ខណៈកម្ពុជាបានរក្សាភាពស្ងៀមស្ងាត់ និងគោរពបទឈប់បាញ់ដ៏ផុយស្រួយជាឯកតោភាគីនោះ ក្រុមយោធាថៃនៅតែបង្កើតសេណារីយ៉ូមិនចេះចប់ ដើម្បីទាញកម្ពុជាចូលក្នុងសង្គ្រាម និងបន្តសកម្មភាពឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រប្លែកៗ ក្នុងបំណងបំភ័ន្តភ្នែកពិភពលោក។
យុទ្ធសាស្ត្ររបស់យោធាថៃ ប្រើសម្រាប់បង្ករឿងជាមួយកម្ពុជា ហើយដែលធ្វើឱ្យពិភពលោកបានដឹង និងកំពុងផ្ទុះការចាប់អារម្មណ៍នោះ មានដូចជា ការក្លែងខ្លួនជាទាហានខ្មែរ ករណីទាហានដើរចូលក្នុងទឹកដីកម្ពុជា និងជាន់មីនដែលសល់ពីសម័យសង្គ្រាមផ្ទុះ ហើយបង្កើតភស្តុតាងក្លែងក្លាយដើម្បីចោទប្រកាន់មកលើកម្ពុជា ការប្រើប្រាស់ឧបាយចាប់ទាហានខ្មែរទាំងកណ្ដាលថ្ងៃ ក្រោយឯកភាពបទឈប់បាញ់ ការបាញ់គ្រាប់ជំពាមកៅស៊ូ ជំនួសដោយកាំភ្លើងមកលើទាហានខ្មែរ និងការវាស់វែងបោះពុម្ភផែនទីដោយខ្លួនឯង ហើយយកមកសំអាងដើររាយបន្លាលួសព័ទ្ធយកដី និងផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរជាដើម។
និស្សិតបញ្ចប់ថ្នាក់បរិញ្ញប័ត្រវិទ្យាសាស្ត្រនយោបាយ លោក ជុំ ឧទិត្យ យល់ឃើញថា យោធាថៃ កំពុងប្រើប្រាស់យុទ្ធសាស្ត្រប្រមូលកំទិចឈើ យកមកដុតព្រៃធំ តាមរយៈការប្រឌិតរឿងតូចៗដដែលៗ ដើម្បីមានលេសបង្កសង្គ្រាមជាមួយកម្ពុជា ទាំងដែលលេសទាំងនោះ មិនទំនងនាំឱ្យឈានដល់ការផ្ទុះអាវុធនោះឡើយ។
លោកកត់សម្គាល់ឃើញថា យុទ្ធសាស្ត្ររបស់យោធាថៃ ដើម្បីបង្កសង្គ្រាម គឺផ្ដើមចេញពីការបង្កវិវាទពាក្យសម្ដីជាមួយកងទ័ពខ្មែរ ការបញ្ឆេះកំហឹងពលរដ្ឋ និងការប្រឌិតភស្តុតាង សម្ដែងស្រែកយំធ្វើជាជនរងគ្រោះឱ្យអន្តរជាតិមើល និងទម្លាក់កំហុសចោទប្រកាន់មកលើកម្ពុជា ដើម្បីរកលេសចូលឈ្លានពានកម្ពុជា។
លោក ជុំ ឧទិត្យ និយាយថា៖ «យុទ្ធសាស្ត្របែបនេះ គឺមានមេដឹកនាំក្រុមយោធាថៃទេ ដែលគិតចេញមកបាន និងអាចធ្វើទៅរួច ទោះបីការប្រើប្រាស់ល្បិចទាំងនេះ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិថៃធ្ងន់ធ្ងរ។ បើចំពោះរដ្ឋាភិបាលស៊ីវិលវិញ អាចនឹងមានការពិចារណាខ្លះ ព្រោះរដ្ឋាភិបាលស៊ីវិលមានតុល្យភាពអំណាច មានសំឡេងបក្សប្រឆាំងចូលរូម។ នៅមុនអនុវត្តយុទ្ធសាស្ត្រទាំងនេះ ក្រុមយោធាថៃ បានដឹងពីចំណុចខ្សោយរបស់មេដឹកនាំកម្ពុជាហើយ ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកលំដាប់ពិភពលោក និងការផ្អៀងទៅរកប៉ូលមហាអំណាចម្ខាងជ្រុល។ តែយ៉ាងណា ការសម្រេចចិត្តដើរលើយុទ្ធសាស្ត្រសង្គ្រាមរបស់ក្រុមយោធា ដែលរំលងអំណាចរដ្ឋាភិបាលសំឡេងចម្រុះនេះ និងធ្វើឱ្យថៃ បាក់មុខលើឆាកអន្តរជាតិរយៈពេលវែង»។
កាលពីថ្ងៃសៅរ៍ទី៩ ខែសីហា មានករណីទាហានថៃ ៣រូប បានរងរបួសក្នុងហេតុការណ៍ផ្ទុះមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ អំឡុងពេលពួកគេដើរល្បាតរាយលួសបន្លា។ ក្រសួងការបរទេសថៃ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងចោទប្រកាន់ភាគីកម្ពុជាថា ជាអ្នកដាក់គ្រាប់មីនថ្មី ប្រភេទ PMN-2 ដោយរំលោភចូលដែនអធិបតេយ្យភាពរបស់ថៃ។
ទោះជាបែបនេះក្ដី អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC លោក ហេង រតនា បានពន្យល់ថា ជាលក្ខណៈបច្ចេកទេស បើសិនជាការផ្ទុះនោះ បង្កដោយគ្រាប់មីន PMN-2 មែន ជនរងគ្រោះមិនដាច់ត្រឹមកជើងនោះទេ ប៉ុន្តែគឺដាច់ជើងទាំងពីរ ឬអាចបណ្តាលឱ្យស្លាប់តែម្តង។ លោកបន្តថា ចំពោះគ្រាប់មីន ប្រភេទ PMN-2 ដ៏ថ្មីស្រឡាង ដែលយោធាថៃ បានយកមកបង្ហាញ និងអះអាងថា រកឃើញនៅតំបន់ព្រំដែនកម្ពុជានោះ គឺជាការបោកប្រាស់ និងខុសពីបច្ចេកទេស។
លោក ហេង រតនា និយាយថា៖ «គ្រាប់មីន ប្រភេទ PMN-2 ដែលបានដាក់តាំងបង្ហាញនោះ មានមួយភាគធំ មិនទាន់បានដកគន្លឹះដើម្បីឱ្យវាផ្ទុះទេ។ បើកប់ហើយគេដកគន្លឹះហ្នឹងចេញ ហើយគន្លឹះហ្នឹងគេចោលហើយ ព្រោះគន្លឹះហ្នឹងយកតគ្នាវិញអត់បានទេ មូលទៅដាច់ហើយ មូលដើម្បីឱ្យវាផ្ទុះបាន ហើយបើអត់បានមូលផងជាន់យ៉ាងម៉េចក៏វាអត់ផ្ទុះដែរ ហើយកងទ័ពគេដាក់យកផ្ទុះ បើអត់ផ្ទុះផងគេដាក់យកមកធ្វើអី»។
លោក ហេង រតនា បញ្ជាក់ថា ករណីទាហានថៃដើរជាន់មីនផ្ទុះនេះ គឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា ក្នុងជម្រៅប្រមាណ ៣០០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន បារាំង-សៀម ដែលជាតំបន់ចម្ការមីនបន្សល់ទុកពីសម័យសង្គ្រាមចាស់។
ជាថ្មីម្ដងទៀត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ បានចុះផ្សាយដោយបានបង្ហាញពីរកឃើញទូរសព្ទរបស់ទាហានខ្មែរនៅកន្លៀតថ្ម និងមានរូបថត និងវីដេអូ ធ្វើសកម្មភាពនៃការដាក់មីន។
ទោះជាយ៉ាងនេះក្ដី អ្នកឃ្លាំមើលជាតិ និងអន្តរជាតិ សង្កេតឃើញថា ការរកឃើញរបស់ទាហានថៃ គឺជាការសម្ដែងបោកប្រាស់ ដើម្បីបំភ័ន្តភ្នែកអន្តរជាតិ។ ជាក់ស្ដែង នៅថ្ងៃបន្ទាប់ ពលរដ្ឋអាមេរិកាំងម្នាក់ ដែលមានទំនាក់ទំនងស្និទ្ធិនឹងរដ្ឋាភិបាលអាមេរិក គឺលោក Michael B Alfaro បានបង្ហោះសារនៅលើបណ្ដាញសង្គម ដោយសម្ដែងការហួសចិត្តទៅនឹងទង្វើរបស់យោធាថៃ និងដោយលើកជាសំណួរបែបកំប្លែងក្នុងហេតុផលថា «តើអ្នកគិតថា កម្ពុជាអាចផលិតទូរស័ព្ទដៃ ដែលមិនជ្រាបទឹក ជាមួយថាមពលថ្មដែលមិនចេះអស់ បានដែរឬទេ? បើកម្ពុជាមានបច្ចេកវិទ្យានេះពិតមែន នរណាក៏បាន សូមប្រាប់ទៅលោក Elon musk ឱ្យទាក់ទងទៅកម្ពុជាភ្លាម»។
យ៉ាងណាមិញ លោក Michael B Alfaro និងប្រធានផ្នែកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានអាមេរិក ឱ្យបណ្តាញ Next News Network លោក Gary Franchi ត្រូវរដ្ឋាភិបាលថៃ ដាក់បញ្ជូលទៅក្នុងបញ្ជីខ្មៅ ក្រោយពីពួកលោកធ្វើសេចក្តីរាយការណ៍ជុំវិញផលវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ។
ជាការឆ្លើយតបទៅកាន់រដ្ឋាភិបាលថៃ លោក Gary Franchi បានសរសេរនៅលើបណ្តាញសង្គមថា «ថៃអាចចុះបញ្ជីខ្មៅយើង។ ពួកគេអាចលាបពណ៌យើង។ ប៉ុន្តែពួកគេមិនអាចលុបបំបាត់ការពិតដែលថា ការរាយការណ៍របស់យើងបានទៅដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានជួយឱ្យមានការចរចាសន្តិភាពបានទេ»។
ងាកមកយុទ្ធសាស្ត្ររបស់យោធាថៃវិញ ដូចការគ្រោងទុក យោធាថៃ បានយកករណីផ្ទុះមីននេះ ធ្វើជាលេសចល័តទ័ព សព្វាវុធ និងគ្រឿងចក្រ ចូលមករុករានក្នុងទឹកដីកម្ពុជា។ ទន្ទឹមគ្នានេះ យោធាថៃ បានប្រើប្រាស់ផែនទីដែលខ្លួនបង្កើតឡើងជាឯកតោភាគី មកទន្ទ្រានចូលទឹកដីកម្ពុជា តាមរយៈការរាយបន្លាលួស និងសំបកកង់ឡាន ព័ទ្ធយកដីធ្លី និងផ្ទះសម្បែងពលរដ្ឋខ្មែរអស់ជាច្រើនខ្នង ដែលបណ្ដាលឱ្យពលរដ្ឋខ្មែរជាច្រើនគ្រួសារ បាត់បង់ផ្ទះសម្បែង និងត្រូវមករស់នៅក្រោមដំបូលតង់កៅស៊ូ។
ការទន្ទ្រានរបស់យោធាថៃនេះ បានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ផែនទីមាត្រដ្ឋាន១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន។
អតីតបេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃ លោក Leewood Phu បានដាក់លិខិតមួយទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីស្នើលោកអន្តរាគមន៍ក្នុងការជំរុញដល់ភាគីថៃ ដោះលែងទាហានខ្មែរទាំង ១៨នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ។
អ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា លិខិតដាក់ដោយអតីតបេក្ខភាពទូតអាមេរិកប្រចាំប្រទេសថៃនេះ គឺជាការរួមចំណែកនាំសារសំខាន់មួយពីកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ដល់កងទ័ពកម្ពុជា ដែលយោធាថៃបានចាប់ខ្លួនទៅ ក្រោយបទឈប់បាញ់ចូលជាធរមាន។
យោងតាមប្រភពគួរឱ្យទុកចិត្តទាំងនេះ ថ្នាក់ដឹកនាំយោធាថៃ ដឹកនាំដោយឧត្តមសេនីយឯក Boonsin Padklang កំពុងរៀបចំឧប្បត្តិហេតុ ដែលនឹងបង្ហាញការក្លែងបន្លំថា កម្ពុជាជាអ្នករំលោភលើអនុសញ្ញាអូតាវ៉ា និងកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
គម្រោងបោកប្រាស់ដ៏មហិមានេះ ពាក់ព័ន្ធនឹងការបង្កប់គ្រាប់មីន, ការបង្ហាញភស្តុតាង និងការក្លែងបន្លំឱ្យទាហានថៃធ្វើជាទាហានកម្ពុជា ដើម្បីបំភ័ន្តអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។
គោលដៅនៃផែនការដ៏ខ្មៅកខ្វក់នោះ គឺដើម្បីបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ និងពិភពលោកថា កម្ពុជាកំពុងដាក់គ្រាប់មីនថ្មី និងចោទទៀតថា កម្ពុជារំលោភលើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីអាចធ្វើជាមូលហេតុនាំការផ្ទុះសង្គ្រាមសារជាថ្មីរវាងប្រទេសទាំងពីរ។
ក្រៅពីប្រើប្រាស់យុទ្ធសាស្រ្តក្ដៅហើយនោះ យោធាថៃ នៅមានយុទ្ធសាស្ត្រត្រជាក់ផ្សេងទៀត ដែលពួកគេរៀបចំឡើងជាជំហានៗ មានដូចជា ការប្រើប្រាស់សារព័ត៌មានធ្វើជាអាវុធ ដោយមូលបង្កាច់មកលើកម្ពុជា ថាអ្នកឈ្លានពានមកលើទឹកដីថៃ និងរំលោភបទឈប់បាញ់ជាដើម។ ទន្ទឹមគ្នានេះ យោធាថៃ ហាក់មានគោលបំណងជំរុញឱ្យកិច្ចប្រជុំថ្នាក់តំបន់ RBC បរាជ័យ ដើម្បីជាលេសអាចឈានដល់ការប្រើកម្លាំងបាយដាក់មកលើកម្ពុជា ខណៈយោធាថៃ បានត្រៀមខ្លួនជាស្រេចក្នុងការបើកការវាយលុក ដោយលើកឡើងពី «ការរំលោភលើគ្រាប់មីន» របស់កម្ពុជា ថាជាដើមចមនៃមូលហេតុ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា យល់ឃើញថា ការដែលថៃបន្តការឈ្លានពានលើកម្ពុជា ទំនងដោយសារគិតថា ខ្លួនជាប្រទេសមានឥទ្ធិពលយោធាខ្លាំងជាង ស្របពេលដែលប្រទេសនេះកំពុងបង្រួបបង្រួមផ្ទៃក្នុង ក្រោយតុលាការសម្រេចទម្លាក់ចោលសំណុំរឿងប្រមាថព្រះមហាក្សត្រ របស់លោកថាក់ ស៊ីន។
លោកបន្តថា ចំណុចនេះ សបញ្ជាក់ឱ្យឃើញពីភាពខុសគ្នារវាងកម្ពុជា ដែលប្រើតុលាការដាក់ទោសអ្នកនយោបាយ ធ្វើឱ្យបញ្ញវន្តខ្ចាត់ខ្ចាយ រត់ទៅជ្រកកោននៅក្រៅប្រទេស។ យ៉ាងណាក៏ដោយចុះ លោកនៅតែអំពាវនាវឱ្យប្រទេសទាំងពីរ ពិសេសរដ្ឋាភិបាលកម្ពុជា នាំយកករណីនេះ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីទទួលបានដំណោះស្រាយជាក់លាក់ និងស្របច្បាប់។
លោកថា៖ «សូមយកច្បាប់អន្តរជាតិជាគោល យកមកអនុវត្តនិងគោរពទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហានិងវិវាទហ្នឹង ហើយផលចំណេញ ខ្ញុំជឿជាក់ថា គឺបានទៅដល់ប្រជាពលរដ្ឋទាំងសងខាង ទាំងអ្នកជំនួញ ទាំងពលរដ្ឋរស់នៅក្នុងប្រទេស ដែលជាប់ព្រំដែន ឬក៏មិនជាប់ព្រំដែនហ្នឹងក្ដី ក៏មានពលរដ្ឋទាំងថៃ ទាំងកម្ពុជា មិនចូលចិត្តសង្គ្រាម អ្នកណាក៏អ៊ីចឹងដែរ។»
យ៉ាងណាក៏ដោយចុះ ល្បិច «ស្វាស៊ីបាយ លាបមាត់ពពែ» ដែលថៃ បានបង្កើតព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងចង់ឱ្យសហគមន៍អន្តរជាតិមើលឃើញថា កម្ពុជាជាអ្នកឈ្លានពាន ហាក់កំពុងបញ្ចេញសារធាតុពិតបណ្ដើរៗ ហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បានបដិសេធសំណើរបស់ប្រធានអាស៊ានប្ដូរវេន ក្នុងការដាក់ពង្រាយក្រុមអង្កេតការណ៍អន្តរជាតិបន្ថែមទៀត ដើម្បីតាមដានការអនុវត្តបទឈប់បាញ់រវាងកម្ពុជាថៃ និងការស្នើសុំពន្យារពេលក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ដែលត្រូវចុះមកអង្កេតស្ថានភាព និងទីតាំងរបស់កម្ពុជា។
ទន្ទឹមគ្នានេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក ខេស៊ី បាណេត (Casey Barnet) អំពាវនាវឱ្យអ្នកសង្កេតការណ៍អន្តរជាតិ ពិនិត្យរបាយការណ៍ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ អំពីការសម្លាប់ពលរដ្ឋខ្មែរជាង ៤០នាក់នាពេលនោះ ទើបដឹងអ្នកណាជាអ្នកឈ្លានពានអ្នកណា ចំពោះសង្គ្រាមកម្ពុជា-ថៃ ក្នុងពេលនេះ។
លោក ខេស៊ី បាណេត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ថា ចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៤ គឺជាពេលដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូចា និងជាមេបញ្ជាការកងទ័ពថៃ នាពេលនោះ បានធ្វើឱ្យមានជនស៊ីវិលខ្មែរយ៉ាងហោចណាស់ ៤២នាក់ ត្រូវបានសម្លាប់ នៅតាមបណ្តោយព្រំដែនដោយយោធាថៃ នៅក្នុងការបង្ក្រាបក្រុមបាតុករអាវក្រហម ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ថៃ រហូតនាំឱ្យមានការសម្លាប់ក្រុមបាតុករយ៉ាងតិច ៩០នាក់ ដោយចាប់ផ្តើមក្នុងឆ្នាំ២០១០។
ក្នុងជម្លោះរឿងព្រំដែនជាមួយថៃនេះ អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលកម្ពុជា កែលម្អទម្រង់ការដឹកនាំរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពកម្ពុជា តាមរយៈការបង្រួបបង្រួមនិន្នាការនយោបាយ ការបែកចែកអំណាចឱ្យមានតុល្យភាព គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីពង្រីកទំនាក់ទំនងការទូតជាមួយប្រទេសលោកសេរី៕









