អង្គការសង្គមស៊ីវិលកម្ពុជាជាង ១០០ស្ថាប័ន នៅថ្ងៃពុធនេះ បានដាក់ញត្តិទៅកាន់ស្ថានទូតនៃប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលមានចំនួន ១៨ប្រទេស និងអង្គការសហប្រជាជាតិ ដើម្បីសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ ក្នុងការការពារបូរណភាពទឹកដីកម្ពុជា និងទាមទារឱ្យថៃគោរពកិច្ចព្រមព្រៀងនេះ ព្រមទាំងបញ្ឈប់ការរំលោភបំពាន និងគំរាមកំហែងមកលើទឹកដីកម្ពុជា។
អង្គការសង្គមស៊ីវិល រួមទាំងសមាគម សហជីព និងបណ្តាញយុវជនកម្ពុជាទាំងជាង១០០ស្ថាប័ននោះ មានដូចជា អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា អង្គការខុមហ្វ្រែល សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងអង្គការសង់ត្រាល់ជាដើម។
ញត្តិដែលដាក់ទៅកាន់បណ្តាស្ថានទូតបរទេសប្រចាំនៅកម្ពុជា មានដូចជា ស្ថានទូតបារាំង ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក ចិន សឹង្ហបូរី ម៉ាឡេស៊ី។ល។ និងការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC មានប្រសាសន៍នៅអំឡុងពេលទៅដាក់ញត្តិនៅស្ថានទូតបារាំងប្រចាំនៅកម្ពុជាថា ការដាក់ញត្តិនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ ជួយអន្តរាគមន៍រកដំណោះស្រាយជាបន្ទាន់លើករណីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ជាពិសេសទាមទារឱ្យប្រទេសថៃដែលម្ចាស់ហត្ថលេខីផងដែរនោះ គោរពអធិបតេយ្យភាពកម្ពុជា គោរពគោលការណ៍សិទ្ធិមនុស្ស និងបញ្ឈប់ការឈ្លានពានទឹកដីកម្ពុជា។
លោកថា៖ «ប្រទេសថៃ ហើយនិងប្រទេសពាក់ព័ន្ធ គឺថា ត្រូវគោរពអធិបតេយ្យភាពកម្ពុជា និងរក្សាធានានូវសន្តិភាពយូរអង្វែង ដើម្បីអភិវឌ្ឍន៍វិបុលភាព និងសន្តិភាព វិបុលភាពនិងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរវាងប្រទេសថៃនិងកម្ពុជា ព្រោះសង្គ្រាមវាយូរអង្វែងមកហើយ វាជាមរតកអាក្រក់សម្រាប់ក្មេងជំនាន់ក្រោយ ដែលគិតថា ប្រទេសថៃគួរតែរកវិធីធ្វើយ៉ាងម៉េច ដើម្បីបំបាត់មរតកនៃសង្គ្រាមហ្នឹង ការស្អប់ខ្ពើមគ្នាហ្នឹង»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា៖ «ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺបាននិយាយយ៉ាងច្បាស់អំពីការគោរពអធិបតេយ្យភាពរបស់ប្រទេសអធិបតេយ្យ ដូច្នេះគឺគ្មានហេតុផលណាដែលប្រទេសណាមួយប្រើច្បាប់ព្រៃ កម្លាំងបាយមកធ្វើបាបប្រទេសកម្ពុជា[…] ដូច្នេះហើយគឺថាប្រទេសថៃ គួរត្រូវមានក្រមសីលធម៌មួយ ហោចណាស់បើសិនមិនគោរពច្បាប់ ត្រូវមានក្រមសីលធម៌ជាមនុស្សជាតិ ត្រូវគោរព ត្រូវមានស្មារតីអាណិតអាសូរដល់ប្រទេសកម្ពុជា ដែលខ្លួនជាប្រទេសហត្ថលេខី ជាប្រទេសពុទ្ធសាសនាដែរ គឺត្រូវជួយ បើមិនបានជួយយិតយោង ហើយលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា កុំធ្វើឱ្យមានបញ្ហាការរំលោភសិទ្ធិមនុស្សដល់កម្ពុជា ឬក៏អធិបតេយ្យភាពប្រទេសកម្ពុជា»។
ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ឱ្យដឹងថា ការដាក់ញត្តិនេះដែរ គឺពួកគេចង់ឱ្យសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ និងមានវិធានការអន្តរាគមន៍ ដើម្បីឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្ស និងការរំលោភលើដែនអធិបតេយ្យភាពកម្ពុជា ពីសំណាក់យោធាថៃ។
លោកបន្តថា៖ «យើងសង្ឃឹមថា ប្រទេសហត្ថលេខីទាំងអស់ហ្នឹង នឹងកោះប្រជុំ និងពិចារណាអំពីស្ថានភាពទាក់ទងទៅនឹងជម្លោះរវាងខ្មែរ–ថៃ ដែលកំពុងតែក្តៅកគុកនៅឡើយនេះ»។
បើតាមក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ការប៉ះទង្គិចគ្នាដោយយោធា នាពេលថ្មីៗនេះ នៅតាមព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានមនុស្សជាច្រើនរងរបួស និងបាត់បង់ជីវិត ជនភៀសសឹករាប់ម៉ឺននាក់ សាលារៀនជាច្រើនត្រូវបានបិទ ការខូចខាតនូវទ្រព្យសម្បត្តិ និងតំបន់បេតិកភណ្ឌវប្បធម៌ជាដើម។
ពួកគេមើលឃើញថា សកម្មភាពទាំងនេះ បានបំពានច្បាប់អន្តរជាតិ និងគំរាមកំហែងដល់អស្ថិរភាពសន្តិភាពក្នុងតំបន់ ដែលករណីនេះ ពួកគេបានអំពាវនាវ និងជំរុញដល់ប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រក្សាការប្តេជ្ញាចិត្ត និងមានចំណាត់ការជាបន្ទាន់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា។
លោក ណារិទ្ធ ដែលជាប្រជាពលរដ្ឋមួយរូប រស់នៅខេត្តកណ្តាល ដែលបានចូលរួមក្នុងការដើរដាក់ញត្តិដែរនោះ ក៏បានស្នើដល់ប្រទេសជាម្ចាស់ហត្ថលេខីទាំងអស់ ចូលរួមពិនិត្យខ្លឹមសារឡើងវិញ និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ឱ្យបានពេញលេញ ខណៈពេលដែលកម្ពុជាកំពុងរងនូវការឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃ។
លោកថា៖ «កន្លងមក វាមានការស្ងាត់ អត់មានអ្នកណាគេលើកឡើងអំពីកិច្ចព្រមព្រៀង ទើបធ្វើឱ្យប្រទេសយើងហ្នឹងវាមានជួបទុក្ខលំបាកច្រើន អីចឹងខ្ញុំសង្ឃឹមថា ការចូលរួមថ្ងៃនេះ នឹងធ្វើឱ្យម្ចាស់ភាគីហត្ថលេខីទាំងអស់នោះ គាត់បានចូលរួម គាត់បានពិនិត្យសារឡើងវិញ ហើយនិងអនុវត្តច្បាប់នេះឱ្យបានពេញលេញ»។
មន្ត្រីស្ថានទូតនៃប្រទេសម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានទទួលយកញត្តិរបស់ក្រុមសង្គមស៊ីវិលទាំងនោះ ប៉ុន្តែមិនទាន់មានការឆ្លើយតបភ្លាមៗនៅឡើយ។ នេះបើតាមការបញ្ជាក់របស់ លោក រស់ សុដ្ឋា ប្រធានអង្គការ CHRAC។
វីអូឌី មិនអាចសុំការយល់ឃើញជុំវិញករណីនេះ ពីអ្នកនាំពាក្យអង្គភាពរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានទេ នៅថ្ងៃទី២០ ខែសីហានេះ។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជានកម្ពុជា លោក ជា ធីរិទ្ធិ ធ្លាប់បានបញ្ជាក់ថា រដ្ឋាភិបាលបានខិតខំប្រឹងប្រែងគ្រប់វិធីសាស្រ្ត ទាំងយន្តការការទូត ច្បាប់អន្តរជាតិ យន្តការអាស៊ាន ដើម្បីបុព្វហេតុការពារទឹកដី។
ចំណែក ប្រធានចលនាជាតិតស៊ូនៅក្រៅប្រទេស លោក សម រង្ស៊ី ធ្លាប់បានលើកឡើងកាលពីថ្ងៃទី១៧ ខែសីហា នៅប្រទេសបារាំងថា ដើម្បីបញ្ចប់ទង្វើឈ្លានពានទឹកដី ពីសំណាក់ភាគីថៃនេះ រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកអះអាងថា មានតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលាទេ ដែលដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់ភ្លើងសង្គ្រាមឈ្លានពានរបស់ថៃ និងធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។
លោកហាក់ស្តីបន្ទោសថា បើមេដឹកនាំគ្រួសារហ៊ុនមិនអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ ស្មើនឹងបំផ្លាញប្រទេសជាតិ និងជាកំហុសខុសឆ្គងនៃបទឧក្រិដ្ឋដ៏ធំ ចំពោះមុខប្រវត្តិសាស្រ្ត និងប្រជាជាតិខ្មែរ។
លោកថា៖«អ្វីដែលយើងធ្វើមុនគេ ទាមទារអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍២៣តុលា១៩៩១ហ្នឹង ហើយបើយើងចង់សង្គ្រោះជាតិ មានតែកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ ដែលអាចសង្គ្រោះជាតិយើងបានមិនអាចលើកទ័ពយកទាហានយើងក្រខ្វះគ្រប់សព្វគ្រប់បែប ទៅតតាំងជាមួយទាហានគេផ្លូវយោធាកម្លាំងទ័ពនេះ អត់ទេអត់ធ្វើអ៊ីចឹងទេ យើងមានអាវុធស័ក្តិសិទ្ធិបំផុត កិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងម៉េចក៏មិនប្រើ»។
មាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បញ្ជាក់ថា បើមានការគំរាមកំហែងរំលោភលើអធិបតេយ្យភាពកម្ពុជា បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះ ត្រូវពិគ្រោះជាបន្ទាន់ ដើម្បីអនុម័តរាល់វិធានការសមស្រប ដើម្បីដោះស្រាយរាល់ការរំលោភទាំងនេះតាមមធ្យោបាយសន្តិវិធី។
វិធានការដោះស្រាយ រួមមាន រាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬប្រើប្រាស់មធ្យោបាយដំណោះស្រាយនូវទំនាស់ដោយសន្តិវិធី យោងតាមមាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយភាគីពាក់ព័ន្ធក៏អាចសុំការឧបត្ថម្ភពីសហប្រធាននៃសន្និសីទប៉ារីសស្តីពីកម្ពុជា រួមមានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ីផងដែរ។
បើតាមអ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់ហត្ថលេខីទាំង១៨ប្រទេស ដែលជាសាក្សីនៃកិច្ចព្រមព្រៀងនេះ រួមទាំងប្រទេសថៃ និងវៀតណាម ត្រូវទទួលស្គាល់ និងគោរពគ្រប់បែបយ៉ាងទាំងអស់ ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា។
កិច្ចព្រមព្រៀងនេះ មានប្រទេសបារាំង និង ប្រទេសឥណ្ឌូនេស៊ី ជាសហប្រធាន និងមានប្រទេសជាហត្ថលេខី ចំនួន១៨ ប្រទេស រួមទាំងប្រទេសថៃនិងវៀតណាមផងដែរ។ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ធានាអំពី «អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា និង ការធានាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»៕









