វៀតណាមទាមទារសញ្ជាតិ​ខ្មែរ​ខណៈ​មេដឹក​នាំ​ខ្មែរ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្លួន​ពី​កំណើត

មេដឹកនាំវៀត​ណាម បាន​ជំរុញ​ឱ្យ​មេដឹក​នាំ​កម្ពុជា ពិនិ​ត្យ​ពី​លទ្ធភា​ព​ឱ្យ​ពលរដ្ឋ​ខ្លួន​បាន​ចូល​សញ្ជាតិ​ខ្មែរ ដោ​​យសំអាង​​ថា ដើម្បីមា​ន​ស្ថិរភា​ព​ជីវ​ភាព ដែល​ការណ៍​នេះ បង្ក​ក្តី​បារម្ភ​ពី​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ពូជ​សា​ស​ន៍​ខ្មែ​​រ ខណៈ​មេដឹក​នាំ​ខ្មែរ​ពន្លឿន​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្លួន​ពី​កំណើត។

សារព័ត៌មានវៀត​ណាម​ផ្លឹស បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​ថា នាយក​រដ្ឋ​មន្រ្តី​វៀត​ណាម​ លោក ផាម មិញ​ជីញ បា​ន​សន្ទនា​តាម​ទូរ​ស័ព្ទ​ជាមួយ លោក ហ៊ុន ម៉ាណែត ដោយ​ស្នើ​សម្រួល​ដល់ការ​ចូល​សញ្ជាតិ​សម្រាប់​ជនជាតិ​វៀតណាម​ដែល​មាន​សិទ្ធិ​ ក៏ដូច​ជា​បង្កើ​ត​លក្ខខណ្ឌ​សម្រាប់​ប្រជាជន​វៀតណាម ដើម្បី​មាន​ស្ថិរភាព​ជីវភាព​ធ្វើ​សមាហរណកម្ម​។

បើតាម​ប្រភព​ដដែល​ ការ​យក​ចិត្ត​ទុក​ដាក់​លើ​ជន​ជាតិ​វៀតណាម​បែប​នេះ ក៏​បាន​រួម​ចំណែក​ជាវិជ្ជ​មាន​ដល់​សង្គម​កម្ពុជា និង​ធ្វី​ឱ្យស​ហគ្រាស​វៀត​ណាម​ប្រតិ​បត្តិ​ការ​ប្រកប​ដោយ​ស្ថិរភា​ព និង​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ​ សំអាន យល់​ថា វៀត​ណាម​នៅ​តែមា​ន​មហិច្ចតា​លេប​ទឹ​កដី​ខ្មែរ​ដោយ​ប្រើ​យុទ្ធ​សាស្រ្ត​បញ្ជូន​ជន​ជាតិ​ខ្លួន​ឱ្យ​មក​រស់​នៅ​កម្ពុជាច្រើន​ទៅៗ និង​ទាម​ទារ​សញ្ជាតិ​ស្រប​ច្បាប់​ពី​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន។

លោក​សង្កត់​ធ្ង​ន់​ថា ដើម្បី​ដឹង​គុណ​វៀត​ណាម​ដែល​លើក​ប​ន្ទុក​លោក ហ៊ុន សែន ឱ្យ​កាន់​អំណាច​តាំង​ពី​ទស្សវត្ស​រ៍​ទី៨០​ម​ក លោក ហ៊ុន សែន ហ៊ាន​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​បំរើ​មហិច្ចតា​វៀត​ណាម​ ក្នុង​នោះ​មាន​ទាំង​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ពីព​លរដ្ឋ​ខ្លួន​យក​ទៅ​ឱ្យជ​នជា​តិ​វៀត​ណាម​ដែល​ជា​គ្រោះ​ថ្នាក់​ដល់​ពូជ​សាសន៍​ខ្មែរ។

លោក​ថា៖ «នៅពេលដែលធ្វើច្បាប់ដល់សញ្ជាតិខ្មែរពីកំណើត​ ហើយ​ដក​សញ្ជាតិ​ខ្មែរ​ពី​អ្នក​ស្នេហា​ជាតិ​ ដែល​ប្រឆាំង​នឹង​វៀត​ណាម​ ប្រឆាំង​ទៅ​នឹង​ជន​អន្តោ​ប្រវេសន៍​វៀត​ណាម ប្រឆាំង​ទៅ​នឹ​ង​ការ​ឈ្លាន​ពាន​របស់​វៀត​ណាម​ហ្នឹង! ហើយ​អត់​មាន​អ្នក​ប្រឆាំង​ទៅ​នៅ​វៀត​ណាម ដូច​នៅ​ប្រទេស​ឡាវ​អ៊ីចឹង! ថ្ងៃ​អនាគត​ទៅ​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​កម្ពុជា​ក្រោម​ទីពីរ ហើយ​។ ហើយ​អ្វី​ដែល​ជា​ក្ដី​សុបិន្ត​របស់​ហូជី​មិញ ក្នុង​ដំណើរ​ឆ្ពោះម​ក​ទិស​ខាង​លិច ដែល​លេប​ត្របាក់​យក​កម្ពុជា និង​ឡាវ​ដាក់​ទៅ​ក្នុង​សហព័ន្ធ​ឥណ្ឌូ​ចិន រវាង​កម្ពុ​ជា​ វៀតណាម ឡាវ ជា​ប្រទេស​តែមួយ​ហ្នឹង​ បាន​សម្រេច​នៅ​ពេល​អនាគត។ អាហ្នឹង​ជាក្ដី​បារម្ភ​របស់​ខ្ញុំ»។

ជុំវិញរឿង​នេះ VOD មិន​អាច​សុំកា​រ​ឆ្លើយ​តប​ពី​អ្នក​នាំពា​ក្យ​រដ្ឋាភិ​បាល លោក ប៉ែន បូណា បាន​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

សម្រាប់​ ប្រធាន​អង្គ​ការ​ប្រជា​ធិប​តេយ្យខ្មែ​រ​ប្រចាំ​ប្រទេស​អូស្រ្តាលី លោក ស៊ឹង​ សែន​ករុណា រំលឹក​ថា តាម​ប្រវត្តិ​សាស្រ្ត វៀត​ណាម​បាន​ស៊ីដាច់​ទឹក​ដី​កម្ពុជា​ក្រោម​បាត់​ទៅ​ហើយ មក​ដល់​បច្ចុប្បន្ន​នេះ​តាម​រយៈ​យុទ្ធ​សាស្រ្ត​ឱ្យ​បញ្ចូល​​ជន​ជាតិ​ខ្លួន​ទៅ​រស់ ​តែ​មិន​ចាក​ចេញ​វិញ​ទេ។

ក្នុងន័យនេះ លោកបារម្ភ​ថា កម្ពុជានឹ​ង​ជាន់​ដាន​ប្រវត្តិ​សាស្រ្តម្ត​ង​ទៀត បើ​ឱ្យ​ជន​ជាតិ​វៀត​ណាម​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​ច្រើន​ទៅៗ ដែល​ពួក​គេនឹ​ង​មាន​វាស​នាស​ម្រេច​ជោគ​វាសនា​លើ​ទឹក​ដី​កម្ពុជា។

លោក​ថា៖ «បើមានពលរដ្ឋគេកាន់តែច្រើនហើយ ​ថ្ងៃ​ក្រោយ​គេ​ចេះ​ខ្មែរ​ គេ​ចេះវ​ប្បធម៌​អក្ស​រ​សាស្ត្រ​ខ្មែរ​បាន​ជ្រៅ​ជ្រះ​ពីព្រោះ​ក្នុង​ច្បាប់​សញ្ជាតិ​ គេ​ផ្តល់​សិទ្ធិឲ្យ​ផ្ត​ល់​សញ្ជាតិ​ទៅ​ដល់​អ្នក​ដែល​គេមា​នសិ​ទ្ធិ​ ក្នុង​ការ​ស្នើ​សុំ​សញ្ជាតិ​ហ្នឹង។ បើ​សិន​​ជាវៀត​ណាម​ត្រូវ​បាន​ផ្តល់​សញ្ជាតិ​ជា​ខ្មែរ​កាន់​តែ​ច្រើន​ គេ​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត ​ហើ​​យក​ម្ពុជា​ជាប្រទេស​ប្រកាន់​របប​ប្រជា​ធិប​តេយ្យ​ អ៊ីចឹង​អ្នក​ដឹក​នាំ​ដែល​គេ​ពេញ​ចិត្ត​ដែល​ការ​ពារ​វៀត​ណាម​ហ្នឹង គឺ​ចេះ​តែ​ឈ្នះឆ្នោ​ត​រហូត​អ៊ីចឹង​ទៅ​ហើយ​វៀត​ណា​ម​ចេះ​តែ​បន្ត​ពី​មួយ​មក​មួយ​ ពី​កូន​ដល់​ចៅ​ តដល់​ចៅទួ​ត អ៊ីចឹង​យូរ​ទៅ​ជាតិ​សាសន៍​ហ្នឹង វា​កាន់​តែកើ​ន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។

យ៉ាងណា លោក​ជំរុញឱ្យខ្មែរគ្រប់និន្នាការ​រួម​គ្នា​ ទើប​ខ្មែរ​ខ្លាំង​អាច​ទប់​ទល់​បរទេស​ឈ្លាន​ពាន​ទឹក​ដី​ទាំង​ខាង​លិច និង​ខាង​កើត​បាន។

រ​ដ្ឋស​​ភាក​ម្ពុជា ​កា​ល​​ពី​ថ្ងៃទី​១៣ ខែ​​សីហា ឆ្នាំ​​២០២៥ បាន​អនុ​ម័ត​ទទួល​​យ​ក​​សេចក្តី​​ព្រាង​ច្បាប់​ស្តី​​ពី​​វិសោធន​​កម្ម​​ច្បាប់​​ស្តី​ពី​​​ការ​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត។  

សេចក្តី​ព្រាង​ច្បាប់​ស្តីពីវិសោធនកម្ម​ច្បាប់​ស្តីពី​​ស​ញ្ជាតិ​​ខ្មែរ ត្រូវ​បាន​​គណៈ​​រ​ដ្ឋ​​មន្ត្រី​​សម្រេច​​យល់​ព្រម​​ក្នុង​សម័យ​​ប្រជុំ​​ពេញ​​អង្គ គណៈ​​រដ្ឋ​​មន្ត្រី កាល​ពី​ថ្ងៃទី​១​១ ខែ​សីហា ឆ្នាំ​២០២៥ ដើម្បី​បញ្ជូន​មក​សុំ​ការ​អនុ​ម័ត​ពី​ស្ថាប័ន នីតិប្ប​ញ្ញត្តិ។

​​​​​​យ៉ាងណា គណបក្សជំទាស់ និង​​អ្នកឃ្លាំមើល ចាត់​ទុក​​​​បំណ​​ង​​​​​​​​​​​​រុះ​​រើ​​​មាត្រា​​៣៣នៃ​​​​រដ្ឋ​​ធម្ម​​នុញ្ញ​​​នេះ ថាជា​​​​​​អំ​​​ពើ​​​​ប្រហារ​​​​រដ្ឋ​​​​ធម្ម​​​នុញ្ញ និង​​​ជា​​ឧក្រិដ្ឋ​កម្ម​​ប្រល័យ​ពូជ​សា​សន៍​​ខ្មែ​រ។

លើសពីនេះ ពួកគេ​ថា ​កា​រធ្វើវិសោធនកម្ម​​នេះ ជា​ការ​​​បំពាន​​រដ្ឋ​ធម្ម​នុញ្ញ​​​កម្ពុជា និង​​ធម្ម​​នុញ្ញ​​​អង្គ​​ការ​​​​សហ​ប្រជា​​​ជាតិ​​​ទៀត​​​ផង ខណៈ​​​កម្ពុជា​​បាន​​​​ផ្តល់​​សច្ចា​ប័​ន​​​លើ​​កតិកា​​​សញ្ញា​​​អន្តរ​ជាតិ​ ស្តី​​ពី​​សិទ្ធិ​​​ពលរដ្ឋ​ និង​​សិទ្ធិ​​នយោ​បាយ​ ​​នៅ​​ឆ្នាំ​​១៩៩២។

ក្រៅពីធ្វើច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរហើយ ប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន ក៏ធ្លាប់​គំរាម​រំលាយ​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ បើ​ព្រះ​អង្គ​មិន​​ព្រម​ឡាយ​ព្រះ​​ហស្ត​លេ​ខា លើ​​សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។

​គណបក្ស​ប្រឆាំង ​ចោទ​ថា សន្ធិ​​សញ្ញា​​នេះ​​រំលោភ​កិច្ច​ព្រម​ព្រៀង​​​សន្តិភាព​​ទីក្រុង​ប៉ារីស ដើម្បី​សម្រេច​​មហិច្ឆ​តា​​​វៀត​ណាម​​លេប​ទឹក​ដី ដែល​​​ធ្វើ​​ឱ្យរបូតចង្កោមកោះក្រចកសេះ កោះត្រល់ រួមទាំង​ដែនដីគោកច្រើនទៀតតាមព្រំដែន ធ្លាក់ក្នុងដៃវៀតណាម ​​រហូត​បច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ