បទឈប់បាញ់ ដែលកំណត់ដោយម៉ាឡេស៊ី ជាប្រធានប្តូរវេនអាស៊ាន មានអាយុកាលជាង២០ថ្ងៃមកហើយ គិតត្រឹមថ្ងៃពុធនេះ ដែលជួយឱ្យយោធានៃប្រទេសទាំងពីរ កាត់បន្ថយការប្រឈមគ្នា នៃភាពតានតឹងដោយសព្វាវុធ ខណៈក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បន្តតាមដាន និងឃ្លាំមើលពីបទឈប់បាញ់នេះ យ៉ាងដិតដល់។
គេសង្កេតឃើញនៅតាមខ្សែបន្ទាត់ព្រំដែន រវាងកម្ពុជា-ថៃ មកដល់ពេលនេះ ថ្វីត្បិតមិនផ្ទុះអាវុធដូចមុនក៏ពិតមែន សម្រាប់ស្ថានភាពស្ងប់ស្ងាត់នេះ ប្រហែលជាគ្រោះថ្នាក់ជាងមានសង្រ្គាមទៅទៀត។ ពលរដ្ឋកម្ពុជា ដែលមានមូលដ្ឋាន នៅក្បែរទីតាំងដែលមានជម្លោះ នៅតែបន្តភៀសសឹកមិនឈប់ ស្របពេលយោធាថៃធ្វើសកម្មភាពប្លែកៗនៅតាមខ្សែបន្ទាត់ព្រំដែន។
បើគិតពីថ្ងៃ ដែលលោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានសម្របសម្រួលនៃជម្លោះកម្ពុជា-ថៃ ចាប់បង្ខំភាគីថៃឱ្យទទួលយកបទឈប់បាញ់ ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក មានអាយុកាលជាង២០ថ្ងៃមកហើយ។ ប៉ុន្តែ ក្នុងអំឡុងពេលនេះមានអ្វីកើតឡើងខ្លះនៅតាមខ្សែបន្ទាត់ព្រំដែន។
ឆ្លើយនឹងសំណួរថា តើបទឈប់បាញ់ជាការចងដៃកម្ពុជាធ្វើឱ្យថៃសម្រេចមហិច្ឆតាឈ្លានពានឬ?
តើយន្តការអន្តរជាតិនេះ ពិតបានជួយឱ្យកម្ពុជា ដែលព្យាយាមស្វែងរកកិច្ចអន្តរាគមន៍ ពីភាគីទីបី ទទួលបាននូវអ្វីដែលខ្លះចង់បានហើយឬនៅ?។
យ៉ាងណា បទឈប់បាញ់ដែលចាប់បង្ខំឱ្យភាគីថៃទទួលយក ទំនងជាមិនបានជួយឱ្យកម្ពុជាមានប្រៀបលើគូជម្លោះប៉ុន្មាននោះទេ។ រំលងមិនទាន់ទាំងបានមួយថ្ងៃស្រួលបួលផង ក្រោយពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យោធាកម្ពុជាប្រមាណ២០នាក់ ត្រូវភាគីថៃចាប់ខ្លួន ដោយមិនបានតបតអ្វីទាំងអស់។
នៅក្នុងដំណើរពិនិត្យបទឈប់បាញ់ ពីអនុព័ន្ធយោធា១៣ប្រទេស នៅតាមព្រំដែនក្នុងទឹកដីកម្ពុជា ជាលើកដំបូងកាលពីថ្ងៃទី៣០ ខែកក្កដា ក្រោយមានបទឈប់បាញ់មក លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា មេបញ្ជាការរងប្រចាំទិសប្រាសាទព្រះវិហារ បានប្រាប់ថាមុនចាប់ខ្លួន ក្រុមយោធាថៃបានប្រើល្បិច ដោយបញ្ចោតយោធាខ្មែរឱ្យថតរូប រួចភ្ជង់នឹងកាំភ្លើង ចាប់យកតែម្តង។
តាមពិតទៅ យោធាកម្ពុជា ពួកគេហ៊ានប្តូរជីវិតសារជាថ្មីទៀតជាមួយថៃ។ ប៉ុន្តែឧត្តមសេនីយ៍រូបនេះ អះអាងពីការរក្សាបទបញ្ជារបស់មេ ដែលតម្រូវជាចាំបាច់ មិនឱ្យតបតដោយសព្វាវុធ ទោះក្នុងហេតុផលណាក៏ដោយ។
មកដល់ពេលនេះ យោធាកម្ពុជាដែលត្រូវថៃចាប់ខ្លួន នៅមិនទាន់បញ្ជូនត្រឡប់មកវិញនៅឡើយទេ។ មានតែយោធិន២នាក់ និងសាកសព១ប៉ុណ្ណោះ ដែលថៃព្រមបញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញ ទាំងសភាពមនុស្សមិនមែនមនុស្ស សាកសពស្ទើរមិនមែនសាកសព។
នៅចំពេល ដែលកម្ពុជាខំប្រឹងអត់ធ្មត់គោរពបទឈប់បាញ់ និងគ្មានចង់បានអ្វីក្រៅពីសន្តិភាព ដោយមិនឱ្យខុសមួយជំហាននោះ។ ស្ថិតក្នុងកាលៈទេសៈនេះ ទំនងថៃមើលឃើញថា វាជាឱកាសល្អហុចឱ្យ ទើបពួកគេព្យាយាមធ្វើព្យុះភ្លៀង និងរូតរះ ធ្វើអ្វីៗគ្រប់យ៉ាង នៅតាមខ្សែបន្ទាត់ព្រំដែន មិនបង្អង់ដៃ។
ពេលនេះ ថៃកំពុងតែសប្បាយកើបផល ដែលប្រហែលគេគិតថា មិនគួរណាបានផលស្រួលបែបនេះទេ។ ទាំងរដ្ឋាភិបាល និងក្រុមយោធាថៃ ថ្វីត្បិតរូបភាពខាងក្រៅ មើលទៅប្រហែលមិនមានឯកភាពផ្ទៃក្នុង។ ក៏ប៉ុន្តែបើគិតពីផលចំណេញវិញ ដែលថៃប៉ងជាយូរមកហើយ ទំនងពួកគេទុកការខ្វែងគំនិតគ្នាមួយដុំសិន។
នៅចំពោះមុខនេះ ទាំងក្រុមយោធា និងរដ្ឋាភិបាលស៊ីវិល បានសម្រុកដឹកជញ្ជូនបន្លាលួស និងសំបកកង់ឡាន ទាំងឡានៗ មកកាន់ព្រំដែនដែលមានជម្លោះ។
ពេលនេះ មិនថាទីតាំងដែលមានវិវាទទេ សូម្បីដីភូមិ និងតំបន់ផ្សេងទៀត ដែលមិនមែនជារបស់ថៃ នៅតាមខ្សែបន្ទាត់ព្រំដែនក៏ពួកគេលែងខ្វល់នឹងច្បាប់ទម្លាប់អ្វីទាំងអស់។
រីឯភាគីកម្ពុជាឯណេះវិញ ក្រោយពីប្រឹងរក្សាបទឈប់បាញ់ ដោយមិនឱ្យល្អៀងហើយ និងប្រហែលខ្លាចបាត់បង់សន្តិភាពផង គឺមិនមានអ្វីតបត ក្រៅពីឈរឱបដៃមើលការទន្រ្ទានមិនឈប់ឈរ របស់ក្រុមយោធាថៃពីមួយថ្ងៃទៅមួយថ្ងៃឡើយ។
ផ្ទុយទៅវិញ បែរជាទុកអម្រែកដ៏ធ្ងន់នេះ ឱ្យពលរដ្ឋជាម្ចាស់លំនៅឋាន នៅតតាំងនឹងការមើលងាយមើលថោក ពីក្រុមយោធាថៃជំនួសរដ្ឋាភិបាលប៉ុណ្ណោះ។
មេបញ្ជាការដែលទទួលខុសត្រូវ នៅតាមទិសសំខាន់ៗ ដូចជាភ្នំទ្រព្យ វាលឥន្រ្ទីយ៍ ប្រាសាទតាមាន់ធំ តាក្របី តាមាន់តូច និងភ្នំខ្មោចជាដើម សុទ្ធតែបាននិយាយដូចគ្នាថា ទាំងមុន និងអំឡុងពេលទើបប្រយុទ្ធគ្នាចំនួន៤យប់៥ថ្ងៃ ភាគីកម្ពុជាជាអ្នកគ្រប់គ្រងស្ទើរគ្មានចន្លោះលើទីតាំងជម្លោះ នៅតាមខ្សែបន្ទាត់ព្រំដែន។
ប៉ុន្តែ ក្រោយមានបទឈប់បាញ់នេះមក ទីតាំងប្រាសាទតាមាន់ធំ និងផ្នែកខ្លះនៃតំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានទាហានថៃចូលមកព័ន្ធបន្លាលួសយកផ្ទះពលរដ្ឋជាង១០គ្រួសារ រហូតមកដល់ពេលនេះ ពលរដ្ឋដែលបាត់បង់ផ្ទះអះអាងមកថា ពួកគេបន្តធ្វើតង់ដេកនៅជាប់របងបន្លាលួស និងគំនរកង់ឡាន ដែលថៃបានដាក់ពង្រាយ។
ការបោះបង់ជំហររបស់យោធាកម្ពុជា នៅលើដែនអធិបតេយ្យភាពរបស់ខ្លួននេះ នោះក៏ព្រោះតែពាក្យអត់ធ្មត់ និងត្រូវរក្សាឱ្យបានជាដាច់ខាតនូវបទឈប់បាញ់ ក្នុងកម្រិតអតិបរិមា ទោះចង់បាត់ដីបន្ថែម ឬយោធាថៃអុកឡុកបែបណាក៏ដោយចុះ។ សំខាន់កុំឱ្យតែបាត់ពាក្យថា អត់ធ្មត់ និងត្រូវរក្សាឱ្យបាននូវសន្តិភាព ដែលរកបានមកដោយលំបាកនេះ។
ដូចគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាល និងក្រសួងការពារជាតិ នៅបន្តអំពាវនាវឥតឈប់ឈរ និងទន្ទេញសឹងរត់មាត់រាល់ថ្ងៃ ឱ្យកម្ពុជាបន្តអត់ធ្មត់ និងរក្សាឱ្យបាននូវបទឈប់បាញ់នេះ ហើយបើហ៊ានតែតបត នោះកម្ពុជានឹងក្លាយខ្លួនមួយរំពេចទៅជាអ្នកបង្កជម្លោះ ដោយមិនដឹងខ្លួន។
នេះជាអ្វីដែលរដ្ឋាភិបាលកម្ពុជា កំពុងតែសាបព្រួសដំណឹងឱ្យមន្រ្តី និងក្រុមយោធា នៅក្រោមបង្គាប់របស់ខ្លួនអនុវត្តឱ្យបានម៉ឺងម៉ាត់។ ទោះគូជម្លោះ ប្រើរូបភាពបែបណាក៏កម្ពុជា នៅតែរក្សាជំហរមិនតបត និងធ្វើមិនដឹងមិនឮអ្វីទាំងអស់។
បើគេមើលមួយភ្លែត បទឈប់បាញ់នេះ ហាក់បានជួយកម្ពុជា មិនឱ្យខាតបង់។ តែតាមពិត បើពិនិត្យដោយហ្មត់ចត់ទៅ យន្តការអន្តរជាតិដូចអ្វីដែលកម្ពុជាចង់បាននេះ ទំនងជាមិនដូច្នោះឡើយ។ ជាការពិត អ្វីដែលកម្ពុជាត្រូវប្រើ គឺគោលការណ៍សន្តិភាពទីក្រុងបារីស២៣តុលា និងតុលាការអន្តរជាតិ ICJ ឯណោះទៅវិញទេ។
ការប្រើប្រាស់តាមយន្តការអាស៊ាននេះ វាមិនខុសអី ប្រៀបបាននឹងការជួយសង្រ្គោះបឋមប៉ុណ្ណោះទេ ហើយបើកម្ពុជា នៅតែមានឥរិយាបថដូចនេះទៀត ប្រាកដណាស់ អ្នកដែលចាញ់ក្នុងសង្រ្គាមនេះ គឺកម្ពុជា។ អ្វីដែលកម្ពុជាកំពុងតែជ្រើសរើសផ្លូវដើរនេះ គឺជាអ្វីដែលថៃចង់បានជាយូរមកហើយ គឺការចរចាទ្វេភាគី និងយន្តការត្រឹមអាស៊ាន។
វាក៏អាចដែរ ប្រហែលជា លោក ហ៊ុន ម៉ាណែត ដឹងយ៉ាងច្បាស់ហើយថា ការរក្សាក្រិត្យក្រមបទឈប់បាញ់នេះ ក៏អាចជាការអន្ទងចិត្តមិត្តបរទេស ឱ្យជួយកែខៃ និងទប់ស្ថានការណ៍ ដែលកំពុងតែទុំជោនេះ បានមកវិញខ្លះ ក្នុងស្ថានភាពខ្លួនគ្មានអ្វីទាំងអស់ ទប់ទល់នឹងថៃ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា និយាយថា ការប្រកាន់ជំហរអត់ធ្មត់គោរពបទឈប់បាញ់ក្រោមក្រសែភ្នែកអន្តរជាតិ ជារឿងល្អ។ ប៉ុន្តែការដែលយោធាថៃរំលោភបទឈប់បាញ់ ដោយចល័តទ័ពមករាយបន្លាលួសព័ទ្ធយកដីខ្មែរបានតាមចិត្តដូចពេលនេះ វាជាការឆ្លុះបញ្ចាំងពីសមត្ថភាពនៃការដឹកនាំនៅមានកម្រិត។
លោកថា៖ «ជាយន្តការល្អ ប៉ុន្តែយើងអត់អាចការពារទឹកដីយើងបាន បានន័យថា ឱ្យគេអាចរាយបន្លាលួសលើទឹកដីយើងបាន ដែលនេះជាការងារមួយដែលយើងនៅមានកម្រិតនៃការការពារបូរណភាពទឹកដីរបស់យើងដែរ ថ្វីបើយើងប្រើពាក្យអត់ធ្មត់ តែដីរបស់យើងហេតុអីបានត្រូវគេរាយបន្លាលួស។ ហេតុអីបានគ្រឿងចក្ររបស់ថៃងាយចូលមករាយបន្លាលួស ដាក់កង់ឡាន ហើយខាងកម្ពុជាយើងមានរចនាសម្ព័ន្ធនៃការដឹកនាំមានកម្រិត។ ការដឹកជញ្ជូនស្បៀង ផ្លូវមានការលំបាក អញ្ចឹងយើងឃើញពីភាពរីកចម្រើន ឬភាពខ្វះខាតរបស់កម្ពុជានេះ បើធៀបនឹងថៃ»។
មួយវិញទៀត ការមិនតបតដោយកំហឹងជះទៅវិញនេះ ទំនងជាវិធីរកផ្លូវសុខបានមួយគ្រាដែរ ក្នុងពេលដែលគូជម្លោះកំពុងតែកើបយកផល ដ៏សម្បើយពីជម្លោះដោយសព្វាវុធលើកនេះ។
និយាយជារួម កម្ពុជា ពេលនេះ បើមិនប្រឹងប្រែងរក្សាគោលការណ៍បទឈប់បាញ់ និងប្រកាន់យកគោលការណ៍សន្តិភាពជាចម្បងទេ ប្រហែលជាការបាត់បង់ទឹកដីអាចថាមានទំហំធំជាងនេះ។
ប្រសិនបើគ្មានកិច្ចអន្តរាគមន៍ណាមួយពីអាមេរិក និងម៉ាឡេស៊ីទេ ថៃអាចនឹងវាយក្នុងទ្រង់ទ្រាយធំជាងនេះ។ ម្យ៉ាងវិញទៀត បើសង្រ្គាមចេះតែអូសបន្លាយយូរថ្ងៃ ប្រាកដណាស់ទាំងស្បៀង និងសព្វាវុធ ទំនងជាកម្ពុជាអាចនឹងត្រូវជួបទុក្ខធំ។ តែយ៉ាងណា យន្តការអន្តរជាតិនេះ ប្រហែលជាមិនមានអ្វីលើសពីនេះទៀតនោះទេ។
ងាកមើលផ្ទៃក្នុងកម្ពុជាវិញ ស្របពេលដែលយោធាថៃបន្តពង្រីកការឈ្លានពានកម្ពុជា តាមរយៈចល័តទ័ពចូលរាយបន្លាលួសព័ទ្ធយកដីខ្មែរតាមចិត្ត ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នេះ វិធានការចាប់ខ្លួនអ្នកនយោបាយដែលមានចំណុះរដ្ឋាភិបាលមិនថយចុះទេ។
ជាក់ស្តែង មន្ត្រីគណបក្សកម្លាំងជាតិ លោក អៀម រ៉ាវុធ អនុប្រធានគណកម្មាធិការបណ្តោះអាសន្នខណ្ឌពោធិ៍សែនជ័យ ត្រូវបានគេបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ដែលធ្វើឱ្យសមាជិកបក្សនេះជិត២០នាក់ ត្រូវបានចោទប្រកាន់និងចាប់ឃុំខ្លួន។
វិធានចាប់ខ្លួនក្រុមអ្នកនយោបាយជំទាស់នេះ ក្រោយលោក ហ៊ុន សែន និយាយថា យុទ្ធសាស្ត្រងើបមួយវាយមួយនៅបន្ត ដែលគេមើលឃើញថា យុទ្ធសាស្ត្រនេះ ដើម្បីបើកផ្លូវឱ្យលោក ហ៊ុន ម៉ាណែត ឈ្នះការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ទាំងគ្មានគូសំខាន់ចូលរួមប្រកួត។
ក្រៅពីនេះ អ្នកទោសនយោបាយរាប់សិបនាក់ដែលឃុំខ្លួននៅពន្ធនាគារ មិនត្រូវបានដោះលែងទេ រួមទាំងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា រីឯមេដឹកនាំកំពូលៗ របស់គណបក្សប្រឆាំង មានលោក សម រង្ស៊ី និងលោក កឹម សុខា ជាដើម នៅបន្តបិទខ្ទប់ជីវិតនយោបាយនៅឡើយ ទោះមានចរន្តជំរុញឱ្យផ្សះផ្សាជាតិ ដើម្បីរួមគ្នាប្រឆាំងនឹងសត្រូវឈ្លានពានទឹកដីក្តី។
ដូច្នេះ ផ្លូវត្រូវដើរ ពីពេលនេះទៅមុខទៀត ទំនងជាកម្ពុជាជាអ្នកសម្រេចថាត្រូវធ្វើបែបណា? ហើយបើនិយាយពីសព្វាវុធ និងកម្លាំងយោធាវិញ ប្រាកដណាស់កម្ពុជានឹងមិនមានអ្វីលើថៃទេ។ យោធាកម្ពុជា អាចមានប្រៀបជាមួយថៃលើសមរភូមិថ្មើជើង។
ប៉ុន្តែទាំងជើងទឹក ជើងគោក និងជើងអាកាស មកដល់ម៉ោងនេះ សឹងនិយាយបានថា កម្ពុជានៅចាញ់ថៃឆ្ងាយណាស់។ ការមិនមានប្រៀបនេះ នៅមិនទាន់គិតដល់ទំហំសេដ្ឋកិច្ចមួយទៀតនៅឡើយផង។
ហេតុនេះ ទោះចង់ ឬមិនចង់ កម្ពុជាទំនងជាគ្មានជម្រើសណាដែលល្អជាង ឈរឱបដៃមើលការច្បាមយកដី និងបំពានគោលការណ៍របស់គូជម្លោះ ជាងការតតាំងដោយសព្វាវុធនោះទៀតទេ។ ភាពអត់ធ្មត់របស់កម្ពុជាពេលនេះ ប្រហែលជាមិនខុសអីពាក្យថា សមាធិខ្ញុំគេ ខន្តីទាល់ច្រកនោះប៉ុន្មានឡើយ។
ការរក្សាភាពអត់ធ្មត់បានយូរប៉ុណ្ណា ទប់ទល់នឹងសភាពការណ៍នេះ នោះគេចាំមើលពីជំហររបស់រដ្ឋាភិបាលជាមុនសិន ហើយការខាតបង់លើកនេះរបស់កម្ពុជា អាចជាការខាតបង់មួយដែលធំជាងពេលណាៗទាំងអស់។ អ្វីដែលភាគីថៃបានព័ន្ធបន្លាលួសលើដីខ្មែរហើយនេះ ទំនងជាពិបាកនឹងទាមទារយកមកវិញណាស់ ហើយបើត្រូវប្រើចុងកាណុង ដើម្បីដោះស្រាយបញ្ហា ខ្លាចក្រែងកម្ពុជាទៅមិនរួច។ រឹតតែបញ្ហាជាងនេះ ការរង់ចាំជួយពីភាគីទីបី ប្រាកដណាស់កម្ពុជាត្រូវចាយពេលយូរ។ ហេតុដូច្នេះជម្លោះលើកនេះ ភាគីថៃអាចជាអ្នកកើបផលចំណេញ ជាងកម្ពុជាដែលអះអាងថានឹងការពារ រួចវាយបកត្រឡប់ទៅវិញ ដោយមិនឱ្យបាត់បង់ដីសូម្បីមួយមីលីម៉ែត្រ។
ត្រង់ចំនុចនេះ ស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា ដើម្បីប្រឆាំងនឹងសត្រូវឈ្លានពាន កម្ពុជា ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុងជាតិ ពង្រឹងគុណភាពពលរដ្ឋ និងវ័យការទូត។
ក្នុងន័យនេះ លោកពន្យល់ថា កម្ពុជាត្រូវឈើលើគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ដូចជា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងធម្មនុញ្ញកម្ពុជា ដែលបានចង ពីប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សទើបអាចការពារបូរណភាពទឹកដីបាន ខណៈកម្ពុជានៅចាញ់ប្រៀបប្រទេសជិតខាង ទាំងសេដ្ឋកិច្ច ចំនួនពលរដ្ឋ និងអំណាចខាងសព្វាវុធជាដើមនោះ។
លោកថា៖ «មួយទៀតគឺគេហៅថាការគាំពារពីអន្តរជាតិ ដែលកន្លងមកយើងនៅមានការខ្វះខាតពីលោកខាងលិច ដែលយើងហាក់ប្រងើយកន្តើយមិនឈឺឆ្អាល ទៅនឹងការលើកឡើងរបស់សហគមន៍អន្តរជាតិ ពាក់ព័ន្ធទៅនឹងប្រជាធិបតេយ្យ សិទ្ធិមនុស្សហ្នឹង គួរតែរកវិធីសាស្ត្រកែតម្រូវ អាហ្នឹងទើបជាកិច្ចការល្អ ដើម្បីឱ្យមានការគាំពារពីសហគមន៍អន្តរជាតិ។ នេះក្នុងក្របខណ្ឌជាតិវាមាន៣ចំនុច គឺការគាំពារពីអន្តរជាតិ ការគាំទ្រពីពលរដ្ឋហើយនិងរដ្ឋាភិបាលខ្លួនឯងឱ្យរឹងមាំ។ ហើយចំនុចមួយទៀត គឺអធិបតេយ្យភាព អាហ្នឹងក៏ត្រូវការការគាំពារពីសហគមន៍អន្តរជាតិដែរ នេះបើយើងនិយាយរដ្ឋមួយខ្លាំង ទាល់តែយើងធ្វើទម្រង់ហ្នឹង»៕









