ប្រព័ន្ធផ្សព្វផ្សាយថៃ ត្រូវបានគេមើលឃើញថា កំពុងមានប្រៀបលើកម្ពុជា ក្នុងការបញ្ជូនសារទៅកាន់ពិភពលោក ពាក់ព័ន្ធនឹងជម្លោះព្រំដែន ខណៈសំឡេងឯករាជ្យ នៅក្នុងប្រទេសកម្ពុជារងការគំរាមកំហែង និងបំបិទសំឡេងជិត១០ឆ្នាំទៅនេះ ក្រោមបន្ទាត់នយោបាយរបស់គ្រួសារហ៊ុន ។
ការលើកឡើងនេះ ក្រោយសារព័ត៌មានថៃសកម្មបង្កើតព័ត៌មានចោទថា យោធាខ្មែរបានដាក់មីននៅព្រំដែនដើម្បីឈ្លានពានថៃ ដែលមន្រ្តីកម្ពុជាចាត់ទុកថាជាការលាបពណ៌លើកម្ពុជា។
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានបង្ហោះសារតាមបណ្តាញសង្គមនៅថ្ងៃទី២០ ខែសីហានេះ យកខ្លឹមសារសារព័ត៌មានថៃបានចុះផ្សាយចោទថាកងទ័ពកម្ពុជាដាក់មីននៅទឹកដីថៃ។
លោកថា បញ្ហាមីននេះ សៀមនៅតែខិតខំបង្ហាញថាខ្លួនជាជនរងគ្រោះ ព្រោះខែ្មរប្រើគ្រាប់មីន PMN-2 ថ្មី ក្នុងទឹកដីថៃ តែលោកពន្យល់ថា តើយកទៅដាក់ក្នុងទឹកដីសៀមរបៀបណា បើទឹកដីស្ថិតនៅទល់មុខគ្នានោះជាដីមានជម្លោះនោះ។
លោកថា មនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យាAIនេះ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលើបញ្ហានេះទាំងនេះ ដូចជា គ្រាប់បែក MK-82 MK-84 និងគ្រាប់បែកចង្កោម មានប្រភពច្បាស់លាស់ទាំងអ្នកផលិត អ្នកលក់ដូរ អ្នកដឹកជញ្ជូន និងអ្នកប្រើប្រាស់។
លោករំលឹកថា ប្រាសាទព្រះវិហារ ត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង១៥៥មម គ្រាប់បែកចង្កោម និងគ្រាប់ជាច្រើនប្រភេទ ហើយនៅពេលឃើញរណ្តៅគ្រាប់ និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរ ថារណ្តៅគ្រាប់ទាំងនោះ ខែ្មររៀបចំជីករណ្តៅបង្ហាញ ដើម្បីលាបពណ៌បង្ខូចឈ្មោះថៃ ហើយថៃជាជនរងគ្រោះទៅវិញ។
គេសង្កេតឃើញថា ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ នៅពេលនេះ សារព័ត៌មានថៃមួយចំនួនបានព្យាយាមចុះផ្សាយចោទកម្ពុជា ថាជាអ្នកបង្កជម្លោះព្រំដែនមុន ហើយថៃទៅវិញទេជាជនរងគ្រោះនៃជម្លោះប្រដាប់អាវុធនេះ ក្នុងនោះមានទាំងចោទថាកងទ័ពខ្មែរបានដាក់មីនសម្លាប់យោធាថៃជាដើម។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់ថា ថៃកំពុងមានប្រៀបលើកម្ពុជាផ្នែកវិស័យសារព័ត៌មានក្នុងជម្លោះព្រំដែននេះ ខណៈព័ត៌មានក្នុងស្រុកខ្មែរជាព័ត៌មានដែលលម្អៀងទៅរករដ្ឋាភិបាល តែធ្វើឱ្យពលរដ្ឋអស់ជំនឿរួមទាំងអន្តរជាតិជាដើម។
ក្នុងន័យនេះ លោកថា បើកម្ពុជាគ្មានសារព័ត៌មានឯករាជ្យ អាចនឹងធ្វើឱ្យកម្ពុជាចាញ់ថៃផ្នែកការទូតក្នុងជម្លោះព្រំដែននេះ ដែលកំពុងស្ថិតក្នុងការគោរពបទឈប់បាញ់ មានការឃ្លំាំមើលពីអន្តរជាតិផងដែរ ខណៈថៃចេះតែបន្តចោទកម្ពុជាថាជាអ្នកបង្កជម្លោះទៅវិញ។
លោកថា៖ «អ្វីដែលសារព័ត៌មានកម្ពុជាមិនអាចប្រកួតប្រជែងជាមួយប្រទេសថៃបាន អាហ្នឹងវាដោយសារកំហុសយើងដែរ។ កំហុសរបស់រដ្ឋាភិបាលកម្ពុជា ត្រង់រដ្ឋាភិបាលកម្ពុជាបានកម្ទេចសារព័ត៌មានឯករាជ្យ សារព័ត៌មានអន្តរជាតិធំៗ នៅលើពិភពលោក ដែលកន្លងមក គេមានទីតាំងស្នាក់ការនៅប្រទេសកម្ពុជា អាចត្រូវបានបិទ ឬក៏ត្រូវបានបណ្តេញចេញពីកម្ពុជា ហើយដល់ពេលនេះ យើងគិតថា សារព័ត៌មានអន្តរជាតិទាំងអស់នោះ ពិតជាមានសារៈសំខាន់ដែលជួយឲ្យកម្ពុជាអាចទប់ទល់ជាមួយនឹងសារព័ត៌មានរបស់ប្រទេសថៃបាន។ កំហុសទាំងអស់ហ្នឹង គឺកំហុសដែលកើតឡើងដោយសារយើងហ្នឹងឯង ដោយសារយើងដែលបានកម្ទេចសារព័ត៌មានអន្តរជាតិ ឬសារព័ត៌មានឯករាជ្យទាំងអស់»។
មួយវិញទៀត លោកថា រឿងដែលរដ្ឋាភិបាលកម្ពុជាចាញ់ប្រៀបថៃដែរនោះ គឺរដ្ឋាភិបាលកម្ពុជាបានបំបាត់សំឡេងបក្សប្រឆាំង ចាប់ខ្លួនមេបក្សប្រឆាំង ប្រើតុលាការបង្រ្កាបជាច្រើនឆ្នាំទៅនេះធ្វើឱ្យខ្មែរបែកបាក់ជាតិ។ លោកថា ឯកភាពជាតិ គឺការឯកភាពគ្នាគ្រប់និន្នាការនយោបាយ ដោះលែងអ្នកនយោបាយប្រឆាំង មិនមែនឯកភាពជាតិតែមនុស្សមួយក្រុមនោះទេ។
លោកថា៖ «ការដោះលែងអ្នកទោសនយោបាយទាំងអស់ទៅ នោះភាសានិយាយថា កម្ពុជាមានឯកភាពជាតិមានសំឡេងតែមួយ អាហ្នឹងគឺខ្ញុំគិតថាវាត្រឹមត្រូវវិញ ហើយបើសិនជារដ្ឋាភិបាលអត់ធ្វើបែបហ្នឹងទេ ហើយចេះតែនិយាយ! អាហ្នឹងខ្ញុំគិតថា ដូចរដ្ឋាភិបាលកុហក ប្រជាពលរដ្ឋ! សារព័ត៌មានកុហកហើយ រដ្ឋាភិបាលកុហកទៀត កុហកបន្ថែមទៀត។ អាភាពកុហករបស់រដ្ឋាភិបាលទាំងសារព័ត៌មានរបស់កម្ពុជាហ្នឹង ដែលធ្វើឲ្យប្រជាពលរដ្ឋហាក់ដូចជា ដូចជាប្រជាពលរដ្ឋខ្មែរក៏អស់ជំនឿភាសារបស់រដ្ឋាភិបាល »។
ដោយឡែក ប្រធានស្ថាប័នសារព័ត៌មានVOD លោក ប៉ា ងួនទៀង យល់ថា សារព័ត៌មានថៃកំពុងមានប្រៀបជាងកម្ពុជា ខណៈប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ត្រូវរដ្ឋាភិបាលតាមកំទេចចោល ដែលជាផ្នែករាំងខ្ទប់ផ្សាយព័ត៌មានពិតទៅពិភពលោកក្នុងជម្លោះព្រំដែននេះ។
លោកថា រដ្ឋាភិបាលកម្ពុជាធ្វើឱ្យពលរដ្ឋខ្មែរបាត់បង់ជំនឿ តាមរយៈការទុកតែព័ត៌មានដែលគាំទ្រខ្លួន និងរបៀបបញ្ចេញព័ត៌មានរបស់រដ្ឋដែលបិទបាំងការពិត។
ក្នុងន័យនេះ លោកថាជំរុញរដ្ឋាភិបាលកម្ពុជា បើកលំហរសេរីភាពសារព័ត៌មានឯករាជ្យឡើងវិញ ហើយរដ្ឋាភិបាលខ្លួនឯងក៏ត្រូវផ្លាស់ប្តូររបៀបធ្វើការ ដោយបើកឱកាសឱ្យមានការសួរដេញដោលពីគ្រប់មជ្ឈដ្ឋាន ដើម្បីបង្កើនជំនឿចិត្តពីពលរដ្ឋខ្មែរឡើងវិញផងដែរ។
លោកថា៖ «ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម មានដូចជា ខេមបូឌាដេលី ជាភាសាខ្មែរ ភាសាអង់គ្លេស។ វីអូឌី ភាសាខ្មែរ ជាភាសាអង់គ្លេស។ វីអូអេ អាស៊ីសេរី អី-ល- បើកសេរីភាពទៅ បើបើកសេរីភាពទៅ អ្នកវិជ្ជាជីវៈសារព័ត៌មាន គឺគេរកលុយរកកាក់អីគេធ្វើខ្លួនគេ។ រដ្ឋាភិបាលកុំតែគាបសង្កត់ កុំតែបំផ្លាញគេទៅបានហើយ អាហ្នឹងវាជួយការងារការទប់ទល់នឹងព័ត៌មានក្លែងក្លាយបន្លំពីបរទេស ហើយព័ត៌មានក្លែងក្លាយក្នុងប្រទេសកម្ពុជា។ ទីពីរ រដ្ឋាភិបាលត្រូវចាប់ផ្ដើមផ្លាស់ប្តូរឥរិយាបទ នៅក្នុងការផ្កល់ព័ត៌មាន គឺត្រូវតែមានការទទួលខុសត្រូវខ្ពស់ក្នុងនាមជាស្ថាប័នតំណាងប្រជាជាតិ ស្អីៗត្រូវតែផ្លូវការ ហើយត្រូវមានការទទួលខុសត្រូវ»។
របាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ចេញផ្សាយកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ បានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា ចំនួន១០លេខ ពោលធ្លាក់ពីចំណាត់ថ្នាក់ទី១៥១ នៅឆ្នាំ២០២៤ មកទី១៦១ នៅឆ្នាំ២០២៥។
មូលហេតុដែលអង្គការនេះ ទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា គឺដោយយោងលើចំណុចសំខាន់ៗមួយចំនួន ដូចជា បរិយាកាសនៃប្រព័ន្ធផ្សព្វផ្សាយ បរិបទនយោបាយ ក្របខណ្ឌច្បាប់ បរិបទសេដ្ឋកិច្ច បរិបទសង្គម វប្បធម៌ និងបញ្ហាសុវត្ថិភាព។
របាយការណ៍ដដែល ក៏បានរៀបរាប់ពីឈ្មោះស្ថាប័នព័ត៌មានឯករាជ្យដែលរដ្ឋាភិបាលបានបិទ មានដូចជា វិទ្យុសំឡេងប្រជាធិបតេយ្យVOD វិទ្យុអាស៊ីសេរី និងកាសែត The Cambodia Daily ជាដើម៕









