ការដែលលោក ហ៊ុន សែន មិនប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទប់ទល់ការឈ្លានពានពីថៃ ត្រូវគេមើលឃើញថា ដោយសារបារម្ភបាត់បង់អំណាច លើទីលានប្រកួតតាមគន្លងប្រជាធិបតេយ្យ និងចង់បិទបាំងកំហុសកាត់ទឹកដីទៅឱ្យប្រទេសវៀតណាម តាមរយៈសន្ធិសញ្ញាខុសច្បាប់ឆ្នាំ២០០៥។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានប្រទេសជាហត្ថលេខីចំនួន១៨ រួមទាំងប្រទេសថៃ ផង ដែលសន្យាធានាការពារបូរណភាពទឹកដីកម្ពុជា។
ប៉ុន្តែក្រោយយោធាថៃពង្រីកការឈ្លានពានរាយលួសបន្លាព័ទ្ធផ្ទះពលរដ្ឋខ្មែរច្រើនទីតាំង មាននៅតំបន់អូរបីជាន់ ច្រកបឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ រួមទាំងព័ន្ធយកប្រាសាទតាមាន់ធំ និងច្រកអានសេះ ក្នុងខេត្តព្រះវិហារ ជាដើម រដ្ឋាភិបាលកម្ពុជាមិនបានយកកិច្ចព្រមព្រៀងប៉ារីសមកប្រើប្រាស់ដើម្បីការពារទឹកដីនោះទេ។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា និយាយថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសតម្រូវឱ្យរដ្ឋាភិបាលកម្ពុជា គោរពគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងរៀបចំការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ក្នុងន័យនេះ លោកថា អាថ៌កំបាំងដែលលោក ហ៊ុន សែន មិនស្នើសហប្រធានកិច្ចព្រមព្រៀងក្រុងប៉ារីសកោះប្រជុំទប់ទល់ការឈ្លានពានជាមួយថៃ ដោយសារ លោក ហ៊ុន សែន បារម្ភបាត់បង់កៅអីកំពូលរបស់ខ្លួន ព្រោះមិនហ៊ានប្រកួតប្រជែងការបោះឆ្នោតតាមកន្លងប្រជាធិបតេយ្យស្របតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។
លោកថា៖ «បើរដ្ឋាភិបាលយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ដែលអនុវត្តនៅក្នុងសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ អ៊ីចឹងរដ្ឋាភិបាលហាក់ដូចជាធ្វើឲ្យ២៣តុលា១៩៩១ ដែលរដ្ឋាភិបាលកម្ពុជាបានសម្លាប់ទៅហើយ ឱ្យរស់ឡើងវិញ។ រស់ឡើងវិញប្រៀបបានដូចជាគេប្រើពាក្យមួយថា កាំបិតចិតដងឯង ព្រោះអាហ្នឹងវា ក្រៅពីទប់ទល់ជាមួយប្រទេសថៃ ក៏ទប់ទល់ទៅនឹងការដែលរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់វិធីក្នុងការបង្ក្រាបសំឡេងប្រឆាំង។ សំឡេងគេហៅថាគណបក្សជំទាស់ដែលកម្ពុជាដើម្បីកុំឱ្យក្រកួតប្រជែង ទាក់ទងទៅនឹងអំណាចរបស់គណបក្សប្រជាជន»។
បើគេពិនិត្យលើខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជា ដែលមានប្រទេសចំនួន១៨ជាសាក្សី មានប្រទេសបារាំង និងឥណ្ឌូនេស៊ី ជាសហប្រធាន គឺបង្កើតឡើងដើម្បីបញ្ចប់ជម្លោះនយោបាយ ងាកទៅរកការផ្សះផ្សាជាតិ ការពារបូរណភាពទឹកដីខ្មែរ និងរៀបចំការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌តាមគន្លងប្រជាធិបតេយ្យ។
កាលពីជាង៣០ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ លោក ហ៊ុន សែន គឺជាតំណាងម្ចាស់ហត្ថលេខីដ៏សំខាន់មួយ បង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះឡើង។
ប៉ុន្តែ ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ត្រូវគេមើលឃើញថា បានជាន់ឈ្លីកិច្ចព្រមព្រៀងមួយនេះទៅវិញ ដោយបានរំលាយគណបក្សសង្គ្រោះជាតិ រំលោភឆន្ទៈរាស្រ្តជិតកន្លះនគរនៅចុងឆ្នាំ២០១៧ បង្កើតការបោះឆ្នោតក្លែងក្លាយ ចាប់ខ្លួនមន្រ្តីបក្សប្រឆាំង និង សកម្មជនសង្គម តាមទំនើងចិត្ត ជាដើម។
ភស្តុតាងមួយទៀត ដែលបង្ហាញថា លោក ហ៊ុន សែន បំពានកិច្ចព្រមព្រៀងប៉ារីស គឺកាលពីថ្ងៃទី៥និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ជាព្រឹត្តិការណ៍បង្ហូរឈាមនៅកណ្តាលរាជធានីភ្នំពេញ ដែលត្រូវគេចាត់ទុកថា ជាចេតនាធ្វើរដ្ឋប្រហាររបស់លោក ហ៊ុន សែន។
កាលនោះ លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២ ខណៈសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្រ្តីទី១ ក្រោយមានការរៀបចំការបោះឆ្នោតជាលើកដំបូងនៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់។
យ៉ាងណា ក្រុមអង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន នៅថ្ងៃទី២១ ខែសីហានេះ បន្តធ្វើយុទ្ធនាការដាក់ញត្តិនៅស្ថានទូតនៃប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យកោះប្រជុំបន្ទាន់ ដើម្បីទប់ស្កាត់ការឈ្លានពានរបស់ថៃ ក្នុងនោះរួមទាំងប្រទេសបារាំង ដែលបារាំង ជាសហប្រធានកិច្ចព្រមព្រៀងនេះដែរ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជានកម្ពុជា លោក ជា ធីរិទ្ធិ ធ្លាប់ប្រាប់VODនៅថ្ងៃទី១៨ ខែសីហាថា រដ្ឋាភិបាលកំពុងប្រឹងប្រែងគ្រប់វិធី ទាំងយន្តការការទូត ច្បាប់អន្តរជាតិ យន្តការអាស៊ាន ដើម្បីបុព្វហេតុការពារទឹកដីកម្ពុជា។
លោកថា៖ «ចុះរដ្ឋាភិបាលកម្ពុជាដែលកំពុងតែស្វែងរកការអន្តរាគមន៍ ស្វែងរកនូវវិធានការតាមផ្លូវច្បាប់គ្រប់បែបយ៉ាង ដើម្បីប្រឆាំងមិនឲ្យសត្រូវឈ្លានពានរំលោភចូលបូរណភាពទឹកដីរបស់កម្ពុជាហ្នឹងហើយ ជាខ្លឹមសារដែលយើងបានអនុវត្តកន្លងមកនោះ អ៊ីចឹងវាអត់មានអីដែលយើងមិនបានអនុវត្តទេ យើងបានធ្វើគ្រប់បែបយ៉ាងទាំងអស់ សម្រាប់ការពារបូរណភាពទឹកដីរបស់កម្ពុជា»។
យ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា មូលហេតុដែលរដ្ឋាភិបាលគ្រួសារហ៊ុន មិនហ៊ានប្តឹងថៃទៅសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយសារតែគ្រួសារហ៊ុនខ្លាចប៉ះពាល់ដល់វៀតណាម។
លោកថា ប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់គំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញ បើព្រះអង្គមិនព្រមឡាយព្រះហស្តលេខា លើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥។
បើតាមលោក ម៉ែន ណាត សន្ធិសញ្ញានេះ បានរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីសម្រេចមហិច្ឆតាវៀតណាមលេបទឹកដី ដែលធ្វើឱ្យរបូតចង្កោមកោះក្រចកសេះ កោះត្រល់ រួមទាំងដែនដីគោកច្រើនទៀតតាមព្រំដែន ធ្លាក់ក្នុងដៃវៀតណាម រហូតបច្ចុប្បន្ន។
លោកថា៖ «បើប្រើកិច្ចព្រមព្រៀងក្រុងប៉ារីស វៀតណាមមានជាប់ជំពាក់ជាមួយវៀតណាម ព្រោះវៀតណាមរំលោភឈ្លានពានកម្ពុជានិងច្រើនជាងថៃទៀត ហើយរដ្ឋាភិបាលកម្ពុជាហ្នឹងបានធ្វើកិច្ចសន្យា កិច្ចសន្យាតាមរយៈសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងអីចំនួនមានជាប់ជំពាក់ជាមួយវៀតណាម ម្លោះហើយកម្ពុជាបើប្រើយន្តការកិច្ចព្រមព្រៀងក្រុងបារីស ខ្លាចនៅពេលដែលយើងទាមទារយុត្តិធម៌ពីថៃ ហើយបន្តិចក្រោយមកក៏ពលរដ្ឋជំរុញឲ្យទាមទារយុត្តិធម៌ពីវៀតណាម ដែលវៀតណាមរំលោភបំពានកម្ពុជាដូចថៃអីចឹង»។
បើតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ តម្រូវឱ្យបញ្ចប់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយ ដែលមិនស្របនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រិតភាព និងឯកភាពជាតិរបស់ខ្លួន។
បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀងនេះ បញ្ជាក់ថា បើមានការគំរាមកំហែងរំលោភលើអធិបតេយ្យភាពកម្ពុជា បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះ ត្រូវពិគ្រោះជាបន្ទាន់ ដើម្បីអនុម័តរាល់វិធានការសមស្រប ដើម្បីដោះស្រាយរាល់ការរំលោភទាំងនេះតាមមធ្យោបាយសន្តិវិធី។
វិធានការដោះស្រាយ រួមមាន រាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬប្រើប្រាស់មធ្យោបាយដំណោះស្រាយនូវទំនាស់ដោយសន្តិវិធី យោងតាមមាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយភាគីពាក់ព័ន្ធក៏អាចសុំការឧបត្ថម្ភពីសហប្រធាននៃសន្និសីទប៉ារីសស្តីពីកម្ពុជា រួមមានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ីផងដែរ៕









