បក្សប្រឆាំងនិយាយថា កម្ពុជាមានលទ្ធភាពទិញយន្តហោះចម្បាំង និងអាវុធទំនើប សម្រាប់ពង្រឹងវិស័យការពារជាតិ ដើម្បីទប់ទល់នឹងសត្រូវឈ្លានពាន បើបក្សកាន់អំណាចប្រើប្រាស់ថវិកាជាតិឱ្យចំគោលដៅ មិនពុករលួយ និងបក្ខពួកនិយម សំពីងសំពោង ដែលគេហៅថា ក្បាលធំជាងខ្លួន ដូចបច្ចុប្បន្ននេះ។
ការជំរុញនេះ ក្រោយពីកម្ពុជា-ថៃបានផ្ទុះអាវុធដាក់គ្នាពេល ៥ថ្ងៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលគេសង្កេតឃើញថា ថៃបានប្រើប្រាស់អាវុធទំនើបៗ រួមមាន យន្តហោះចម្បាំង F-១៦ ទម្លាក់គ្រាប់បែកមកលើទីតាំងខ្សែត្រៀមជួរមុខរបស់កងទ័ពកម្ពុជា។
ប៉ុន្តែកម្ពុជាគ្មានអាវុធបាញ់តបវិញ ដើម្បីប្រឆាំងនឹងយន្តហោះចម្បាំងនេះទេ ដែលធ្វើឱ្យថៃវាយប្រហារកម្ពុជាបានតាមចិត្ត។
ការណ៍នេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា ប្រាប់VODនៅថ្ងៃទី២១ ខែសីហានេះថា ក្នុងកាលៈទេសៈផុយស្រួយនៃសង្រ្គាមឈ្លានពានរបស់ថៃនេះ រដ្ឋាភិបាលត្រូវពង្រឹងវិស័យការពារជាតិ។
ក្នុងន័យនេះ លោកបញ្ជាក់ថា ដើម្បីវិស័យការពារជាតិ កម្ពុជាគួរកាត់បន្ថយក្រសួងស្ថាប័នដែលមិនចាំបាច់ លុបបំបាត់អំពើពុករលួយ បក្ខពួកនិយម និងមិនត្រូវចំណាយថវិកាជាតិខ្ជះខ្ជាយក្នុងផ្លូវខុសនោះទេ។
លោកថា បើរដ្ឋាភិបាលកាត់បន្ថយចំនុចខាងលើនេះបាន កម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ពង្រឹងវិស័យការពារជាតិដ៏រឹងម៉ាំ នឹងអាចប្រមូលថវិកាជាតិទាំងនោះ ទិញយន្តហោះចម្បាំង F-16 និងអាវុធទំនើបៗ ដើម្បីទប់ទល់នឹងសត្រូវឈ្លានពានបាន។
លោកថា៖ «នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺរដ្ឋាភិបាលចាំបាច់ត្រូវធ្វើកំណែទម្រង់ ឬក៏សម្របសម្រួលរដ្ឋាភិបាលរបស់ខ្លួន តាមរយៈបញ្ចូលបង្រួមក្រសួងមួយចំនួនបញ្ចូលគ្នា ឲ្យទៅជាក្រសួង ដែលបីបួននឹងទៅជាក្រសួងមួយ កាលណាបីបួនទៅជាក្រសួងមួយ ចំនួនក្បាលម៉ាស៊ីននៃក្រសួងនោះ ក៏ថយចុះដែរ ឧបមាយើងបង្រួមក្រសួងបីមកមួយ បានន័យថា យើងបង្រួមរដ្ឋមន្ត្រីបីមកម្នាក់ហើយ ហើយកាត់បន្ថយរដ្ឋមន្ត្រីបីមកម្នាក់ យើងអាចកាត់បន្ថយរដ្ឋលេខាធិការមួយភាគបីទៀត យើងអាចកាត់បន្ថយរដ្ឋលេខាធិការមួយភាគបីទៀត ចឹងមានន័យថា អាហ្នឹងហើយដែលជាវិធានការដ៏សមស្របវិធានការដ៏ត្រឹមត្រូវ នៅក្នុងការសន្សំថវិការបស់រដ្ឋាភិបាល»។
លើសពីនេះ លោក សូរីដា ក៏បានបង្ហោះសារនៅលើហ្វេសប៊ុកផងដែរ បញ្ជាក់ថា ថវិកាជាតិចំណាយប្រចាំឆ្នាំ២០២៥ សម្រាប់រដ្ឋាភិបាលកម្ពុជា មានដល់ ៩៧០០លានដុល្លារអាមេរិក។
លោកបន្តថា បើរដ្ឋសន្សំសំចៃការចំណាយ គឺរដ្ឋាភិបាលកម្ពុជាធ្វើកំណែទម្រង់ ឬសម្រួលក្រសួងមួយចំនួនបញ្ចូលគ្នា កាត់បន្ថយចំនួនរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងលុបស្ថាប័នអត់ប្រយោជន៍ខ្លះនោះ រដ្ឋអាចសន្សំលុយបាន ៣០០០-៤០០០ លានដុល្លារអាមេរិក។
លោកអះអាងទៀតថា លុយទាំងអស់នេះ អាចយកទៅចំណាយក្នុងទំនើបកម្មវិស័យកងទ័ពកម្ពុជាបាន (តែត្រូវមានវិធានម៉ឹងម៉ាត់ចំពោះអំពើពុករលួយក្នុងវិស័យការពារជាតិ) ដើម្បីយកទៅទិញយន្តហោះចម្បាំង F-១៦ របស់សហរដ្ឋអាមេរិក ១០គ្រឿង យន្តហោះចំបាំងរបស់ចិន J-10 ១០គ្រឿង និងកាំភ្លើងការពារដែនអាកាស កាំភ្លើងប្រឆាំងនឹង Drone ជាដើម។
ប្រហែលគ្នានេះដែរ តំណាងបក្សសង្រ្គោះជាតិម្នាក់ទៀតគឺ លោក អ៊ុំ សំអាន និយាយថា រដ្ឋាភិបាលគួរតែបញ្ជាទិញយន្តហោះចម្បាំង F-16 ឬ F-35 យ៉ាងតិច៥គ្រឿងពីសហរដ្ឋអាមេរិក ក្នុងការពង្រឹងសមត្ថភាពការពារជាតិ ដើម្បីទប់ទល់នឹងសត្រូវឈ្លានពានទឹកដី។
មិនតែប៉ុណ្ណោះ លោកថា រដ្ឋាភិបាលគួរតែទិញដ្រូនចម្បាំងពីអ៊ុយក្រែន ឬដ្រូន ដែលជាស្នាដៃរបស់កូនខ្មែរឱ្យបានច្រើនគ្រឿង និងទិញសំណាញ់មេឃ កាំភ្លើងបាញ់ដ្រូនបន្ថែមទៀតសម្រាប់ទុកការពារទឹកដី។
សម្រាប់លោក អ៊ុំ សំអាន អះអាងថា លោកនឹងជួយចំណាយថវិកាផ្ទាល់ខ្លួនខ្លះ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ហើយរដ្ឋាភិបាលគួរតែរៃអង្គាសថិវកាពីពួកឧកញ៉ា ដើម្បីទិញយន្តហោះចម្បាំង ដ្រូន សំណាញ់មេឃ និងកាំភ្លើងបាញ់ដ្រូនទាំងនេះ។
លោកអះអាងទៀតថា ប្រទេសភូមាដែលក្រីក្រជាងកម្ពុជា ក៏មានលទ្ធភាពទិញយន្តហោះចម្បាំងជាច្រើនគ្រឿង ចំឡែកអីតែកម្ពុជាមិនទាន់មានយន្តហោះចម្បាំងមួយនៅឡើយ ដែលធ្វើឱ្យទាហានថៃមើលស្រាលសមត្ថភាពកម្ពុជា។
លោកបន្តថា បើរដ្ឋាភិបាលគ្មានលទ្ធភាពទិញយន្តហោះចម្បាំងទំនើបពីសហរដ្ឋអាមេរិកទេ រដ្ឋាភិបាលក៏អាចទិញយន្តហោះចម្បាំងពីប្រទេសចិនដែលមានតម្លៃថោកជាង សម្រាប់ការពារជាតិផងដែរ។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ ធ្លាប់ប្រាប់VODថា រឿងប្រទេសជាតិមាតុភូមិ រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ និងខ្វាយខ្វល់ជាងក្រុមអ្នកប្រឆាំងទៅទៀត។
លោកថា៖ «សម្បត្តិ អ្វីដែលពួកគេលើកឡើងនោះ គឺមិនបានមើលឃើញអំពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដឹងដោយគណបក្សប្រជាជនកម្ពុជាទេ តាមពិតរដ្ឋាភិបាលបានខិតខំប្រឹងប្រែងណាស់ នៅក្នុងការការពារជាតិ ពង្រឹងវិស័យការពារជាតិ តួយ៉ាងដូចជាក្នុងពេលដែលសត្រូវឈ្លានពានយើង អ៊ីចឹងរដ្ឋាភិបាលបានខិតខំប្រឹងប្រែងការពារទឹកដីជាមួយនឹងកងកម្លាំងទាហានយើង ស្ម័គ្រចិត្តធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ លោក សេក សុជាតិ គាំទ្រឱ្យមានការកាត់បន្ថយក្រសួង ស្ថាប័ន ដែលមិនចាំបាច់ ដើម្បីកាត់បន្ថយការងារដែលស្ទួនគ្នានិងដើម្បីសន្សំថវិកាជាតិ។
លោកអះអាងថា រឿងសំខាន់មួយទៀត គឺលុបបំបាត់អំពើពុករលួយឱ្យបានច្រើនជាអតិបរិមា ពេលនោះកម្ពុជានឹងមានកញ្ចប់ថវិកាគ្រប់គ្រាន់ ដើម្បីទិញយន្តហោះចម្បាំង អាវុធទំនើបៗសម្រាប់ការពារជាតិ។
លោកថា៖ «អ្វីដែលសំខាន់ គឺកាត់អំពើពុករលួយឲ្យបានច្រើនជាអតិបរមា ពេលនោះយើងនឹងមានកញ្ចប់លុយគ្រប់គ្រាន់នៅក្នុងការទិញសព្វាវុធ ដើម្បីការពារជាតិរបស់យើងហើយ សម្រាប់ខ្ញុំយល់ថា ដើម្បីការពារជាតិយើងឲ្យបានល្អប្រសើរ ខ្ញុំយល់ថា រដ្ឋាភិបាលជាពិសេសគឺក្រសួងការពារជាតិ តាមរយៈសាកលវិទ្យាល័យការពារជាតិនៃខាងឫស្សីកែវ គឺអាចបង្កើតនូវជំនាញថ្មីៗចុងក្រោយ ដូចជា រ៉ូបូតជំនាញបញ្ញាសិប្បនិម្មិត និងម៉ាស៊ីនសិក្សា និងអភិវឌ្ឍន៍នៃជំនាញមួយចំនួន ដែលអាចប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា ដើម្បីឲ្យបច្ចេកវិទ្យាបានរួមចំណែកនៃក្នុងការការពារដែនអធិបតេយ្យភាពរបស់កម្ពុជាផងដែរ»។
បច្ចុប្បន្ន កម្ពុជាដែលមានប្រជាជនប្រមាណតែ ១៧លាននាក់ មានក្រសួងប្រមាណ៣០ និងស្ថាប័នរដ្ឋចំនួន១៧ផ្សេងទៀត ដែលនៅគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងនោះ ពេញណែនទៅដោយមន្ត្រីគ្រាក់ៗ ក្នុងនោះគ្រាន់តែទីស្តីការគណៈរដ្ឋមន្ត្រីមួយ មានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរហូតដល់ជាង ១០០នាក់ឯណោះ ខណៈប្រទេសវៀតណាមដែលមានប្រជាជនប្រមាណ ១០០លាននាក់ គេមានតែ១៤ក្រសួង និងពុំមានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដូចកម្ពុជាឡើយ។
អ្នកឃ្លាំមើលលើកឡើងថា ការរក្សាទុកមន្ត្រីសំពីងសំពោង ដែលគេហៅថា រដ្ឋាភិបាលក្បាលធំជាងខ្លួន បង្កជាជំងឺសង្គមរ៉ាំរ៉ៃច្រើនប្រភេទ ពិបាកនឹងព្យាបាល ក៏ព្រោះតែការចំណាយលុយជាតិខ្ជះខ្ជាយ សម្រាប់តែបក្ខពួកនិយម ធ្វើឱ្យពលរដ្ឋក្លាយជាជនរងគ្រោះនៃអំពើពុករលួយ គំរាមកំហែងដល់ការកសាងប្រទេស មិនអាចប្រកួតប្រជែងទៅនឹងប្រទេសជិតខាងបាន។
ជុំវិញបញ្ហានេះ បើគេក្រឡេកមើលវៀតណាម ដែលមានប្រជាជនប្រមាណ ១០០លាននាក់ ថ្មីៗនេះ បានចាប់ផ្តើមធ្វើកំណែទម្រង់ជាថ្មីទៀត ដោយកាត់បន្ថយក្រសួងពី១៨ ឱ្យមកនៅត្រឹម១៤ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពការងារ ខណៈកម្ពុជាដែលមានប្រជាជនត្រឹម ១៧លាននាក់ មានក្រសួងរហូតដល់២៨ និងមានស្ថាប័នជាតិចំនួន ១៧ផ្សេងទៀត។
រដ្ឋសភាវៀតណាម កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអនុម័តសេចក្តីព្រាងច្បាប់រៀបចំរដ្ឋាភិបាលថ្មី ដែលនឹងកាត់បន្ថយមន្ត្រីពី១៥ ទៅ ២៥% និងកាត់បន្ថយក្រសួងចំនួន៥ គឺពី១៨ក្រសួង មកនៅត្រឹម១៤ក្រសួង។
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡាំ បានថ្លែងថា នេះជាការបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈវៀតណាម។ តាមសេចក្តីព្រាងច្បាប់ដែលត្រូវបានរដ្ឋសភាវៀតណាមអនុម័ត ក្រសួង៥ ទីភ្នាក់ងារ៤ និងទូរទស្សន៍រដ្ឋ៥ នឹងត្រូវលុបចោល។
វៀតណាមនិយាយថា រដ្ឋប្រឹងជំរុញប្រសិទ្ធភាពក្បាលម៉ាស៊ីនរដ្ឋបាលឱ្យកាន់តែខ្លាំងក្លា និងលុបប្រការដែលស្ថាប័នរដ្ឋជា «ស្ថានសួគ៌សម្រាប់មន្ត្រីអសមត្ថភាព»។ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍។
ជាមួយគ្នានេះ បើតាម AFP ការកាត់បន្ថយបុគ្គលិករដ្ឋវៀតណាម២០% ប្រមាណ១០ម៉ឺននាក់ និងកាត់បន្ថយចំនួនក្រសួង និងទីភ្នាក់ងារនេះ នឹងធ្វើឲ្យរដ្ឋសន្សំបានថវិកា ៤,៣ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ។ លោក តូ ឡាំ បានថ្លែងថា ទីភ្នាក់ងារ ស្ថាប័នរដ្ឋមិនគួរជាកន្លែងលាក់ខ្លួនរបស់មន្រ្តីអន់ៗ គ្មានសមត្ថភាពនោះទេ ខណៈបច្ចុប្បន្នប្រទេសវៀតណាមមានប្រជាជនប្រមាណ ១០១លាននាក់។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ធ្លាប់និយាយថា ឆ្លងកាត់ការផ្ទុះអាវុធជាមួយថៃ ៥ថ្ងៃទៅនេះ ឆ្លុះបញ្ចាំងថា កម្ពុជានៅខ្វះខាតច្រើនដែលត្រូវកែលម្អ។
សម្រាប់លោក ឯម សុវណ្ណារ៉ា ដើម្បីឱ្យជាតិសាសន៍មួយខ្លាំង អាចទប់ទល់ទៅនឹងសត្រូវឈ្លានពានបាន យ៉ាងហោចណាស់ កម្ពុជាត្រូវលើកកម្ពស់ជីវភាពពលរដ្ឋ សុខភាពសាធារណៈ ចរន្តជាតិនិយម មិនបែងចែកនិន្នាការនយោបាយ ការផ្សះផ្សាជាតិ រដ្ឋាភិបាលត្រូវពង្រឹងសមត្ថភាពខ្លួនឯង តាមរយៈពង្រឹងវិស័យការពារជាតិ និងវិស័យការទូត ដែលចាំបាច់ត្រូវស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលជាកត្តាទាក់ទាញការគាំទ្រ ពីក្រុមប្រទេសប្រជាធិបតេយ្យជឿនលឿន តបតាមធម្មនុញ្ញជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
លោកថា៖ «មួយទៀតគឺគេហៅថាការគាំពារពីអន្តរជាតិ ហើយកន្លងមកយើងនៅមានខ្វះខាតពីលោកខាងលិច យើងហាក់ដូចជាព្រងើយកន្តើយ មិនឈឺឆ្អាលទៅលើការលើកឡើងរបស់សហគមន៍អន្តរជាតិពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សហ្នឹង គួរតែរកវិធីសាស្ត្រកែតម្រូវ អាហ្នឹងទើបជាកិច្ចការល្អដើម្បីឲ្យមានគាំពារពីសហគមន៍អន្តរជាតិនេះ ក្នុងក្របខ័ណ្ឌជាតិ និងមានបីចំណុច គឺការគាំពារពីអន្តរជាតិការគាំទ្រពីពលរដ្ឋខ្មែរ និងរដ្ឋាភិបាលខ្លួនឯងឲ្យរឹងមាំ»៕









