ក្រុមអ្នកជំនាញលើវិស័យសារព័ត៌មានឯករាជ្យ ចាត់ទុកវិធានលុបអាជ្ញាប័ណ្ណសារព័ត៌មាន សារ៉ា NCC Daily ផ្តើមចេញពីសេចក្តីរាយការណ៍រឿងយោធាថៃ ឈ្លានពានដីខ្មែរនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាការគំរាមកំហែងសិទ្ធិ ប្រាសចាកពីស្មារតីច្បាប់ ស្តីពីរបបសារព័ត៌មាន។
ក្រសួងព័ត៌មាន កាលពីថ្ងៃទី២១ ខែសីហា បានប្រកាសលុបអាជ្ញាប័ណ្ណ គេហទំព័រសារ៉ា អិនស៊ីស៊ី ដេលី www.ccn-daily.com ដោយមិនបញ្ជាក់ពីមូលហេតុក្នុងលិខិតផ្លូវការ។
ការលុបអាជ្ញាប័ណ្ណនេះ ក្រោយសារព័ត៌មាននេះ បានចុះធ្វើសេចក្តីរាយការណ៍ផ្ទាល់ ករណីយោធាថៃ ចូលមករាយបន្លាលួស រំលោភយកផ្ទះពលរដ្ឋ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប៉ុន្តែនៅលើគេហទំព័ររបស់ក្រសួងព័ត៌មាន បានសរសេរសារបង្ហោះពីលើលិខិតផ្លូវការ ចុះថ្ងៃទី២១ខែសីហាថា អង្គភាពសារព័ត៌មានអនឡាញនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដោយថា បានផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ គ្មានការផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់ ធ្វើឱ្យសាធារណមតិមានការយល់ច្រឡំ ញុះញង់ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។
យ៉ាងណា ក្រោយប្រកាសលុបអាជ្ញាប័ណ្ណសារព័ត៌មានខាងលើនេះ ម្ចាស់គេហទំព័រសារព័ត៌មានសារ៉ា អិនស៊ីស៊ី ដេលី បានប្រតិកម្មបង្ហោះវីដេអូបង្ហាញការខកចិត្តចំពោះទង្វើរបស់ក្រសួងព័ត៌មាននេះផងដែរ ដោយលោកអះអាងថា លោកនិយាយអ្វីដែលជាការពិត មានប្រភពពលរដ្ឋច្បាស់លាស់ ជាអ្នកអះអាងថា ថៃបានរំលោភយកដីផ្ទះពលរដ្ឋខ្មែរ ៦ខ្នង និងបានរំលោភយកប៉ុស្តិ៍ទាហានខ្មែរជាង១០០ម៉ែត្រទៀត។
លោកថា៖ «ក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានសម្រេចលុបនូវអង្គភាពខ្ញុំចេញពីស្ថាប័ននៃក្រសួងព័ត៌មានតែម្តង ប៉ុន្តែខ្ញុំសូមបញ្ជាក់ជូនបងប្អូនថា ទោះបីជាការលុបអាជ្ញាប័ណ្ណរបស់ខ្ញុំចេញពីស្ថាប័នក្រសួង ខ្ញុំលែងមានកាតនេះក្តី តែខ្ញុំនឹងតស៊ូនឹងរាយការណ៍និយាយកាន់តែពិតជាងមុន សូមជម្រាបជូនបងប្អូនអីចឹង មានមនុស្សណាធ្វើអីមិនចេះខុស ខ្ញុំមិនចង់និយាយបកស្រាយទេបងប្អូន ខ្ញុំពងមាន់ទេ ខ្ញុំមិនចង់ជល់ជាមួយនឹងថ្មទេ ហើយខ្ញុំក៏អត់មានខ្សែ អត់មានកាតអីទាំងអស់ អ៊ីចឹងសូមបញ្ជាក់ជូនបងប្អូនម្ដងទៀត លទ្ធផលរបស់ខ្ញុំនៅពេលនេះ វេលានេះ ត្រូវបានក្រសួងព័ត៌មានលុបឈ្មោះខ្ញុំបាទមានស្រាចេញពីស្ថាប័ននៃក្រសួងព័ត៌មានជាស្ថាពរហើយ»។
ជុំវិញបញ្ហានេះ នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា យល់ថា ក្រសួងព័ត៌មានគួរតែពិចារណា និងសិក្សាឱ្យបានស៊ីជម្រៅ មុនសម្រេចចិត្តលុបអាជ្ញាប័ណ្ណគេ។
ក្នុងន័យនេះ អ្នកស្រីពន្យល់ថា តាមច្បាប់សារព័ត៌មាន ប្រសិនបើរកឃើញថា អ្នករាយការណ៍ព័ត៌មាននោះមិនត្រឹមត្រូវឬខុសការពិត គឺគ្រាន់តែណែនាំ ឬឱ្យគាត់កែតម្រូវ មិនអាចលុបអាជ្ញាប័ណ្ណគេនោះទេ។
អ្នកស្រីបន្តថា ការលុបអាជ្ញាប័ណ្ណ ឬបិទប្រព័ន្ធផ្សព្វផ្សាយរបស់គេភ្លាមៗ វាឆ្លុះបញ្ចាំងពីការរំលោភបំពានច្បាប់សិទ្ធិសេរីភាពសារព័ត៌មាន ដែលត្រូវបានធានានិងការពារដោយច្បាប់ជាតិ និងអន្តរជាតិជាដើម។
អ្នកស្រីថា៖ «តួនាទីរបស់សារព័ត៌មានឯករាជ្យ ឬក៏សារព័ត៌មានដែលគាត់ហ៊ាននៅក្នុងការរាយការណ៍ព័ត៌មានពិត ឬក៏ព័ត៌មានបែបរិះគន់ស្ថាបនាហ្នឹង គឺមានសារៈសំខាន់ណាស់ នៅក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា នៅពេលដែល ជាពិសេសគឺនៅក្នុងពេលដែលស្ថានភាពប្រទេសមានបញ្ហាជាមួយនឹងប្រទេសជិតខាងហ្នឹង គាត់ហ្នឹងឯងគឺជាអ្នករាយការណ៍បញ្ហាដែលនៅព្រំដែន ទៅដល់បងប្អូនសាធារណជនក៏ដូចជាទៅដល់ពិភពលោកឲ្យបានដឹង»។
ប្រហែលគ្នានេះដែរ ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បង្ហាញការខកចិត្តថា រដ្ឋាភិបាលឬក្រសួងព័ត៌មាន មិនគួរលុបអាជ្ញាប័ណ្ណគាត់ទេ ខណៈការធ្វើសេចក្តីរាយការណ៍របស់គាត់មានសម្ភាសន៍ប្រភពពលរដ្ឋច្បាស់លាស់។
លោកបន្តថា ការបន្តរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន វានឹងជះឥទ្ធិពលមិនល្អសម្រាប់សង្គមប្រជាធិបតេយ្យ ព្រោះសារព័ត៌មានឯករាជ្យ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការពិតនៃទិដ្ឋភាពសង្គមជាក់ស្តែងផងដែរ។
លោកថា៖ «ការដាក់ពិន័យរហូតទៅដល់ការដកអាជ្ញាប័ណ្ណនេះ គឺជាការអនុវត្តមួយដោយវាធ្ងន់ធ្ងរហើយសម្រាប់ខ្ញុំថាក្រសួងលោកគួរតែពិនិត្យមើលឡើងវិញ ថាតើយើងគួរធ្វើម៉េច បើមិនអីចឹងទេ វាបង្ហាញអំពីទំនោរនៃការរឹតត្បិត ហើយនិងការគាបសង្កត់ទៅលើវិស័យសារព័ត៌មានហ្នឹង វាអាចនឹងជះឥទ្ធិពលមិនសូវជាល្អទេ ជាពិសេសគឺនៅក្នុងន័យដែលយើងកំពុងតែព្យាយាម នៅក្នុងការបង្ហាញទៅសារព័ត៌មានអន្តរជាតិថា កម្ពុជាយើងគឺជាកន្លែងមួយដែលពួកគាត់ធ្វើសេចក្ដីរាយការណ៍អំពីព័ត៌មានផ្សេងៗ»។
យ៉ាងណាក្តី នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់និយាយនៅដើមឆ្នាំ២០២៤ ក្រោយឡើងកាន់អំណាចថា អ្នកសារព័ត៌មានដែលផ្តល់ព័ត៌មានពិត បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងដល់ពលរដ្ឋ ជំរុញអភិបាលកិច្ច និងប្រជាធិបតេយ្យ។
លោកថា៖ «វិស័យព័ត៌មានបានរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗ ដូចជា ទី១ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ទី២បញ្ជូនព័ត៌មានពិតនិងរហ័សទាន់ពេល ទី៣ផ្តល់ព័ត៌មានបែបអប់រំនិងចំណេះដឹង ទី៤គឺជាច្បាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និងទី៥ចូលរួមចំណែកកែលម្អសង្គម តាមរយៈការផ្ដល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូលនៅក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រដ្ឋាភិបាល»។
ប៉ុន្តែជាការសង្កេត ការកាន់អំណាចរបស់លោក អ្នកសារព័ត៌ដែលហ៊ានរាយការណ៍ពីបញ្ហាព្រំដែន និងជម្លោះដីធ្លីជាដើម មិនត្រូវបានលើកទឹកចិត្តទេ តែជំនួសមកវិញដោយការចោទប្រកាន់ចាប់ខ្លួន និងដកអាជ្ញាប័ណ្ណជាបន្តបន្ទាប់ ដកអាជ្ញាប័ណ្ណវីអូឌី នៅឆ្នាំ២០២៣ និងថ្មីៗនេះ ដកអាជ្ញាប័ណ្ណសារព័ត៌មាន សារ៉ា NCC Daily ជាដើម។
ជុំវិញបញ្ហានេះ អតីតអ្នកសារព័ត៌ឯករាជ្យមួយរូប គឺលោក មួង ណារ៉េត និយាយថា ហាក់មិនមែនរឿងចម្លែកទេ ដែលរបបដឹកនាំកុម្មុយនិស្តផ្តាច់ការ មិនចូលចិត្តប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និយាយការពិត។
លោកបន្តថា ការដឹកនាំដែលមិនផ្តល់តម្លៃឱ្យសារព័ត៌មានឯករាជ្យ រាយការណ៍ពីការពិត វានឹងបង្កគ្រោះថ្នាក់សង្គមជាតិ ជាពិសេស បង្កហានិភ័យដល់ពលរដ្ឋដែលមិនអាចទទួលបានព័ត៌មានពិតពីសង្គម។
លោកថា៖ «របៀបដឹកនាំបែបផ្ដាច់ការទៅលើលោកណា ក៏គេមិនឲ្យប្រព័ន្ធសារព័ត៌មានឯករាជ្យដែរ ព្រោះអ្នកដែលសរសេរព័ត៌មានសេរីឯករាជ្យ គាត់និយាយពីរឿងពិតដែលធ្វើឲ្យប៉ះពាល់ដល់អំពើខុសឆ្គង និងអសមត្ថភាពរបស់រដ្ឋាភិបាល អីចឹងនៅពេលដែលគាត់មានសរសេរបែបនេះ គឺគេម៉េចទុក បើគេទុក ទុកតែព័ត៌មានបែបវិធីការ ព័ត៌មានវិធីការបែបព័ត៌មានលើកជើងរដ្ឋាភិបាល និយាយល្អពីរដ្ឋាភិបាលជាដើម»។
ការបាត់បង់ព័ត៌មានឯករាជ្យនៅកម្ពុជា បានក្លាយជារឿងឈឺចាប់ នៅពេលដែលការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកម្ពុជា-ថៃ បានផ្ទុះឡើងនៅតាមព្រំដែនភាគខាងជើងប្រទេសកម្ពុជា។
អង្គការឃ្លាំមើលសិទិ្ធមនុស្សជាតិ និងអន្តរជាតិ បានពិពណ៌នាអំពីចំណាត់ការទាំងនោះថា ជាផ្នែកមួយនៃការបង្រ្កាបផ្នែកនយោបាយដ៏ទូលំទូលាយ ដែលកាត់បន្ថយសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាន។
នៅឆ្នាំ២០១៨ សន្ទស្សន៍សេរីភាពសារព័ត៌មាននៅកម្ពុជា ដែលចាត់ថ្នាក់ដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានធ្លាក់ចុះយ៉ាងខ្លាំង ហើយស្ថានភាពនេះ កាន់តែមានភាពអាក្រក់ជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។
អ្នកសារព័ត៌មានឯករាជ្យ តែងតែសម្ភាសន៍ផ្ទាល់ជាមួយប្រជាពលរដ្ឋ ភ្ជាប់ជាមួយរូបថតនៃរឿងរ៉ាវ ឬព្រឹត្តិការណ៍ណាមួយ ព្រមទាំងចំណេះដឹង អំពីបញ្ហាព្រំដែន ភាពជូរចត់ក្នុងប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងស្រុក។
អវត្តមានអ្នកសារព័ត៌មានឯករាជ្យក្នុងស្រុក ធ្វើឱ្យអ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ពឹងផ្អែកលើសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល សេចក្តីសង្ខេបរបស់សង្គមស៊ីវិល និងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាប្រភពមានភាពយឺតយ៉ាវ មិនពេញលេញ ហើយជាទូទៅត្រូវបានរៀបចំ ឬបង្កើតឡើងដោយចេតនា ដើម្បីបង្ហាញតាមទស្សនៈ ឬគោលបំណងណាមួយ។
ចាប់តាំងពីមានការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយពីឆ្នាំ២០១៧មក ប្រជាពលរដ្ឋនៅកម្ពុជា បានបាត់បង់ប្រភពព័ត៌មានដែលគួរទុកចិត្ត ហើយងាកទៅប្រើបណ្តាញសង្គម កាន់តែច្រើនក្នុងការទទួលបានព័ត៌មាន។
បន្ថែមពីនេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជាចំនួន១០លេខ ខណៈឆ្នាំ២០២៤មានចំណាត់ថ្នាក់អាក្រក់ស្រាប់ទៅហើយនោះ។
មូលហេតុ គឺដោយយោងទៅលើ បរិយាកាសនៃប្រព័ន្ធផ្សព្វផ្សាយ បរិបទនយោបាយ ក្របខណ្ឌច្បាប់ បរិបទសេដ្ឋកិច្ច បរិបទសង្គម វប្បធម៌ និងបញ្ហាសុវត្ថិភាព៕









