តុលាការកំពូល បានសម្រេចតម្កល់ការផ្តន្ទាទោស លោក ឆន ផល្លា ដែលជាសកម្មជនព្រៃឈើដ៏សកម្មមួយរូប ក្នុងខេត្តរតនគិរី ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
យោងតាមការផ្សាយរបស់អង្គការសិទ្ធិមនុស្សលីកាដូ ឱ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ តុលាការកំពូល បានប្រកាសសាលក្រមលើសំណុំរឿងរបស់ លោក ឆន ផល្លា ដោយសម្រេចតម្កល់សេចក្តីសម្រេចរបស់តុលាការជាន់ទាបទុកជាបានការ។
ប្រភពដដែល បន្តថា លោក ឆន ផល្លា ត្រូវបានសាលាដំបូងខេត្តរតនគិរី ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១ឆ្នាំ និងនិងពិន័យជាប្រាក់ចំនួន ១០លានរៀល (ប្រមាណ ២ ៥០០ដុល្លារអាមេរិក) កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទប្រមាថ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៣០៥ ៥០២ និង ៤៩៥នៃក្រមព្រហ្មទណ្ឌ។
ចំណែក សាលាឧទ្ធរណ៍ត្បូងឃ្មុំ ក៏បានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងខេត្តរតនគិរី ទុកជាការ លើសំណុំរឿងរបស់ លោក ផល្លា កាលពីថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៤ និងក្រោយមកត្រូវបានតម្កល់ដោយតុលាការកំពូល នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ។
លោក ឆន ផល្លា គឺជាសកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិដ៏សកម្មមួយរូបដែលបានចំណាយពេលជាង១០ឆ្នាំ ក្នុងកិច្ចការពារធនធានធម្មជាតិ និងឃ្លាំមើលការកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តរតនគិរី។
សកម្មជនព្រៃឈើរូបនេះ ក៏ធ្លាប់ជាប់ពន្ធនាគារអស់រយៈពេល ២ឆ្នាំមកហើយដែរ កាលពីខែកញ្ញា ឆ្នាំ២០២១ រហូតដល់ខែតុលា ឆ្នាំ២០២៣ ក្នុងសំណុំរឿងពីរផ្សេងទៀតដែលពាក់ព័ន្ធនឹង ភាពសកម្មនិយមផ្នែកការពារព្រៃឈើ និងធនធានធម្មជាតិ។ ក្រោយមកបទចោទទាំងនោះ ត្រូវបានសាលាឧទ្ធរណ៍ទម្លាក់ចោលទាំងអស់៕









