ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងបន្តឃ្លាំមើលជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងជំរុញឱ្យបទឈប់បាញ់ទទួលបានជោគជ័យ រវាងប្រទេសទាំងពីរ។ នេះបើតាមប្រភពសារព័ត៌មានហ្វកញ៉ូ (Fox News)។
ហ្វកញ៉ូ(Fox News)ដែលផ្សាយបន្តដោយកាសែតខ្មែរថាមស៍ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ត្រាំ បានថ្លែងទៅកាន់ហ្វកញ៉ូ(Fox News) នៅលើយន្តហោះអ៊ែរ ហ្វសវ័ន (Air Force One)ថា ទីក្រុងវ៉ាស៊ីនតោននៅតែចូលរួមក្នុងកិច្ចខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនរវាងកម្ពុជានិងថៃ។
ភាគីកម្ពុជានិងថៃ បានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំមួយនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ចំពោះបទឈប់បាញ់បន្ទាន់ដោយគ្មានលក្ខខណ្ឌ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រវាងភាគីទាំងពីរ។
បទឈប់បាញ់ដែលបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាតាមព្រំដែនរយៈពេល ៥ថ្ងៃ រវាងកម្ពុជា និងថៃ បានឈានដល់កិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះ ដោយមានសហរដ្ឋអាមេរិក និងចិន ជាអ្នកសង្កេតការណ៍ផងដែរ។
ការមិនទុកចិត្តគ្នារវាងភាគីប្រទេសជិតខាងទាំងពីរ បានអូសបន្លាយ ទោះបីជាមានការចរចាគ្នាក៏ដោយ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិកម្ពុជា បានចោទប្រកាន់ថៃនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រើឧបករណ៍ជីកដោយដាក់លួសបន្លានៅតំបន់ព្រំដែនដែលមានជម្លោះ។
ប្រភពដឹឌីផ្លូម៉ាត(The Diplomat) បានរាយការណ៍នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ថា ប្រទេសចិនក៏បានសន្យាថា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្អាតមីននៅតាមតំបន់ព្រំដែនរវាងកម្ពុជា និងថៃហើយរដ្ឋមន្ត្រីទាំងបីបានយល់ព្រមបន្តទំនាក់ទំនងក្នុងលក្ខណៈ “បត់បែន”។
យ៉ាងណា លោក វ៉ាង អ៊ី (Wang Yi) បាននិយាយថា ក្រុងប៉េកាំងក៏សង្ឃឹមសម្រាប់ស្ថេរភាពនៃទំនាក់ទំនងប្រជាជាតិទាំងពីរ និងការបើកច្រកព្រំដែនឡើងវិញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
ប្រភពដឹឌីផ្លូម៉ាត គូសបញ្ជាក់ថា ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាពមិនទុកចិត្តគ្នារវាងរដ្ឋាភិបាលថៃ និងកម្ពុជា នៅតែមានកម្រិតខ្ពស់ ហើយបញ្ហានេះបានក្លាយជាបញ្ហាសំខាន់ ចំពោះនយោបាយក្នុងស្រុកទាំងពីរប្រទេសគឺ កម្ពុជានិងថៃ៕









