សភាកម្ពុជា បានអនុម័តច្បាប់មួយនៅថ្ងៃចន្ទ ដែលនឹងអនុញ្ញាតឱ្យដកហូតសញ្ជាតិពីបុគ្គលដែលត្រូវបានកាត់ទោសចោទប្រកាន់ពីបទក្បត់ជាតិ វាជាវិធានការថ្មីមួយកើតឡើងក្នុងបរិបទការបង្រ្កាបយ៉ាងខ្លាំង លើភាគីគូរប្រជែងនឹងគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងអំណាចអស់រយៈពេលជាយូរមកហើយ។
សារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះថា ច្បាប់ត្រូវបានអនុម័តដោយសមាជិកសភា ១២០រូបក្នុងចំណោម១២៥រូប ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ច្បាប់នេះនឹងអនុញ្ញាតឱ្យដកហូតសញ្ជាតិពីជនណាម្នាក់ ដែលត្រូវផ្តន្ទាទោសពីបទសមគំនិត ឬគប់គិតជាមួយបរទេសធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសកម្ពុជា។
ប្រភពបន្តថា អ្នកនយោបាយលេចធ្លោជាច្រើនបានភៀសខ្លួនពីប្រទេសកម្ពុជា ដើម្បីរត់គេចពីការចាប់ខ្លួន ក្នុងបរិបទដែលមានការបង្កើនសកម្មភាពបង្ក្រាបបក្សប្រឆាំង ពីសំណាក់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីតុលាការកំពូលបានសម្រេចហាមឃាត់បក្សសង្រ្គោះជាតិនៅឆ្នាំ២០១៧ មុនពេលបោះឆ្នោតនៅឆ្នាំបន្ទាប់។
ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាបានបើកសវនាការកាត់ទោសទ្រង់ទ្រាយធំ ដែលពាក់ព័ន្ធនឹងអ្នកនយោបាយគណបក្សប្រឆាំងលេចធ្លោជាង ១០០នាក់ ដែលបានជាប់ពន្ធនាគារពីបទក្បត់ជាតិ និងបទញុះញង់។
គណបក្សប្រជាជនកម្ពុជា ត្រូវបានសកម្មជន និងប្រទេសលោកខាងលិច ថ្កោលទោសយ៉ាងខ្លាំងក្នុងនោះរួមទាំងសហរដ្ឋអាមេរិក ចំពោះការបង្រ្កាបបក្សប្រឆាំងដែលនៅសេសសល់ នឹងមានលើកឡើងថា ការបោះឆ្នោតពីរលើកចុងក្រោយជាការជិះសេះលែងដៃ។
គួរកត់សម្គាល់ថា បក្សប្រឆាំងនៅក្នុងការនិរទេសខ្លួននោះ រួមមាន លោក សម រង្ស៊ី សហស្ថាបនិកគណបក្សសង្គ្រោះជាតិ ដែលបានរស់នៅប្រទេសបារាំងតាំងពីឆ្នាំ២០១៦ និងលោកស្រី មូរ សុខហួរ ដែលបច្ចុប្បន្ននៅសហរដ្ឋអាមេរិក។
លោក ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរយៈពេលយ៉ាងយូររបស់ប្រទេសកម្ពុជា កាលពីចុងខែមិថុនា បាននិយាយថា កម្ពុជាចាំបាច់ចាត់វិធានការចំពោះជាតិសាសន៍ដែលនៅបរទេស៕









