ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានសន្យាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ថា សហរដ្ឋអាមេរិកនឹងជួយធានាសន្តិសុខរបស់អ៊ុយក្រែន ក្នុងកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្សីនៅអ៊ុយក្រែន ទោះបីជាទំហំជំនួយមិនទាន់ច្បាស់ភ្លាមៗក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) រាយការណ៍នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ថា លោក ត្រាំ(Trump) បានសន្យាបែបនេះ នៅក្នុងអំឡុងពេលកិច្ចប្រជុំវិសាមញ្ញមួយ នៅឯសេតវិមានជាមួយ លោកហ្សេលេនស្គី (Zelenskiy) និងក្រុមសម្ព័ន្ធមិត្តអឺរ៉ុប ដែលប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីលោក ត្រាំ បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) នៅរដ្ឋអាឡាស្កា (Alaska) កាលពីថ្ងៃសុក្រ។
លោក ហ្សេលេនស្គី(Zelenskiy) បានសាទរចំពោះការសន្យានេះថា ជា‘‘ជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ’’។ លោកបន្ថែមថា ការធានានឹងត្រូវបានធ្វើជាផ្លូវការនៅលើក្រដាសក្នុងរយៈពេល ១០ថ្ងៃបន្ទាប់។ លោកបានបន្តថា អ៊ុយក្រែននឹងផ្តល់ជូនដោយការទិញសព្វាវុធរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃប្រហែល ៩០ពាន់លានដុល្លារ។
លោក ត្រាំ និងលោក ហ្សេលេនស្គី បាននិយាយថា ពួកគេសង្ឃឹមថា បន្ទាប់ពីការជួបជុំគ្នានៅថ្ងៃចន្ទ នឹងនាំឱ្យមានការចរចា ៣ភាគីជាមួយ លោក ពូទីន(Putin)។
ដោយឡែកនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ លោក ត្រាំ កាលពីល្ងាចថ្ងៃចន្ទ បានឱ្យដឹងថា លោកបានទូរស័ព្ទទៅមេដឹកនាំរុស្សី ហើយបានចាប់ផ្តើមរៀបចំកិច្ចប្រជុំរវាង លោក ពូទីន និង លោក ហ្សេលេនស្គី ដើម្បីបន្តកិច្ចប្រជុំកំពូលត្រីភាគីក្នុងចំណោមប្រធានាធិបតីទាំងបី។
យ៉ាងណា វិមានក្រឹមឡាំងមិនបានប្រកាសជាសាធារណៈចំពោះកិច្ចព្រមព្រៀងរបស់ខ្លួន ឯមន្ត្រីរដ្ឋបាលជាន់ខ្ពស់សហរដ្ឋអាមេរិក បាននិយាយថា កិច្ចប្រជុំរវាង លោក ពូទីន និងលោក ហ្សេលេនស្គី អាចប្រព្រឹត្តទៅនៅប្រទេសហុងគ្រី ហើយអ្នកទាំងពីរ នឹងជួបគ្នាក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ នេះបើយោងតាមអធិការបតីរបស់អាល្លឺម៉ង់ លោក ហ្វ្រែនឌ្រិច មើស Friedrich Merz៕









