ទាហានខ្មែរមួយក្រុម និងទាហានថៃ បានប៉ះទង្គិចគ្នាដោយពាក្យសម្តី និងច្រានគ្នាទៅវិញទៅមក នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ ក្រោមការអនុវត្តបទឈប់បាញ់ដ៏ផុយស្រួយ ខណៈទាហានថៃប្រមាណជាជិត១០០នាក់ បានសម្រុកចូលទីនោះ ដោយមិនបានជូនដំណឹងកម្ពុជា ជាមុន។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃរដ្ឋ និងអាម៉ារិន បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហានេះ ភាគីថៃបានដឹកនាំក្រុមអ្នកសង្កេតការណ៍ IOT ៨ប្រទេស ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែង នៅច្រកអានសេះ ខេត្តឧប៊ុនរាជធានី។
ប្រភពបន្តថា នៅថ្ងៃទី១៩ ខែសីហានេះផងដែរ កងទ័ពភូមិភាគ២ បានចង្អុលបង្ហាញទីតាំងកើតហេតុផ្ទុះអាវុធដាក់គ្នាជាមួយកម្ពុជារយៈពេល៥ថ្ងៃកន្លងទៅ ប្រាប់ទៅក្រុមអ្នកសង្កេតការណ៍ IOT ថា ច្រកអានសេះ មានស្ថានភាពខ្ទេចខ្ទី រងការបំផ្លាញសឹងទាំងស្រុង។
ប្រភពអះអាងថា ការចង្អុលបង្ហាញភាពខ្ទេចខ្ទី ដោយមិនបានជូនដំណឹងដល់កម្ពុជានេះហើយ ទើបធ្វើឱ្យទាហានកម្ពុជានៅច្រកអានសេះ មិនពេញចិត្តបានរុញច្រានគ្នាទៅវិញទៅមក បណ្តាលឱ្យប៉ះទង្គិចគ្នាដោយពាក្យសម្តីជាដើម។
លោកថា៖ «ឥឡូវនេះ ខ្ញុំកំពុងស្ថិតនៅច្រកអានសេះ គឺស្ថិតនៅត្រង់ចំណុចអនុស្សាវរីយ៍ តាអ៊ុំជិះសេះ ក្រោយមានការប៉ះទង្គិចគ្នាកន្លងមក កម្ពុជា-ថៃ គឺមានស្ថានភាពខ្ទេចខ្ទី រងការបំផ្លាញជាច្រើន ឥឡូវនេះទាហានខ្មែរច្រងេងច្រងាង រុញច្រានទាហានថៃទៅវិញទៅមក និងប៉ះទង្គិចគ្នាដោយពាក្យសម្តី គឺទាហានខ្មែរអះអាងថា ទាហានថៃចូលដីខ្មែរមិនប្រាប់មុន»។
ជុំវិញករណីប៉ះទង្គិចគ្នានេះ VOD មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
តែយ៉ាងណា នាព្រឹកថ្ងៃទី១៩ ខែសីហានេះ អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទកាសែតថា ស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ដោយកម្ពុជាគោរពយ៉ាងម៉ឹងម៉ាត់លើបទឈប់បាញ់។
អ្នកស្រីថា៖ «សភាពការណ៍នៅតាមបន្ទាត់ព្រំដែន នៅក្នុងយុទ្ធភូមិភាគទី៤ និងយុទ្ធភូមិភាគទី៥ ស្ថិតនៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ធម្មតា។ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា»។
បន្ថែមលើនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និយាយកាលពីថ្ងៃទី១៥ ខែសីហាថា ការអត់ធ្មត់គោរពបទឈប់បាញ់ ជាភាពខ្លាំងនិងឈ្នះរបស់កម្ពុជា បើទោះបីជាថៃមិនគោរពបទឈប់បាញ់នេះក្តី។
លោកអះអាងថា ការអត់ធ្មត់របស់កម្ពុជានៅពេលនេះ គឺជាគន្លឹះសំខាន់ ដើម្បីគោរពបទឈប់បាញ់ក្រោមការឃ្លាំមើលពីអន្តរជាតិមានទាំងអាមេរិកនិងចិន។
លោកថា៖ «បងប្អូនយើងតែងយល់ថា បើសិនជាយើងអស់ការអត់ធ្មត់ យើងនឹងក្លាយខ្លួនមួយរំពេចទៅជាអ្នកបង្កហេតុ ដូច្នេះដំណាក់កាលនេះ ម៉ោងនេះការអត់ធ្មត់ គឺជាភាពខ្លាំងនិងពីឈ្នះរបស់កម្ពុជា»។
យ៉ាងណា ក្នុងករណីប៉ះទង្គិតគ្នាដោយពាក្យសម្តីរវាងទាហានថៃនិងកម្ពុជា នៅច្រកអានសេះនោះ ទាហានខ្មែរម្នាក់បាននិយាយជាភាសាថៃ ដើម្បីហាមឃាត់ទាហានថៃ ដែលចូលមកទឹកដីកម្ពុជា ដោយមិនបានជូនដំណឹងជាមុនថា៖ «ទឹកដីនេះជាទឹកដីខ្ញុំ ផ្ទះប្រជាជនខ្ញុំ ប្រជាជនខ្ញុំរស់នៅទីនេះយូរហើយ មើលជាក់ស្ដែងចុះ ហេតុអ្វីអ្នកនាំគ្នាចូលមក មិនជូនដំណឹងដល់ខាងខ្ញុំ ខាងខ្ញុំធ្វើអ្វីតែងជូនដំណឹងដល់អ្នក ព្រោះគោរព មិនចង់មានបញ្ហា»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី១៩ ខែសីហានេះថា ទាំងនេះជាភាពគឃ្លើនរបស់ទាហានថៃ ដែលចូលទឹកដីកម្ពុជាហើយ អះអាងថាជាទឹកដីរបស់ខ្លួនទៀត។
លោកហាក់ស្តីបន្ទោសថា ការគឃ្លើនរបស់ទាហានថៃនេះ បានឆ្លុះបញ្ចាំងពីភាពកម្សោយ និងភាពបរាជ័យដ៏ធំរបស់មេដឹកនាំគ្រួសារហ៊ុន ដែលមិនទប់ទល់ជាមួយថៃ អង្គុយទន្ទិញពាក្យថាអត់ធ្មត់ទៅ។
លោកអះអាងថា ទាហានថៃហ៊ានរុញច្រានទាហានខ្មែរ និងរំលោភចូលដីខ្មែរនេះ ដោយពួកគេដឹងថា ទាហានខ្មែរប្រាកដជាគោរពលើបទឈប់បាញ់ ដូច្នេះទើបទាហានថៃហ៊ានធ្វើអ្វីតាមទំនើងចិត្តបែបនេះ។
ម្យ៉ាងវិញទៀត លោក អ៊ុំ សំអាន យល់ថា ភាពអត់ធ្មត់របស់គ្រួសារហ៊ុននេះ នឹងធ្វើឱ្យទឹកដីកម្ពុជា កាន់តែបាត់បង់ទៅប្រទេសជិតខាង គឺថៃនិងវៀតណាមជាបន្តបន្ទាប់ មិនចេះចប់ មិនចេះហើយនោះទេ។
លោកថា៖ «ទាហានថៃកំពុងតែគឃ្លើនរំលោភបំពានមកលើទឹកដីកម្ពុជា ទោះដឹងថាទឹកដីដែលជាទឹកដីរបស់ខ្មែរហើយប្រជាពលរដ្ឋខ្មែររស់នៅទីនោះយូរហើយ ក៏នៅតែរំលោភបំពានលើទឹកដីកម្ពុជាយើង ទោះបីកន្លងមកមានការរារាំងពីទាហានរបស់យើង ក៏ប៉ុន្តែនៅតែរំលោភចូលមកដីយើង ហើយកន្លងមកនេះទាហានថៃរាយបន្លាលួសនៅច្រកអានសេះ អត់ទាន់បានរើចេញនៅឡើយទេ ហើយឥឡូវនេះចូលហួសដីខ្មែរហ្នឹងរហូតដល់មួយរយម៉ែត្រទៀត ហើយរង្វង់មូលតាអ៊ុំដែលឥឡូវនេះបែកបាក់ហើយដោយសារសង្គ្រាម ដូច្នេះមានន័យថា ថៃរំលោភមកលើបូរណភាពទឹកដីរបស់យើងដោយគឃ្លើន»។
ប្រហែលគ្នានេះដែរ អ្នកច្បាប់និងជាអ្នកវិភាគឯករាជ្យ លោក វន់ ចាន់ឡូត ធ្លាប់អះអាងថា ក្នុងកាលៈទេសៈនេះ កម្ពុជាចាំបាច់ប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន ដើម្បីរារាំងនិងទប់ស្កាត់ទង្វើឈ្លានពានរបស់ថៃ។
លោកអះអាងថា ការការពារដែនអធិបតេយ្យរបស់ជាតិ គឺមិនខុសនឹងច្បាប់អន្តរជាតិ ឬបទឈប់បាញ់នោះទេ ព្រោះភាគីថៃជាអ្នកគឃ្លើនបង្កហេតុឈ្លានពានកម្ពុជាមុន ដូច្នេះកម្ពុជាមានសិទ្ធិស្វ័យការពារក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួន មិនឱ្យសត្រូវគឃ្លើនបំពានបូរណភាពទឹកដីខ្លួនជាដាច់ខាត។
លោកថា៖ «ប្រាកដណាស់ ការប្រើប្រាស់ស្វ័យការពារនៅតែជាអាទិភាព ដែលយោធាកម្ពុជាគួរតែប្រើក្នុងករណីដែលមានការបំពានលើដែនអធិបតេយ្យ ហើយជាពិសេសនោះ គឺការបំពានទៅលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់ស្វ័យការពារនេះ កម្ពុជាអាចប្រើប្រាស់បានគ្រប់មធ្យោបាយ រួមទាំងកម្លាំងអាវុធផងដែរហើយកម្ពុជានឹងមិនមែនជាអ្នកទទួលខុសត្រូវ ទៅលើការបំពានលើបទឈប់បាញ់ណាមួយ ឬក៏ការបង្កើតសង្គ្រាមសារថ្មីឡើយ ពីព្រោះនេះគ្រាន់តែជាអ្វីដែលជាការការពារដោយធម្មានុរូប មានន័យថា កម្ពុជាការពារខ្លួនត្រឹមត្រូវទៅតាមច្បាប់ជាតិ និងអន្តរជាតិ»។
កម្ពុជា-ថៃបានផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីភាគីទាំងពីរថៃ និងកម្ពុជា បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន នៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។
ប៉ុន្តែភាគីថៃមិនបានគោរពកិច្ចព្រមព្រៀងនេះទេ ពោលគឺបទឈប់បាញ់នេះ បានចូលជាធរមានបាន ៨ម៉ោង ទាហានថៃបានចូលទៅចាប់ទាហានខ្មែរនៅខ្សែត្រៀមជួរមុខចំនួន២០នាក់ ខណៈទាហានខ្មែរមិនហានបាញ់ដោយគោរពបទឈប់បាញ់។
គូសបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ធ្លាប់អះអាងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដោយនិយាយថា បច្ចុប្បន្នកិច្ចព្រមព្រៀងឈប់បាញ់ស្ថិតក្នុងភាពផុយស្រួយ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែកម្លាំងយោធាថៃ បានបន្ដបង្កើនការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលនេះ ជាការបំពានយ៉ាងច្បាស់លើច្បាប់អន្ដរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់ ខណៈថៃបន្តរាយបន្លាលួសព័ទ្ធយកដីផ្ទះពលរដ្ឋខ្មែរនៅឃុំអូរបីជាន់ខេត្តបន្ទាយមានជ័យ ជាពិសេស ថៃបានរាយបន្លាលួសនិងសាងសង់លេណដ្ឋានលើប្រាសាទតាមាន់ធំ និងទីតាំងដទៃទៀត រួមទាំងច្រកអានសេះជាដើម៕









