ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃចន្ទថា តៃវ៉ាន់គឺជាបញ្ហាផ្ទៃក្នុងសម្រាប់ចិន ដែលការលើកឡើងនេះ ជាការឆ្លើយតបទៅកាន់សហរដ្ឋអាមេរិក ដោយប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោក ស៊ី ជីនពីង បានប្រាប់គាត់ថា ប្រទេសចិននឹងមិនលុកលុយលើកោះតៃវ៉ាន់ទេ ខណៈលោក ត្រាំ នៅជាប្រធានាធិបតី។
ប្រភពសារព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះថា លោកត្រាំ(Trump) បានធ្វើការអធិប្បាយនៅក្នុងបទសម្ភាសន៍ជាមួយហ្វក្សញ៉ូ (Fox News) មុនពេលកិច្ចពិភាក្សានៅរដ្ឋអាឡាស្កាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) ជុំវិញសង្គ្រាមរបស់ទីក្រុងម៉ូស្គូ(Moscow)ជាមួយអ៊ុយក្រែន។
ជាមួយគ្នានេះ មានការលើកឡើងអំពីសំនួររបស់ លោក ត្រាំ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៉េកាំង ក្នុងនោះអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង(Mao Ning) បាននិយាយថាតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ពីទឹកដីចិនបាន។ លោកស្រីបាននិយាយថា ‘‘បញ្ហាតៃវ៉ាន់គឺជារឿងផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយរបៀបដែលដោះស្រាយបញ្ហាតៃវ៉ាន់ គឺជាបញ្ហាសម្រាប់ប្រជាជនចិន’’។
ប្រទេសចិន ចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន និងបានប្តេជ្ញាថា បង្រួបបង្រួមជាមួយកោះដែលគ្របដណ្តប់ដោយលទ្ធិប្រជាធិបតេយ្យ និងដាច់ឡែកពីគ្នានេះ។ ដោយឡែក តៃវ៉ាន់ប្រឆាំងយ៉ាងខ្លាំងចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ជាការឆ្លើយតបនូវអ្វីដែល លោក ត្រាំ បាននិយាយថា ក្រសួងការបរទេសរបស់តៃវ៉ាន់ បាននិយាយថា ខ្លូនតែងតែតាមដានយ៉ាងដិតដល់នូវទំនាក់ទំនងរវាងមន្ត្រីជាន់ខ្ពស់ពីសហរដ្ឋអាមេរិក និងចិន។ ក្រសួងបានបន្ថែមថា តៃវ៉ាន់នឹងបន្តធ្វើការជាមួយប្រទេសដែលមានផលប្រយោជន៍សំខាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅច្រកព្រំដែនតៃវ៉ាន់៕









