អ្នកជំនាញ ព្រមានថា បើកម្ពុជាមិនមានការងារគ្រប់គ្រាន់ សម្រាប់ពលករខ្មែរជិត១លាននាក់ ដែលទើបត្រឡប់មកពីប្រទេសថៃនោះ វានឹងធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងដល់សេដ្ឋកិច្ច និងវិស័យធនាគារ ដែលនេះមិនទាន់គិតដល់ទំហំនៃផលប៉ះពាល់ពីការធ្វើពហិការមិនប្រើទំនិញថៃ ដែលនឹងរួមចំណែកធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននឹងបាត់បង់ការងារបន្ថែមទៀតផងទេ។
យ៉ាងណាក្តី អ្នកជំនាញថា នាពេលនេះ ក៏ជាឱកាសសម្រាប់កម្ពុជា កសាងសេដ្ឋកិច្ចផងដែរ បើកម្ពុជាកាត់បន្ថយអំពើពុករលួយយកប្រាក់មកអន្តរាគមន៍លើគ្រប់វិស័យ។
លោកបណ្ឌិត សេង សារី ដែលធ្លាប់ធ្វើជាចារកម្ម យកការណ៍ពីក្រុមប្រឆាំង ឱ្យលោក ហ៊ុន សែន មេដឹកនាំបក្សកាន់អំណាច បាននិយាយលើបណ្តាញសង្គម កាលពីថ្ងៃទី១៧ខែសីហាថា បើតាមក្រសួងការងារ កម្ពុជាត្រូវការកម្លាំងពលកម្ម ៣០ម៉ឺននាក់ ដែលភាគច្រើនជាការងារលើវិស័យវាយនភណ្ឌកាត់ដេរ។
ប៉ុន្តែថា ពលករខ្មែរភាគច្រើនដែលត្រឡប់ពីប្រទេសថៃ ពួកគេភាគច្រើនធ្វើការលើវិស័យសំណង់ នេសាទ សេវាកម្ម ខាងធ្វើចុងភៅ រត់តុជាដើម ។ លោកថា ការណ៍នេះ ប្រសិនឱ្យពួកគេចូលធ្វើការរោងចក្រកាត់ដេរ នៅកម្ពុជា គឺត្រូវការការបណ្តុះបណ្តាលយ៉ាងហោចណាស់ ពី៣ខែ ទៅ៦ខែដែរ ដែលនេះ ជាបញ្ហាប្រឈមដែលមិនគួរមើលរំលងឡើយ។
លើសពីនេះ អតីតចារកម្មរបស់លោក ហ៊ុន សែន រូបនេះ ចោទជាសំណួរថា បើតម្រូវការទីផ្សារការងាររកម្ពុជាមានត្រឹម ៣០ម៉ឺននាក់ ចុះពលករជាង៦០ម៉ឺននាក់ផ្សេងទៀត តើត្រូវយកពួកគាត់ទៅណា ត្រូវទៅធ្វើអ្វី?
លោកសង្កត់ធ្ងន់ថា នេះជាចំណុចមួយ ដែលរដ្ឋាភិបាលគួរពិចារណាដោះស្រាយ ដោយមិនគួរមើលរំលង ឬក៏គ្រាន់តែទៅទទួលស្វាគមន៍នៅច្រកព្រំដែន ដឹកតាមឡានក្រុងយកទៅស្រុករួចហើយ ចែកអង្ករ២៥គីឡូ ឬក៏តង់១ ហើយទុកពលករទាំងនោះឡើយ។
លោកថា៖ «ក៏ប៉ុន្តែគ្រាន់តែថា យន្តការនៅក្នុងការដោះស្រាយបញ្ហាការងារនេះ គឺអត់តុល្យភាពទេ ហើយជាកត្តាប្រឈមមួយរបស់រដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហា ហើយយើងមិនគួរមើលរំលងជីវភាពរបស់ពួកគាត់ទេ ធនាគារតាមរាល់ថ្ងៃ អ្នកដែលអាចដោះស្រាយធនាគារបាន មានតែគ្រួសារកងទ័ពដែលពលីជីវិត ប៉ុន្តែយើងមើលពលករដែលជាក្រុមជនរងគ្រោះមួយក្រុម ដោយសារសង្គ្រាមថៃ-កម្ពុជាដែរ គាត់ត្រូវប្រឈម មក១ខែ២ខែដំបូងមិនអីទេ អាចសល់លុយខ្លះទប់ជីវភាព រកក្តាម រកខ្ចង នៅជុំវិញផ្ទះក្នុងភូមិបាន ប៉ុន្តែបើនៅយូរៗទៅនឹងមានបញ្ហា»។
តែយ៉ាងណា នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានអះអាងអំពីតម្រូវការកម្លាំងពលកម្មរាប់សិបម៉ឺននាក់ របស់រោងចក្រសហគ្រាសជាច្រើន ខណៈនៅពេលនេះ មានពលករខ្មែរជាង ៩០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ ហើយកំពុងស្វែងរកការងារធ្វើ។
លោកថា៖ «ប្រជាពលរដ្ឋបស់យើងដែលវិលមកវិញនេះ សរុបមកដល់ឥឡូវនេះជាង៩០ម៉ឺននាក់ហើយក្រសួងផ្ទាល់បានជួយរកការងារឱ្យពួកគាត់ហ្នឹង បានប្រហែលជា៦ម៉ឺននាក់។ ក៏ប៉ុន្តែក៏មានរោងចក្រ ក៏មានក្រុមហ៊ុន ក៏មានបងប្អូនយើងជាច្រើន គាត់បានទៅទំនាក់ទំនងរោងចក្រដោយផ្ទាល់ ហើយក៏ទទួលបានការងារដោយផ្ទាល់ខ្លួនឯងផងដែរ។ អ៊ីចឹងតួលេខ៦ម៉ឺននាក់នេះ គឺជាតួលេខដែលគាត់បានការងារតាមរយៈក្រសួង ក៏ប៉ុន្តែក៏មានរោងចក្រ ក៏មានក្រុមហ៊ុនដទៃផ្សេងទៀត ដែលគេបើករើសផ្ទាល់បន្ថែមទៀត ចឹងខ្ញុំគិតថា តួលេខបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលទទួលបានការងារធ្វើ គឺច្រើនជាងនេះ»។
បើតាម លោក ហេង សួរ ក្រុមយុវជន(ស.ស.យ.ក)នឹងចុះទៅតាមឃុំនីមួយៗ ដើម្បីចុះឈ្មោះយុវជនដែលទើបវិលត្រឡប់មកពីថៃ ហើយនឹងចែកព័ត៌មាននេះទៅតាមរោងចក្រ ដើម្បីឱ្យខាងរោងចក្រគាត់ទទួលបានព័ត៌មាននេះ ហើយក៏នឹងនាំមន្ត្រីរោងចក្រទៅតាមឃុំដែលមានអ្នកស្វែងរកការងារធ្វើច្រើន និងចំគោលដៅតែម្តង។
ពាក់ព័ន្ធទៅនឹងចរន្តជាតិនិយម ធ្វើពហិកា មិនប្រើផលិតផលថៃវិញ ជ្រុងមួយនៃបញ្ហានេះ វាបានផ្ទុះឡើង លើបណ្តាញសង្គម លើការធ្វើពហិកា មិនប្រើប្រាស់ភេសជ្ជៈកូកាកូឡារបស់ក្រុមហ៊ុនអាមេរិក ដែលផលិតនៅកម្ពុជា ខណៈក្រុមហ៊ុនកូកាកូឡា ក៏មានក្រុមហ៊ុនខ្លះ ផលិតនៅប្រទេសថៃ។
បញ្ហានេះ ជំរុញឱ្យមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ចេញមុខអន្តរាគមន៍កាលពីថ្ងៃចន្ទ ដោយបង្ហាញពីក្តីបារម្ភពីការប៉ះពាល់ដល់ការស្រូបយកម្លាំងពលកម្មនៅក្នុងស្រុក របស់កម្ពុជា។
លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើពហិកាមិនប្រើភេសជ្ជៈកូកាកូឡារបស់ក្រុមហ៊ុនអាមេរិក ដែលផលិតនៅកម្ពុជានេះ វានឹងប៉ះពាល់ដល់កម្ពុជាយ៉ាងធ្ងន់ធ្ងរ រួមទាំងការចូលអន្ទាក់នៃកលល្បិចរបស់ថៃ ដែលលោកថា ថៃពេលនេះជាសត្រូវឈ្លានពានកម្ពុជា។
ក្នុងន័យនេះ លោកគូសបញ្ជាក់ថា កូកាកូឡា ជាផលិតផលអាមេរិក តែផលិតនៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ការងារជាច្រើនដល់កម្មករខ្មែរ និងបានបង់ពន្ធឱ្យរដ្ឋាភិបាល ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
លោកបានគូសបញ្ជាក់ថា ប្រសិនក្រុមហ៊ុនកូកា ដកខ្លួនចេញពីកម្ពុជានោះ កម្ពុជាគឺជាអ្នកខាតបង់ ហើយសត្រូវរបស់កម្ពុជា គឺថៃជាអ្នកទទួលផល។ លោកថា សូម្បីតែក្រុមហ៊ុនថៃដែលកំពុងវិនិយោគនៅកម្ពុជា ក៏ ត្រូវខិតខំរក្សា ដើម្បីជាប្រយោជន៍របស់កម្ពុជាដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមពីអនាគតមិនច្បាស់លាស់របស់ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃនេះដែរ អង្គការសម័ន្ធភាពការងារ ហៅកាត់ថា សង់ត្រាល់ បានឱ្យដឹងកាលពីថ្ងៃទី១៦ ខែសីហាថា ពលរដ្ឋខ្មែរ ប្រមាណជិត១លាននាក់ បានសម្រុកវិលពីប្រទេសថៃចូលកម្ពុជាវិញ ចាប់តាំងពីប្រទេសទាំងពីរមានជម្លោះប្រដាប់អាវុធតាមព្រំដែនពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មក។
ការវិលត្រឡប់មកស្រុកកំណើតវិញនាពេលនេះ ពលរដ្ឋខ្លះបានស្វះស្វែងរកការងារធ្វើតាមការប្រកាសរបស់រដ្ឋាភិបាល ហើយខ្លះទៀតសម្រាកនៅជាមួយគ្រួសារ និងរង់ចាំឱកាសការងារនៅក្នុងស្រុក។ សង់ត្រាល់បានស្រង់សម្តីពលករថា ពួកគេមិនគិតដល់ការឧបត្ថម្ភស្បៀងអាហារទេ ប៉ុន្តែពួកគេមានតម្រូវការខ្លាំងបំផុតពេលនេះ គឺត្រូវមានការងារនៅក្នុងប្រទេស។
លោក ឃុន ថារ៉ូ ប្រធានកម្មវិធីនៃអង្គការសង់ត្រាល់ លើកឡើងថា ការវិលត្រឡប់យ៉ាងគំហ៊ុករបស់ពលករខ្មែរពីប្រទេសថៃ បានធ្វើឱ្យថៃខ្វះកម្លាំងពលកម្មជាង១លាននាក់នៅក្នុងវិស័យសំណង់ កសិកម្ម កែច្នៃម្ហូបអាហារ និងគ្រឿងសមុទ្រ ខណៈកំណើនសេដ្ឋកិច្ចរបស់ថៃមួយផ្នែក គឺពឹងផ្អែកលើកម្លាំងពលករបរទេស។ ជាមួយគ្នានេះ លោក ថារ៉ូ និយាយថា ចំណែកពលករខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃវិញ បាត់បង់ការងារធ្វើ បាត់បង់ប្រាក់ចំណូល ខណៈពលករខ្មែរខ្លះ ជំពាក់បំណុលធនាគារថែមទៀត ដែលនេះជាបន្ទុកដ៏ធំមួយទាំងសម្រាប់គ្រួសាររបស់ពលករ និងក៏ជាបន្ទុករបស់រដ្ឋាភិបាលដែលត្រូវដោះស្រាយផងដែរ។
ជុំវិញបញ្ហានេះ លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានធ្វើការវិភាគថា ប្រសិនបើពលករទើបត្រឡប់មកពីប្រទេសថៃ មានការងារនិងប្រាក់ចំណូល ២៥០ដុល្លារក្នុងមួយខែ នោះពលករ១លាននាក់ នឹងបង្កើតបានចំណូល៣០០លានដុល្លារ ដែលនឹងធ្វើឱ្យផលិតផលសរុបក្នុងស្រុករីកថែមប្រមាណ៦%។ បន្ថែមពីនេះ លោកលើកឡើងថា ពេលនៅថៃពួកគាត់បរិភោគអង្ករថៃ បន្លែ ត្រី សាច់ និងភេសជ្ជៈរបស់ថៃ។
វត្តមានរបស់ពួកគាត់នៅកម្ពុជា នឹងជួយបង្កើនតម្រូវការក្នុងស្រុក ដែលធ្វើឱ្យផលិតកម្មក្នុងស្រុកមានទីផ្សារ។ សហគ្រាសដែលខ្វះកម្លាំងពលកម្មនឹងបានធូរស្រាល ហើយគម្រោងវិនិយោគថ្មីៗ នឹងមិនពិបាករកកម្លាំងពលកម្មទេ។
ប៉ុន្តែយ៉ាងណាក្តី លោក ចាន់ សុផល បានព្រមានថា ផ្ទុយទៅវិញ ប្រសិនបើពលករទាំងនោះ មិនអាចរកការងារបានធ្វើ ហើយពួកគាត់មិនអាចវិលត្រឡប់ទៅប្រទេសថៃវិញបាន នោះគឺជាបន្ទុកធ្ងន់ធ្ងរដល់វិស័យធនាគារ ដែលកំពុងតែមានអត្រាកម្ចីមិនដំណើរការខ្ពស់រួចស្រាប់។
លោកលើកឡើងថា ពេលនៅថៃ ពួកគាត់ផ្ញើប្រាក់ចំណូលមកស្រុកជាង ១០០លានដុល្លារក្នុងមួយឆ្នាំៗ។ សើសពីនេះ ភាពទំនេរអាចបង្កើតភាពអវិជ្ជមាននៅក្នុងសង្គម។
ទាក់ទងនឹងបំណុល គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៥លាន៤ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារដែលមានទំហំទឹកប្រាក់ប្រមាណ៦០ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្ថានភាពឥណទាននៅកម្ពុជារបស់CBC។
លោក ចាន់ សុផល បានសរសេរនៅលើបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី១៥ ខែសីហាថា សម្ពាធពេលនេះ មិនតូចជាងពេលមានវិបត្តិកូវីដ-១៩ ដែលរដ្ឋាភិបាលបានចំណាយប្រាក់ដល់ទៅជាងមួយពាន់លានដុល្លារ ដើម្បីដោះស្រាយជាបន្ទាន់នោះទេ។
លោកថា៖ «ដូច្នេះរដ្ឋាភិបាលគួរមានការសិក្សា និងចេញអន្តរាគមន៍ជាបន្ទាន់ ជាជាងពន្យារពេល ឬរង់ចាំជម្លោះជាមួយថៃចប់ ហើយនេះគឺជាឱកាសដ៏ធំមួយសម្រាប់កម្ពុជា ពង្រីកសេដ្ឋកិច្ចដែលជាខឿនគ្រឹះសម្រាប់ការពារខ្លួន ទប់ទល់នឹងប្រទេសជិតខាងជាយូរអង្វែង ក្នុងសម័យកាលដែលច្បាប់អន្តរជាតិចុះខ្សោយ។ ប្រសិនបើកាត់បន្ថយអំពើពុករលួយ ៥០ភាគរយរដ្ឋនឹងមានថវិកាច្រើន ដើម្បីធ្វើអន្តរាគមន៍នៅក្នុងគ្រប់វិស័យ»។
យោងតាមសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ ចេញកាលពីខែកុម្ភៈឆ្នាំ២០២៥ ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានពិន្ទុ២១ ក្នុងចំណោម១០០ ពោលគឺធ្លាក់ចុះមួយពិន្ទុថែមទៀត បើធៀបនឹងឆ្នាំ២០២៣ ដោយឈរស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១៥៨ ក្នុងចំណោម១៨០ប្រទេស។ នៅតំបន់អាស៊ាន កម្ពុជាស្ថិតនៅជិតបាតតារាង គឺនៅលើតែមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ។
អ្នកឃ្លាំមើលសង្គម បានលើកឡើងថា ដោយសារតែអំពើពុករលួយបក្ខពួកនិយម បានកើតឡើងជាប្រព័ន្ធចាក់ស្រែសស៊ីរូងផ្ទៃក្នុង ចាប់តាំងពីមានការផ្ទុះអាវុធជាមួយថៃក្នុងឆ្នាំ២០០៨មក រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលមានការផ្ទុះសង្គ្រាមស៊ីសាច់ហុតឈាមគ្នាជាមួយថៃជាថ្មីទៀតនេះ កម្ពុជាមិនបានធ្វើទំនើបកម្មលើវិស័យការពារជាតិនោះទេ ដែលហេតុដូច្នេះហើយទើបធ្វើឱ្យកងទ័ពកម្ពុជាជាច្រើន ដែលមានទឹកចិត្តអង់អាចក្លាហាន ក្នុងការប្រយុទ្ធការពារទឹកដី បានពលីនិងរងរបួសក្នុងការច្បាំងទប់ទល់ទៅនឹងទាហានថៃ ដែលមានចំនួនច្រើនជាងលើសលប់ និងមានសព្វាវុធទំនើបជាងលើសលុប៕









