ការបាត់បង់បន្ទប់ផ្សាយព័ត៌មានឯករាជ្យនៅកម្ពុជា បានក្លាយជារឿងឈឺចាប់ នៅពេលដែលការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជា-ថៃ បានផ្ទុះឡើងនៅតាមព្រំដែនភាគខាងជើងប្រទេសកម្ពុជា។
ប៉ុន្តែគ្មានការរាយការណ៍ព័ត៌មានដោយឯករាជ្យក្នុងស្រុកខ្លាំង ស្របពេលដែលការភូតកុហក រូបភាពដែលមិនត្រឹមត្រូវ និងពាក្យចចាមអារ៉ាមដែលមានប្រយោជន៍ផ្នែកនយោបាយរីករាលដាលយ៉ាងលឿន ធ្វើឱ្យមានភាពស្មុគស្មាញដល់សហគមន៍អន្តរជាតិក្នុងការយល់ពីព្រឹត្តិការណ៍ទាំងនោះ។
ជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែនរវាងភាគីកម្ពុជា-ថៃទ្រង់ទ្រាយធំ កើតមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ២ថ្ងៃបន្ទាប់ យ៉ាងហោចណាស់ពលរដ្ឋខ្មែរ ៨៤នាក់ បានស្លាប់ និងរងរបួស ដោយសារការឈ្លានពានរបស់ថៃ។ ក្នុងនោះទាហានខ្មែ៥នាក់បានស្លាប់ ខណៈ២១នាក់បានរងរបួស រីឯជនស៊ីវិល៨នាក់ស្លាប់ និង៥០នាក់ផ្សេងទៀតបានរងរបួស ហើយជនភៀសសឹកកម្ពុជាជាង ១២ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីតាំងសុវត្ថិភាព។ នេះបើតាមការធ្វើបច្ចុប្បន្នភាពរបស់ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។
បទឈប់បាញ់ ត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី ដែលផ្តួចផ្តើមគំនិតដោយប្រធាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយបទឈប់បាញ់នេះ ត្រូវបានប្រកាសថា បានចូលជាធរមានចាប់ពីម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ប៉ុន្តែគេសង្កេតឃើញថា ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែមានកម្រិតខ្ពស់ ស្របពេលដែលព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាមនៅតែបន្តកើតមាន។
របត់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឆ្នាំ២០១៧
បរិយាកាសប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមុនឆ្នាំ២០១៧ មិនល្អឥតខ្ចោះនោះទេ ប៉ុន្តែវាមានភាពចម្រុះ ដោយមានស្ថាប័នព័ត៌មានក្នុងស្រុក ស្ថាប័នកាសែតជាភាសាអង់គ្លេសដែលមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ ស្ថាប័នផ្សព្វផ្សាយអន្តរជាតិដែលមានការិយាល័យនៅកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងឯករាជ្យជាច្រើន។
សម្រាប់អ្នកសារព័ត៌មាន ឆ្នាំ២០១៧ ជាឆ្នាំដែលពោរពេញដោយការរឹតត្បិត។ កាសែត ដឹ ខេមបូឌា ដេលី ដែលជាកាសែតភាសាអង់គ្លេសមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ត្រូវបានបង្ខំឱ្យបិទបន្ទាប់ពីរដ្ឋាភិបាលបានទាមទារឱ្យកាសែតនេះបង់ពន្ធជាង ៦លានដុល្លារសហរដ្ឋអាមេរិក។
វិទ្យុអាស៊ីសេរី បានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ ហើយសារព័ត៌មានវិជ្ជាជីវៈ និងឯករាជ្យមួយចំនួនត្រូវបានលក់ទៅឱ្យអ្នកមានទំនាក់ទំនងជាមួយអ្នកនយោបាយ ស្របពេលដែលអ្នកសារព័ត៌មានមួយចំនួនត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ។
អង្គការឃ្លាំមើលសិទិ្ធមនុស្សជាតិ និងអន្តរជាតិ បានពិពណ៌នាអំពីចំណាត់ការទាំងនោះថា ជាផ្នែកមួយនៃការបង្រ្កាបផ្នែកនយោបាយដ៏ទូលំទូលាយ ដែលកាត់បន្ថយសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាន។
នៅឆ្នាំ២០១៨ សន្ទស្សន៍សេរីភាពសារព័ត៌មាននៅកម្ពុជា ដែលចាត់ថ្នាក់ដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានធ្លាក់ចុះយ៉ាងខ្លាំង ហើយស្ថានភាពនេះកាន់តែមានភាពអាក្រក់ជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។
លោក ហួន ផន អ្នកសម្របសម្រួលគម្រោងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពជាមូលដ្ឋានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងថា ការបាត់បង់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យតាំងពីឆ្នាំ២០១៧ ធ្វើឱ្យព័ត៌មានក្លែងក្លាយមានការកើនឡើង និងធ្វើឱ្យប៉ះពាល់ដល់ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងមានការប៉ះទង្គិចតាមព្រំដែនកម្ពុជា-ថៃ កាលពីខែមុន។
លោកបន្ថែមថា៖ «ការបាត់បង់នូវប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រព័ន្ធផ្សព្វផ្សាយចម្រុះបែបនេះ វាធ្វើឱ្យប៉ះពាល់ដល់ការទទួលព័ត៌មានគ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ ហើយវាប៉ះពាល់ដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋផងដែរ នៅពេលដែលមានការកើនឡើងព័ត៌មានក្លែងក្លាយក្នុងសង្គម។ អ៊ីចឹងការលើកកម្ពស់ និងការជ្រោមជ្រែង គាំពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ វាជាផ្នែកមួយដ៏សំខាន់ក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយ ហើយជួយលើកកម្ពស់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អ ជាក់លាក់ និងត្រឹមត្រូវ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ»។
កង្វះអ្នកសារព័ត៌មានឯករាជ្យ បណ្តាលឱ្យខ្វះព័ត៌មានដែលអាចជឿទុកចិត្ត
ស្របពេលដែលការប៉ះទង្គិចតាមបណ្តោយព្រំដែនកម្ពុជា-ថៃមានភាពផុយស្រួយ ការរាយការណ៍ព័ត៌មានអំពីវិបត្តិ ឬជម្លោះ មានភាពខុសៗគ្នាទៅតាមស្ថាប័ន និងអ្នករាយការណ៍ព័ត៌មានដែលមានវិជ្ជាជីវៈ និងឯករាជ្យ និងការត្រួតពិនិត្យអត្ថបទពីការីនិពន្ធ។
ប៉ុន្តែចំនួននៃប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋច្រើនជ្រុល ហើយព័ត៌មានដែលត្រូវបានចែកចាយតាមបណ្តាញសង្គម មានភាពទន់ខ្សោយ និងខ្វះការផ្ទៀងផ្ទាត់ បានទៅដល់ប្រជាពលរដ្ឋយ៉ាងលឿន ជាហេតុធ្វើឱ្យសាធារណជនត្រូវប្រឈមនឹងការទទួលបានព័ត៌មានយឺតយ៉ាវ ឬទទួលបានតែព័ត៌មានមិនមានតម្លាភាព និងមិនអាចទុកចិត្តបាន។
ការណ៍នេះកើតឡើងដោយសារឥទ្ធិពលនៃបន្ទប់ព័ត៌មានក្នុងស្រុក បានបាត់បង់បុគ្គលិកដែលជាអ្នកសារព័ត៌មានមានបទពិសោធន៍ ហើយអ្នកសារព័ត៌មានដែលនៅសល់ធ្វើការក្រោមសម្ពាធផ្លូវច្បាប់ និងការរឹតត្បិតយ៉ាងធ្ងន់ធ្ងរ។
លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លើកឡើងថា ក្នុងអំឡុងមានការប៉ះទង្គិចតាមព្រំដែនកម្ពុជា-ថៃ គេឃើញតម្រូវការសារព័ត៌មានឯករាជ្យដែលអាចផ្តល់ព័ត៌មានពិត និងទាន់ពេលវេលាដល់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានអន្តរជាតិ មានការខ្វះខាតច្រើន ដោយសារស្ថាប័នព័ត៌មានឯករាជ្យទាំងនោះត្រូវបានបិទទ្វារ។
លោកបន្ថែមថា កង្វះអ្នកសារព័ត៌មានឯករាជ្យ ធ្វើឱ្យការផ្សព្វផ្សាយព័ត៌មានមិនពិតក្រោមរូបភាពមួលបង្កាច់ និងចោទប្រកាន់គ្នាទៅវិញទៅមក រវាងអ្នកប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសថៃកើតមានច្រើន។
លោក ណុប វី បញ្ជាក់ថា៖ «ចំណុចហ្នឹងហើយដែលតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដើរតួនាទីសំខាន់។ ប្រព័ន្ធផ្សព្វផ្សាយដែលសហគមន៍អន្តរជាតិគេជឿទុកចិត្តបាន គឺដើរតួនាទីសំខាន់ដើម្បីជាមូលដ្ឋានក្នុងការទទួលបាន និងការយកព័ត៌មានពីជម្លោះព្រំដែនយកទៅធ្វើការសម្រេចចិត្ត ឬក៏ជួយដល់ការអន្តរាគមន៍ពីសហគមន៍អន្តរជាតិក្នុងករណីជម្លោះហ្នឹង»។
ទន្ទឹមនឹងកង្វះអ្នកសារព័ត៌មានក្នុងការរាយការណ៍អំពីជម្លោះនៅតាមព្រំដែន គេឃើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអំឡុងពេលពួកគេធ្វើដំណើរចុះទៅរាយការណ៍ព័ត៌មាន ក្នុងតំបន់មានជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
នេះបើតាមរបាយការណ៍កត់ត្រាដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។
អ្នកសារព័ត៌មានទាំងនោះ ត្រូវបានសមត្ថកិច្ចតម្រូវឱ្យបំពេញព័ត៌មានផ្ទាល់ខ្លួន និងផ្តល់ព័ត៌មានលម្អិតពីសកម្មភាពចុះយកព័ត៌មាន។
ចំណែកអ្នកសារព័ត៌មានសេរីមួយចំនួន មិនហ៊ានចុះយកព័ត៌មានដោយផ្ទាល់ ដោយសារពួកគេមិនមានបណ្ណសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន។
ពេលមានជម្លោះ ជាពេលដែលពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិតងាយផ្ទុះឡើង
អ្នកសារព័ត៌មានឯករាជ្យ តែងតែសម្ភាសន៍ផ្ទាល់ជាមួយប្រជាពលរដ្ឋ ភ្ជាប់ជាមួយរូបថតនៃរឿងរ៉ាវ ឬព្រឹត្តិការណ៍ណាមួយ ព្រមទាំងចំណេះដឹងអំពីបញ្ហាព្រំដែនភាពជូរចត់ក្នុងប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍សំខាន់ៗនៅក្នុងស្រុក។
អវត្តមានអ្នកសារព័ត៌មានឯករាជ្យក្នុងស្រុក ធ្វើឱ្យអ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលពឹងផ្អែកលើសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល សេចក្តីសង្ខេបរបស់សង្គមស៊ីវិល និងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាប្រភពមានភាពយឺតយ៉ាវ មិនពេញលេញ ហើយជាទូទៅត្រូវបានរៀបចំ ឬបង្កើតឡើងដោយចេតនា ដើម្បីបង្ហាញតាមទស្សនៈ ឬគោលបំណងណាមួយ។
លោកស្រី Aleksandra Bielakowska ប្រធានផ្នែកតស៊ូមតិរបស់អ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន (RSF) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើកឡើងថា នៅកម្ពុជា អ៊ីនធឺណិតបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ទទួលបានព័ត៌មាន ដោយសារប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីរងការរឹតត្បិត ហើយភាគច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។
អ្នកស្រីនិយាយថា៖ «ដោយសារប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីភាគច្រើនត្រូវបានរឹតត្បិត ឱ្យស្របតាមការចង់បានរបស់រដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជាកាន់តែចាប់ផ្តើមពឹងផ្អែកលើអ៊ីនធឺណិត ជាប្រភពសំខាន់សម្រាប់ព័ត៌មានឯករាជ្យ និងអាចទុកចិត្តបាន។ ទោះជាយ៉ាងណា វេទិកាឌីជីថលដែលជាកន្លែងកម្រសម្រាប់ប្រជាពលរដ្ឋបង្ហាញការមិនយល់ស្រប និងប្រាប់ការពិត ក៏ជាប្រភពនាំឱ្យអ្នកប្រើប្រាស់ជួបប្រទះនឹងការកើនឡើងនៃព័ត៌មានមិនពិតផងដែរ»។
ក្នុងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីចុងខែកក្កដា គេឃើញមានរូបថត និងវីដេអូជាច្រើន ត្រូវបានចែកចាយលើបណ្តាញសង្គម។ រូបភាព និងវីដេអូខ្លះ បង្ហាញពីជម្លោះនៅប្រទេសផ្សេងៗ ដែលមិនពាក់ព័ន្ធ ខ្លះជារូបភាព និងវីដេអូដែលបង្កើតឡើងដោយបញ្ញាសិប្បនិមិត្ត ឬ AI ខ្លះជារូបភាព និងវីដេអូចាស់ៗដែលកើតមានជាច្រើនឆ្នាំ ប៉ុន្តែត្រូវបានផ្សាយថាទើបកើតឡើងក្នុងជម្លោះនាពេលថ្មីៗ។
រូបភាព និងវីដេអូទាំងនោះ ត្រូវបានចែកចាយដោយក្រុមអ្នកគាំទ្រប្រទេសទាំងពីរ ព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមធម្មតា ដោយពេលខ្លះមានការចែករំលែករាប់ម៉ឺនដង មុននឹងការផ្ទៀងផ្ទាត់ការពិតត្រូវបានធ្វើឡើង។
កម្ពុជាបាត់ព័ត៌មានសម្រាប់ទស្សនិកជន និងសហគមន៍អន្តរជាតិអំពីជម្លោះព្រំដែន
សម្រាប់អ្នកអ្នកឆ្លើយឆ្លងព័ត៌មានបរទេស ការរាយការណ៍អំពីជម្លោះព្រំដែននៅកម្ពុជា ធ្វើឡើងតាមរយៈការប្រមូលពីការសង្ខេបព័ត៌មានរបស់រដ្ឋាភិបាល សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល និងការបង្ហោះសារនានាលើបណ្តាញសង្គម។
នាយកអង្គការគាំទ្រសិទ្ធិមនុស្សនិងការងារអាស៊ី(AHRLA) លោក ហ្វីលរ៉ូបឺតសុន(PhilRobertson) លើកឡើងថា កង្វះការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អំពីជម្លោះនៅតាមព្រំដែន មានន័យថា សហគមន៍អន្តរជាតិផ្តល់ទំនុកចិត្តតិចជាងមុន ដល់ការរៀបរាប់របស់រដ្ឋាភិបាលអំពីអ្វីដែលបាននិងកំពុងកើតឡើង។
លោកបញ្ជាក់ថា៖ «កិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរឹតត្បិត និងគ្រប់គ្រងព័ត៌មាន គឺធ្វើឱ្យមានភាពពិបាកក្នុងការបញ្ជាក់ពីការពិតនៅតាមមូលដ្ឋាន ដែលមានន័យថា ព្រឹត្តិការណ៍ពីកម្ពុជាមានការរាយការណ៍តិច និងមិនសូវមានការផ្តល់តម្លៃក្នុងកម្រិតអន្តរជាតិ។ អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ នឹងមិនទទួលយកព័ត៌មានពីកម្ពុជាដោយមិនសួរសំណួរ ឬមិនពិនិត្យឡើយ»។
ប្រជាពលរដ្ឋខ្វះការជឿជាក់
ចាប់តាំងពីមានការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយពីឆ្នាំ២០១៧មក ប្រជាពលរដ្ឋនៅកម្ពុជាបានបាត់បង់ប្រភពព័ត៌មានដែលគួរទុកចិត្ត ហើយងាកទៅប្រើបណ្តាញសង្គមកាន់តែច្រើនក្នុងការទទួលបានព័ត៌មាន។
កញ្ញា ហ៊ន ចិន្តា អ្នកបណ្តុះបណ្តាលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន និយាយថា ការងាកទៅពឹងផ្អែកព័ត៌មានលើបណ្តាញសង្គមច្រើន ធ្វើឱ្យប្រជាពលរដ្ឋងាយក្លាយជាជនរងគ្រោះដោយសារពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិត ស្របពេលដែលការផ្សព្វផ្សាយព័ត៌មានពីរដ្ឋាភិបាលមានភាពយឺតយ៉ាវ។
កញ្ញាបន្ថែមថា៖ «ធម្មតាបណ្តាញសង្គមទាំងអស់ហ្នឹងវាមាន algorithm [ការជ្រើសរើសព័ត៌មានដែលឃើញ] ដែលពេលដែលគាត់អូសឃើញព័ត៌មានមិនពិត ឬអូសឃើញព័ត៌មានរញ៉េរញ៉ៃលើបណ្តាញសង្គមហ្នឹង គាត់អូសអត់ផុតទេ។ អ៊ីចឹងចង់មិនចង់ស្ថាប័នឯករាជ្យមួយចំនួន បានផ្សាយគាត់មើលអត់ឃើញទេ សមហ្នឹងស្ថាប័នទាំងអស់ហ្នឹងអត់សូវមានទៀត វាធ្វើឱ្យព័ត៌មានមិនពិត ព័ត៌មានរញ៉េរញ៉ៃហ្នឹងវាលោតច្រើន ជាពិសេសក្នុងអំឡុងពេលប៉ះទង្គិចហ្នឹង ពិបាកមែនទែនសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម»។
យុទ្ធសាស្រ្តសម្រាប់អនាគត
ការបាត់បង់ការរាយការណ៍ព័ត៌មានដោយឯករាជ្យ បានធ្វើឱ្យប្រទេសកម្ពុជាកាន់តែងាយរងគ្រោះ ដោយសារព័ត៌មានក្លែងក្លាយ។ ក្នុងគ្រានៃភាពតានតឹង វាមិនគ្រាន់តែបង្កើតជាភាពច្របូកច្របល់ប៉ុណ្ណោះទេ តែវាអាចធ្វើឱ្យវិបត្តិ ឬជម្លោះកាន់តែធ្ងន់ធ្ងរឡើង។
តាមរយៈបទពិសោធន៍នៃផលវិបាកពីកង្វះព័ត៌មានឯករាជ្យ ធ្វើឱ្យកើនឡើងនូវការបង្កើត និងចែកចាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងជម្លោះតាមព្រំដែន កម្ពុជាគួរត្រៀមខ្លួនសម្រាប់វិបត្តិដែលនឹងអាចកើតមាននាពេលខាងមុខ។
ក្រុមអ្នកជំនាញ យល់ស្របថា ដំណោះស្រាយដែលអាចឱ្យកម្ពុជាត្រៀមខ្លួនបានប្រសើរ សម្រាប់វិបត្តិនាពេលខាងមុខ គឺត្រូវបញ្ឈប់ការរិតត្បិតអ្នកសារព័ត៌មាន និងបើកលំហរសេរីភាពសម្រាប់ពួកគេធ្វើការងារដោយពេញលេញ ព្រមទាំងបង្កើនការផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ៕









