កម្ពុជាចាត់ទុកការដែលមេដឹកនាំថៃ ព្រមានចាប់ខ្លួនមេដឹកនាំកម្ពុជា ថ្មីៗនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តបទឈប់បាញ់ ខណៈកម្ពុជាចង់សម្រេចបាននូវបទឈប់បាញ់ ដើម្បីស្តារសន្តិភាព ភាពប្រក្រតីឡើងវិញរវាងប្រទេសទាំងពីរ នាពេលដ៏ខ្លីបំផុតខាងមុខ។
តែគណបក្សប្រឆាំងវិញ ចាត់ទុកថា ការអំពាវនាវមិនអាចធ្វើឱ្យសត្រូវឈ្លានពាន ងាកមកគោរពច្បាប់ទេ តែរដ្ឋាភិបាលត្រូវប្រើជម្រើសធំៗមួយចំនួន ទើបអាចទប់ស្កាត់បាន គឺរដ្ឋាភិបាលត្រូវយន្តការអន្តរជាតិទាំងអស់ដែលកម្ពុជាមាន រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខណៈកិច្ចព្រមព្រៀងនេះ មានប្រទេស១៨គាំទ្រ រួមទាំងប្រទេសថៃ និងមហាអំណាចទាំង៥។
មួយវិញទៀត រដ្ឋាភិបាលចាំបាច់ត្រូវបញ្ជូនកម្លាំងប្រដាប់អាវុធ ឱ្យបានច្រើនទៅកាន់ព្រំដែនជួរមុខ ពិសេសទីតាំងដែលកំពុងចម្រូងច្រាសជាមួយភាគីថៃ និងចាំចាច់ត្រូវប្រើសិទ្ធិការពារខ្លួន គ្រប់មធ្យោបាយ ដើម្បីទប់ទល់ទៅនឹងការឈ្លានពាន ក្រោមបទឈប់បាញ់។
ជ្រុងមួយនេះបញ្ហានេះ ក្រសួងការបរទេសកម្ពុជា និយាយក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៥ថា ខ្លួនបានកត់សម្គាល់ដោយក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ លោក Phumtham Wechayachai ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុករបស់ប្រទេសថៃ ចំពោះថ្នាក់ដឹកនាំកម្ពុជា។
ក្រសួងថា ចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃ ចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើ អធិបតេយ្យភាព និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរទៀតផង។
លើសពីនេះទៀត ប្រការនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលបានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្តារសន្តិភាព និងប្រក្រតីភាពរវាងប្រទេសទាំងពីរ។
កម្ពុជាគូសបញ្ជាក់ថា៖ «សកម្មភាពផ្លូវច្បាប់ដែលបានគ្រោងទុកនឹងធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងទាំងអស់ ក្នុងការស្តារឡើងវិញនូវទំនុកចិត្ត ដែលត្រូវការជាចាំបាច់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទឈប់បាញ់ដែលបានព្រមព្រៀងដោយកម្ពុជា និងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាលក្ខខណ្ឌ និងជាជំហានឆ្ពោះទៅរកការបន្ថយភាពតានតឹងនៃស្ថានការណ៍ ដែលបានព្រមព្រៀងគ្នា និងការចុះហត្ថលេខាដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងមក»។
យ៉ាងណា កម្ពុជាអះអាងជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីសម្រេចបាននូវសន្តិភាព និងការស្តារទំនាក់ទំនងឱ្យមានភាពប្រក្រតីឡើងវិញនាពេលដ៏ខ្លីបំផុតខាងមុខនេះ។
ការលើកឡើងរបស់ក្រសួងការបរទេសកម្ពុជា ហាក់ព្យាយាមបញ្ចុះកម្តៅរវាងមេដឹកនាំកម្ពុជានិងថៃ ក្រោយពីមេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មទៅនឹងការចុះផ្សាយរបស់កាសែតថៃ។
លោក ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែសីហា បានបញ្ចេញប្រតិកម្មលើបណ្តាញសង្គមរបស់លោកថា បើតាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នឹងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។
លោកថា ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា មេដឹកនាំថៃ គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ ហើយមិនទាំងចេះការទូតទៀតផង។
លោកសង្កត់ធ្ងន់ថា៖ «ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន»។
លោកចោទជាសំណួរថា តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញ ក្រោយកិច្ចព្រមព្រៀងឈប់បាញ់?។
ជុំវិញការព្រមាននេះដែរ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា បង្ហាញការភ្ញាក់ផ្អើល ដែលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលតែងតែខ្លាំងបានតែជាមួយខ្មែរគ្នាឯង ហើយតែងតែគំរាម ងើបមួយវាយមួយជាហូរហែរ បែរជារក្សាភាពស្ងៀមស្ងាត់ មិនមានចំណាត់ការជុំវិញការដែលថៃព្រមានថានឹងចាប់ខ្លួនលោក និងកូនប្រុស បែបនេះទៅវិញ។
លោកថា៖ «យើងគិតថា ភាពគឃ្លើនរបស់រដ្ឋាភិបាលថៃ បើសិនជារដ្ឋាភិបាលកម្ពុជាមិនមានគោលជំហរឆន្ទៈមោះមុតក្នុងការឆ្លើយតបទៅនឹងភាពគឃ្លើននេះ ទាហានថៃរដ្ឋាភិបាលថៃ គេដើរមួយជំហានបន្ថែមទៀត មួយជំហានម្ដងៗ ទៅនឹងការគឃ្លើនរបស់គេ ជាក់ស្ដែងគេហ៊ានរហូតដល់ការចាប់មេដឹកនាំនៃរដ្ឋាភិបាលកម្ពុជា ឬក៏ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជានេះ ជាការប្រមាថធំណាស់ នេះហើយជាភាពព្រហើនខ្លាំងណាស់ ដែលកើតឡើងពីភាពនៅស្ងៀមស្ងាត់របស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃ»។
តំណាងរាស្រ្តរូបនេះ បន្តថា ការដែលរដ្ឋាភិបាលកម្ពុជានៅតែបន្តរក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការបែបនេះ នឹងធ្វើឱ្យថៃកាន់តែបានចិត្ត និងមានប្រៀបលើកម្ពុជា ដោយថៃនឹងនៅតែបន្តឈ្លានពានចូលដែនអធិបតេយ្យរបស់កម្ពុជាជារឿយៗ បើរដ្ឋាភិបាលកម្ពុជាមិនមានឆន្ទៈទប់ស្កាត់។
លោក សួន សូរីដា យល់ថា បញ្ហានេះរដ្ឋាភិបាលត្រូវឆ្លើយតបតាមរយៈបញ្ជូនកងទ័ពទៅឈរជើងឱ្យបានច្រើនតាមព្រំដែនដែលកំពុងមានបញ្ហាដើម្បីទប់ទល់ ប្រើកម្លាំងទល់កម្លាំង ដែលក្នុងន័យនេះ លោកថា គឺទប់ទល់ដោយមិនមានការប្រើអាវុធ ដែលមិនធ្វើឱ្យបំពានលើបទឈប់បាញ់ឡើយ។ ហើយរដ្ឋាភិបាលកម្ពុជា ដាច់ខាតត្រូវតែប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា១៩៩១ ដែលជាអាវុធដ៏សំខាន់មួយ ក្នុងការជួយអន្តរាគមន៍កាត់ក្ដីបញ្ចប់ជម្លោះនេះ។
លោកថា៖«ចំពោះខ្ញុំជាប្រជាពលរដ្ឋ ជាអ្នកនយោបាយ ជាបក្សប្រឆាំង ពួកខ្ញុំតែងតែឲ្យតម្លៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ ជាប់ជានិច្ច ប៉ុន្តែផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជាបានយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ដាក់ចូលក្នុងធុងសម្រាម ហើយទោះបីជាយើងខំជំរុញឲ្យរដ្ឋាភិបាលយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកអនុវត្តក៏រដ្ឋាភិបាលមិនធ្វើដែរ ហេតុអីបានរដ្ឋាភិបាលមិនធ្វើ ពីព្រោះកិច្ចព្រមព្រៀងនេះ មិនមែនធានាត្រឹមព្រំដែនកម្ពុជាប៉ុណ្ណោះទេ គឺធានានូវការអនុវត្តការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈឲ្យមានការបោះឆ្នោតដោយត្រឹមត្រូវ សេរីយុត្តិធម៌ ដូច្នេះប្រសិនបើរដ្ឋាភិបាលយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកអនុវត្ត ក្នុងសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ អ៊ីចឹងរដ្ឋាភិបាលហាក់ដូចជាធ្វើឲ្យ២៣តុលា១៩៩១ រដ្ឋាភិបាលកម្ពុជាបានបាញ់សម្លាប់ទៅហើយ ឱ្យរស់ឡើងវិញ កាលណារស់ឡើងវិញ ប្រៀបបានដូចជាកាំបិតចិតដងឯងដែលរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់វិធីក្នុងការបង្ក្រាបសំឡេងប្រឆាំង ដើម្បីកុំឲ្យប្រកួតប្រជែងទាក់ទងទៅនឹងអំណាចរបស់គណបក្សប្រជាជន»។
យ៉ាងណា នៅថ្ងៃទី២០សីហានេះ ក្រុមអង្គការសង្គមស៊ីវិលប្រមាណជា១០០ស្ថាប័ន បានធ្វើយុទ្ធនាការនៅក្នុងប្រទេសកម្ពុជា ដោយដើរដាក់ញត្តិទៅកាន់ស្ថានទូតនានាប្រចាំកម្ពុជា ក្នុងនោះមានទាំងបារាំងដែលជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះផងដែរ ដោយជំរុញឱ្យប្រទេសហត្ថលេខីទាំងនោះ កោះប្រជុំបន្ទាន់ដើម្បីទប់ស្កាត់ការឈ្លានពានកម្ពុជា ពីសំណាក់ប្រទេសថៃនេះផងដែរ ដែលពួកគេសង្ឃឹមថា សំឡេងពួកគេត្រូវបានយកចិត្តទុកដាក់ពីមហាអំណាច រួមទាំងប្រទេសជាហត្ថលេខីទាំងនោះ ដើម្បីជំរុញឱ្យប្រទេសថៃគោរពកិច្ចព្រមព្រៀងនេះផងដែរ។
កម្ពុជា-ថៃ បានផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីភាគីទាំងពីរថៃ និងកម្ពុជា បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន នៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។
ប៉ុន្តែភាគីថៃមិនបានគោរពកិច្ចព្រមព្រៀងនេះទេ ពោលគឺបទឈប់បាញ់នេះ បានចូលជាធរមានបាន ៨ម៉ោង ទាហានថៃបានចូលទៅចាប់ទាហានខ្មែរនៅខ្សែត្រៀមជួរមុខចំនួន២០នាក់ ខណៈទាហានខ្មែរមិនហានបាញ់ដោយគោរពបទឈប់បាញ់។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ធ្លាប់អះអាងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១២ ខែសីហានេះថា កិច្ចព្រមព្រៀងឈប់បាញ់ស្ថិតក្នុងភាពផុយស្រួយ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែកម្លាំងយោធាថៃ បានបន្ដបង្កើនការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលនេះ ជាការបំពានយ៉ាងច្បាស់លើច្បាប់អន្ដរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់ ខណៈថៃបន្តរាយបន្លាលួសព័ទ្ធយកដីផ្ទះពលរដ្ឋខ្មែរនៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ជាពិសេសថៃបានរាយបន្លាលួស និងសាងសង់លេណដ្ឋានលើប្រាសាទតាមាន់ធំ និងទីតាំងដទៃទៀត រួមទាំងច្រកអានសេះជាដើម៕









