មតិ​ចម្រុះ​ជុំវិញ​កា​រ​បោះ​ដៃ​ទៅ​រក​ថៃ​ដើម្បីបើ​ក​ច្រក​ព្រំ​ដែន​​ឡើង​​វិញ​​និង​​ដោះ​មីន​​បែប​​មនុស្ស​​ធម៌

គណបក្ស​ប្រឆាំ​ង​ហៅ​ការ​បោះ​ដៃ​ទៅ​រក​ថៃ ដើម្បី​បើក​ច្រក​ព្រំដែន​ឡើង​វិញ និង​ដោះមី​ន​តាម​បែប​មនុស្ស​ធម៌ ទាំង​មិន​ដាក់​លក្ខ​ខណ្ឌ​ឱ្យ​ថៃ​រុះរើ​បន្លា​លួស​ចេញ​ពី​ដីខ្មែ​រ តាម​បទ​ឈ​​ប់​បាញ់​នោះ​ថា ជា​ជម្រើសដើម្បី​​អំ​ណាច​ មិន​មែន​ដើម្បី​​បុព្វ​ហេតុ​ទឹក​ដី​ទេ។

ពួក​គេ​ថា ការណ៍​​នេះ នឹង​ធ្វើ​ឱ្យ​ថៃ​សម្រេច​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ​បាន​ដោយ​ងាយ​ នា​​សម័យ​ទំនើប​នេះ តាម​ផែ​​នទី​​​ដែល​ថៃ​គូស​ដោយ​​ឯក​តោ​ភាគី ដែល​មេដឹក​នាំ​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​ចោទ​ថា​ជា​ផែន​ទី​ចោរ ហើយ​ថា​មេដឹក​នាំ​កម្ពុជា​នឹង​រង​ការ​ស្តី​បន្ទោស​ពី​ប្រជា​ពលរដ្ឋ។

ប៉ុន្តែ​សម្រាប់​គណបក្ស​កា​ន់​អំណាច​វិញ បាន​ការ​ពារ​ថា រយៈ​៥០០​ឆ្នាំ​ទៅនេះ​ គ្មាន​សម័យ​ណា​ការ​ពារ​បូរណ​ភាព​ទឹក​ដី តាម​រយៈ​បោះ​បង្គោល​ព្រំដែន និង​ធ្វើ​ផ្លូវ​តាម​ព្រំដែន​បាន​ច្រើន​ជាង​សម័យ ដែល​ដឹក​នាំដោយ​គ្រួសារ​ហ៊ុន​នេះ​ទេ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជា​តិ លោក អ៊ុំ សំអាន ឱ្យ​វី​អូឌី​ដឹង​នៅថ្ងៃ​ទី​២៥​ខែសី​ហា​នេះ​ថា ការ​ដែល​រដ្ឋាភិបាល​បោះ​ដៃ​​ទៅ​​រក​ថៃ ពី​ជម្រើស​បើក​ច្រក​ព្រំដែន តែ​មិន​​តម្រូវ​​​ឱ្យ​​​ថៃ​រុះរើ​ប​ន្លា​លួស​ចេញ​ពី​ដី​ខ្មែរ​ មាន​នៅ​ប្រាសាទ​តាមាន់​ធំ តំប​ន់អា​ន​សេះ និង​នៅ​ភូមិ​អូរបី​ជាន់ និង​ភូមិ​ព្រៃ​ចាន់ ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​ជាដើម​នោះ​ថា នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស​ខក​ចិត្ត ដែល​ខំ​ធ្វើ​ពហិកា ផលិត​ផល​ថៃ ដើម្បី​ប្រឆាំង​នឹង​ថៃ​ឈ្លាន​ពាន។

មួយ​ទៀត ជម្រើស​នេះ ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​មិន​ផ្តល់​តម្លៃ​ដល់​ការ​លះ​បង់​របស់​យុទ្ធជ​ន​ដែល​ខ្លះ​បាន​ពលី​ជីវិ​ត​លើស​មរភូមិ​រយៈ​ពេល​៥ថ្ងៃ ប្រឆាំង​នឹង​ទង្វើ​ឈ្លាន​ពាន​រប​ស់​ថៃ។

លើសពីនេះទៀតនោះ លោកថា គឺ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​ថៃ​សម្រេច​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ នា​សម័យ​ទំនើប​នេះ តាម​ផែន​ទី​ដែល​ថៃ​គូស​ដោយ​ឯកតោ​ភាគី។

លោកថា៖ «ប្រសិនបើកម្ពុជាចរចាជាមួយ​ថៃ ដើម្បី​បើក​ច្រក​ព្រំដែន​ឡើង​វិញ ហើយ​រឿង​ដោះ​ដូរ​ទំនិញ​គ្នា​ឡើង​វិញ​ដោយ​មិន​ចរចា​ដាក់​លក្ខ​ខណ្ឌ​ឲ្យ​ថៃ​រើ​​បន្លា​លួស​ចេញ​នោះ​ទេ ឬ​ក៏​កម្ពុជា​មិន​ទៅ​រើ​បន្លា​លួស​ចេញ​នោះ​ទេ ប្រាកដ​ជា​កម្ពុជា​បាត់​បង់​ទឹក​ដី​ទៅ​តាម​អ្វី​ដែល​ថៃ​ រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី​ខ្មែរ​ និ​ង​ផ្ទះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ហើយ​និង​បាត់​ដី​ទៅ​តាម​ផែន​ទី​ខ្នាត​១លើ​៥០ពាន់​ទៅ​ថៃ​ក៏​ដោយ​ឯកតោ​ភាគី»។

លោក​គូស​បញ្ជាក់​បន្ថែម​ដូច​នេះថា​៖«លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ចង់​បើក​ច្រក​ព្រំដែន​ឡើង​វិញ​ ដោយ​សារ​ការ​បិទ​ច្រក​ព្រំដែន​ហ្នឹង វា​ប៉ះពា​ល់​ទៅដ​ល់​សេដ្ឋកិច្ច​របស់​កម្ពុជា វា​អាច​ឈាន​ទៅ​ដ​ល់ការ​ដួល​រលំ​សេដ្ឋ​កិច្ច​កម្ពុជា​ នឹង​ឈាន​ដល់​ការ​ដួល​រលំ​អំណាច​របស់​ត្រកូល​ហ៊ុន ដូច្នេះ​គាត់​គ្មា​ន​ជម្រើស​ទេ​ មាន​តែ​ទៅ​អង្វរ​ថៃ​ដើម្បី​ឲ្យ​បើក​ច្រក​ព្រំដែន​ឡើង​វិញ ទោះ​បី​កន្លង​មក​ធ្លាប់​បាន​និយាយ​ថា​ អ្នក​ណា​មុជ​ទឹក​បាន​យូរ​ជាង​ គឺ​ឈ្នះ ហើ​យ​ទោះ​បី​ថៃ​កន្លង​មក​ចង់​ចរចា​សុំបើ​ក​ច្រក​ព្រំដែន ប៉ុន្តែ​កម្ពុជា​ថា​ថៃ​បើក​មុន​ទៅ ថៃបិ​ទខ្លួ​ន​ឯង​បើ​ចឹង​ថៃ​ត្រូវ​បើក​មុន​នៅ​ចុង​ក្រោយ យើង​បែរ​ជា​សុំអ​ង្វរ​គេ​ឲ្យ​បើក​ច្រក​ព្រំដែន​រវាង»។

សម្រាប់​លោក អ៊ុំ សំអាន ការលើកឡើ​ងរ​បស់​គណបក្ស​ប្រឆាំង​នេះ ក្រោយ​ពី​បក្ស​កាន់​អំណាច តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក នង សាកល និយាយ​កាល​ពីថ្ងៃ​ទី​២២ខែសីហា​ថា ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន បាន​ប្រាប់​បណ្តា​អង្គ​ទូត​និង​តំណាង​អន្តរ​ជាតិ​ ពី​បំណង​របស់​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ។

សម្រាប់លោក នង សាកល ក្នុ​ងជំ​នួប​នោះ កម្ពុជាបានលើកឡើ​ង​ចំនួន​៥​ចំនុច​សំខាន់ ជុំវិ​ញប​ញ្ហា​ព្រំដែន​កម្ពុជា-ថៃ និង​ជំហរ​របស់​កម្ពុជា រួមទាំ​ង​ការ​តម្កល់​បទ​ឈប់​បាញ់​ទាំង​ភាសា និង​កាយវិ​ការ គោរព​កិច្ច​ព្រម​ព្រៀង​ព្រំដែន​ទ្វេភាគី​ (MOU ) ឆ្នាំ​២០០០ និង​ច្បាប់​អន្តរ​ជាតិ និងស​ន្ធិសញ្ញា​អន្តរ​ជាតិ​ផ្សេង​ទៀត។

កម្ពុជា ជា​ប្រទេស​ដែល​ធ្លាប់​ត្រូវ​បាន​បំផ្លិ​ចបំ​ផ្លាញ​ដោយ​សារ​សង្គ្រាម កម្ពុជា​ចង់​បាន​សន្តិ​ភាព ហើយ​សន្តិភាព​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ការ​សន្ទនា ខណៈ​បទ​ឈប់​បាញ់​បច្ចុប្បន្ន​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ​នៅ​ឡើយ ដោយ​ទាហាន​នៅ​បន្ត​រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី​ខ្មែរ​មួយ​ចំនួន។

លោកថា៖ «កម្ពុជាជឿជាក់ថាសន្តិភាពមិនអា​ច​ស្ដារ​ឡើង​វិញ​បាន​ទេ ប្រសិន​បើ​សហគមន៍​ប្រ​ជាជន​នៅ​តែ​ស្ថិត​ក្នុង​អន្ទាក់​នៃ​ការ​ភ័យ​ខ្លាច​ និង​ភៀស​ខ្លួន​ចោល​ផ្ទះ​សម្បែង​ ហេតុ​ដូច្នេះហើ​យ​ទើប​ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី​ក្ដី​ និ​ងក្នុ​ង​កិច្ច​ប្រជុំពិ​សេស​គណៈ​កម្មា​ធិការ​ព្រំដែ​ន​តំបន់​RBC​ក្ដី​កម្ពុជា​បាន​ស្នើ​ដាក់​ចេញ ជាក់​ស្ដែង​សំដៅ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​វិល​ត្រឡប់​ទៅ​កាន់​ប្រក្រតី​ភាព​ឡើង​វិញ ដូច្នេះ​ទាំ​ង​នេះ​គប្បី​ចាប់​ផ្តើម​ពី​ការ​ពិភាក្សា​ស្ដីពី​ការ​បើក​ច្រក​ព្រំដែន​ឡើង​វិញ សម្រួល​ការ​ចេញ​ចូល​ឆ្លង​ព្រំដែន​ដល់​ប្រជា​ពលរដ្ឋ​ ពលរដ្ឋ​ទាំង​ពីរ​នឹង​ផ្លាស់​ប្តូរ​ទំនិញ​ រួម​ទាំង​ឈាន​ដល់​កិច្ច​សហការ​ដោះមី​ន​តាម​បែប​មនុស្ស​ធម៌»។

អ្នកនាំពាក្យក្រុម​ប្រឹក្សាជាតិ​តស៊ូ​របស់ លោក សម រង្ស៊ី គឺ​លោក គឹម សុខ និយាយ​កាល​ពី​ថ្ងៃទី​២៣ ខែ​សីហា​នេះ​ថា ការណ៍​ដែល​ថៃ​ប្រើ​ត្រឹម​កង​ទ័ព​មួយ​ក្រុម​តូច ចូល​រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី​ខ្មែរ​បាន​តាម​ចិត្ត​នៅពេ​ល​នេះ លោក​ថា មក​ពី​ការ​ដឹក​នាំរ​បស់​គ្រួសារ​ហ៊ុន​ខ្សោយ។

សម្រាប់លោក គឹម សុខ ខ្សោយ​នៅត្រ​ង់​ថា បទ​ឈប់​បាញ់ មិន​មែន​កើត​ចេញ​ពី​មេដឹក​នាំ​ខ្មែរ​ទេ តែ​កើត​ពី​យន្ត​ការ​អាស៊ាន ផ្តួច​ផ្តើម​គំនិត​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ។ មួយ​វិញ​ទៀតក្រោយ​មាន​បទ​ឈប់​បាញ់​កម្ពុជា​មិន​បាន​ស្នើ​ឱ្យ​មាន​អនុ​ព័ន្ធ​យោធា​ឈរ​ជើង​នៅ​តាម​ទីតាំង ដែល​កង​ទ័ពកម្ពុជា​ឈរ​ជើង ដើម្បី​ត្រៀម​ទប់​ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ​ទេ។

លើស​ពីនេះ ភាពកម្សោយមួយទៀតរបស់លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន គឺ​មិន​ព្រម​ប្តឹង​ថៃ ទៅ​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​(ICJ) និង​ប្រើ​កិច្ច​ព្រម​ព្រៀង​ទីក្រុ​ង​ប៉ារីស ដើម្បី​ការ​ពារ​បូរណភា​ព​ទឹក​ដី ដែល​កា​រណ៍​​នេះ លោក​ថា មេដឹក​នាំ​ខ្មែរ​អាច​ទុក​ឱកាស​នេះ ដើម្បី​លួច​ចរចា​ជាមួយ​ថៃ​ដើម្បី​សង្គ្រោះ​អំណាច។

លោកថា៖ «ការឈ្លានពានជាក់​ស្តែង​ ត្រូវ​តែ​ប្ដឹង​ផ្ដល់តែ​មិ​នព្រ​ម​ប្ដឹង​ ទី២​មិន​កោះប្រ​ជុំ​សន្និសីទ​ទីក្រុង​ប៉ារីស​ ដូច្នេះ​មិន​មែន​លោក ហ៊ុន សែន ហ៊ុន ម៉ាណែត អត់​ធ្វើ​ទេ​គឺ​អត់​ខ្វល់​ ហើយ​ល្បិច​មិន​ខ្វល់​របស់​ពួក​គាត់​គឺដើ​ម្បី​រក​ច្រក​ចរ​ចាជា​មួយ​ថៃ​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ការ​សម្រប​សម្រួល​ តាម​ខ្ញុំ​មើល​ជជែក​ជាមួយ​នៅ​ពីក្រោយ​ខ្នង ដើម្បី​កុំ​ឲ្យ​ថៃ​ធ្វើ​នូវ​សកម្ម​ភាព​នៃ​ការ​កម្ចាត់​ឧក្រិដ្ឋក​ម្ម​ឆ្លង​ដែន ហើយ​ចង់​ឲ្យ​ថៃ​សម្រួល​ឲ្យ​លោក​ លី យ៉ុង​ផាត់ ហើយ​និង​លោក កុក អាន មាន​សកម្ម​ភាព​ជំនួញ​របស់​ពួក​គាត់​ នៅ​ប្រទេស​ថៃ​ ឡើង​វិញ​ពី​ព្រោះ​នោះ​គឺ​ជា​ឆ្នាំង​បាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្រុម​គ្រួសារ​ហ៊ុន»។

យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា និយាយ​នៅ​ថ្ងៃចន្ទ​នេះ​ដែរ​ថា ៥០​០​ឆ្នាំ​ទៅនេះ គ្មាន​សម័យ​ណា​សម្រេច​ការ​បោះ​បង្គោល​ព្រំដែន រួ​ម​ទាំង​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​​តាម​ព្រំដែន​​បាន​ច្រើន​ ដូចសម័យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នេះ​ទេ។

លោកថា​៖ «និយាយពីកិច្ចការពារអធិបតេយ្យភាព​​ជាតិ​ បូរណ​ភាព​ទឹ​កដី​ មាន​តែ​រាជ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី នឹង​សម្ដេច​ធិប​តី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​បច្ចុប្បន្ន​នេះ​ទេ ដែល​បាន​កសាង​បន្ទាត់​ព្រំដែន​ជាក់​លាក់​បាន​ច្រើន​បំផុត តាម​រយៈ​ការ ការ​បោះ​បង្គោល​ព្រំដែន​ដោយ​សន្តិ​វិធី ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ ហើយ​ថែម​ទាំង​បាន​កសាង​ផ្លូវ​ក្រវា​ត់​ព្រំដែន​បាន​ច្រើន​បាន​វែង​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន»។

សម្រាប់លោក អ៊ុំ សំអាន វិញ ការបោះបង្គោលព្រំដែន​ជាមួយ​វៀត​ណាម នា​សម័យ លោក ហ៊ុន សែន គឺ​ជា​ការ​យល់​ព្រម​កាត់​ដីខ្មែ​រ ឱ្យ​ទៅ​ប្រទេស​ជិត​ខាង ដើម្បី​សង​គុណ​វៀត​ណាម ដែល​វៀត​ណាម​បាន​លើក​បន្ទុប​លោក ហ៊ុន សែន ឱ្យ​ឡើង​កាន់​អំណាច​ចាប់​តាំង​ពី​ឆ្នាំ១​៩៧៩​មក មិន​មែន​ជា​ឆន្ទៈ​ចរចា ដើម្បី​ការ​ពារ​ទឹក​ដី​ខ្មែរ​នោះ​ទេ។

លោកថា​៖ «ការបោះបង្គោលព្រំដែនបានច្រើន មិន​មែន​ការ​ពារ​ទឹក​ដី​ខ្មែរ​ទេ គឺ​ដើម្បី​កាត់​ទឹក​ដី​ខ្មែរ​​ដើម្បី​សង​គុណ​វៀត​ណាម​ដែល​វៀត​ណាម​លើក​បន្តុប​​ឱ្យ​លោក ហ៊ុន សែន បាន​កាន់​អំណាច​តាំង​ពី​ទសវត្សរ៍​ទី​៨០​មក​អ៊ីចឹង​​ហើយ បាន​ជា​គាត់​ប្រើ​សន្ធិ​សញ្ញា​ឆ្នាំ​១៩៨២ ១៩​៨៣ ១៩៨៥​ ​សម័យ​យួន​ត្រួត​ត្រាដែ​ល​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​នៅ​ឆ្នាំ​១៩៩១ បាន​លុប​ចោល​ ហើយ​ដូច្នេះ​ការ​កាត់​ដី​នេះ​ គឺ​កាត់​​ទឹក​ដី​ទៅ​ឲ្យ​វៀត​ណាម​ ដើម្បី​សង​គុណ​វៀត​ណាម ដូច្នេះ​លោក​ ហ៊ុន សែន គឺ​ជា​ជន​ក្បត់​ជាតិ​ដែល​កាត់​ទឹក​ដី​ឲ្យ​យួន»។

យ៉ាង​​នេះ​ក្តី លោក ហ៊ុន សែន ធ្លាប់​អះអា​ង​ថា មុន​ការ​ផ្ទុះ​អាវុធ​ជាមួ​យ​ថៃ​ថា កម្ពុជា​គ្មាន​គំនិត​ឈ្លាន​ពា​ន​ប្រទេស​ជិត​ខាង​ទេ ហើយ​កម្ពុជា​ក៏មិ​ន​ឱ្យបា​ត់​បង់​ដី​ទៅ​ប្រទេស​ជិត​ខាង​ សូម្បី​តែ​មួយ​មីលី​ម៉ែត្រ​ដែរ និងបាន​ចាត់​ទុក​ថា​ផែនទី​ដែល​ថៃ​លើក​យក​មក​សម្អាង បង្ក​ជា​ជម្លោះ​ព្រំដែន​បច្ចុប្ប​ន្ន​លោក​ថា ជា​ផែ​ន​ទីដែល​ថៃ​គូរ​ដោយ​ឯកតោ​ភាគី​ដែល​លោក​ហៅថៃ​ជា​ផែន​ទី​ចោរ។

សម្រាប់ លោក អ៊ុំ សំអាន បើ​បក្សកាន់អំណាច​មិន​អាច​ដាក់​សម្ពាធ​ឱ្យ​ថៃ​រុះ​រើ​បន្លាលួ​ស​ចេញ​ពី​ទឹក​ដី​កម្ពុជា​វិញ ដូច​ដែល​បាន​អះ​អាង​កន្ល​ង​ទៅ​ទេ​នោះ រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​នឹង​ប្រឈម​មុខ​ធ្ងន់​ធ្ងរ ទៅ​នឹង​ចលនា​មហា​ជន ដោយ​សំអាង​ថា ការ​ដែល​ថៃ​ឈ្លាន​ពាន​ខ្មែរ ពល​រដ្ឋ​ភាគ​ច្រើន​បាន​ដឹង មិន​ដូច​ករ​ណី​វៀត​​ណាម​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ។

លោកថា៖ «ប្រសិនបើត្រកូលហ៊ុន​មិន​អាច​រើ​បន្លាលួ​ស​ ហើយ​រុញ​ច្រាន​ថៃ​ឲ្យ​ទៅ​កន្លែង​ដើម​វិញ​មិន​អាច​យក​ទឹក​ដី​ដែល​ថៃ​រំលោភ​ឈ្លាន​ពាន​នោះ​​បាន​មក​វិញ​ទេ ដូច​ជា ប្រាសាទ​តាមាន់​ធំ ភ្នំ​ទ្រព្យ ច្រើន​ពិសេស​នៅ​តំបន់​ផ្សេង​ៗ​ទៀត​អីហ្នឹង ហើយ​តំបន់​ដែល​ថៃ​ឲ្យ​យក​ក៏ដោយ​ តាម​រយៈ​ការ​រាយ​បន្លា​លួស​ហ្នឹង​ ខ្ញុំ​យល់​ថា ប្រវត្តិ​សាស្ត្រនិ​ង​លោក​ចារ​ថា​ត្រកូល​ហ៊ុន​ គឺ​ជា​ត្រកូល​ក្បត់​ជាតិ​ដែល​កាត់​ទឹក​ដី​ខ្មែរ​ទៅ​ឲ្យ​ថៃ​ឯពលរដ្ឋ​ខ្មែរ​ និង​ថ្កោល​ទោស​ ហើយ​ពួក​គេ​នឹង​អាច​ទម្លាក់​ត្រកូល​ហ៊ុន​ ពី​អំណាច​ដោយ​ចោទ​ថា​ជា​ត្រកូល​ក្បត់​ជាតិ​ដែល​សុខ​ចិត្ត​កាត់​ទឹ​កដី​ខ្មែរ​យើង​ទៅ​ឲ្យ​ថៃ» ។

យ៉ាងនេះក្តី សម្រាប់អ្នកឃ្លាំមើលធ្លាប់ផ្តល់​អនុសាសន៍​ថា ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី និង​ទប់​ទល់​ទៅ​នឹង​បរទេស​ឈ្លាន​នោះ មេដឹក​នាំ​កម្ពុជា​ចាំបាច់​ត្រូវ​ប្រើ​យន្ត​ការ​អន្តរ​ជាតិ​ទាំង​អស់​ដែល​កម្ពុជា​មាន ដូ​ច​ជាប្តឹង​ទៅតុលាការ​យុត្តិធម៌​អន្តរ​ជាតិ​(ICJ) កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បាន​ធានា និង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា មិ​ន​​អាច​រំលោភ​បាន ដែល​មាន​ប្រទេស​១៨​ជា​ហត្ថ​លេខី រួម​ទំាង​មហា​អំណាច រួ​មទាំ​ង​ត្រូវ​ផ្តល់​សច្ចា​ប័ន​លើ​ច្បាប់​សមុទ្រ​អន្តរ​ជាតិ UNCOSE ជាដើម ។

ប៉ុន្តែមកដល់ពេលនេះ ក្រុមអ្នកតាមដានថា មេដឹកនាំ​កម្ពុជា នឹង​មិន​ប្រើ​យន្ត​ការ​ទាំង​នោះ​ទេ ទោះ​ថៃ​ពង្រីក​ការ​ឈ្លាន​ពាន បើ​ទោះ​បី​កម្ពុជា​ធ្លាប់​ជូន​ដំណឹង​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​(ICJ) ពីបំ​ណង​ប្តឹង​ថៃ​កន្លង​ទៅ  ពាក់​ព័ន្ធ​នឹង​ការំ​លោភ​យក​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ៣ ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ​ក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ