ប្រធានគណបក្សក្រៅរដ្ឋាភិបាល ចោទប្រកាន់ថា គិតមកដល់ពេលនេះ ការបន្តអូសបន្លាយនីតិវិធីមានរយៈពេលជិត៩ខែទៅហើយ ដែលរឿងក្តីមួយនេះនៅតែបន្តគ្មានយុត្តិធម៌ ខណៈក្រសួងយុត្តិធម៌ក៏ធ្លាប់បានជំរុញឱ្យតុលាការខេត្តព្រៃវែង ពន្លឿននីតិវិធីដូចអ្វីដែលម្ចាស់នៃដើមបណ្តឹងទាមទារ ក្រោយសំណុំរឿងនេះ បានរុញដល់ដៃតុលាការរួចហើយ។
លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា បានប្រាប់សំឡេងប្រជាធិបតេយ្យ វីអូឌី នៅថ្ងៃទី២៥ ខែសីហានេះថា ចំពោះភាពយឺតយ៉ាវនេះ គឺគេនៅមិនទាន់ដឹងថាតើមានមូលហេតុអ្វីនៅពីក្រោយឱ្យប្រាកដនោះទេ។ សម្រាប់ លោក សុខសុវណ្ណ ករណីនេះវាហាក់ដូចជារឿងដែលគួរឱ្យអស់សំណើច ក្នុងពេលដែលតុលាការ ជាស្ថាប័នដែលផ្តល់នូវយុត្តិធម៌ សម្រាប់គ្រប់គ្នា ប៉ុន្តែបែរជាផ្អិបសំណុំរឿងរបស់ខ្លួនទុក អស់ពេលជាច្រើនខែ ដោយមិនអើពើអ្វីសោះ។
បើតាម លោក សុខសុវណ្ណ ក្នុងនាមជាម្ចាស់នៃបណ្តឹងសម្រាប់សំណុំរឿងព្រហ្មទណ្ឌនេះ លោកមិនដែលទទួលបានផ្តល់តម្រុយណាមួយថ្មីពីមន្រ្តីតុលាការ ជុំវិញការវិវត្តនៃរឿងក្តីរបស់លោកនេះម្តងណាទេ។
លោកបន្តថា៖ «ជាយោបល់ខ្ញុំក្នុងនាមជាដើមបណ្តឹង ចំពោះភាពយឺតយ៉ាវរបស់តុលាការហ្នឹង ខ្ញុំអត់មានអីនិយាយហ្មងឥឡូវហ្នឹង វាមានន័យថា អស់តែសំណើចចង់តែសើចហ្មង។ ខ្ញុំមិនដឹងថានិយាយបែបម៉េចទៀត និយាយឱ្យខ្លីមក មានន័យថា អត់មានយោបល់អីទេ។ ចង់តែសើចហ្មងហើយចង់តែសើចហ្មង»។
ប្រតិកម្មរបស់ប្រធានគណបក្សដើម្បីកម្ពុជាជាថ្មីម្តងទៀតនេះ ធ្វើឡើងនៅក្រោយពេលដែលក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានចេញលិខិតជាផ្លូវការមួយច្បាប់ បង្គាប់ឱ្យ លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ពិនិត្យ និងសម្រេចឱ្យបានឆាប់នូវបណ្តឹងមួយករណី ដែលម្ចាស់បណ្តឹង គឺជាប្រធានគណបក្សដើម្បីកម្ពុជា។
លោក កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងនៅក្នុងលិខិតនេះបន្ថែមទៀតថា លោក គុជ គឹមឡុង ត្រូវពន្លឿនរឿងក្តីនេះឱ្យបានឆាប់រហ័ស និងអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន។ ជាងនេះទៀត ក្នុងករណីអនុវត្តនីតិវិធីទៅ ត្រូវជួបឧបសគ្គ ឬមានបញ្ហាលើចំណាត់ការនៃសំណុំរឿងនេះ ត្រូវផ្តល់ព័ត៌មានជាបន្ទាន់ មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដើម្បីមានមូលដ្ឋានចាត់ការបន្ត។
យ៉ាងនេះក្តី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមតុលាការខេត្តព្រៃវែង ដែលទទួលបន្ទុកនៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ បដិសេធក្នុងការអត្ថាធិប្បាយ ដោយអះអាងយ៉ាងខ្លីពីភាពលំបាកក្នុងការទំនាក់ទំនង មុននឹងផ្តាច់ទូរស័ព្ទចុះ នៅថ្ងៃនេះ។
ទាក់ទិនរឿងក្តីនេះ កាលពីថ្ងៃទី៨ ខែឧសភា លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា បានដាក់បណ្តឹងសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ក្រោយតុលាការខេត្តព្រៃវែង បានផ្អិបរឿងក្តីរបស់ខ្លួនទុកឥតចាត់ការ។ នៅក្នុងរឿងក្តីនេះ ដើមបណ្តឹងបានប្តឹងមន្រ្តីពន្ធដារខេត្ត មន្រ្តីសាលាខេត្ត និងមន្រ្តីនគរបាលខេត្តសរុបចំនួន១០ ទៅតុលាការ។ ក៏ប៉ុន្តែក្រោយដាក់បណ្តឹង មានតែជនជាប់ចោទចំនួន ៣នាក់ទេ ដែលត្រូវបានតុលាការកោះហៅមកផ្តល់សក្ខីកម្ម រួមមាន មន្រ្តីសាលាខេត្តព្រៃវែង និងម្នាក់ទៀត ជានាយរងផ្នែកចរាចរណ៍ផ្លូវគោក ព្រមទាំងនាយការិយាល័យគីមីសាស្រ្ត។ ក្រៅពីនេះ ៧នាក់ផ្សេងទៀត នៅក្នុងរឿងក្តីនេះ ដែលសុទ្ធតែជាមន្រ្តីពន្ធដារខេត្ត គឺនៅមិនទាន់ត្រូវបានតុលាការកោះហៅមកសួរនាំនៅឡើយទេ។
ជុំវិញរឿងក្តីនេះ លោក ឯម សុខសុវណ្ណ ឱ្យដឹងថា ដើមឡើយ ពោលកាលពីឆ្នាំ២០២៣ លោកត្រូវគេរកឃើញថា បានជាប់ពន្ធលើមធ្យោបាយធ្វើដំណើរមិនទាន់បានទូទាត់។ ប៉ុន្តែនៅក្នុងឆ្នាំដដែល លោកត្រូវរង់ការចោទប្រកាន់ថា នៅជាប់ពន្ធផ្លូវនេះដដែល ខណៈលោកបានទូទាត់ពន្ធទាំងចាស់ និងថ្មីរួចរាល់ហើយ ចំនួនសរុប ១លាន៦០ម៉ឺនរៀល។ ផ្ទុយទៅវិញ ក្នុងពេលដែលលោកបង់ពន្ធរថយន្ត ឬបង់ពន្ធលើមធ្យោបាយធ្វើដំណើរ សម្រាប់ឆ្នាំ២០២៤ ចប់សព្វគ្រប់ ស្រាប់តែឈ្មោះរបស់លោក ត្រូវនៅជាប់ពន្ធឆ្នាំចាស់មិនទាន់ទូទាត់អស់នៅឡើយ ដែលមានចំនួនសរុបទាំង២ឆ្នាំ ចំនួន ២លាន៤០ម៉ឺនរៀលទៅវិញ។
ក្រោយមានភាពមិនប្រក្រតីនេះកើតឡើង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោកបានដាក់បណ្តឹងប្រឆាំងមន្រ្តី១០នាក់ មកពីស្ថាប័នខុសៗគ្នា ក្រោមបទចោទ «កេងយកផលប្រយោជន៍ដោយខុសច្បាប់ រំលោភលើទំនុកចិត្ត ការជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈ និងការក្លែងបន្លំ»។
សម្រាប់ លោក អំ សំអាត នាយកទទួលបន្ទុកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licaho) យល់ឃើញថា តុលាការគួរអនុវត្តនីតិវិធីឱ្យបានពេញលេញ និងស្មើភាពគ្នាចំពោះមុខច្បាប់ ហើយការអនុវត្តនេះ មិនថាជនជាប់ឃុំ ឬសំណុំរឿងកំពុងបន្តនីតិវិធីទេ តុលាការត្រូវប្រាកដថា គ្រប់ដំណាក់កាលនៃរឿងក្តី ត្រូវជំនុំជម្រះដោយឆាប់រហ័ស និងមិនលម្អៀង។ ក្នុងន័យនេះ លោកមានសុទិដ្ឋិនិយមថា ស្ថាប័នតុលាការខេត្តព្រៃវែង នឹងមិនបន្តផ្អិបរឿងក្តីនេះ ទុកចោលដោយឥតចាត់ការនោះឡើយ។
លោកបន្តថា៖ «ការពន្យាពេលនៅក្នុងនីតិវិធី ឬក៏ក្នុងសវនាការ វាប៉ះពាល់ទៅដល់សិទ្ធិរបស់ជនដែលរងគ្រោះ ឬក៏ភាគីដែលពាក់ព័ន្ធ ក៏ដូចជាប៉ះពាល់ទៅដល់ដំណើរការនៃយុត្តិធម៌នៅក្នុងសង្គមផងដែរ។ អញ្ចឹងនៅក្នុងករណីនេះ យើងសង្ឃឹមថា តុលាការលោកនឹងដំណើរការនីតិវិធីឱ្យបានលឿន ដើម្បីជាភាពយុត្តិធម៌ទៅដល់ភាគីទាំងសង្ខាងនោះ»។
អ្នកការពារសិទ្ធិមនុស្ស ចាត់ទុកការប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ របស់ដើមបណ្តឹងក្នុងរឿងក្តីព្រហ្មទណ្ឌនេះ គឺជាផ្នែកមួយ ដែលអាចជួយរុញឱ្យមានប្រព័ន្ធយុត្តិធម៌សង្គម ហើយការចេះប្រើប្រាស់ច្បាប់នេះ ក៏ជាការរួមចំណែកមួយ ក្នុងការប្រយុទ្ធប្រឆាំង នូវអំពើនិទណ្ឌភាពដែរ។ ផ្ទុយទៅវិញ ការដែលទុកឱ្យមន្រ្តីតុលាការ ធ្វើអ្វីតាមការសម្រេចរបស់ខ្លួន ដោយមិនផ្អែកលើគោលការណ៍ច្បាប់ជាមូលដ្ឋានទេនោះ អំពើយុត្តិធម៌សង្គម នឹងក្លាយជាជំងឺមហារីកដែលពិបាកនឹងព្យាបាលបាន៕









