ប្រធានាធិបតីចិន លោក ស៊ី ជីនពីង(Xi Jinping) ត្រូវបានគេទម្លាយថា ទំនងជាមិនទៅចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ាន ដែលគ្រោងធ្វើនៅខែតុលាខាងមុខនេះទេ ដោយសំអាងពីភាពចម្រូងចម្រាស ពីបញ្ហាសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកនៅបន្តឡើងកម្តៅ។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះថា នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយនៅក្នុងខែនេះថា ទាំងលោកប្រធានាធិបតី ស៊ី ជីនភីង និង លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងទុកថា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) នៅថ្ងៃទី២៦-២៨ ខែតុលា នៅទីក្រុងគូឡាឡាំពួ។
ការណ៍នេះ នាំឱ្យអ្នកវិភាគសន្និដ្ឋានថា លោក ត្រាំ និងលោក ស៊ី ដែលកំពុងស្ថិតក្នុងការផ្អាកនៃសង្គ្រាមពាណិជ្ជកម្មទាំងមិនសូវរលូន និងមានឱកាសជួបគ្នាផ្ទាល់ក្នុងវគ្គទីពីររបស់ លោក ត្រាំ។
ប្រភពក្នុងតំបន់ពីរ បាននិយាយថា នាយករដ្ឋមន្ត្រីចិន លោកលី ឈាំង (Li Qiang) ដែលបានចូលរួមក្នុងកិច្ចប្រជុំអាស៊ានមួយផ្សេងទៀត ជាមួយមេដឹកនាំឈូងសមុទ្រក្នុងខែឧសភា ត្រូវបានគេរំពឹងថានឹងចូលរួមតំណាងឱ្យប្រទេសចិននៅក្នុងកិច្ចប្រជុំនៅខែតុលា។
ដោយឡែក ក្រសួងការបរទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ រ៉យទ័រ (Reuters) នោះទេ។ លើសពីនេះ លោក អាន់វ៉ា(Anwar) បានប្រាប់សភាប្រទេសម៉ាឡេស៊ី កាលពីខែមុនថា លោក ត្រាំ បានបញ្ជាក់ពីការចូលរួមរបស់គាត់ ក្នុងព្រឹត្តិការណ៍នេះ អំឡុងពេលការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំសហរដ្ឋអាមេរិក។
លោក អាន់វ៉ា បាននិយាយថា កិច្ចប្រជុំកំពូលប្រចាំឆ្នាំ នៅឆ្នាំនេះនឹងមានគោលបំណងជួបជុំមេដឹកនាំពិភពលោកដ៏ធំបំផុត និងល្បីល្បាញបំផុតរបស់អាស៊ាន រហូតមកដល់បច្ចុប្បន្នដោយមានប្រធានាធិបតីប្រេស៊ីល និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង ក៏រំពឹងថានឹងចូលរួមផងដែរ៕









