អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងគណបក្សកម្លាំងជាតិ បង្ហាញការខកចិត្តទៅនឹងការបន្តចាប់ឃុំខ្លួនមន្ត្រីគណបក្សប្រឆាំងមួយរូបទៀត នៅខណ្ឌពោធិ៍សែនជ័យ ដោយថា ទង្វើនេះហាក់ដើរផ្ទុយទៅនឹង បំណងចង់ឱ្យមានការផ្សះផ្សាជាតិ ដើម្បីប្រឆាំងទៅនឹងការឈ្លានពានរបស់ថៃ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ឱ្យVODដឹងថា លោកទើបនឹងដឹងថា លោក អៀម រ៉ាវុធ អនុប្រធានគណកម្មាធិការបណ្តោះអាសន្នខណ្ឌពោធិ៍សែនជ័យរបស់គណបក្សលោក ត្រូវបានគេបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស នៅថ្ងៃទី១៨ខែសីហានេះ ក្រោយពីបាត់ដំណឹងអស់រយៈពេល២ថ្ងៃរួចមក។
លោកថា ជុំវិញបញ្ហានេះ លោកមិនមានដំណឹងផ្លូវការពីអាជ្ញាធរពាក់ព័ន្ធថា លោក អៀម រ៉ាវុធ បានសាងកំហុសអ្វីពិតប្រាកដ ដែលឈានទៅចាប់ខ្លួននាពេលនេះទេ ដោយថា ពេលនេះខាងគណបក្សប្រឆាំង ហាក់ពិបាកទទួលព័ត៌មានពីមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាល ដោយថា មកទល់ពេលនេះ មន្ត្រីគណបក្សកម្លាំងជាតិជិត២០នាក់ហើយ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ចោទពីបទញុះញង់។
សម្រាប់លោក រ៉ុង ឈុន បើរដ្ឋាភិបាលអះអាងថា អនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ មន្ត្រីរបស់លោកមិនត្រូវចាប់ខ្លួន ដោយសារតែការបញ្ចេញមតិ ឬសិទ្ធិធ្វើនយោបាយនោះទេ ហើយថាការចាប់ខ្លួននេះ ក៏វាហាក់ផ្ទុយទៅនឹងការដែលមេដឹកនាំបក្សកាន់អំណាចធ្លាប់អំពាវនាវឱ្យខ្មែររួបរួមគ្នា ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ថៃដែរ។
លោកថា៖ «បើសិនជាយើងបន្តនៅតែបែបហ្នឹង យើងរកចំណុចខ្លាំងអត់ឃើញទេ សម្រាប់កម្ពុជាយើង ហើយក្នុងកាលៈទេសៈនេះ យើងត្រូវបង្ហាញភាពខ្លាំងរបស់កម្ពុជាយើង តាមរយៈការបើកលំហរ ក៏ដូចជាការស្ដារនូវការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយៈការដោះលែងអ្នកនយោបាយ ក៏ដូចជាសកម្មជននយោបាយ សង្គម សកម្មជននយោបាយផងដែរ»។
VOD មិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន បានទេនៅថ្ងៃទី១៩ ខែសីហានេះ ។
យ៉ាងណា បើតាមសារបែកធ្លាយកន្លងទៅ លោក ហ៊ុន សែន បានចេញបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធកម្ចាត់ក្រុមប្រឆាំង ដើម្បីបើកផ្លូវឱ្យលោក ហ៊ុន ម៉ាណែត ឈ្នះការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ខាងមុខ ដោយគ្មានគូប្រកួត។
លោកថា៖ «បំបែកមុខពីឥឡូវទៅតែម្ដង ដើម្បីកុំឲ្យពួកគេមានមូលដ្ឋានកសាងកម្លាំងយកមកធ្វើជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ រៀបចំការបោះឆ្នោតឆ្នាំ២០២៧ យាយរួមគឺគ្រប់គ្រងកសាងកម្លាំងពីឥឡូវបំផ្លាញកម្លាំងពួកប្រឆាំង កុំឲ្យគេធ្វើប្រឆាំងមានកម្លាំងប្រើ បើហ៊ានប្រឆាំងងើបមួយវ៉ៃមួយ»។
នាយកគ្រប់គ្រងទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការខកចិត្ត ដោយលើកឡើងថា ក្នុងកាលៈទេសៈដែលថៃកំពុងឈ្លានពាន កម្ពុជាគួរតែពង្រឹងផ្ទៃក្នុងឱ្យបានរឹងមាំ ប្រឆាំងនឹងការឈ្លានពាន ដើម្បីចៀសវាងពីការស្តីបន្ទោសពីមហាជន។
ម៉្យាងវិញទៀត លោកថា បើពិនិត្យទៅលើស្មារតីរដ្ឋធម្មនុញ្ញដែលបានចែងថា កម្ពុជាអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិបញ្ចេញមតិ និងសិទ្ធិនយោបាយ ត្រូវបានធានា និងការពារ មិនមែនជំនួសដោយការចាប់ខ្លួនដោយសារតែការប្រើសិទ្ធិជាមូលដ្ឋាននេះទេ។
លោកថា៖ «ប្រសិនជាការធ្វើសកម្មភាពនយោបាយរបស់គាត់ ត្រូវបានរងការធ្វើទុក្ខបុកម្នេញ ដល់ការគំរាមកំហែង ការចាប់ខ្លួន ដោយសារតែសកម្មភាព អាហ្នឹងគឺវាប៉ះពាល់ដល់សេរីភាពជាមូលដ្ឋាន និងសិទ្ធិក្នុងការចូលរួមនយោបាយ»។
លោកគូសបញ្ជាក់ថា បើការចាប់ខ្លួនសកម្មជនបក្សប្រឆាំង ដោយគ្រាន់តែប្រើសិទ្ធិបញ្ចេញមតិ ឬសិទ្ធិនយោបាយ នោះវាជាការឆ្លើយតបនឹងការដែលគេចោទថា បន្ទាត់នយោបាយកម្ពុជា បានរអិលចេញពីគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
លោកថា៖ «ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋទាំងអស់ គួរតែសាមគ្គីគ្នាជាធ្លុងមួយ ជាពិសេសអ្នកនយោបាយ និងគណបក្សនយោបាយ ត្រូវតែមានសាមគ្គីភាពគ្នា មានភាពអត់ឱនឲ្យគ្នា ជាពិសេសគឺគួរតែសាមគ្គីភាពគ្នា ដើម្បីគាំទ្រនិងការពារទៅលើបូរណភាពទឹកដី»។
ជំពូកទី៤នៃរដ្ឋធម្មនុញ្ញ ចែងថា ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។ ប្រជាពលរដ្ឋជាម្ចាស់វាសនានៃប្រេទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនវុត្តនយោបាយបង្រួបបង្រួមជាតិ។
ប៉ុន្តែបន្ទាន់នយោបាយគ្រួសារហ៊ុន ត្រូវបានគេមើលឃើញថា បានដើរចេញពីគន្លងប្រជាធិបតេយ្យ ចាប់តាំងពីឆ្នាំ២០១៧មក ក្រោយពីពលរដ្ឋ្ឋជិតពាក់កណ្តាលប្រទេសបោះឆ្នោតដកសេចក្តីទុកចិត្តពី បក្សកាន់អំណាចហើយងាកទៅគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដែលមាន និន្នាការប្រជាធិបតេយ្យ។
ចាប់ពីពេលនោះមក គណបក្សនេះបានរៀបចំការបោះឆ្នោតមិនត្រឹមត្រូវជាទៀងទាត់ ដើម្បីបន្តក្រាញអំណាចលើសង្វៀនខ្វះសុច្ចរិតភាព បង្កឱ្យមានភាពផុយស្រួយនៃការបែកបាក់ជាតិជិត១០ឆ្នាំទៅនេះ៕









