​អាមេរិ​ក​ តែ​វាក៏​ជា​ផលិត​ផល​​របស់​​ខ្មែរ​ដែរ ព្រោះ​​​ផលិត​​នៅ​​ក្នុង​​ប្រទេស​​​កម្ពុជា​ ដែល​កម្មករ​ខ្មែរ​ជា​អ្នក​ធ្វើ​ការ​និង​ទទួល​ផល ខណៈ​​ការ​បង់​​ពន្ធ​​ក៏​បាន​មក​កម្ពុជា​ ដែល​ជាកា​រ​រួម​ចំណែក​ដល់កំ​ណើន​សេដ្ឋកិច្ចជាតិ។

ករណីនេះ លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រក្សាភាព​ស្ងប់ស្ងាត់ និ​ង​ពិចារ​ណា​​​ឱ្យ​បានដឹត​​ដល់​​​​មុន​នឹង​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​កូកា​ ហើយ​​​ត្រូវ​​ស្វែង​​យល់​​​ជា​​ដំបូង​សិន ថាតើ​ក្រុម​ហ៊ុន​ផ្តាច់​កុង​​ត្រា​​ជាមួយ​​លោក ​វណ្ណ​ដា ដោយ​សារ លោក ​វណ្ណដា ស្រឡាញ់​​​​ជាតិ​ឬ​យ៉ាង​ណា?

លោក​បានគូសបញ្ជាក់ថា ប្រសិន​​ក្រុម​​ហ៊ុនកូកា ​​ដក​​ខ្លួន​​ចេញ​​ពី​​កម្ពុ​​ជា​​​នោះ កម្ពុជា​​គឺ​​ជាអ្នក​​ខាត​បង់ ហើយ​​​សត្រូវ​​​​របស់​​កម្ពុជា គឺថៃ​​ជាអ្ន​កទ​ទួល​ផល។

លោកថា៖ «សត្រូវ​​របស់​យើង​ចង់​វាយ​ខាង​សេដ្ឋ​កិច្ច​យើង​តាំង​ពីដំ​បូង​ ដូច​ជា គំរាម​កាត់​ផ្តាច់​អគ្គីសនី ផ្តាច់​អ៊ីន​ធើណែត​ ឈប់​​លក់​ប្រេង តែ​យើង​បាន​ម្ចាស់​ការ​កាត់​ផ្តាច់ និង​ឈប់​ទិញ​ជា​មុន ដើម្បី​កុំ​ឲ្យ​គេ​គំរាម​យើង​បាន​ទៀត។ ខ្ញុំ​មិន​ជំទាស់​ទេ​ប្រសិ​ន​បើ​កូកា​នេះ​ផលិត​នៅ​ថៃ បង​ប្អូន​អាច​ឈប់​ប្រើ​បាន តែ​បើ​កូកា​នេះ​ផលិត​នៅ​ក​ម្ពុជា បង​ប្អូន​ពហិការ​មិន​ប្រើ កម្ពុជា​គឺ​ជាអ្ន​កខា​ត​បង់​ទាំង​ការ​ងារ​ ទាំង​ប្រាក់​​ចំណូល​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​របស់​ប្រជាជន​និង​ចំណូល​រដ្ឋ»

លោក​ ហ៊ុន សែន បន្តទៀត​ថា ​ក្រៅ​ពី​រឿង​សេដ្ឋ​កិច្ច​នៅ​មាន​រឿង​សំខាន់​មួយ​ទៀត នោះគឺ​ថៃចង់​រុញកម្ពុជា​ឲ្យ​ធ្វើ​ជាស​ត្រូវ​ជាមួយ​អាមេរិក​តែ​ម្តង ដែល​រឿង​នេះ​វា​បង្កើត​នូវ​បញ្ហា​ខាង​​ការ​ទូត​សេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម និងការ​​វិនិយោគ​ រវាង​កម្ពុជាជាមួយអាមេរិក​តែម្តង។

លោកថា៖ «សូម​កុំចូ​ល​អន្ទាក់​របស់​សត្រូវ​យើង​ឲ្យ​សោះ។​ សូម្បីតែ​ក្រុ​មហ៊ុន​ថៃដែ​ល​កំពុង​វិនិ​យោគ​នៅ​កម្ពុជា ក៏​យើង​ត្រូវ​ខិត​ខំ​រក្សា ដើម្បី​ជាប្រ​យោជន៍​របស់​យើង​ដែរ»

គួរបញ្ជាក់ថា ​ភេសជ្ជៈ​​កូ​កា​កូ​ឡា​​ ត្រូវ​បាន​​បង្កើត​ឡើង​​តាំង​ពី​​​ឆ្នាំ​​១៨៨៦ ពោលគឺ​មាន​រយៈពេល​ប្រមាណ ១៣៩ឆ្នាំ​ហើយ​គិត​មកដល់​​​បច្ចុប្បន្ន ដោយ​​​លោក​​​វេជ្ជ​បណ្ឌិត John S. Pemberton មាន​​ទីលំនៅ​ក្នុង​​រដ្ឋ​​អា​ត្ល​​​ង់​​តា សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ worldofcoca-cola.com​។

នៅកម្ពុជា ក្រុមហ៊ុន ​កូកាកូឡា ដែលជាផលិតផលដើមរបស់អាមេរិក បានសម្ពោធ​​ដំណើរការ​​រោង​ចក្រ​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ ក្នុង​ខណ្ឌ​កំបូល រាជ​ធានី​ភ្នំពេញ ចាប់តាំងពី​ឆ្នាំ​២០១៦មក ដែលបាន​ផ្តល់​ការ​ងារ​ដល់ព​លរដ្ឋ​ខ្មែរ​ខ្ទង់​ពាន់​នាក់ គិត​មកដល់​បច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ