ផ្កាម្លិះក្រពុំៗសក្បុស ជះក្លិនក្រអូបសាយ ត្រូវបានគេប្រមូលច្រកថង់ផ្ដុំគ្នា រង់ចាំឈ្មួញមកទិញ ក្រោយ បេះក្នុងចម្ការអស់មួយព្រឹកធំ។ ទម្រាំបានមកនៅក្នុងថង់នេះ ផ្កាមួយគ្រាប់ៗត្រូវឆ្លងកាត់នូវភាពអត់ធ្មត់របស់អ្នកបេះដែលភាគច្រើន គឺជាស្ត្រីចំណាស់ៗ ដែលស៊ីឈ្នួលបេះផ្កាតាមចម្ការម្លិះ ស្ថិតនៅភូមិកោះថ្មី សង្កាត់កោះក្របី ជាយក្រុងភ្នំពេញ។
ស្ថិតក្នុងសម្លៀកបំពាក់ និងមួកបាំងបិទជិតខ្លួន អ្នកស្រី មួង ណា ឱ្យដឹងថា អ្នកស្រីស៊ីឈ្នួលបេះផ្កាម្លិះនេះ ៣ឆ្នាំមកហើយ ក្រោយបោះបង់របរជាអ្នកលក់ផ្លែឈើ។ អ្នកស្រីបន្តថា របរនេះបានកម្រៃមិនទៀងឡើយ ដោយថ្ងៃខ្លះស្ទើរតែមិនបានលុយទិញម្ហូប ដោយសារម្លិះមិនសូវចេញផ្កា។
ទោះបានកម្រៃមិនទៀង តែស្ត្រីវ័យជាង ៥០ឆ្នាំរូបនេះ នៅតែបន្តធ្វើ ព្រោះជាការងារនៅក្បែរផ្ទះ អាចមានពេលមើលថែម្ដាយចាស់ជរាបាន។
អ្នកស្រី មួង ណា និយាយថា៖ «នៅជិតគ្នាអ៊ីចឹងទៅ យើងបានមើលម្ដាយឈឺអីអ៊ីចឹងណា។ ផ្កាចេញច្រើនបានពីរម៉ឺនអ៊ីចឹងទៅ ផ្កាអត់បានមួយម៉ឺនជាង ជួនកាលថ្ងៃមុនបានបីខាំហ្នឹង ហើយបើភ្លៀង ក៏យើងបេះទាំងហាលភ្លៀងដែរ ជួនកាលមួយថ្ងៃទល់ល្ងាច។ ជួនកាលបេះដូងធ្វើទុក្ខ ញ័រទទ្រើក បើយើងមិនបេះ បានលុយឯណាហូប»។
ម្លិះមួយគីឡូក្រាម ទទួលបានថ្លៃឈ្នួលបេះមួយម៉ឺនរៀល។ ខែប្រាំងគឺជារដូវអំណោយផលដល់ដំណាំមួយនេះ ដោយអ្នកបេះម្នាក់អាចរកកម្រៃបាន៤ទៅ៥ម៉ឺនរៀលឯណោះ។ តែនៅពេលរដូវវស្សា និងរដូវធ្លាក់ខ្យល់ត្រជាក់ចូលមកដល់ ពួកគាត់ត្រូវប្រឈមមុខគ្មានប្រាក់ចំណូល ដោយសារផ្កាមិនចេញច្រើន ឬជ្រុះ និងរលួយ ក្រោយភ្លៀងធ្លាក់។
ស្ថិតក្រោមកម្ដៅនៅម៉ោងជិត១១ថ្ងៃត្រង់ទៅហើយនោះ អ្នកស្រី គង់ ង៉ា កំពុងបារម្ភថា ខ្លួនបេះផ្កាបានតិច ដោយសារមានភ្លៀងធ្លាក់មួយមេធំ កាលពីយប់ ធ្វើឱ្យជ្រុះផ្កាអស់។ អ្នកស្រីបន្តថាបើបេះផ្កាបានមួយគីឡូ បានកម្រៃតែមួយម៉ឺនរៀលប៉ុណ្ណោះ ដោយមិនអាចយកទៅទប់ទល់ជីវភាពគ្រួសារបានឡើយ។
អ្នកស្រី គង់ ង៉ា និយាយថា៖ «ខែវស្សាពិបាកចំណូល ចូលបានមួយម៉ឺន មួយម៉ឺនជាង។ អត់គ្រប់ទេ មួយថ្ងៃបានមួយគីឡូជាងអត់គ្រប់ទេ។ មួយថ្ងៃបានពីរគីឡូទៅបីគីឡូបានគ្រប់។ តែធ្វើម៉េចបើយើងអត់មានផ្កា មានតែប៉ុណ្ណឹងបេះប៉ុណ្ណឹង»។
ជាទម្លាប់អ្នកភូមិកោះថ្មី តែងចាប់ផ្ដើមបេះផ្កាម្លិះនៅពេលព្រះអាទិត្យរះ ជាពេលអស់ទឹកសន្សើមចេញពីផ្កា និងបន្តបេះរហូតដល់ម៉ោងបាយ ហើយបន្តបេះម្ដងទៀតនៅពេលរសៀលរហូតដល់ល្ងាច។ កិច្ចការនេះ គឺត្រូវធ្វើរហូតដល់អស់ផ្កាម្លិះដែលក្រពុំៗបើពុំនោះទេ ផ្កានឹងរីកចាយអស់នៅថ្ងៃស្អែកជាមិនខាន។
ម្លិះចេញផ្ការាល់ថ្ងៃ តែក៏តម្រូវឱ្យមានការថែទាំ តុបតែង ពិសេសគឺការបាញ់ថ្នាំសម្លាប់សត្វល្អិត និងបង្ការរោគ។ ជាទូទៅម្ចាស់ចម្ការបាញ់ថ្នាំពីរថ្ងៃម្ដង ក្នុងបរិមាណតិច ប៉ុន្តែវាក៏បានផ្ដល់ផលប៉ះពាល់ដល់អ្នកស៊ីឈ្នួលបេះផងដែរ។
ឈរក្បែរៗគ្នាក្នុងចម្ការម្លិះ អ្នកស្រី គីមលី បានឧទានឡើងថា ថ្ងៃខ្លះថ្នាំទាំងនោះរោលស្អែក ធ្វើឱ្យអ្នកស្រីអេះរហូតដល់ចេញឈាម។ ដើម្បីបង្ការផលលំបាកនេះ អ្នកស្រីត្រូវយកក្រណាត់រុំភ្លៅ ពាក់ស្រោមដៃពីរជាន់ ដើម្បីកាត់បន្ថយការប៉ះពាល់។
អ្នកស្រីថា៖ «ព្រលឹមឡើងគេបាញ់ម៉ោង៦ ម៉ោង៧ យើងចុះបេះម៉ោង៧ មិនថ្នាំជ្រាបពេញហ្នឹង។ ឃើញសុទ្ធតែថ្នាំទេនេះហើយដៃហ្នឹង ជួនកាលរីកស្គុយត្រូវថ្នាំណា។ ភ្លៅទាល់តែយកអីរុំ បើមិនអ៊ីចឹងរមាស់អេះខ្វាចចេញឈាម»។
ផ្លាម្លិះមានក្លិនក្រអូប រាងតូចសស្អាត ជាផ្កាពេញនិយមមួយប្រភេទ ដែលគេចូលចិត្តប្រើសម្រាប់ដាក់តាំងលម្អស្រង់ក្លិន ធ្វើគ្រឿងបូជាសាសនា និងក្នុងកម្មវិធីមង្គលផ្សេងៗជាដើម។ លើសពីគុណតម្លៃរបស់វា ផ្កាម្លិះក៏បានបង្ហាញពីជ្រុងមួយនូវតម្លៃនៃការអត់ធ្មត់របស់ស្ត្រីចំណាស់ៗ ដែលឈរហាលថ្ងៃហាលភ្លៀង ប្រលេះវាពីទង ម្ដងមួយគ្រាប់ៗ៕









