មួយខែក្រោយផ្ទុះអាវុធជាមួ​យ​ថៃព​លរដ្ឋ​ខ្មែរ​រ​ស់​នៅតា​ម​បណ្ដោយ​ព្រំដែន​បន្ត​ជួប​ការ​លំបាក

កន្លង​ទៅ​អស់​រយៈពេ​លមួ​យ​ខែ ក្រោយ​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​នៅព្រំ​ដែន​រវាង​កម្ពុជា-ថៃ ស្នូរ​សំឡេង​សង្គ្រា​មដោយ​អា​វុធ​​បាន​ស្ងប់​ស្ងាត់ ក៏​ប៉ុន្តែ​សង្គ្រាមពា​ណិជ្ជ​កម្ម និង​សេដ្ឋ​កិច្ច​ ហាក់​មិន​ទាន់​ស្ងាត់​នោះទេ​ ដោយ​​​សារ​ក្រុម​យោធា​ថៃ នៅ​តែប​ន្ត​គ្រប់​គ្រង និង​រឹត​បន្តឹង​ច្រក​ចេញ​ចូលតឹ​ង​រឹង​ជាមួយ​កម្ពុជា។

ការបិទទ្វារ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​នេះ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ទៅ​ដល់​កសិករ ប្រតិបត្តិករ​ថៃ ដែល​នាំ​ចូល​ទំនិញ​មក​កម្ពុជា និង​បាន​រាល​ដាល​ដល់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ដែល​ធ្លាប់​អាស្រ័យ​រក​ស៊ី និង​ជួញ​ដូរ​ជាមួយ​គ្នា ជួប​ការ​លំបាក។

គ្រូបង្រៀននៅសង្កាត់អូរជ្រៅ ក្រុងប៉ោយ​ប៉ែត កញ្ញា រស់ ចាន់ធី ប្រាប់​វីអូឌី​ឱ្យ​ដឹង​ថា រយៈ​ពេល​មួយ​ខែ​មក​នេះ​សិស្ស​មួយ​ចំនួន ដែល​មាន​ទីលំនៅ​ក្នុ​ង​ទឹក​ដី​ថៃ បាន​ផ្លាស់​ប្ដូរ​មក​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ ដោ​យ​សារ​​បារម្ភ​ពី​សុវត្ថិ​ភាព​ពេល​ឆ្លង​ព្រំដែន​ចូល​មក​សាលារៀន​លើ​ទឹក​ដី​ខ្មែរ។

ក្រៅពី​នេះ កញ្ញា​សង្កេត​ឃើញ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត មាន​អ្នក​លក់​ដូរ​កាន់​តែ​ច្រើន តែ​មិន​សូវ​មាន​អ្នក​ទិញ ខណៈ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួ​ន ​​នៅ​តែប​ន្តល​ក់​ដូរ​នៅ​ផ្សារ​រ៉ុង​ក្លឿ​របស់​ថៃ តែ​ស្ថិត​ក្រោម​ភាព​ភ័យ​ខ្លាច។

កញ្ញា រស់ ចាន់ធី និយាយថា​​៖ «ថ្ងៃមុ​ន​សិស្ស​បង​ផ្ទាល់ ថ្ងៃហ្នឹង​គាត់​សុំច្បាប់​បង ថ្ងៃ​ហ្នឹង​សួរ​ទៅ [គាត់​ថា] ប៉ូលីស​[ថៃ] គេ​ដើរ​ឆែក​នៅ​តាម​តូប​នៅ​រ៉ុង​ក្លឿ​ហ្នឹង អ៊ីចឹង​គាត់​ត្រូវ​លាក់​ខ្លួន គាត់​ត្រូវ​ពួន គាត់​អត់​បាន​ចូល​រៀន​ទេ ថ្ងៃ​ហ្នឹង។ និយាយ​ទៅ​ប៉ះ​ពាល់​ច្រើន​ណាស់»។

ប៉ោយប៉ែត ដែលជាទីក្រុងស្រស់​ឆើតឆាយ​នៅជា​ប់​នឹង​ព្រំ​ដែន​​ថៃ​​មួ​យ​​នេះ បាន​​ពឹង​​ផ្អែក​ខ្លាំង​ទៅ​លើវិ​ស័យកាស៊ីណូ​អន​ឡាញ​ខ្លាំង​ជាង​គេ ដោយ​មុន​ពេល​បិទ​ច្រក តំបន់​មួយ​នេះ មាន​ជន​ជាតិ​ថៃ និង​ជន​បរទេស​រាប់​ពាន់​នាក់ បាន​​ឆ្លង​ដែន​ចូល​មក​លេង​ល្បែង​នៅក្នុ​ង​កាស៊ី​ណូ និង​មាន​ជនបរទេស​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត​ បាន​មក​ធ្វើ​ការ​ងារ​ជា​ប្រតិបត្តិ​ករ​ល្បែង​តាម​អន​ឡាញ ដែល​ធ្វើ​ឱ្យ​ទីក្រុង​នៃ​បន​ល្បែង​មួយ​នេះ ប្រៀប​ដូច​ទៅ​ជាទី​ក្រុង​ស៊ាង​ហៃ​របស់​ចិន​ទីពីរ​ទៅ​ហើយ។

កាស៊ីណូធំៗ នៅតំបន់ក្រុងប៉ោយប៉ែត មាន​ដូច​ជា ហ្គោល​ដិន​ក្រោន របស់​លោក កុក អាន ដែល​អាជ្ញាធរ​ថៃ​​តា​ម​ចាប់​ខ្លួន​ ដោយ​ចោទ​ថា​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លង​ដែន កាស៊ីណូ​ហ្គោល​ស្តា និង​តំបន់​អភិវឌ្ឍន៍​សាន់​កូ ជាដើម នៅ​តែ​បើ​កប្រតិបត្តិ​ការ​ធម្មតា ក្នុង​ស្ថាន​ភាព​ស្ងាត់​ជាង​មុន​ ខណៈ​ប្រតិបត្តិ​ករ​តាម​អនឡាញ ដែល​មាន​ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍ ត្រូវ​គេ​ដាក់​ឱ្យ​នៅក្នុ​ង​អាគារ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ចេញ​មក​ក្រៅ​នោះ​ឡើយ។ ក៏ប៉ុ​ន្តែ មាន​កាស៊ីណូ​ខ្លះ ​បា​ន​ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង ឯ​ខ្លះ​កាត់​បន្ថយ​ម៉ោង​ធ្វើការ និង​ប្រាក់​ខែ​បុគ្គលិក​អស់​ពាក់​កណ្ដាល​ផង​ដែរ។

ពាក់ព័ន្ធនឹងវិស័យបនល្បែងនេះដែរ នៅខាងភាគីថៃឯណោះវិញ នៅ​តែ​មាន​ករណី​ពលរដ្ឋ​ថៃ​ជា​ច្រើន​នាក់​ បាន​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ដើម្បី​ធ្វើ​ការ​ងារ​ជា​ប្រតិ​បត្តិ​ករ​តាម​អន​ឡាញ ដែល​អាជ្ញាធរ​ថៃ​ចោទ​ថា ជា​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​អន​ឡាញ និង​ចាប់​ជំរិត។

យ៉ាងណាក៏ដោយចុះ វិវាទនេះ មិនត្រឹមតែប៉ះពាល់ដល់ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​ប៉ុណ្ណោះទេ​ សូម្បី​តែ​អ្នក​នៅ​ឆ្ងាយ​ពី​ព្រំដែន​រាប់​រយ​គីឡូ​ម៉ែត្រ​ទៅ​ហើយ​នោះ ក៏​កំពុង​ជួប​បញ្ហា​នេះ​ដូច​គ្នា។

អាជីវករលក់ចំណីអាហារ​នៅ​ខេត្តបា​ត់​ដំបង អ្នក​ស្រី ស៊ុន ស្រីនិច្ច ឱ្យដឹង​ថា មួយ​ខែ​ចុង​ក្រោយ​នេះ ភូមិ​ឋាន​អ្នក​ស្រីចា​ប់​ផ្ដើម​មាន​មនុស្ស​កុះ​ករ​ឡើង​វិញ ក្រោយ​ពលករ​ខ្មែ​រឈប់​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ត្រឡប់​មក​ស្រុក​កំណើត។

បើទោះ​បីមានមនុស្សច្រើន តែអ្នកស្រី​បែរ​ជា​ត្អូញ​ត្អែរ​ថា ចំណូល​ធ្លាក់​ចុះ​ស្ទើរ​តែ​ដូច​ជំនាន់​វិបត្តិ​កូវីដ-១៩ ដោយ​សារ​ក្នុង​ភូមិ​មាន​តែ​មនុស្ស ប៉ុន្តែ​គ្មាន​លុយ​សម្រាប់​ចាយ​វាយ។

អ្នកស្រី ស៊ុន ស្រីនិច្ច និយាយ​ថា​៖ «គឺពិបាកណាស់​អូន! លក់​តឹង ហើយ​ចែ​លក់​ធ្លាប់​តែ​មួយ​ថ្ងៃបា​ន បួន​ប្រាំម៉ឺន ថ្ងៃ​ខ្លះ​លក់​បាន​ប្រាំ​ពាន់ ប្រាំមួ​យ​ពាន់ បាន​មួយ​ម៉ឺន មួយ​ម៉ឺន​ប្រាំ លក់​តឹង​ណាស់​អូន ដូច​អត់​មាន​លុយ​ អត់​មាន​អ្នក​ចាយ​បណ្ដោយ គឺ​ពិបាក​រក​ជាង​មុន»

យ៉ាងណាមិញ ស្ថានភាពការរស់នៅរបស់ពលរដ្ឋក្នុងក្រុងប៉ោយ​ប៉ែត នៅពេ​ល​នេះ ហាក់​មាន​សភាព​មិន​ច្បាស់​លាស់​នោះ​ឡើយ ដោយ​នៅ​តាម​ទីប្រ​ជុំជ​ន​មួយ​ចំនួន ហាក់​មាន​សភាព​ស្ងាត់ ខណៈក​ម្មករ​អូស​រទេះ​ និង​អាជីវករ​ជា​ច្រើន បាន​​នាំ​គ្នា​ទៅ​អង្គុយ​នៅ​ពីមុ​ខ​ច្រក​ទ្វារ ដើម្បី​រង់​ចាំដឹ​ក​ជញ្ជូន​អីវ៉ាន់​របស់​ក្រុម​ពលករ​ខ្មែរ​ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

ក្រោយការបិទទ្វារព្រំដែនរយៈពេលជាង១ខែមកនេះ បាន​បណ្ដាល​ឱ្យ​ក្រុង​ប៉ោយ​ប៉ែត កើត​មាន​អសន្តិ​សុខ​ និង​ចោរ​កម្ម​ច្រើន​ជាង​មុន និង​មាន​ករណី​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​មួយ​ចំនួន​តូច​ផង​ដែរ។

ជុំវិញរឿងនេះ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រចាំ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ឌិន ពុទ្ធី ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​អភិវឌ្ឍន៍ និង​បង្កើត​រោង​ចក្រ​សហ​គ្រាស​នៅ​តំបន់​ព្រំដែន​ឱ្យ​បាន​ច្រើន ដើម្បី​​ជៀស​​វាង​​​​ការ​ផ្ដេក​ផ្ដួ​លទៅ​លើ​ដ​ង្ហើមសេ​ដ្ឋកិ​ច្ច​ថៃ ព្រោះលោ​ក​សង្កេត​ឃើញ​ថា នៅ​តំបន់​ព្រំដែន​ថៃ សេដ្ឋ​កិច្ច​​​គឺ​ពឹ​ង​ផ្អែក​មួយ​ចំណែក​ធំ ទៅ​លើ​ទីផ្សារ និង​ការ​នាំចេ​ញនាំ​ចូ​ល​ទំនិញ​ពី​ប្រទេស​ទេស​ថៃ។

លោក ឌិន ពុទ្ធី ថ្លែង​ថា​​៖ «ពាក់ព័ន្ធទៅនឹង​ជីវភាព​របស់​កម្មករ និង​ពលរដ្ឋ​នៅ​ក្នុង​ប៉ោយ​ប៉ែត គឺ​មាន​ជីវ​​ភាព​លំ​បា​​កខ្លាំ​ង ដោយ​សារ​ខ្វះ​ខាត​ពាក់​ព័ន្ធ​នឹង​ជីវភាព​រស់​នៅ អាហារ​ហូប​ចុក និង​គ្រឿង​ឧបភោគ បរិភោ​គ​ផ្សេ​ង​ៗ​​ហ្នឹង ប្រជាព​លរដ្ឋ​មិន​មាន​ប្រាក់​កាស​ក្នុង​ការ​ទិញ​យក​មក​ហូប​ចុក​គ្រប់​គ្រាន់ ដូច​ពេល​ដែ​​លបើ​​ក​​ច្រ​ក​នោះ​ទេ»

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​ឧសភា ឆ្នាំ២០២៥ ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា និង​ថៃ មាន​ទំហំ​ទឹក​ប្រាក់​ ១.៨​ពាន់​លាន​ដុល្លារ កើន​ឡើង​៨.៣% បើ​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ទំហំ​ ១.៧​ពាន់​លាន​ដុល្លារ។

របាយការណ៍ បង្ហាញ​ទៀត​ថា កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ថៃ​ក្នុ​ង​ទំហំ​ទឹក​ប្រាក់ ៣៩៥​លាន​ដុល្លារ កើន​​​ឡើង ១.១% ខណៈ​ថៃ​នាំ​ចេញ ចូល​មក​កម្ពុជា​វិញ​មាន​តម្លៃ ១.៤ពាន់​លាន​ដុល្លារ កើន​ឡើង​​១០.៤%។

ទោះជាយ៉ាងណា ការធ្វើពាណិជ្ជកម្មនេះ កម្ពុជាមានឱន​ភាព​ជញ្ជីង​សេដ្ឋកិច្ច​ជាមួយ​ថៃ រហូត​ដល់​ទៅ​ជាង​១០​ដង ខណៈ​​ទំនិញ​ដែល​ថៃ​នាំចូ​ល​​មក​កម្ពុជា គឺ​ជា​ផលិត​ផល​សម្រេច​រូប ចំណែក​កម្ពុជា​នាំចេ​ញ​ទៅ​ថៃ គឺ​ជា​ផលិត​ផល​ដុល ឬ​ពាក់​កណ្ដាល​សម្រេច​រូប។

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រសួង​សេដ្ឋ​កិច្ច និង​ហិរ​ញ្ញវ​ត្ថុ បាន​ចេញ​របាយ​ការណ៍ ស្ដីពី​ការ​​ទម្លាក់​​​​ការ​ព្យាករណ៍​​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥ មក​នៅ​ត្រឹម​៥% ខណៈ​កាល​ពី​ដើម​ឆ្នាំ​នេះ ក្រសួ​​ងសេដ្ឋ​កិច្ច​​ធ្លា​ប់បាន​ដាក់​ក្តី​រំពឹង​ថា កំណើន​សេដ្ឋកិច្ច​នឹង​ស្ទុះ​ឡើង​ដល់​អត្រា​៦.៣%។ តាម​ក្រសួងដ​ដែល ការ​​​ទម្លាក់​អត្រា​ព្យាករណ៍​នេះ គឺ​ដោយ​សារ​កម្ពុជា​បាន​ជួប​ប្រឈម​នឹង​បញ្ហា​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​មួ​​យផ្នែ​ក​ទៀត​បណ្ដាល​មក​ពី​បញ្ហា​អត្រា​ពន្ធ​បដិការ​របស់​សហរដ្ឋ​អាមេ​រិក។

នៅត្រង់ចំណុចនេះ ប្រជាពលរដ្ឋស្នើឱ្យរដ្ឋាភិបាលបង្កើតរោងចក្រ សហ​គ្រាស កែ​ច្នៃ​ផលិត​ផល​នៅ​តាម​តំបន់​ព្រំដែន ដើម្បី​កាត់​បន្ថយ​ការ​នាំចូ​ល​ទំនិញ​ពី​ប្រទេស​ថៃ ដើម្បី​កែ​ប្រែតំ​បន់​ព្រំដែន​ក្លាយ​ជា​កន្លែង​អភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច​ឧស្សហកម្ម ជាជា​ង​ទុក​​ឱ្យ​តំបន់​នេះ​ក្លាយ​ជា​ទីក្រុង​ដែល​រស់​ដោយ​សារ​វិស័យ​ល្បែង​កាស៊ីណូ និង​ពឹង​ផ្អែក​លើ​ដង្ហើម​សេដ្ឋ​កិច្ច​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ