អ្នក​តាម​ដាន​បន្ត​លាត​ត្រដាង​រឿង​ថៃ​​ព័ទ្ធ​​យក​ផ្ទះ​​ពលរដ្ឋ​​និង​​បន្ទាយ​ទ័ព​ខ្មែរ​​​នៅ​ឃុំ​អូរ​ជ្រៅ

ភូមិ​​ព្រៃ​​ចាន់ ​​​ជា​អ​តី​​ត​​ជំរុំ​​ជន​ភៀស​ខ្លួន​​ខ្មែរ កាល​ពី​សម័យ​សង្គ្រាម ​តាំង​ពី​​ក្រោយ​​​ឆ្នាំ​​១៩​៨០ ស្ថិត​​​នៅ​​ក្នុង​​ឃុំអូរ​​បី​ជាន់​ ស្រុក​​អូរជ្រៅ ​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​​នោះ បច្ចុប្បន្ន​មាន​​ប្រជា​​ពលរដ្ឋ​​ខ្មែរ​រស់​នៅ​​ប្រមាណ​​ជាង​​២០​០គ្រួសារ​។

ប៉ុន្តែ​កាល​ពីថ្ងៃ​ទី​​១៣-១៤ ​​ខែ​​សីហា ​ឆ្នាំ​​២០​២៥​​នេះ​ ផ្ទះ​​ប្រជាព​លរដ្ឋ​​ខ្មែរ​​៦​ខ្នង ក្នុង​​នោះ​​មាន​​ផ្ទះ​​ថ្ម៣​ខ្នង ​បន្ទាយ​ទាហាន​កម្ពុជា​មួយ ​និ​ង​​ប៉ុស្តិ៍​​នគរ​បាល​​កម្ពុជា​​មួយ​ខ្នង ​ស្ថិត​​ក្នុង​​​ភូមិ​​​​នៅ​ជាប់​​ព្រំដែន​​កម្ពុជា-​ថៃ​មួយ​​នេះ ត្រូវ​​បាន​​កង​​ទ័ព​​​​ថៃ ​​​ចូល​​មក​​រាយ​​បន្លា​លួស​ និង​​​ដាក់​​សម្បក​កង់​ឡាន​​វាទ​​យក​​មួយ​​ផ្នែក​នៃភូ​មិ​​នេះ​ និង​​បាន​​គំរាម​​វាទ​​យក​​​​ផ្ទះ​​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ទាំង​​ជាង​ ​២០០​​គ្រួសារ ​​ដោយ​​ចោទ​​ថា ពលរដ្ឋ​​ខ្មែរ​​ទាំង​​នេះ​បាន​​ចូល​ទៅ​​សង់​​ផ្ទះ​រស់​នៅ​ក្នុង​​ទឹក​ដី​ថៃ។ នៅ​​ភូមិ​​ជោគ​​ជ័យ​ ក្នុង​​ឃុំ​​អូរបី​ជាន់​ ក៏​ទ័ព​​​ថៃ​​បាន​​វាទ​​យក​​ផ្ទះ​​ប្រជា​ពលរដ្ឋ​ខ្មែរ​​ចំនួន​​៦​ខ្នង​​ផង​ដែរ។

រដ្ឋាភិបាល​កម្ពុជា​​ ហាក់​​​បីដូ​ច​ជា​មានកា​រ​​លាក់​លៀម ​​ពីកា​រ​​រំលោភ​បំពាន​​ជា​បន្ត​បន្ទាប់​​ពី​សំណាក់​ភាគីថៃ​លើ​​បទ​ឈប់​​​បាញ់​ ដែល​បាន​​ចូល​ជា​ធរមាន​​ចាប់​​តាំង​ពីម៉ោ​ង​​១២​យប់​​ថ្ងៃ​ទី​​២៨ ​ខែ​កក្កដា ​ឆ្នាំ​២០២៥។

រដ្ឋាភិបាលកម្ពុជា​​ តាម​រយៈ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ចាប់​ពីមា​នប​ទ​ឈប់​បាញ់ រហូត​មក​ទល់​ពេល​នេះ ស្ថាន​ភាព​នៅ​តាម​​ព្រំដែន​មាន​​ភាព​​ស្ងប់​ស្ងាត់ ហើយ​ថា កង​ទ័ព​​កម្ពុជា​​​នៅ​​តែប​ន្ត​​ឈរ​​ជើង​​យ៉ាង​​រឹង​មាំ​​នៅតាម​​ទីតាំង​​ក្នុង​​ដែន​​​អធិប​តេយ្យភា​ពរ​បស់​ខ្លួន​ បើ​ទោះបី​ចាប់​​តាំ​ង​​ពី​ក្រោ​យ​​ប​ទ​​ឈប់​​បាញ់ ទាហាន​​ថៃ​បាន​ចូល​​មក​​ចាប់​​ទាហាន​​​ខ្មែរ​​២០​​នាក់ ហើយ​​មក​​ដ​ល់​​ថ្ងៃ​ទី​២២ខែ​សីហា​​នេះ នៅ​សល់​១៨​​នាក់​​​ទៀត​​មិន​​ទាន់​​បញ្ជូន​មក​​វិ​ញនៅ​​ឡើយ ​និង​​បាន​​ចូល​​មក​​រាយ​​បន្លា​លួស​​វាទ​​យក​​ទីតាំង​​ឈរ​ជើង​​របស់​​ទា​ហាន​​កម្ពុជា ​​​ជាច្រើន​ទីតាំង​​ ដូច​​ជា​​ ​​នៅ​ភូមិ​ព្រៃចា​ន់ មួយ​​ផ្នែ​ក​នៅ​​ប្រាសាទ​​​តាមាន់ធំ​ មួយ​​ផ្នែក​​នៅភ្នំ​​ទ្រព្យ​ និង​​​មួយ​​ផ្នែក​​នៅច្រក​​អាន​​សេះ​​ជា​ដើ​ម​ក្តី។

ក្រសួងព័ត៌មាន​ កាល​ពី​ថ្ងៃទី​​២១ខែ​​សីហា ​បាន​​សម្រេច​​លុប​អាជ្ញា​បណ្ណ​របស់​គេហទំព័រ​សារ៉ា អិន​ស៊ីស៊ី ដេលី ដែល​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​លើ​គេហទំព័រ​ឈ្មោះ www.ccn-daily.com ក្រោម​​ការ​​ចោទ​​ប្រកាន់​ថា ផ្សាយ​ព័ត៌​មាន​មិន​ពិត ពាក់​ព័ន្ធ​នឹង​ករណី​​​នៅ​​ព្រំដែន​​កម្ពុជា-ថៃ។ ការ​​​លុប​​អាជ្ញា​បណ្ណ​​នេះ ​​ធ្វើឡើ​ង​​មួយ​​ថ្ងៃ​​បន្ទាប់​​ពីលោក​ ​មាស សារ៉ា​ ម្ចាស់​​គេហ​ទំព័រ​​អិន​ស៊ីស៊ី ដេលី បាន​​បង្ហោះ​​ផ្សាយ​​បទ​​សម្ភាសន៍​​​ជាមួយ​​ប្រជា​ពលរដ្ឋ​​ទាក់​​ទង​​នឹង​​ទ័ព​​​ថៃ​ ​ចូល​​មក​រាយ​​បន្លា​លួស​​​វាទ​យក​ផ្ទះ​ព​លរដ្ឋ ​និង​​បន្ទាយ​​ទាហាន​​របស់​​កម្ពុជា​​នៅ​​​ភូមិ​​ព្រៃ​​ចាន់​។

លោក ​មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​​ជំនាន់​​ថ្មី ដែល​​បាន​​ទៅ​ដល់​​ភូមិ​​ព្រៃ​​ចាន់ ​នៅ​​ត្រឹម​​កន្លែង​​ដែល​​ថៃ​​ដាក់​​បន្លា​​លួស​ កាល​ពី​ថ្ងៃទី​​១៦​​ខែ​សី​ហា​ ដោយ​​បាន​​ជួប​​ទាហាន ​និង​​អាជ្ញា​ធ​រ​​មូល​ដ្ឋាន​​ ​រួម​​ទាំង​​ប្រជា​ពលរដ្ឋ​ជាច្រើន ​បាន​​និយាយ​​​ថា ភូមិ​ព្រៃចា​ន់ ជា​អតីត​​ជំ​រុំ​តស៊ូ​ទី២ ដែលលោ​ក​​ធ្លា​ប់​រស់​នៅ​ក្នុង​ឆ្នាំ១​៩៨២។ ឥឡូវភូមិ​​ខ្មែរ​​នេះ ត្រូវ​បាន​​កង​ទ័ពសៀ​ម​​ចូល​​មក​​ហ៊ុំព័ទ្ធ​លួស​បន្លា និង​​សម្បក​​កង់​​ឡាន យក​ផ្ទះខ្មែ​រ​៦​ខ្នង និង​អគារ​ទ័ព​ខ្មែរ​​វីរការ​ពារ​ព្រំដែន​​៥០៣ មួយ​​ខ្នង កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៥។

លោក​បន្តថា កាល​ពី៤​០​ឆ្នាំ​មុន​​ ទីនេះ​គឺ​​ជា​ជំរុំ​​ទី១​​ដែល​​លោក​​រស់​នៅ​ ជំរុំ​​ទី​​២​គឺ​នៅ​​ភូមិ​​ជោគ​​ជ័យ ហើយ​​នងចាន់។ ​ក្នុង​​ឆ្នាំ​​១៩៨៥ ​កង​​ទ័​ព​​យួន​​បាន​​វ៉ៃដ​ណ្តើមកា​ន់​កាប់​​ទី​នេះ​​អស់ ​​ទើប​​ជន​​ភៀស​​ខ្លួន​​ខ្មែរ​​បាន​​រើ​​ទៅ​រស់​នៅ​​​ជំ​រុំសា​យ​​ធូ ដែល​​ចូល​ពីនេះ​ទៅ​​ប្រហែល​​ជា​​ ៣០-៤០​​គីឡូ​​ទៀត ​នៅ​ក្នុង​​ទឹក​ដី​ថៃ​​ ស្រុក​​តាប់​​ព្យា ខេត្ត​​សាកែវ​។

លោក​ថា៖ «យើង​ឃើញថា បើនិយាយ​​ពីសា​ក្សី​រស់​ ខ្ញុំ​នេះ​ សូម្បី​​ពលរដ្ឋ​​​នៅ​ទី​នេះ ​​​ក៏​មា​ន​​អតីត​​អ្នក​​នៅ​​ជំរុំ​​ដែរ​។ កាល​ពី​​​​​ខ្ញុំនៅ​ទី​នេះ​​ពី​នឹង​​ទៅ​​ដល់​​ទំនប់​​ចាស់​​ឆ្នាំ៨​០​​ជាង​ គឺ​នៅ​​ហួស​​ឡុក​​អង្ករ នង​​ចា​ន់​​នោះ​​៧គីឡូទៅ​ទៀត ប៉ុន្តែ​ឥឡូវ​​មាន​​ឯណា​​មក​​យក។​ តែ​អាហ្នឹង​​យើង​ទុក​ឱ្យ​​រដ្ឋាភិបាល​​ទុក​ឱ្យ​សហគមន៍​អន្តរជាតិ​គេចាត់វិធានការ​ទៅ​អាហ្នឹង​វាជារឿងច្បាប់​។ ហើយ​ខ្ញុំម​ក​​ក្នុង​​នា​ម​​ជា​​ប្រជា​​ពលរ​ដ្ឋ​​ ក្នុង​​​នាម​​ជា​អ្នក​​នយោ​បាយ​មួយ​រូប​​ដែល​​យើ​ង​​ត្រូវ​​រួប​​រួម​គ្នា​ ត្រូវ​ជួយ​​ឈឺ​ឆ្អាល​​ជាតិ​​​យើង ​ព្រោះ​គេ​​ឈ្លាន​​​ពា​ន​​គេមើ​ល​​ងាយ​​មើល​​ថោក​​ជាតិ​​សាសន៍​​យើង»

នៅ​ពេល​​ដែល​​ប្រទេស​កម្ពុជា​ កំពុង​តែត្រូវ​បាន​ថៃ​ប្រមាថ​​មើល​​ងាយ ​និង​​រំលោភ​​ឈ្លាន​​ពាន​​ទឹក​ដី​បែប​​នេះលោក​ ​មាជ សុវណ្ណា​រ៉ា​ បាន​បន្តអំ​ពាវ​នាវ​​ឱ្យខ្មែ​រ​​គ្រប់​​និន្នាការ​​នយោបា​យ​ ​​ត្រូវ​​​តែ​​រួម​​កម្លាំង​​គ្នា​​ជា​​ខ្មែរ​​តែ​មួយទើប​​ធ្វើឱ្យ​ខ្មែ​រ​​ខ្លាំង​​អា​​ច​ទប់​​ស្កាត់​នឹង​​បរទេស​ឈ្លាន​ពា​ន​​បាន​។

នារីម្នាក់​ឈ្មោះ ​រីតា បាន​និយាយ​​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា​ កាល​​​ពីរ​សៀលថ្ងៃ​ទី​១​៣ ខែ​​សីហា កង​ទ័ព​ឈុត​​ខ្មៅ​​​ថៃ​​​​ជិត​​​១០០​នាក់ ​​អ​មកា​រពា​រ​​ដោយ​​ដ្រូន​​បាន​យក​បន្លា​លួស និង​​សម្បក​​កង់​ឡាន​​មក​រាយ​ព័ទ្ធ​​យក​ផ្ទះ​​ម្តាយ​​​របស់​​នាង​ និង​​​ផ្ទះ​​​ពលរដ្ឋ​ខ្មែរ​ផ្សេងទៀត​នៅ​​ភូមិ​​ព្រៃ​​​ចាន់​។ រីតា​ និយាយ​​​ទាំ​ង​​ទឹក​ភ្នែក​ថា ម្តាយ​​ឪពុក​របស់​​នាង​​បាន​យំ។ នាង​​ធ្លាប់​​តែ​​ជួយទៅ​កាន់បងៗ​ដែល​គាត់​ភៀសសឹក ​ជួយ​ទៅ​កាន់​បងៗកងទ័ព ​ឥឡូវ​រឿង​​នេះ​​មក​​កើត​​លើ​​គ្រួសារ​​នាង​​ផ្ទាល់​​ពិតជាឈឺចាប់​ណាស់។

រីតា និយាយ​ថា៖ «​ម៉ា​ក់​​ខ្ញុំ​​តេ​មក​​ខ្ញុំ​​យំ​ផង​អីផ​ង​ គាត់​​ថា កូន​អើយ​​គេព័ទ្ធយ​ក​ផ្ទះ​​យើង​​បាត់​ហើយ! បង​ប្អូន​គិត​​មើល​​​​នៅសុ​ខៗ​ គេម​ក​​​ព័ទ្ធ​​យក​​ផ្ទះ​យើង​ស្រស់ៗ​ ហីឈឺ​ចិត្ត​​កម្រិ​តណា​? ហើយ​​​កុំ​​ថា​​​ខ្ញុំ​ព័ត៌មា​ន​​​បំពុល ​​ចូល​​តាម​​ដាន​​ផេក​ខ្ញុំសិ​ន​ ​គឺ​ខ្ញុំឈឺ​ចា​ប់​​ណាស់​​បង​ប្អូន ខ្ញុំនៅ​​​ភ្នំពេញ​ ​តែ​ប៉ាម៉ាក់​ខ្ញុំ​​នៅ​ផ្ទះ​​នៅ​​ជាយ​​ដែន។ ដី​ហ្នឹង​គឺ​គាត់​នៅ​​យូរ​ហើយ​ នៅ​​តាំង​ពីខ្ញុំ​នៅ​តូ​ចៗ​មក​ម្ល៉េះ ឥឡូវ​ហ្នឹង វា​មក​​ព័ទ្ធ​​យក​​​ហើយ ទា​ហា​ន​ខ្មែរ​យើង​នៅ​ច្រក​ហ្នឹង​មាន​​​តែ​៤នា​ក់​គត់​ ពួក​ឈុត​ខ្មៅ​វាម​ក​​ឡើ​ងច​ង់​ជាង​​១០០​​​នាក់ ​ដ្រូន​វា​​ហោះ​ពេញ​លើ​ក្បាល​​ ​វាព័ទ្ធ​​​អត់​​ឱ្យ​យក​​អី​ចេញទេ ​វាឱ្យគាត់​យក​តែ​ឡាន ​​​បើ​​ក្រៅ​ពី​​នឹង​​អត់​​ឱ្យ​​យក​​​ចេញទាំ​ង​អស់ ​សូម្បី​តែខោ​អាវ​ស្លៀក​ពាក់​មាន​​​តែ១​កំប្លេ​ជាប់​​នឹង​ខ្លួន​​នឹង​ឯង»។

ពលរដ្ឋម្នាក់​​ទៀត​​រស់នៅ​ឃុំ​អូរ​បី​ជាន់ បាន​​និយាយ​​ប្រាប់​​ លោក ​មាស សារ៉ា ​ថា​ទាហាន​​​ថៃ​​បាន​​ព័​ទ្ធ​​យក​​ផ្ទះ​​ពលរដ្ឋ​​៦​ខ្នង ​ក្នុង​នោះ​មា​ន​​​ផ្ទះ​ថ្ម​៣ខ្នង​ ​​ដោយ​​មិន​​ឱ្យ​​យក​​ឥវ៉ាន់​​ចេញ​​​ទេ។

​អ្នកភូមិថា៖ «វា​ឱ្យយ​ក​​តែ​ឡាន​​ចេញ​មក​​ហើយ​ចាំយ​ក​​ឥវ៉ាន់​​ចេញ​​តាម​ក្រោយ ​វា​​បាន​​បិទ​របង​លួស​​​ជាប់​​អស់ ដល់​​ពេល​​បិទ​​រួច​​ទៅ​​វា​ថា ដីមា​ន​​ពលរដ្ឋ​​ខ្មែរ​​រស់​នៅ​​​ប្រហែល​​២០០​គ្រួសារ​​នេះ ​​គឺ​ដីវា​ទាំ​ង​​អស់ វា​ថា​​ខ្មែរ​​យើង​​នឹង​​យក​ដីវា​​ ហើយ​​មួយ​​ទៀត​ខាងក្នុ​ង​​ដូច​​មាន​​បន្ទាយ​​ទាហាន​​យើង​មួយ​​ហី​​បង?​ បាទ​មាន​ ​ប៉ុស្តិ៍​​ទាហាន​មួយ​កន្លែង​​បន្ទាយ​​ប្រចាំ​ការ​នៅ​​នឹង​សម្រាប់​​ខ្មែរ​ ថៃ​​ចេញ​ចូល។ ចុះ​ឥឡូវ​​អាបន្ទាយ​​ទាហាន​នឹង​ម៉េច​ដែរ? បន្ទាយ​នឹង​​​ថៃ​​វា​វ៉ៃយ​ក​​អ​ស់ហើ​យ។ វ៉ៃ​​យក​​អស់​​បាត់​ហើយ?»

បុរសអ្នកភូមិ​រូប​នេះ ​និយាយ​​ទៀត​ថា ថៃ​​បាន​​ចូល​​មក​​ដាក់​​របង​លួស​​នៅ​ក្នុ​ង​​ដី​ខ្មែ​រ​​ចម្ងាយ​​ពី​​ផ្ទះ​​ពលរដ្ឋ​​ខ្មែរ​ដែល​​វា​បាន​​​ព័ទ្ធ​​យក​​នោះ​​ប្រហែល​​១០០​​ម៉ែត្រ​​ថែម​ទៀត។ នៅ​ថ្ងៃទី​​១៧ ​ខែ​សីហា ​ទាហាន​​ថៃ​​​បាន​​ចូល​​មក​​ដាក់​​របង​​សំណាញ់​ខ្មៅ​​១ជាន់​​ទៀត​ ​និង​​ដាក់​​កាមេរ៉ា​​នៅ​​​ទីនោះ។ លោក​​បញ្ជាក់​​ថា បន្ទាយ​​ទាហាន​​ខ្មែរ​​នៅ​​ភូមិ​​​ព្រៃ​​ចាន់​ ​​​មាន​​ទាហាន​តែ​​៤​នា​ក់​​ប៉ុណ្ណោះ​​ ​​នៅ​ពេល​ដែល​ទ័ព​ថៃ​ប្រមាណ​ជិត​​១០០​នាក់ ​ចូល​​មក​​​បណ្តេញ​​ចេញ​​ដណ្តើម​​កាន់​​កាប់​​កាល​ពីថ្ងៃ​ទី​​១៤ ខែ​សីហា​។ ទាហាន​​ខ្មែរ​​៤​នាក់​​នោះ ​ពួក​​គាត់​​បាន​​ដក​​ថយ​ទៅ​​តាម​​បញ្ជា​​របស់​​ថ្នាក់​លើ​​​ដោយ​​មិន​​តបត​​អ្វី​ឡើយ​។

យ៉ាងណា​ក្តី​ ​លោក ​អ៊ុំ រាត្រី ​អភិបាល​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ ត្រូវ​​បាន​​ទូរទស្សន៍​​ជាតិ​​កម្ពុជា​​(ទទក) ​ស្រង់​​សម្តី​​ចុះផ្សា​យ​​ថា ដើម្បី​​គោរព​បទ​ឈប់​​បាញ់ និង​​សុវត្ថិ​ភាព​​របស់​​ប្រជា​ពលរដ្ឋ​​ កង​​ទ័ព​​កម្ពុជា​​មិន​​បាន​​តបត​​ទេ​នៅ​​ពេល​​ដែល​​ទាហាន​​ថៃ​​ចូល​​មក​រាយ​​លួស​បន្លា​ព័ទ្ធ​យក​ផ្ទះ​ប្រជាពល​រដ្ឋ​​មួយ​​ចំនួន ​នៅ​​ភូ​មិ​ព្រៃ​ចាន់​នោះ​ទេ​ ពី​ព្រោះ​​ត្រូវ​​រង់ចាំកា​រស​ម្រេច​​របស់​​ថ្នាក់​ជាតិ។

លោក​បាន​និយាយ​​នៅពេល​ឈរនៅ​​របងបន្លាលួស​ដែល​ថៃ​ទើប​តែដាក់ថា កងទ័ព​​កម្ពុជា​​​​ពីមុ​ន​​ឈរ​​នៅ​​ដើម​ស្រល់​​ឯណោះ ​ប៉ុន្តែ​​ក្រោយ​​ថ្ងៃ​ទី​១៣ ​កន្លង​មក​​ថ្មីៗ​នេះ ភាគី​ថៃ​​បាន​​រុញ​​​ច្រាន​​​ដេញ​​​ប្រជា​ពលរដ្ឋ​ ចូល​​មកដាក់​​​បន្លា​លួស​​ហើយ​​បិទ​ផ្លូវ​​នៅ​ទីនេះ​។

លោកថា៖ «ចង់​ជម្រាប​ជូនថា យើង​ទីនោះ​​​ក៏យើ​ង​​មាន​​កង​ទ័ព​​ដូច​គ្នា ប៉ុន្តែ​​មិន​​មែ​ន​​យើង​​ភ័យ​​ខ្លាច​ថៃ​​ទេ ប៉ុន្តែ​​ដើម្បី​ការ​​ពារ​​ប្រជា​ពលរ​ដ្ឋ​​​ ចឹង​​យើង​​ត្រូវ​​តែ​សម្រួល​​ភារកិច្ច​​ដក​​ថយ​មួយ​​ជំហ៊ាន​ ​ដើម្បី​​ការ​​ពារ​ពលរដ្ឋ​។ នេះ​​សូម​​បញ្ជាក់​​​ជូន​​យើង​​អត់​​ខ្លាច​​យើង​​អត់​មាន​​ខ្លាច​អ្នក​ណា​​ទេ យើង​ដក​ថយ​​ដើម្បី​ឱ្យ​​អន្តរ​ជាតិ​​មើល​​ឃើញ​ថា ថៃ​​ឬ​ក៏សៀ​ម​​​នេះ​​ដែល​​មិ​ន​​អនុវត្ត​តាមប​ទ​​ឈប់​​បាញ់ និង​មិន​​អនុវត្ត​​តាម​កិច្ច​​ប្រជុំ​GBC ​នៅ​​​ប្រទេស​ម៉ាឡេស៊ី​ទាំង​​ពីរ​លើក។ បាន​​ន័យ​​ថា បន្ទាប់​​ពី​កិ​ច្ច​​ប្រជុំ​​ភាគី​ទាំង​​សង​ខាង​​អ​ត់​​ធ្វើ​សកម្មភាព​អ្វីទាំ​ង​អស់​ ​ចឹង​​ភាគី​កម្ពុជា​​ខិត​​ខំ​ប្រឹ​ងប្រែ​ង​​រក្សា​​​​ទៅ​តាម​​បទ​ឈប់​​បាញ់​ និង​​លទ្ធផល​​នៃ​កិច្ច​​ប្រជុំ​GBC។ ប៉ុន្តែ​​ដោយ​​ឡែក​​ខាង​សៀម​​អត់​​ធ្វើ​ចឹ​ងទេ​ គាត់​​ធ្វើ​ស​កម្មភាព​​រហូត រហូត​ដល់​បិទ​ផ្លូវនេះ»។

បើតាម ​លោក ​អ៊ុំ រាត្រី ប្រជាពលរដ្ឋ​​​ដែល​​ត្រូវ​បាន​​ទាហាន​​ថៃ​​ព័ទ្ធ​​យក​​ផ្ទះ​​សម្បែង ​និង​​បណ្តេញ​​​ចេ​ញ​ពីភូ​មិ​ព្រៃ​ចាន់ ​និង​​​ភូមិ​​ជោគ​​ជ័យ​​មាន​​១២​​គ្រួសារ ​និង​​មាន​​សមាជិក​​៥៩​​នាក់។

មួយគ្នា​នេះ លោក ​ប៉ែន បូណា ប្រធាន​អង្គ​ភាព​អ្នក​នាំពា​ក្យ​រាជរ​ដ្ឋាភិ​បា​ល បាន​​ថ្លែង​​នៅ​​​ក្នុង​​សន្និ​សីទ​កាសែត​​ស្តីពី «លទ្ធផ​ល​នៃកា​រ​អនុវ​ត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ» នៅ​ថ្ងៃ​​​ទី​​២២ ខែ​សីហា ឆ្នាំ​២០២៥​​នេះថា អាវុធ​ដ៏ស័​ក្តិ​សិទ្ធិ​បំផុត ដើម្បី​​យក​​ឈ្នះក​ល​​ល្បិច​នៃស​ង្គ្រាម​​ចិត្ត​សាស្ត្រ ក៏ដូ​ច​ជាយ​ក​ឈ្នះលើ​សមរភូមិការ​ទូត​​ដែល​​កម្ពុជា​​​កំពុង​​ឆ្លង​កាត់ គឺកា​របន្ត​​ប្រកាន់​​ភាព​អត់​ធ្មត់ និង​រក្សា​ភាព​នឹង​ន​រ​ក្នុង​ចិត្ត ដោយគោរពឱ្យ​បាន​​ល្អ​​បំផុ​តនូ​វ​កិច្ច​​ព្រ​មព្រៀ​ង​​ឈប់​​បាញ់ កុំ​ជ្រួល​ច្របល់​តាម​ខ្សែញា​ក់​របស់​គេ ហើយ«ជឿជាក់​​លើ​រា​ជ​រដ្ឋាភិបាល​​ និង​លើថ្នា​ក់​​ដឹក​នាំរបស់​យើង​ ដែល​កំពុង​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​ភាពវៀង​វៃ​ដោយ​ឈរ​លើ​ស្មារតី​សន្តិភា​ព​ជា​គោល»

ប៉ុន្តែ​យ៉ាងណាក្តី ​អ្នក​នយោបាយ​ប្រឆាំងនិង​បញ្ញវន្តខ្មែរ​​ជាច្រើន ​លើក​ឡើង​ថា នៅ​គ្រប់​​សម័យ​​​កាល​​គេ​មិន​​ដែល​​ឃើញ​​​មេដឹក​នាំខ្មែ​រ​ណា​ បណ្តោយ​​ឱ្យ​​យោធា​ថៃ​ ចូល​​មក​​រាយ​​បន្លា​​លួស​​ព័ទ្ធ​​យក​​ដី​ខ្មែរ​​ដោយ​​គឃ្លើន​តាមអំពើ​​ចិត្ត ​ដូចមេដឹកនាំ​​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​​​បច្ចុប្បន្ន​បែបនេះ​នោះ​​ទេ។ ដើម្បី​​កុំ​ឱ្យ​មាន​ភាពស្មុគស្មាញ​ក្នុង​​ការ​ទាម​ទារ​​ឱ្យ​ថៃ​ដកបន្លាលួស​​ចេញ​​ពី​ទឹកដី​កម្ពុជា​វិញ​​នៅថ្ងៃក្រោយ​ អ្នក​នយោបាយ​​ប្រឆាំង​ និង​បញ្ញវន្ត​ខ្មែរ ​ជំរុញ​​​ដល់​​កង​​ទ័ព​និង​ពល​រ​ដ្ឋ​​ខ្មែរ ​ត្រូវ​តែសកម្ម​តវ៉ា​​ទប់​ស្កាត់​ដក​បន្លាលួស ​និង​សម្បកកង់ឡានដែល​ទ័ព​ថៃ​ចូលមក​ដាក់ចេញ​វិញ​ភ្លាមៗ និងត្រូវប្តឹងជាលាយ​លក្ខណ៍​អក្សរ​ជាផ្លូវការ​តាម​ផ្លូវទូត​ និង​ផ្លូវ​​ច្បាប់ផង​ដែរ មិន​​ត្រូវ​នៅ​​សម្ងំបណ្តែត​បណ្តោយ​ឱ្យ​ទាហាន​ថៃ ​រំលោភ​បំពាន​ចូល​មកក្នុង​ទឹកដីខ្មែរ​ តាម​អំពើចិត្ត​បែបនេះនោះ​​ទេ​ ពីព្រោះ​តាម​បទពិសោធន៍ក្នុង​ប្រវត្តិសាស្ត្រ ​ថៃ​តែចូល​មក​ហើយ​មិន​​ដែល​ដក​ទៅវិញនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ