នៅក្នុងជំហានឆ្ពោះទៅរកការបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានយល់ព្រមក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី ក្រោមការផ្តួចផ្តើមគំនិតពីប្រធានាធិបតេយ្យសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។
លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី ខារ៉ូលីន បានធ្វើសេចក្តីប្រកាសក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ។ លោកស្រីបំភ្លឺថា ប្រសិនបើចាំបាច់«អាចមានកិច្ចប្រជុំត្រីភាគីដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក បន្ទាប់ពីលោក ពូទីន និងលោក ហ្សេលេនស្គី ជួបគ្នា»។
សារព័ត៌មានហ្វក្សញូ(Fox News) បានរាយការណ៍កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះថា លោកលេវីត(Leavitt) បាននិយាយកាលពីថ្ងៃអង្គារថា «ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) បានសន្ទនាជាមួយលោក ពូទីន (Putin) តាមទូរស័ព្ទ ហើយលោក ពូទីន ក៏បានយល់ព្រមចាប់ផ្តើមដំណាក់កាលបន្ទាប់នៃដំណើរសន្តិភាព ជាកិច្ចប្រជុំរវាងប្រធានាធិបតី ពូទីន និងប្រធានាធិបតី ហ្សេលេនស្គី ដែលនឹងត្រូវអនុវត្តតាម ហើយប្រសិនបើចាំបាច់ក៏នឹងមានកិច្ចប្រជុំត្រីភាគីរវាងប្រធានាធិបតី ពូទីន ប្រធានាធិបតី ហ្សេលេនស្គី និងប្រធានាធិបតី ត្រាំ»។
លោក លេវីត(Leavitt) បាននិយាយថា អនុប្រធានាធិបតី ជេឌី វែន(JD Vance) រដ្ឋលេខាធិការម៉ាកូ រូប៊ីអូ(Marco Rubio) និងបេសកជនពិសេស លោក ស្ទីហ្វ វីខហ្វ(Steve Witkoff) នឹងបន្តសម្របសម្រួលជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីធ្វើឱ្យរឿងនេះកើតឡើងតាមដែលអាចធ្វើទៅបាន ហើយលោកបានបន្ថែមថា ‘‘ខ្ញុំអាចធានាថារដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋបាល លោក ត្រាំ កំពុងធ្វើការជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីធ្វើឱ្យកិច្ចប្រជុំទ្វេភាគីនោះកើតឡើង ដូចដែលយើងបាននិយាយ’’។
ការប្រកាសនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពី លោក ហេ្សលេនស្គី និងមេដឹកនាំអឺរ៉ុបមួយចំនួន បានជួបជុំគ្នានៅសេតវិមាន ដើម្បីជជែកដេញដោលបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោក ត្រាំ ជាមួយលោក ពូទីន នៅអាឡាស្កា។ ឯលោក លេវីត ក៏បានបញ្ជាក់ពីការសរសើរមេដឹកនាំអឺរ៉ុប ចំពោះលោក ត្រាំ បន្ទាប់ពីកិច្ចប្រជុំនៅអាឡាស្កា(Alaska)ផងដែរ៕









