កម្ពុជា​ត្រូវលុបបំបាត់​អំពើ​​ពុក​រលួយ​​ដើម្បី​​ជួយ​​សង្គ្រោះ​ជីវភាព​កង​ទ័ព​​និ​ង​​​ធ្វើ​​ទំនើប​កម្ម​​វិស័យ​​ការ​ពារ​ជាតិ

មិន​ថា​គ្រួសារ​​កង​ទ័ព​​ដែល​​ពលី និង​​កង​​ទ័ព​​​ដែល​​កំពុង​​ដេក​សម្រាក​​ព្យា​បាល​មុខ​របួស​​​​នៅ​​តាម​​មន្ទីរ​ពេទ្យ​​នានា​​នោះ​ទេ សូម្បី​​កង​​ទ័ព​​ដែល​​កំពុង​​ឈរ​​ជើង​នៅ​ជួរ​​មុខ ក៏​​​ឃើញ​​តែ​បង្ហោះ​​សារ​​ព្រោង​​ព្រាត​​ជាមួយ​​រូប​ថត និ​ង​​វីដេអូ​​លើក​ដៃ​​សំពះ​​សុំ​​ជំនួយ​ពី​សប្បុរសជន ដើម្បី​បា​ន​ជា​ប្រាក់ព្យា​បាល​​របួស ​និង​ស្រោច​ស្រង់​​ជីវភាព​ដែល​​កំពុង​ខ្វះ​ខាត​យ៉ាងខ្លាំង​ផង​​ដែរ​ ខណៈ​​រដ្ឋា​ភិបាល​ហាក់​ដូច​នៅ​ស្ងៀម​​​មិន​ឃើញ​បញ្ចេញកញ្ចប់​​ថវិកា​ជាតិ​​ជួយ​​ដល់​កងទ័ព ​និងគ្រួសារ​កងទ័ព​​ដែល​​​ខ្វះខាត​ទាំងនោះ​​ឡើយ​។

សម្រាប់​កងទ័ព​ដែល​កំពុង​ឈរ​ជើង​នៅជួរមុខ ក្រៅពី​អំពាវនាវ​ដល់​សប្បុរសជន​ឱ្យ​ផ្តល់​ជា​ថវិកា​​ ​គ្រឿងហូប​ចុក និង​ម៉ូតូ​សម្រាប់​ជិះ​​បម្រើ​ការ​ងារ​ ឬក៏​ដឹកស្បៀង​​ឡើង​ភ្នំ ក៏បាន​ស្នើ​សុំ​ឱ្យមាន​ការ​ជួយ​ឧបត្ថម្ភ​ជា​​អាវក្រោះ មួក​ដែក​ ឧបករណ៍​​​ពាក់​ការពារ​​ផ្សែង​ពុល និង​ស្បែក​ជើ​ង​​​​​​ផងដែរ​។

បន្ទាប់​ពីមាន​សេចក្តីរាយការ​ណ៍​ជាច្រើន​ថា កងទ័ព​កម្ពុជា​ដែល​ពលី​មួយ​ចំនួន ​ត្រូវ​គេបាញ់​សុះ​ខ្លួន​ដោយ​សារ​​​តែ​ពុំមាន​អាវក្រោះ​​និង​មួកដែកពាក់​ការពារ និង​ទាហាន​មួយ​ចំនួន​ទៀត ​បាន​ពលីជាបន្តបន្ទាប់​​ដោ​យ​សារ​​តែ​​ពុំ​​មាន​​ឧបករណ៍​​ពាក់​ការ​ពារ​​ផ្សែង​ពុល នៅ​ពេល​ដែល​សង្គ្រាមច្បាំង​​ស៊ីសាច់​ហុត​ឈាម​គ្នា​​​រវាង​​ក​ង​​ទ័ព​​កម្ពុជា​​និ​ង​​ថៃ ​អស់​រយៈពេល​៥ថ្ងៃ ​គឺចាប់​ពីព្រឹកថ្ងៃទី​​២៤ខែ​កក្កដា​​ ដល់​​ម៉ោង​​១២​​យប់​​ថ្ងៃ​​ទី​២៨ ខែ​កក្កដា​ ឆ្នាំ២​០២៥ ​​កង​​ទ័​ព​​ថៃ​​​បាន​​ប្រើ​​យន្ត​ហោះ​ចម្បាំង​F-១៦ និង​ដ្រូន​ទម្លាក់​គ្រាប់​បែក​ចង្កោម​​បាញ់ផ្លោង​ជជ្រុំ​​និង​​បាញ់​ផ្សែង​ពុល​ ​ស្រោច​មកលើកងទ័ព​កម្ពុជា​ទាំង​យប់​ទាំងថ្ងៃ​។

តាម​រយៈ​រូប​ភាព​ដែល​បង្ហោះព្រោង​ព្រាត​លើបណ្តាញសង្គម​របស់​ក្រុម​សប្បុរសជន ​និង​ក្រុម​​MMO ព្រម​ទាំង​​​ក្រុមគ្រួសារ​កង​ទ័ពផ្ទាល់ គេ​ឃើញ​កង​ទ័ពនិង​ក្រុម​គ្រួ​សារ​​កង​ទ័ព​​ក្នុង​ចំនួន​ដ៏ច្រើន​ មិន​មាន​ផ្ទះ​​​ឬក៏ដីធ្លី​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​រស់​នៅនោះទេ ដោយ​កង​ទ័ព​ខ្លះ​រស់នៅ​ក្នុង​ផ្ទះ​​ខ្ទម​​ប្រក់​ស្លឹក​ត្នោត​​រខេករខាក មើល​ពីមុខ​​ធ្លុះ​​ទៅ​ក្រោយ​​ ខណៈ​ខ្លះ​ទៀត​​ជួល​បន្ទប់​គេ​ឱ្យប្រពន្ធកូន​ស្នាក់​​​នៅ​ ឬក៏រស់នៅ​ពឹង​អាស្រ័យ​លើ​ផ្ទះ​បងប្អូន​​សាច់​ញាតិ​។

ចំណែក​ឯការ​ហូប​ចុក ស្លៀក​ពាក់ ​និង​មធ្យោបាយ​ធ្វើដំណើរ​​របស់​កងទ័ព​ជួរ​មុខ​វិញ ​មើល​ទៅ​ពិតជាគួរ​ឱ្យ​សង្វេគ​​ខ្លាំង​ណាស់ ស្លៀកពាក់​សម្លៀក​បំពាក់ចាស់ៗ​​ស្លកពណ៌​​រហែក ពាក់ស្បែកជើងផ្ទាត់​ ​ម្ហូប​អាហារ​មើល​ទៅ​​ស្ថិត​ក្នុង​ស្ថាន​ភាព​ខ្វះ​ខាត​យ៉ាងខ្លាំង​​ ឯមធ្យោបាយ​ធ្វើ​ដំណើរ​​វិញ​ខ្លះ​ជិះកង់ ខ្លះ​ជិះ​ម៉ូតូ​កញ្ចាស់ ​មាន​តែឆ្អឹង​តួម៉ូតូ​និង​ខ្លះ​ទៀត​គ្មាន​ទាំង​កង់​គ្មាន​ទាំង​ម៉ូតូ​ ថែម​ទាំង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​​ថែម​ទៀត​ជាដើម។ល។និង។ល។ ​នេះ​បើយោង​តាមសារ​​និង​រូប​ភាព​ដែល​បង្ហោះ​ព្រោង​ព្រាត​តាម​បណ្តាញ​សង្គម ចាប់​តាំងពីផ្ទុះសង្គ្រាម​ថ្ងៃទី​២៤ខែកក្កដា។

ក្នុង​បទសម្ភាសន៍​​ជាមួយ​វីអូឌី ​កាលពីពេល​ថ្មីៗ​នេះ លោក ​ឯម សុវណ្ណា​រ៉ា សាស្រ្តា​ចារ្យ​​ផ្នែ​ក​​វិទ្យា​​សាស្ត្រ​​ន​យោ​បា​យ ​​​ថ្លែង​​ថា ​រឿង​ការ​អភិវឌ្ឍ​​លើ​វិស័យ​ការពារជាតិ​កម្ពុជា ​ក្នុង​រយៈ​ពេល​ជាង​៤០​ឆ្នាំ​កន្លងមកនេះ​ គឺជារឿង​រសើប ​ប៉ុន្តែ​លោក​អាច​និយាយ​ត្រឹម​ក្របខណ្ឌ​​មួយ​ចំនួន​។ ​ការ​អភិវឌ្ឍ​ប្រទេស ​ឬហៅថា​រដ្ឋ គឺជាកាតព្វ​កិច្ច​​រប​ស់​​រដ្ឋ​​មួយ​ៗ​ ហើយ​កម្ពុជា​​​ជា​ប្រទេស​តូច គួរ​ត្រូវ​រៀបចំខ្លួនឡើងវិញ ​​ក្រោយ​ការ​ឆ្លង​កាត់​​សង្គ្រាម​ដែល​​បង្ហា​ញ​​ថា ​កម្ពុជា​នៅ​ខ្វះ​ខាតច្រើន​។

បើតាម​លោក​សាស្ត្រាចារ្យ រដ្ឋមួយ​ខ្លាំង​វាមាន​ធាតុ៤​ ទី១​ប្រជាពលរដ្ឋ ទី២​ទឹកដី ទី៣ជាតិ ​និង​ទី៤​អធិប​តេយ្យ​ភាព​។ ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​​​ត្រឹម​១៧-១៨​លាននាក់ ​គឺនៅ​តិច​​បើ​បាន​ដល់​​ខ្ទង់​​៣០​​ឬ៤០​លាន​​នាក់​​ជាង ​ទើប​​វាសម​ល្មម​នឹងទឹកដី​កម្ពុជា ​​ខណៈ​ប្រទេស​ជាប់​របងកម្ពុជា ​ថៃមាន​ប្រជាជន​៧១លាន​នាក់​ ​វៀតណាម​​១០០​លាន​​នាក់​​​។ ចំណុច​មួយ​​​ទៀត​ គឺ​ទាក់​ទង​ទៅ​នឹងគុណភាពប្រជាជន គឺ​រដ្ឋាភិបាល​ត្រូវ​​​រៀប​ចំ​ឱ្យ​ប្រជាជន​មាន​​ការ​ងារ​មុខរបរ​អាច​កប្រាក់​ចំណូល​បាន​សមរម្យ និង​ផ្តល់​ការអប់រំនិងសេវា​សុខភាពដែល​មាន​គុណ​ភាព​។ នៅ​ពេល​ពល​រដ្ឋ​មាន​ការ​អប់រំខ្ពស់ មាន​សុខភាពល្អ គឺនឹងក្លាយ​ទៅ​ជាធន​ធាន​ដែល​មានគុណភាព​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ​និង​ជា​​កម្លាំង​​ច្បាំង​ការ​ពារទឹកដីឱ្យបាន​គង់វង្ស។

លោក ​ឯម សុវណ្ណារ៉ា ​បន្តថា ក្រៅពីការ​បង្រួប​បង្រួម​ជាតិ​ដើម្បី​ឱ្យមាន​ឯកភាពផ្ទៃក្នុង កម្ពុជា​ក៏​​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យមានការ​គាំពារ​ពីអន្តរជាតិ​​ផងដែរ ខណៈ​កន្លង​មក​កម្ពុជា​​​ខ្វះ​ការគាំទ្រ​ពី​លោក​ខាងលិច ​ដោយ​កន្លងមក​កម្ពុជា​ហាក់​ដូចជា​ព្រងើយកន្តើយ​ មិនយក​ចិត្ត​ទុក​ដាក់​​ទៅ​នឹងការ​លើកឡើង​របស់​សហគមន៍​អន្តរជាតិ​ទាក់ទង​​នឹងការ​រំលោភ​សិទ្ធិមនុស្ស​និង​ប្រជា​ធិបតេយ្យ​។

លោកថា៖ «នេះក្នុង​ក្រប​ខណ្ឌជាតិនឹងវាមាន​៣​ចំណុច គឺការ​គាំទ្រ​ពីសហគមន៍​អន្តរជាតិ​ ការគាំទ្រពី​ប្រជា​ពលរដ្ឋ​ ហើយ​នឹង​​រដ្ឋាភិបាល​ខ្លួន​ឯង​​ឱ្យ​​រឹង​មាំ។ ចំណែក​​អធិប​តេយ្យ​​ភាព​​ក៏​យើ​ង​​ត្រូវ​ការ​​ការ​​គាំទ្រ​​​ពី​សហគមន៍​​អន្តរ​ជាតិ​​ដែរ។ នេះ​​យើង​និយាយ​​​ពីល​ក្ខណៈ​​រដ្ឋ​មួយ​​ខ្លាំង​​ទាល់​​តែ​​យើង​​​​ធ្វើ​ទម្រង់​ហ្នឹង។ អ៊ីចឹង​​​បើ​នៅក្នុង​លក្ខណៈ​​ជាតិ ​គឺ​រដ្ឋាភិ​បាល​​ត្រូវ​មាន​​ស្ថាប័ន​​ឯករាជ្យ​ តុលាការ​​ឯករាជ្យ នីតិ​បញ្ញត្តិ​​រដ្ឋ​សភា ព្រឹទ្ធ​សភា​​ឯករាជ​ នីតិ​ប្រតិបត្តិ​ហ្នឹង ​គឺត្រូវម្ចាស់ការ​ធ្វើ​ការ​​ដើរ​​តាម​គោល​ការណ៍​​ច្បាប់​ពេញ​លេញ​ជានីតិរដ្ឋ​ ពេល​នោះ​ប្រទេស​​យើង​ឈាន​ទៅ​មុខ​ហើយ»។

ជាមួយគ្នានេះ លោក​បណ្ឌិត មាស នី ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​​ពីកា​រ​​អភិវ​ឌ្ឍ​​សង្គម​​ បាន​បង្ហោះ​​លើ​បណ្តាញ​សង្គម​​ថា​ សង្គ្រាម​​ឈ្លាន​ពានរបស់ថៃ​មក​លើ​កម្ពុជា​ ​នា​ពេល​នេះ​ បានប្រាប់ខ្មែរ​គ្រប់​រូបទាំងរាស្ត្រទាំងរដ្ឋ​ត្រូវរួម​គ្នាគិតឲ្យបានច្រើនសម្រាប់រយៈ​ពេល​វែង ​ខណៈយើង​ដឹង​ហើយ​ថា ការពង្រឹងសមត្ថភាព​ការ​ពារខ្លួនគឺជាភាពចាំបាច់ដែលមិនអាច​អត់​បាន។ ប៉ុន្តែការ​អភិ​វឌ្ឍ​កម្លាំងប្រដាប់អាវុធត្រូវ​ការ​លុយ ហើយ​លុយត្រូវកើតចេញ​​ពីសេដ្ឋ​កិច្ច​​​ខ្លាំង។

បន្ថែម​ពីនេះ ​លោក​បណ្ឌិត​ មាស នី​ លើកឡើង​​ថា កម្ពុជា​មិនអាចទៅខ្ចីលុយគេមកទិញអាវុធ​​សម្រាប់ច្បាំងបា​ន​ទេ ហើយក៏គ្មាន​ប្រទេស​ណាចិត្តល្អផ្តល់អាវុធឲ្យកម្ពុជា ​ដោយគ្មានការ​ទិញ​ដូរ​នោះឡើ​យ មិនថាមិត្តដែក​ថែប ឬ​មិត្តម៉ឺនឆ្នាំនោះ​ទេ។ សូ​ម្បី​មាន​លុយហើយក៏​មិន​ប្រាកដ​ថា គេនឹងលក់អាវុធគ្រាប់រំសេវឲ្យយើង​ទាន់​​ពេល តា​ម​ដែលយើង​ចង់បាន​នោះ​​ដែរ។

លោក​​សរសេរ​ក្នុង​សំណេរ​ដើម​ថា៖ «ដូច្នេះយើងក៏ត្រូវពង្រឹងសមត្ថភាពក្នុងការ​ផលិត​គ្រាប់​រំសេវ​សំ​ខាន់ៗដោយ​ខ្លួន​ឯង​​ផងដែរ។ បន្ថែមលើសពីនេះ​ទៅទៀត កងទ័ពត្រូវ​ការ​ឱ្យ​មាន​ការ​ថែទាំ ត្រឹមត្រូវ ទាំងសុខមាល​ភាព សមត្ថ​ភាព និងជីវភាពរស់នៅសមរម្យ ទាំងយុទ្ធ​ជន និង​គ្រួសាររបស់ពួកគាត់។ អំពើ​ពុករលួយ និងការប្រព្រឹត្តណាមួយដែល​ឈាន​​​ដល់ការ​ធ្វើស្រែ​លើ​​ខ្នងយុទ្ធជន ត្រូវតែមានការត្រួតពិនិត្យ យ៉ាងតឹងរឺងបំផុត។​ យើង​ត្រូវរឹងមាំទាំង​អស់​គ្នា ទើបគេមិនមើលងាយយើង»។

សម្រាប់ ​លោក ​ចាន់ សុផល ​នាយក​នៃមជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ បាន​សរសេរ​លើ​បណ្តាញ​សង្គម​​កាលពីថ្ងៃទី​២៣ខែ​​សីហា​​ថា លោក​បាន​ពិចារណា​រឿង​ជាតិ​​ថា​ ជា​ប្រទេស​តូច​ជាង​ប្រទេស​ជិតខាង​ កម្ពុជា​​មិន​មែន​គួរ​តែ​ខ្លាំង​ទេ ​គឺ​ត្រូវ​តែ​ខ្លាំង​។​ សេដ្ចកិច្ច​កម្ពុជា​ត្រូវ​តែ​ខ្លាំង​ជាង​គេ ​ទើប​គេ​មិន​ព្រហើនមើល​ងាយ​និង​យក​ដី​ឬ​ប្រទេស​បាន។

លោក​​សរសេរក្នុ​ង​សំណេរ​ដើមថា៖ «កម្ពុជា​ត្រូវ​តែ​កែ​ទម្រង់​ដើម្បី​តម្រង់​​ធន​ធាន​​កម្រ​ឱ្យ​ចំទិសដៅ​អាទិភាព​(ដោយ​បន្ថយ​​ការ​ធ្លុះធ្លាយ​)។ ខ្មែរ​អាចធ្វើ​​បាន​ឱ្យ​តែ​កាត់​បន្ថយ​មនោ​សញ្ចេតនា​យល់​ញាតិ​ឃ្លាត​ច្បាប់​។ បើ​​វិបត្តិ​នេះ ​មិន​មែន​​ជា​ហេតុប្រឈម​​គ្រប់គ្រាន់​សម្រាប់​កំណែ​ទម្រង់​ទេ​ កម្ពុជា​អាច​បាត់​ឱកាស​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​ឱ្យ​ទាន់​ពេល​វេលា​។ ជា​លទ្ធផល​ពិបាក​ស្មាន​ណាស់​»។

លោក យ៉ែម បុញ្ញឫទ្ធិ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ​​និង​ជាស្ថាបនិកគណបក្ស​កម្ពុជា​និយម ក៏​បាន​សរសេរ​លើ​បណ្តាញ​សង្គម​​នៅ​ថ្ងៃ​ទី​២៤ខែ​​សីហា​ដែរ​ថា ការបំបាត់​បក្ខ​ពួក​និយម​ពុក​រលួយ​ជាវិធានការ​ដ៏មាន​ប្រសិទ្ធ​ភាព ​ទប់​ស្កាត់​នូវអ្វី​ដែល​គេ​ដៀល​ប្រមាថ​មាក់ងាយ​មួល​បង្កាច់ គំរាម​កំហែង​ឈ្លាន​ពាន​​ខ្មែរ​។

កុំព្រោះ​តែមុខលុយ​ទុក​ឱ្យ​ជាតិ​ឈឺ​ចាប់​អាប់​យស ចូល​​នឹក​គិត​ដល់​ជីវិត​យុទ្ធ​ជន​យើង។ លោក​​ចោទសួរថា ហេតុអ្វី​សៀម​​ហ៊ាន​ប្រមាថ​មើល​ងាយ​​លាបពណ៌​មួល​បង្កាច់បង្កហេតុរំលោភ​ឈ្លានពានកម្ពុជា? «យើង​ជាខ្មែរគួរ​សិក្សា​ជា​មេរៀនកុំ​ភ្លេចខ្លួន ​ដោយ​រួបរួម​សាមគ្គីគ្នា​​ពង្រឹងកម្លាំងជាតិកម្ចាត់​បក្ខពួក​ពុក​រលួយ​ពីពេល​នេះតទៅ​»។

បើតាម​មន្ត្រីយោធាកងទ័ព​ជើងគោក​ម្នាក់​ដែល​បដិ​សេធប្រាប់ឈ្មោះ ​អះ​អាង​​ថា ​បច្ចុប្បន្ន​​ពល​ទាហានម្នាក់​​ទទួល​បាន​ប្រាក់​ខែតិចបំផុត​ចាប់​ពី​​១​លាន​​៣សែន​រៀល​ឡើង ខណៈ​ប្រពន្ធ​​ទាហាន​ទទួល​បាន ​១ម៉ឺន​រៀល​និង​កូនម្នាក់​ទទួលបាន​ ១៥០០០​រៀល​។

ប៉ុន្តែ​ប្រាក់​ខែ​ទាំង​នេះ​​​​​មិន​មែន​បើក​បាន​ទាំង​អស់​ទេ គឺ​នៅ​តាម​អង្គភាព​ខ្លះ​ត្រូវ​គេ​​កាត់​​ចូល​គណបក្ស​ប្រជា​ជន​ក្នុង​១ខែ ​៥ម៉ឺន​រៀល ​​កាត់​ជួយ​ដល់​គ្រួ​សារ​ទាហានដែល​ទទួល​មរណភាព ​និងក៏មាន​ការ​កាត់​ផ្សេងៗ​ទៀត​​​ផងដែរ។ ​មន្ត្រី​យោធា​រូប​នេះ ឱ្យ​ដឹងទៀត​ថា មុន​ពេល​​មានសង្គ្រាម​ជាមួយ​ថៃ​កងទ័ព​ជើង​គោក​បាន​ប្រ​មូ​ល​​កម្លាំង​នៅ​គ្រប់​អង្គភាព​​ដើម្បី​ត្រៀម​បញ្ជូន​ទៅ​សមរភូមិ​ ​ប៉ុន្តែ​បាត់​ទាហាន​​ជាង​ ៦០០​នាក់​ មាន​តែ​ឈ្មោះ​​បើក​ប្រាក់​ខែ។

ប្រភព​ដដែល​ បាន​ឱ្យ​ដឹង​ទៀតថា ចំពោះ​របប​អាហារ​សម្រាប់​កងទ័ព ​កាល​ពីពេល​កន្លង​មក​ក្នុង​១​ថ្ងៃ​កងទ័ពម្នាក់​​​​ទទួល​បាន​តែ​៤ពាន់​រៀល​ប៉ុណ្ណោះ​ ទើប​តែថ្មីៗ​នេះ​ នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ឱ្យ​៣​ពាន់​រៀល​ទៀត​​។ លោក​បញ្ជាក់ថា កង​ទ័ព​សុទ្ធ​តែ​យក​អាយុ​ជីវិត​យក​ឈាម​ទៅការ​ពារ​ជាតិ​ការ​ពារ​ទឹក​ដី ប៉ុន្តែ​របប​អាហា​រ​បាន​​តែ​៧ពាន់​រៀល​​ទេ​ក្នុង​មួយ​ថ្ងៃ ​ខណៈ​ប្រាក់​ខែក៏​តិច​តួច ​​​ហើយ​​ត្រូវគេកាត់​យក​តា​មអំពើ​ចិត្ត​ទៀតហេតុ​ដូច្នេះ​ហើយ​ទើប​គ្រួសារ​កង​ទ័ព​​ច្រើនលើសលប់​សុទ្ធ​តែ​ក្រី​ក្រ​ណាស់។

វីអូឌី​ មិន​អាច​ទាក់​ទង​ លោក​ស្រី ម៉ាលី សុជាតា ​​អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​ភាពក្រតោកយ៉ាក​របស់​កងទ័ព​​បាន​ទេ។​

ទោះ​យ៉ាងណា ​សម្រាប់​លោក ​ប៉ែន​ បូណា ​អ្នកនាំពាក្យរដ្ឋាភិបាល​ លើកឡើងក្នុង​សេចក្តីសង្ខេបព័ត៌​មាន​ប្រចាំថ្ងៃ​ស្តីពី ​«លទ្ធ​ផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី២៥ ខែ​សីហា ឆ្នាំ​២០២៥​ថា​ នៅ​​ក្នុង​ប្រវត្តិសាស្ត្រសម័យ​ទំនើបជាង​៥០០ឆ្នាំ​ចុងក្រោយនេះ​ គិតចាប់ពីក្រោយ​សម័យអង្គរមក កម្ពុជាក្នុងសករាជ​តេជោ-ធិបតី បានស្គាល់ការអភិវឌ្ឍ​​លូតលាស់​ខ្លាំង​ជាង​​ពេលណា​ទាំង​អស់។

ប៉ុន្តែ​លោក ​មួង ណារ៉េត អតីត​អ្នក​កាសែត ​និង​ជាអ្នក​ធ្វើអត្ថាធិប្បាយ​លើ​បណ្តាញ​សង្គម ​ថ្លែង​ថា ឃើញ​បងប្អូន​​កងទ័ពជញ្ជូន​ស្បៀង​ឱ្យ​បងប្អូន​កងទ័ព​ជួរ​​មុខ គឺកម្សត់​ណាស់មើល​ទៅ​ស្រក់​​ទឹកភ្នែក​ ពីព្រោះ​ពួកគាត់​ត្រូវ​​ស្ពាយ ​ទូល​រែក​កណ្តៀត​​ស្បៀង លូនក្រាប​តាម​ផ្ទាំង​ថ្ម​កាត់​ព្រៃ​​ជ្រលង​ដងអូរ​តោង​ឡើងទៅលើភ្នំ ដើម្បី​ផ្តល់​​ស្បៀង​ដល់កង​ទ័ព​​ជួរ​មុខ ​ពីព្រោះ​បើ​អត់​មាន​ស្បៀង​ទាហាន​ជួរ​មុខ​នឹងដាច់​ពោះ​ស្លាប់មិន​ខាន។ លោក​ថា ការដឹកជញ្ជូន​ស្បៀង​គួរ​តែ​ធ្វើតាម​ដ្រូន ​ឬឧទ្ធម្ភាគចក្រ មិន​មែន​ត្រូវ​ប្រើកម្លាំងមនុស្ស​​ជញ្ជូន​ដូចសម័យ​ជិះ​កង់​​ឈើ ​កាលពីរាប់​រយឆ្នាំមុន​បែបនេះនោះទេ។

លោកថា៖ «​ទម្លាក់លុយ​​​ឱ្យ​​ច្រើនយក​ចិត្តទុកដាក់​ឱ្យបាន​ខ្ពស់ជាងមុន ​ពិនិត្យមើល​អំពើ​ពុក​រលួយ​ក្នុង​ជួរ​ភស្តុភា​កង​ទ័ព​អីឡើងវិញ ​ហេតុអីបាន​លុយ​៨០០-៩០០លាន​ដុល្លារ​ក្នុងមួយ​ឆ្នាំ​ តែកង​ទ័ពបែរ​​ជា​រខេករខាកយ៉ាង​នេះអីចឹង។ល។និង។ល។ ហេតុអីបានជាគេចោទ​ប្រកាន់ថា កងទ័ពរខេក​រខាកទៅជា​អង្គរក្សការពារក្រុមគ្រួសារ​ត្រកូលហ៊ុននឹង ​គឺបំពាក់សុទ្ធតែគ្រឿង​មើល​ទៅអស្ចារ្យ​អីចឹង អាហ្នឹងគេចោទប្រកាន់ទេបងប្អូនគេចោទអីចោទទៅ​កុំ​ធ្វើត្រូវដូចគេចោទ»។​

យ៉ាងណាក្តីមាន​តែកងទ័ព​ជាតិ​ដែល​ជាអតី​តទ័ព​ខ្មែរ​ក្រហម​នៅ​ជួរ​មុខ​ទេ ​​ដែល​ក្រតោក​​​យ៉ាក​​​រយីករយាក ចំណែក​​កងទ័ពជួរ​ក្រោយ​​នៃបញ្ជា​​ការ​ដ្ឋាន​​កង​អង្គរក្ស​ការ​ពារ​ លោក​ ហ៊ុន សែន​ និង​លោក ​ហ៊ុន ម៉ាណែត​ ដែល​​អ្នក​នយោ​បាយ​​​ប្រឆាំង​ហៅ​​ថា​​ជាកងទ័ព​លម្អក្រុង ​គឺត្រូវ​បាន​បំពាក់ទៅ​ដោយ​អាវុធទំនើប ​អាវក្រោះ​មួក​ការពារគ្រាប់​ និង​ឯក​សណ្ឋានយោធាមាន​ស្តង់ដាពេញលេញ​។

លោកអ៊ុំ សំអាន បាន​បង្ហោះ​លើបណ្តាញ​សង្គម​របស់​លោក ​នៅថ្ងៃទី​២៥​ ខែ​សីហា​​​នេះ​ថា តាម​​ព័ត៌​មានរបស់ Property & Development របស់អង់គ្លេស ផ្សាយថា លោក ហ៊ុន សែន មាន​ទ្រព្យសម្បត្តិចន្លោះពី៥០០​លានដុល្លាទៅ ៤ពាន់​លាន​​ដុល្លារ។ លោក ហ៊ុន សែន មាន​ទ្រព្យ​សម្បត្តិច្រើនដោយសារលួចជាតិ។ លោក​អ៊ុំ សំអាន​ លើកឡើងថា ​«លោក ហ៊ុន សែន គួរតែយកលុយនោះមួយចំនួនឧបត្ថម្ភកង​ទ័ពជួរមុខដែល​កំពុងខ្វះខាត និងលុយមួយចំនួន​ទិញម៉ាស់​ឱ្យ​​​ទាហាន​ដើម្បីការពារផ្សែងពុលរបស់ថៃ អាវក្រោះ យន្តហោះ​ចម្បាំង F-16 ដ្រូនចម្បាំង កាំភ្លើងបាញ់ដ្រូននិងសំណាញ់​មេឃ។ល។»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ