តំណាងក្រុមអង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន នៅថ្ងៃទី២១ ខែសីហានេះ បានបន្តដាក់ញត្តិនៅតាមបណ្តាស្ថានទូតនៃប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងនោះក៏មានស្ថានទូតថៃប្រចាំនៅកម្ពុជាផងដែរ ដើម្បីជំរុញឱ្យប្រទេសហត្ថលេខីទាំងនោះ មានចំណាត់ការសម្របសម្រួលជាបន្ទាន់ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ថៃ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានចាប់ផ្តើមដាក់ញត្តិទៅកាន់ស្ថានទូតនៃបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ ដែលមានចំនួន ១៨ប្រទេស និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃម្សិលមិញ ហើយនិងបញ្ចប់ការដាក់ញត្តិនៅថ្ងៃនេះ។
ការដាក់ញត្តិនេះ ធ្វើឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាដោយសព្វាវុធ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលមានការផ្លាស់ទីដោយការវាយប្រយុទ្ធ ប៉ះពាល់ដល់ទីតាំងវប្បធម៌ និងការព្រួយបារម្ភពីការរំលោភសិទ្ធិមនុស្ស ដែលការណ៍នេះ ពួកគេបានជំរុញឱ្យប្រទេសហត្ថលេខីទាំងអស់ មានការកោះប្រជុំពិគ្រោះយោបល់ជាបន្ទាន់ ការស៊ើបអង្កេត និងការគាំទ្រផ្នែកមនុស្សធម៌។
លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានថ្លែងបន្ទាប់ពីដាក់ញត្តិនៅស្ថានទូតថៃប្រចាំនៅកម្ពុជា ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរនោះថា កម្ពុជា-ថៃ ជាប្រទេសភូមិផងរបងជាមួយគ្នារាប់សតវត្សរ៍មកហើយ ប៉ុន្តែកន្លងមកប្រទេសទាំងពីរក៏ធ្លាប់មានសង្គ្រាម និងការរើសអើងគ្នាជាបន្តបន្ទាប់ផងដែរ។
តែយ៉ាងណា លោកថា រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទាំងកម្ពុជា និងថៃ រួមនិងប្រទេសចំនួន១៦ទៀត ព្រមទាំងអង្គការសហប្រជាជាតិផងនោះ បានឯកភាពគ្នាទទួលស្គាល់ជាឱឡារឹកនូវឯករាជ្យភាព អធិបតេយ្យភាពកម្ពុជា។ ដូច្នេះករណីប៉ះទង្គិចគ្នាដោយអាវុធជាថ្មីទៀត រវាងកងកម្លាំងកម្ពុជា និងថៃ នាពេលថ្មីៗនេះ និងសកម្មភាពដែលថៃបានវាយប្រហារដោយអាវុធទៅលើប្រាង្គប្រាសាទព្រះវិហារ និងបញ្ហាជម្លោះនៅតាមបណ្តាខេត្តជាប់ព្រំដែនចំនួន៥របស់កម្ពុជានេះ បង្ហាញថាថៃមិនគោរពច្បាប់អន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកថ្លែងថា៖ «សូមអំពាវនាវជាថ្មីម្តងទៀតថា ឱ្យយើងធ្វើការប្តេជ្ញាចិត្តឡើងវិញគោរពនូវកិច្ចព្រមព្រៀងនេះ ហើយធានាថា ប្រទេសកម្ពុជាគឺជាប្រទេសដែលទទួលបាននូវ មានការគោរពពេញលេញនូវឯករាជ្យភាព អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ហើយយើងបន្តរស់នៅជាមួយគ្នាជាបងជាប្អូន ជាអ្នកជិតខាងល្អនឹងគ្នា ដែលខ្ញុំធ្លាប់និយាយតាំងពីឆ្នាំ២០១០មក ថាយើងជាភូមិផងរបងជាមួយគ្នា យើងចាំបាច់ណាស់ដែលយើងត្រូវរស់នៅជាមួយគ្នាដោយសុខដុមរម្យនា ព្រោះថាថៃនិងកម្ពុជានេះគឺថាយើងមិនអាចផ្តាច់ចេញពីគ្នាបានទេ ហើយអស់លោកចង់ផ្តាច់យ៉ាងម៉េចក៏ផ្តាច់មិនដាច់ដែរ ហើយអ្នកនយោបាយណាចង់ផ្តាច់ចង់កាត់អី ប្រជាជនចេះតែរត់រកគ្នា សេដ្ឋកិច្ចរត់រកគ្នា»។
បើតាម លោក រស់ សុថា ការដាក់ញតិ្តរយៈពេល២ថ្ងៃមកនេះ មន្ត្រីឬបុគ្គិលិកនៃបណ្តាស្ថានទូតនៃប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងអស់ បានទទួលយកញត្តិរបស់សង្គមស៊ីវិលហើយ ហើយលោកសង្ឃឹមថា មេដឹកនាំនៃបណ្តាប្រទេសទាំងនោះនឹងឆ្លើយតបជាវិជ្ជមាន និងមានចំណាត់ការក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១នេះ មានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ី ជាសហប្រធាន និងមានប្រទេសជាហត្ថលេខី សរុបទាំងអស់ចំនួន១៨ប្រទេស ក្នុងនោះក៏មានកម្ពុជា ថៃ វៀតណាមផងដែរ។ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ធានាអំពី «អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា និង ការធានាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»៕









