ក្រុមយោធាថៃ ព្រមានថា នឹងរាយលួសបន្លាព័ន្ធផ្ទះពលរដ្ឋខ្មែរ២០០គ្រួសារទៀត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយយោងតាមផែនទីគូសដោយឯកតោភាគី ដែលមេដឹកនាំកម្ពុជា ចាត់ទុកថា ជាផែនទីចោរ ដែលបញ្ហានេះ អ្នកឃ្លាំមើលបារម្ភថា ដីខ្មែរតាមព្រំដែននឹងត្រូវថៃច្បាមយក បើមេដឹកនាំកម្ពុជា មិនប្រើសិទ្ធិការពារខ្លួនបន្ទាន់ រួមទាំងយន្តការកិច្ចព្រមព្រៀងក្រុងប៉ារីសទេនោះ។
ការសែត Bangkok Post នៅថ្ងៃទី១៨ ខែសីហា បានស្រង់សម្តីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក វីនធ័យ សុវ៉ារី ចុះផ្សាយថា កម្ពុជាកំពុងយកពលរដ្ឋខ្លួនឈ្លានពានទឹកដីថៃ ក្នុងខេត្តស្រះកែវ ហើយថៃធ្លាប់តវ៉ាប្រឆាំងតាំងពីឆ្នាំ២០១៤ដែរតែបរាជ័យ។
អ្នកនាំពាក្យរូបនេះថា តំបន់នោះឈ្មោះបានណងចាន់ ស្ថិតក្នុងស្រុកខក់ស៊ុង ខេត្តស្រះកែវ ជាប់ព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧។
ប្រភពបន្តថា ថៃធ្លាប់បង្កើតតំបន់ភៀសខ្លួននៅទីនោះ ដើម្បីជួយជនរងគ្រោះកម្ពុជាដែលភៀសខ្លួនចេញពីជម្លោះផ្ទៃក្នុងនាឆ្នាំ១៩៧៧ ក្នុងសម័យខ្មែរក្រហម តែពេលជម្លោះបញ្ចប់ជនភៀសខ្លួនកម្ពុជាមួយចំនួនមិនព្រមចាកចេញទេ។
ក្រុមយោធាថៃ ប៉ុន្មានថ្ងៃចុងក្រោយនេះ បានពង្រីកការឈ្លានពានកម្ពុជាដោយរាយបន្លាលួសព័ទ្ធផ្ទះពលរដ្ឋខ្មែរនៅតំបន់ជាច្រើន ក្រោយបទឈប់បានចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ក្នុងនោះមាននៅភូមិព្រៃចាន់ ភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រួមទាំងព័ន្ធយកប្រាសាទតាមាន់ធំ និងច្រកអានសេះខេត្តព្រះវិហារជាដើម។
មេទ័ពភូមិភាគ២ លោក ប៊ុន ស៊ីនផាតឃ្លាំង ធ្លាប់អះអាងថា ការបន្តរាយលួសបន្លាចូលដីខ្មែរ គឺអនុវត្តតាមផែនទីលើខ្នាត ១លើ៥០ពាន់របស់ថៃ ដែលគូសជាឯកតោភាគី។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយថា ណងចាន់ ជាជំរុំជនភៀសខ្លួនខ្មែរនាទសវត្សរ៍ទី៨០ ហើយភូមិណងចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យជាទឹកដីខ្មែរជាច្រើនជំនាន់មកហើយ។
លោកថា ថៃប្រើប្រាស់ផែនទីគូសដោយឯកតោភាគី ដើម្បីរំលោភយកដីខ្មែរ រីឯកម្ពុជាប្រើប្រាស់ផែនទីខ្នាត១លើ២០០ពាន់ ដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤និង១៩០៧ ទទួលស្គាល់ដោយអន្តរជាតិ។
លោកបារម្ភថា បើមេដឹកនាំកម្ពុជាមិនប្រើសិទ្ធិស្វ័យការពារខ្លួន បណ្តេញក្រុមឈ្លានពានចេញរួមទាំងមិនប្រើកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេនោះ វាប្រៀបដូចជាឱ្យកាត់ទឹកដីទៅថៃកាន់កាប់។
លោកថា៖ «ថៃគេចាត់វិធានការជាក់ស្ដែង គឺគេរំលោភយកដីខ្មែរដោយគ្រាន់តែប្រើបន្លាលួសហើយចំពាមកៅស៊ូរំលោភយកដីខ្មែរយើង ចង់យកដីខ្មែរកន្លែងណាគេយកបន្លាលួសព័ទ្ធខ្មែរ យើងអត់ហ៊ានតវ៉ាអត់មានវិធានការអី។ អាហ្នឹងបើសិនជាជាមួយពលរដ្ឋខ្មែរវិញ ងើបមួយវ៉ៃមួយ ប៉ុន្តែជាមួយថៃគឺអត់ហ៊ានប្រើទ្រឹស្តីងើបមួយវ៉ៃមួយទេ បណ្ដោយឲ្យថៃរំលោភយកដីខ្មែរស្រេចតែចិត្ត»។
យ៉ាងណា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មិនបាននិយាយរឿងថៃរាយបន្លាលួសព័ទ្ធយកដីខ្មែរនោះទេ តែបានប្រតិកម្មចំពោះនាយករដ្ឋមន្រ្តីស្តីទីថៃ ដែលព្រមានចាប់ខ្លួនរូបលោក និងលោក ហ៊ុន ម៉ាណែត បើជាន់ដីថៃ។
តាមរយៈសារលើបណ្តាញសង្គម នៅថ្ងៃទី១៨ ខែសីហា លោកថា បើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។
ប៉ុន្តែកន្លងទៅ លោកធា្លប់និយាយក្នុងសភាថា កម្ពុជានឹងមិនអនុញ្ញាតឱ្យថៃប្រើផែនទីនេះ ដើម្បីកំណត់បន្ទាត់ព្រំដែននោះទេ ដោយចាត់ទុកផែនទីដែលថៃគូរដោយឯកតោភាគីនោះថាជាផែនទីចោរ។
លោកថា៖ «យើងគ្រាន់តែធ្វើការដាស់តឿនចំពោះអ្នកតែប៉ុណ្ណោះ ចំពោះមុខប្រជាជាតិរបស់យើង យើងមានតម្លាភាពចំពោះការប្រើប្រាស់ផែនទី។ ផែនទីចោរ ដែលឈ្លានពានយើងកាលពីឆ្នាំ២០០៨ យើងមិនគម្បីត្រូវបានប្រើប្រាស់ទៀតទេ យើងសុំប្រាប់អ្នកឱ្យបានដឹង»។
រីឯអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែសីហានេះថា ស្ថានភាពនៅតាមព្រំដែនមានសភាពស្ងប់ស្ងាត់។
អ្នកស្រីថា៖ «សភាពការណ៍នៅតាមបន្ទាត់ព្រំដែននៅក្នុងយុទ្ធភូមិភាគទី៤ និងយុទ្ធភូមិភាគទី៥ ស្ថិតនៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ធម្មតា។ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា»។
សម្រាប់ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា នៅចំពោះមុខនេះកម្ពុជាមិនអាចនៅស្ងៀមបានទេ ត្រូវប្រើសិទ្ធិការពារខ្លួនជាក់ស្តែង និងយន្តការអន្តរជាតិដែលមានស្រាប់ឱ្យបានឆាប់។
ក្នុងន័យនេះ លោកជំរុញឱ្យកម្ពុជាត្រូវប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីកោះប្រជុំបន្ទាន់ យន្តការអាស៊ាន ជាពិសេសកោះប្រជុំកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ។
លោកថា៖ «ជាមួយគ្នាហ្នឹង ត្រូវក៏កុំភ្លេច! ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាយើង ត្រូវតែហ៊ានលើកយកបញ្ហាកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកដាក់សម្ពាធថៃដែរ។ យន្តការកិច្ចព្រមព្រៀងក្រុងប៉ារីសជាយន្តការវាមិនល្អឥតខ្ចោះទេ តែវាជាយន្ដការល្អ ក្នុងចំណោមយន្តការដែលយើងកំពុងប្រើរាល់ថ្ងៃហ្នឹង ដូចជា យន្តការអាស៊ាន យន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ យន្តការល្អហើយ តែបន្ថែមមួយទៀត គឺយន្តការកិច្ចព្រមព្រៀងទីក្រុងប៉ារីសក៏ល្អដែរ»។
ជាងនេះទៀត លោកថា បើថៃហ៊ានបណ្តេញពលរដ្ឋខ្មែរ ២០០គ្រួសារទៀត គឺថៃកំពុងប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលកម្ពុជាត្រូវតែប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ពីបទឧក្រិដ្ឋកម្មសង្រ្គាម។
កម្ពុជា-ថៃ បានផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ក្រោយមកភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដាតទៅ ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមការតាមដានពីអាមេរិក និងចិន។
ប៉ុន្តែបទឈប់បាញ់នេះ ចូលជាធរមានបាន៨ម៉ោង ទាហានថៃបានចូលទៅចាប់ទាហានខ្មែរនៅខ្សែត្រៀមជួរមុខចំនួន២០នាក់ ខណៈទាហានខ្មែរមិនហានបាញ់ដោយគោរពបទឈប់បាញ់។
រហូតមកដល់ថ្ងៃទី១៩ ខែសីហានេះ គឺរយៈពេល២១ថ្ងៃហើយទាហានខ្មែរ១៨នាក់ទៀត ភាគីថៃមិនទាន់ប្រគល់ឱ្យកម្ពុជាវិញទេ ទោះភាគីកម្ពុជាអំពាវនាវឱ្យដោះលែង និងស្វែងរកកិច្ចអន្តរាគមន៍ពីអន្តរជាតិក្តី៕









