ការអំពាវនាវឱ្យភាគីថៃដែលជាអ្នកឈ្លានពានទឹកដីឱ្យគោរពច្បាប់ រងការរិះគន់ថា កម្ពុជានឹងមិនអាចការពារបូរណភាពទឹកដីបានទេ ដរាបណាកម្ពុជាមិនបង្កើនកម្លាំងទ័ពនៅព្រំដែនជួរមុខ និងប្រើយន្តការអន្តរជាតិ មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាដើម ដើម្បីទប់ទល់ទាន់ពេលទេនោះ។
ការសំអាងបែបនេះ ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក នង សាកល ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២០ ខែសីហានេះថា គណៈកម្មការព្រំដែនរួមកម្ពុជា JBC បានដាក់ពាក្យជំទាស់ផ្លូវការចំពោះសកម្មភាពកងកម្លាំងប្រដាប់អាវុធថៃ ដែលបានដាក់ពង្រាយលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡាន នៅតំបន់មួយចំនួន រំលោភលើដែនអធិបតេយ្យភាពកម្ពុជា។
ប្រភពបន្តថា ការណ៍នេះកម្ពុជាស្នើយ៉ាងទទូចឱ្យភាគីថៃត្រូវរុះរើចេញសម្ភារៈ និងឧបករណ៍ទាំងអស់ ដែលបានដាក់ពង្រាយលើដីខ្មែរ ព្រោះសកម្មភាពទាំងនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការកសាងទំនុកចិត្តរវាងគ្នា ជាពិសេសសកម្មភាពទាំងនេះ បានរំលោភទាំងស្រុងលើបទឈប់បាញ់។
លោកថា៖ «កងកម្លាំងប្រដាប់អាវុធថៃដែលបានដាក់ពង្រាយរបងខ្សែលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡាននៅតំបន់មួយចំនួន តាមបណ្ដោយព្រំដែននៅក្នុងទឹកដីកម្ពុជា ក្នុងស្ថានការណ៍នេះ គណៈប្រតិភូGBCកម្ពុជាបានស្នើឲ្យកងទ័ពថៃ រុះរើឧបករណ៍ទាំងអស់ចេញពីតំបន់ទាំងឡាយ ដែលបានរំលោភ យើងយល់ថា សកម្មភាពបែបនេះ បានធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់ការកសាងទំនុកចិត្ត រវាងគ្នា ដូចនេះកម្ពុជាសូមអំពាវនាវឲ្យថៃ គោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិទាំងអស់»។
ជុំវិញបញ្ហានេះ តំណាងរាស្ត្របក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ហាក់ស្តីបន្ទោសចំពោះការអំពាវនាវនេះ ដោយលោកថា ការអង្វរករសត្រូវកុំឱ្យឈ្លានពាន គឺឆ្លុះបញ្ចាំងពីភាពឆោតល្ងង់របស់មេដឹកនាំ។
លោកថា វិធីសាស្រ្តការពារទឹកដី មេដឹកនាំត្រូវពង្រឹងសមត្ថភាពវិស័យកងទ័ព គឺបញ្ជូនកងកម្លាំងប្រដាប់អាវុធឆ្នើមៗខ្លាំងៗឱ្យបានច្រើននៅខ្សែត្រៀមជួរមុខ ដើម្បីសម្ងើញអំណាចទប់ទល់សត្រូវឈ្លានពាន។
លោកបន្តថា កម្ពុជាមិនត្រឹមតែពង្រឹងវិស័យកងទ័ពប៉ុណ្ណោះទេ កម្ពុជាត្រូវពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌ ICJ និងសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ដើម្បីការពារទឹកដីខ្មែរ។
លោកអះអាងថា កម្ពុជាមានប្រៀបលើថៃខ្លាំង បើមេដឹកនាំកម្ពុជាពិតជាមានឆន្ទៈចង់ការពារទឹកដី ព្រោះកម្ពុជាមានឯកសារ ភស្តុតាង និងសាក្សីប្រទេសបារាំងគ្រប់គ្រាន់ ដើម្បីប្រឆាំងទៅនឹងសត្រូវឈ្លានពាន។
លោកអះអាងទៀតថា ច្បាប់យន្តការអន្តរជាតិ កិច្ចព្រមព្រៀងទីក្រុងបារីស និងការពង្រឹងសមត្ថភាពកងទ័ពជួរមុខទាំងអស់នេះ នឹងធ្វើឱ្យកម្ពុជាកាន់តែមានឥទ្ធិពលខ្លាំង ក្នុងការទប់ទល់ប្រឆាំងនឹងការឈ្លានពាន។
លោកថា៖ «បន្លាលួសគឺឱ្យទាហានយើងរើចេញទៅ បើមិនអីចឹងទេ យើងត្រូវប្ដឹងទៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ឬក៏ប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិICJ អាហ្នឹងបានយើងអាចដោះស្រាយបាន ប្រសិនបើយើងទៅអង្វរលោកចោរ លោកចោរគាត់មិនឈប់ ដូចថៃអ៊ីចឹង គេសុខចិត្តរាយបន្លាលួសនៅតាមព្រំដែន ហើយរឿងអីគេទៅរើចេញវិញនោះ ហើយគេអះអាងថាជាទឹកដីរបស់គេសំអាងទៅលើផែនទីខ្នាត១លើ៥០០០០ ដែលថៃគូសវាសឯកតោភាគីហ្នឹង»។
ប្រហែលគ្នានេះដែរ អ្នកច្បាប់និងជាអ្នកវិភាគឯករាជ្យ លោក វន់ ចាន់ឡូត និយាយថា ក្នុងកាលៈទេសៈដែលថៃនៅតែគឃ្លើនឈ្លានពានរាយលួសបន្លា និងធ្វើលេណដ្ឋានលើទឹកដីខ្មែរនេះ កម្ពុជាចាំបាច់ត្រូវបញ្ជូនកងកម្លាំងឱ្យច្រើនតាមខ្សែត្រៀមជួរមុខ ដើម្បីរារាំងទប់ស្កាត់ តបតាមច្បាប់សិទ្ធិស្វ័យការពារខ្លួន។
លោកអះអាងថា ការបញ្ជូនកងកម្លាំងឱ្យច្រើនតាមព្រំដែន ដើម្បីរារាំងនិងទប់ទល់នឹងសត្រូវឈ្លានពាននេះ ជាវិធីសាស្រ្តល្អនិងជារនាំងដ៏រឹងម៉ាំ សម្រាប់ការពារបូរណភាពទឹកដីកម្ពុជាពីសត្រូវឈ្លានពាន។
សម្រាប់លោក វន់ ចាន់ឡូត យល់ថា បើកម្ពុជាមិនខ្លាំងទាំងកងទ័ព សេដ្ឋកិច្ច និងយុទ្ធសាស្រ្តផ្លូវច្បាប់អន្តរជាតិទេ ប្រទេសថៃនឹងបន្តគឃ្លើនឈ្លានពាន និងមើលងាយកម្ពុជាមិនចេះមិនចេះហើយនោះទេ។
លោកថា៖ «ភាគីថៃនៅតែមិនគោរពមានន័យថា កម្ពុជាគួរតែចាត់វិធានការជាក់ស្ដែង គឺត្រូវប្រើប្រាស់កម្លាំងយោធារបស់ខ្លួន មិនមែនផ្ទុះអាវុធទេ គឺចូលទៅរារាំងឬក៏ស្រាយបន្លាលួស រើកង់ឡានទាំងឡាយដែលយោធាថៃព័ទ្ធយកជាឯកតោភាគី ហើយដែលជាសកម្មភាពក្រោយបទឈប់បាញ់ នោះទើបធានាបាននូវភាពមានប្រៀប ឬក៏ធានាបាននូវសកម្មភាពមួយ ដែលមិនអនុញ្ញាតឲ្យយោធាថៃអាចបំពានចូលក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាបាន»។
ចំណែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា គន្លឹះសំខាន់ក្នុងការទប់ទល់ទៅនឹងការឈ្លានពាន កម្ពុជាត្រូវប្តឹងទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តុលាការយុត្តិធម៌អន្តរជាតិ ជាពិសេសត្រូវពឹងសហរដ្ឋអាមេរិក បារាំង និងប្រទេសជឿនលឿនដទៃទៀត ឱ្យជួយកម្ពុជា ព្រោះកម្ពុជាជាប្រទេសតូចនិងអន់ខ្សោយនៅឡើយ។
លោកថា៖ «អ្វីដែលកម្ពុជាគួរធ្វើបច្ចុប្បន្ននេះ ភាគីរដ្ឋាភិបាលកម្ពុជាត្រូវតែធ្វើសេចក្ដីរាយការណ៍បន្ថែមទៀតទៅដៃគូអន្តរជាតិដែលមានសហរដ្ឋអាមេរិក ទាំងចិន ទាំងម៉ាឡេស៊ី ដែលជាសហប្រធានអាស៊ានបច្ចុប្បន្នហ្នឹង និងក្រុមប្រទេសមួយចំនួនទៀត ដែលជួយអន្តរាគមន៍ក្នុងក្រុមការងារអនុព័ន្ធយោធា ទីពីរទាហានជួរមុខរបស់កម្ពុជាត្រូវតែមានស្មារតីស្វាហាប់ឡើង ពេលខ្លះឃើញថៃអូសបន្លាលួសមកព័ទ្ធរបងផ្ទះប្រជាពលរដ្ឋខ្មែរ ឬក៏អូសបន្លាលួសមកកាត់ច្រកព្រំដែនចូលកម្ពុជា ត្រូវតែដកបន្លាលួសនោះចេញវិញជាដាច់ខាត ព្រោះជាសិទ្ធិការពារខ្លួន»។
កម្ពុជា-ថៃ បានផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីភាគីទាំងពីរថៃ និងកម្ពុជា បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដាតទៅ ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន នៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។
ប៉ុន្តែភាគីថៃមិនបានគោរពកិច្ចព្រមព្រៀងនេះទេ ពោលគឺបទឈប់បាញ់នេះ បានចូលជាធរមានបាន ៨ម៉ោង ទាហានថៃបានចូលទៅចាប់ទាហានខ្មែរនៅខ្សែត្រៀមជួរមុខចំនួន២០នាក់ ខណៈទាហានខ្មែរមិនហានបាញ់ដោយគោរពបទឈប់បាញ់៕









