លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាប្រធានចលនាជាតិតស៊ូនៅក្រៅប្រទេស បានចេញលិខិតចំហមួយ អំពាវនាវឱ្យភាគីថៃដោះលែងទាហានខ្មែរ១៨នាក់ តាមគោលការណ៍មនុស្សធម៌អន្តរជាតិ ខណៈយោធាថៃបំពានបទឈប់បាញ់ ចូលចាប់ខ្លួនទាហានកម្ពុជាយកទៅជិត៣០ថ្ងៃទៅនេះ។
នេះបើតាមលិខិតចំហមួយច្បាប់ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដែលគេបង្ហោះលើហ្វេសប៊ុក លោក សម រង្ស៊ី ។ តាមលិខិតចំហនោះ លោក សម រង្ស៊ី ស្នើទៅលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ និងយោធាថៃ ឱ្យដោះលែងយុទ្ធជនខ្មែរចំនួន១៨នាក់ ដោយសំអាងលើគោលការណ៍មនុស្សធម៌អន្តរជាតិ ។
លោក សម រង្ស៊ី បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាជាតិតស៊ូ និងក្នុងនាមប្រជាពលរដ្ឋខ្មែរ យ៉ាងតិចកន្លះប្រទេសដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៣ សូមស្នើដល់រាជរដ្ឋាភិបាលថៃ និងកងទ័ពថៃ មេត្តាដោះលែងយុទ្ធជនខ្មែរទាំងនោះ។
ដោយឡែក រដ្ឋាភិបាល តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា នៅថ្ងៃអង្គារនេះ បានបន្តអំពាវនាវឱ្យថៃប្រគល់កងកម្លាំងទាំងនោះមកឱ្យកម្ពុជាវិញ។
អ្នកស្រីថា៖ «សូមគូសបញ្ជាក់ផងដែរថា ទាហានថៃបានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលគិតមកដល់ពេលនេះ មានរយៈពេល២៧ថ្ងៃ២៣ម៉ោង ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួន នៅក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនទុកសមាជិកក្រុមគ្រួសារយើងណាម្នាក់ឲ្យឯកោជាដាច់ខាត»។
យ៉ាងណា ក្រៅស្នើភាគីថៃដោះលែងកងម្លាំងកម្ពុជា លោក សម រង្ស៊ី រិះគន់បក្សកាន់អំណាចផងដែរជុំវិញការប្រកួតអំណាចខ្វះសុចរិតភាព។
សម្រាប់ លោក សម រង្ស៊ី «រដ្ឋាភិបាលទីក្រុងភ្នំពេញ […]កើតចេញពីរដ្ឋសភា ដែលឆ្លងកាត់ការបោះឆ្នោតបែបប្រហាររដ្ឋធម្មនុញ្ញ ខុសពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ» ដែលរដ្ឋាភិបាលថៃគួរតែពិចារណាដោះលែងយុទ្ធជនខ្មែរ ១៨នាក់ ដោយផ្អែកលើគោលការណ៍មនុស្សធម៌ ឱ្យពួកគាត់បានត្រឡប់ទៅជួបជុំក្រុមគ្រួសាររបស់ពួកគាត់នៅប្រទេសកម្ពុជាដោយសុវត្ថិភាពវិញ៕









