ការដែលតុលាការថៃទម្លាក់បទចោទលើ លោក ថាក់ស៊ីន អតីតបងប្អូនធម៌លោក ហ៊ុន សែន រឿងប្រមាថស្តេចថៃនោះ ត្រូវគេមើលឃើញថាជាការរួបរួមផ្ទៃក្នុងជាតិថៃ ចំពេលមានជម្លោះព្រំដែនជាមួយកម្ពុជា ដែលការណ៍នេះ ជំរុញចរន្តទាមទារឱ្យដោះលែងមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ដើម្បីឯកភាពជាតិខ្មែរទប់ទល់មហិច្ចតាឈ្លានពានរបស់ថៃ។
ការលើកឡើងនេះ ក្រោយតុលាការព្រហ្មទណ្ឌថៃ នៅថ្ងៃទី២២ ខែសីហា សម្រេចមិនចោទប្រកាន់លើលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រថៃ ដែលលោកធ្លាប់រិះគន់ស្តេចថៃក្នុងបទសម្ភាសន៍មួយនៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៥។
តុលាការថៃ សំអាងថា អ្វីដែលលោក ថាក់ស៊ីន ធ្លាប់ទម្លាយតាមរយៈបទសម្ភាសន៍នោះថា រដ្ឋប្រហារឆ្នាំ២០១៤ ទម្លាក់ប្អូនស្រីរបស់គាត់គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ មានស្ថាប័នមហាក្សត្រនៅពីក្រោយនោះ វាគឺជាភស្តុតាងមិនគ្រប់គ្រាន់ក្នុងការចោទប្រកាន់ថា លោកប្រមាថព្រះមហាក្សត្រថៃនោះទេ។
ជុំវិញរឿងនេះ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន យល់ថា ការទម្លាក់បទចោទលើលោក ថាក់ស៊ីន នេះជាភស្តុតាងបង្ហាញថា គ្មានអ្នកណាអាចបំបែកបំបាក់ផ្ទៃក្នុងថៃបានទេ ផ្ទុយទៅវិញ ពួកគេកំពុងរួមគ្នាឱ្យខ្លាំងថែមទៀត ពេលមានជម្លោះព្រំដែនជាមួយកម្ពុជាជាដើម។
សម្រាប់លោក លោក អ៊ូ ចន្ទរ័ត្ន ទោះជាស្ថានការណ៍នយោបាយថៃងាយទម្លាក់មេដឹកនាំចេញពីអំណាច ឬរុះរើរដ្ឋាភិបាលក្តី តែការរួបរួមជាតិវិញមានភាពច្បាស់លាស់ គ្មានការសងសឹកគ្នានោះទេ។
លោកគូសបញ្ជាក់ថា ក្នុងស្ថានភាពថៃបន្តឈ្លានពានដីខ្មែរនេះ ហើយថៃកំពុងការបង្ហាញស្មារតីសាមគ្តីជាតិបែបនេះ តុលាការកម្ពុជាគួរតែដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការផ្សេងទៀត ដើម្បីបង្ហាញពីការឯកភាពជាតិខ្មែរឡើងវិញផងដែរ។
លោកថា៖ «ជាសារបស់ខ្ញុំផ្ទាល់ ក្នុងនាមអ្នកនយោបាយ ក្នុងនាមអតីតអ្នកតំណាងរាស្ត្រ ខ្ញុំគិតថាជាឱកាសមួយក្នុងស្ថានភាពមួយ ដែលរាជរដ្ឋាភិបាលក្តី តុលាការក្ដី លោកគួរតែពិចារណាដោះលែងឬទម្លាក់បទចោទអ្នកទោសមនសិការហ្នឹង ឲ្យបានច្រើនបំផុតនៅក្នុងកាលៈទេសៈមួយនេះ។ ជាពិសេសករណីរបស់ឯកឧត្តម កឹម សុខា វាជាករណីមួយដែលមានសំណួរច្រើនជុំវិញករណីនេះ ពីរឿងច្បាប់ ពីរឿងនយោបាយជាដើមនោះ ព្រោះមតិភាគច្រើនណាស់ដែលយល់ថាវាជាករណីនយោបាយ»។
លោកសង្កត់ធ្ងន់ថា ការដោះលែងលោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត មិនត្រឹមតែធ្វើឱ្យខ្មែរខ្លាំងទេ តែនឹងជួយស្តារមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ទទួលអំណោយផលសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយលោកសេរីកាន់តែល្អប្រសើរ ព្រោះសហគមន៍អន្តរជាតិ មានទាំងសហរដ្ឋអាមរិកផង ក៏ធ្លាប់ជំរុញឱ្យដោះលែងលោក កឹម សុខា ផងដែរ។
លោកថា៖ «បើសិនជាយើងអាចធ្វើទៅបាន! អាចទម្លាក់បទចោទ ឬក៏ដោះលែងឱ្យមានសេរីភាពខ្ញុំជឿថា ទី១យើងផ្សះផ្សាផ្ទៃក្នុងជាតិរបស់យើងបានល្អ! ទី២បង្ហាញទៅអន្តរជាតិឬក៏ប្រទេសដែលអមិត្តនោះ ឲ្យគេយល់ថា យើងមានការរួបរួមគ្នាក្នុងស្ថានភាពនេះ គឺយើងច្បាស់លាស់ជាមួយគេក្នុងការការពារទឹកដី ក្នុងការការពារបូរណភាពទឹកដី ឬក៏អធិបតេយ្យភាពជាតិ»។
ជាមួយគ្នានេះ មេធាវីការពារក្តី ឱ្យលោក កឹម សុខា គឺ លោក ផែង ហេង និយាយលើហ្វេសប៊ុករបស់លោកថា កម្ពុជាគួរអនុវត្តតាមព្រះរាជបន្ទូលសម្តេចឳព្រះបរមរតនកោដ្ឋ ដែលមានព្រះរាជបន្ទូលថា «ខ្មែររួបរួមសាមគ្គី ខ្មែរខ្លាំង» និងអនុវត្តតាមរដ្ឋធម្មនុញ្ញចំណុចផ្សះផ្សាជាតិ និងឯកភាពជាតិ ដែលអ្នកនយោបាយខ្មែរច្រើនលើកមកនិយាយ ប៉ុន្តែសកម្មភាពមិនបានឆ្លុះបញ្ចាំង។
បើតាមលោក ផែង ហេង ក្រោយនាយករដ្ឋមន្រ្តីកម្ពុជាអំពាវនាវឱ្យខ្មែរសាមគ្គីជាតិ ពេលតតាំងជម្លោះព្រំដែនថៃកំពុងឈ្លានពាន ប្រជារាស្ត្រខ្មែរក៏បានបង្ហាញស្មារតីជាតិនិយម ហើយក៏បង្ហាញនូវការប្រឆាំងដាច់ខាតនូវអំពើឈ្លានពានរបស់ថៃលើកម្ពុជាដែរ នៅឡើយតែអ្នកនយោបាយខ្មែរនៅមិនទាន់គ្រប់ជ្រុងជ្រោយ។
ក្នុងន័យនេះ លោកសង្ឃឹមថា នឹងមានការអត់ឱនលើកលែងចោទប្រកាន់ឲ្យអ្នកនយោបាយមានមតិផ្ទុយ ដូចជា លោក កឹម សុខា ជាដើម។
លោកយល់ថា តុលាការថៃមិនមែនរកមិនឃើញកំហុសលោក ថាក់ស៊ីនទេ ព្រោះប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏ជួយឲ្យតម្រុយដែរ ប៉ុន្តែថៃអាចមាននយោបាយជាតិនិយមជាអាទិភាពទើបមិនកាត់ទោសលោក ថាក់ស៊ីន។
សម្រាប់អ្នកវិភាគនយោបាយ លោក ប៉ោ មករា យល់ថា ការឈប់ចោទលើលោកថាក់ស៊ីននេះ ជាសញ្ញាផ្សះផ្សាជាតិរបស់ថៃ ផ្តើមចេញពីក្រុមលោក ថាក់ស៊ីន និងក្រុមយោធាថៃ ដែលកន្លងទៅពួកគេធ្លាប់ជាគូប្រជែងអំណាចនឹងគ្នា។
លោកបន្តថា ពួកគេកំពុងប្រមូលកម្លាំងគ្នាគ្រប់និន្នាការ មានទាំងក្រុមជាតិនិយមជ្រុល គឺក្រុមយោធា ក្រុមលោក ថាក់ស៊ីន រួមទាំងអ្នកនយោបាយថៃផ្សេងទៀត រួមគ្នាទាក់ទាញកម្លាំងមហាជនថៃ ក្នុងគោលដៅតែមួយគឺឈ្លានពានទឹកដីកម្ពុជា។
យ៉ាងណា លោកយល់ថា នយោបាយផ្សះផ្សាជាតិនេះ ទោះបីថៃដើរមុនកម្ពុជាក្តី តែក៏មិនទាន់យឺតពេលសម្រាប់កម្ពុជាដែរ គឺត្រូវផ្តើមចេញការរួបរួមពីអ្នកនយោបាយខ្មែរជាមុន ដែលនឹងជំរុញឱ្យពលរដ្ឋខ្មែរចាប់ផ្តើមមានកម្លាំងចិត្តស្រឡាញ់ជាតិកាន់តែខ្លាំងថែមទៀត។
លោកគូសបញ្ជាក់ថា ការបង្រួមបង្រួមជាតិ មិនអាចនិយាយតែមាត់ទេ ប៉ុន្តែត្រូវធ្វើសកម្មភាពជាក់ស្តែងតាមរយៈការដោះលែងអ្នកទោសមនសិការទាំងអស់ ទាំងមេដឹកនាំបក្សប្រឆាំងធំៗសកម្មជនបរិស្ថាន សកម្មជននយោបាយ និងពលរដ្ឋដែលរិះគន់លើរដ្ឋាភិបាលឱ្យមានសេរីភាពឡើងវិញ។
លោកថា៖ «ការដែលបង្រួបបង្រួមជាតិ ការដែលធ្វើឲ្យជាតិមានសាមគ្គីរវាងខ្មែរនិងខ្មែរ! ខ្មែរមានឯកភាពគ្នាខ្មែររួមកម្លាំងគ្នា ក្នុងការដោះស្រាយបញ្ហាមួយ! ពោលគឺបញ្ហាពាក់ព័ន្ធទៅនឹងការឈ្លានពានរបស់ថៃនេះ វាជារឿងសំខាន់ណាស់ វាជារឿងសំខាន់ដែលយើងទុករឿងការរិះគន់គ្នាយើងទុកខ្មែរដែលធ្លាប់មានគំនិតផ្ទុយគ្នាហ្នឹង! មកចូលរួមក្នុងការដោះស្រាយវិញ។សម័យកាលប្រវត្តិសាស្ត្ររបស់ខ្មែរយើង ឃើញហើយនៅពេលដែលខ្មែរសាមគ្គីខ្មែរខ្លាំងខ្មែរសាមគ្គីខ្មែរអាចឈ្នះសត្រូវជុំវិញខ្លួន»។
ដោយឡែក អតីតនាយខុទ្ធការល័យ លោក កឹម សុខា គឺ លោក មុត ចន្ថា និយាយលើហ្វេសប៊ុកលោកថា ការឈប់ចោទលើលោក ថាក់ស៊ីន នេះ គឺបង្ហាញថាថៃកំពុងបង្រួបបង្រួមជាតិ ហើយបង្ហាញថា តុលាការថៃមិនកាត់ទោសតាមការចង់បានរបស់លោក ហ៊ុន សែន ទេ។
លោកថា នេះជាយុទ្ធសាស្រ្តឈ្នះរបស់សៀម ដែលមានចេតនាបង្រួបបង្រួមកម្លាំងផ្ទៃក្នុង ដើម្បីទប់ទល់ជាមួយខ្មែរ ហើយលោក ថាក់ស៊ីន នឹងមកសងសឹក លោក ហ៊ុន សែន និងកម្ពុជាវិញ។
សម្រាប់លោក មុត ចន្ថា ខ្មែរគួរល្មមបង្រួបបង្រួមផ្ទៃក្នុង ដើម្បីផ្តុំកម្លាំងជាតិទប់ទល់ជាមួយសៀមឈ្លានពាន។
លោកថា ការចោទប្រកាន់លើ លោក កឹម សុខា ភ្ជាប់ជាមួយអាមេរិក គួរទម្លាក់ចោល ដើម្បីប្រយោជន៍២ គឺបង្រួបបង្រួមជាតិ និងឯកភាពជាតិខ្មែរតែមួយធ្វើឱ្យខ្មែរខ្លាំង និងពង្រឹងទំនាក់ទំនងល្អឡើងវិញ ជាមួយអាមេរិក ក្នុងគ្រាដែលកម្ពុជាត្រូវការអាមេរិក ដើម្បីបញ្ចប់សង្រ្គាមឈ្លានពានបង្កឡើងដោយសៀម។
លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធធ្វើនយោបាយជិត១០ឆ្នាំទៅនេះ តាមបណ្តឹងរបស់គណបក្សកាន់អំណាច ដែលបានចោទមេបក្សប្រឆាំងដែលមានសក្តានុពលនោះថា គប់គិតជាមួយសហរដ្ឋអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាល។
ក្រោយមកគណបក្សសង្ក្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតជិតទាន់គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច ត្រូវបានតុលាការកំពូលចេញដីការំលាយចេញពីឆាកនយោបាយ ចាប់តាំងពីចុងឆ្នាំ២០១៧ ដែលធ្វើឱ្យគេមើលឃើញថា ទំនាក់ទំនងការទូតកម្ពុជា-អាមេរិក មានភាពល្អក់កករ។
អាមេរិកចាត់ទុកថា ដំណើរការច្រើនឆ្នាំដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌កម្ពុជា៕








