ការដែលរដ្ឋាភិបាលកម្ពុជាពន្លឿនធ្វើច្បាប់ដកសញ្ជាតិខ្មែរពីកំណើត ដោយមិនប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទប់ទល់ទៅនឹងថៃឈ្លានពាននោះ រងការរិះគន់ថា ជាបរិបទថ្មីមួយទៀត ធ្វើឱ្យជាតិខ្មែរបែកបាក់ធ្ងន់ធ្ងរ ហើយបើកផ្លូវឱ្យបរទេសសម្រេចមហិច្ឆតាលេបដីខ្មែបានជោគជ័យ។
ការលើកឡើងនេះ ក្រោយយោធាថៃពង្រីកការឈ្លានពានដោយយកលួសបន្លាព័ទ្ធដីកម្ពុជានៅភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែសីហា បង្ខំឱ្យពលរដ្ឋខ្មែររារាំងធ្វើឱ្យកម្លាំងថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។
ដោយឡែកនៅថ្ងៃដែលពលរដ្ឋខ្មែរទប់ទល់ការឈ្លានពានពីថៃនេះ សមាជិករដ្ឋសភាបក្សកាន់អំណាចទាំង១២០រូប បានលើកដៃអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ បើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរពីកំណើតទាំងមានការរិះគន់។
ប៉ុន្តែចរន្តទាមទារឱ្យប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីដាក់សម្ពាធឱ្យថៃបញ្ឈប់ការឈ្លានពានដីខ្មែរនោះ រដ្ឋាភិបាលកម្ពុជានៅស្ងៀមស្ងាត់នៅឡើយ។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់ថា ក្នុងពេលមានសង្រ្គាមជាមួយថៃនេះ ការបង្កើតច្បាប់ដកសញ្ជាតិជាការបង្កើតឱ្យជាតិខ្មែរបែកបាក់ ដែលប្រៀបដូចបើកថៃឱ្យថៃឈ្លានពានដីខ្មែរបានសម្រេច។
លោកថា៖ «សមាជិកសភាដែលជាសមាជិកគណបក្សប្រជាជន ជាអ្នកដែលកាន់អំណាចនៅពេលសព្វថ្ងៃនេះ នៅក្នុងការចាប់ចងប្រជាពលរដ្ឋដែលជាសំឡេងជំទាស់ ឬប្រជាពលរដ្ឋដែលសម្ដែងនូវព័ត៌មានពិត! អាហ្នឹងខ្ញុំគិតថា វាហាក់ដូចជាបម្រើឲ្យប្រទេសថៃវិញ នៅក្នុងការបើកដៃ ឱ្យថៃអាចឈ្លានពានកម្ពុជាបានយ៉ាងងាយស្រួល ពីព្រោះទៅក្នុងស្ថានភាពនៃជម្លោះមួយយើងទាំងអស់គ្នាដឹងហើយថាសាមគ្គីជាកម្លាំងការបែកបាក់សាមគ្គី អាហ្នឹងវាធ្វើឲ្យយើងចុះខ្សោយធ្វើឱ្យយើងចាញ់! ចុះអាបង្កើតច្បាប់ដកសញ្ជាតិពលរដ្ឋ អាហ្នឹងហើយគឺការធ្វើឲ្យមានការបែកបាក់ជាតិ គឺឲ្យមានការបែកបាក់សាមគ្គីជាតិ អាហ្នឹងហើយដែលធ្វើឱ្យខ្ញុំគិតថា វាដើរស្របជាមួយនឹងការឈ្លានពាននៃប្រទេសថៃ»។
យ៉ាងណា លោកឱ្យជាយោបល់ថា ក្នុងពេលថៃឈ្លានពានដីខ្មែរនេះ រដ្ឋាភិបាលត្រូវពន្លឿនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ហើយចំណុចដែលកម្ពុជាមានប្រៀបលើថៃដែរនោះ គឺកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ព្រោះថៃក៏ជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ដែលធានា បូរណភាពទឹកដីកម្ពុជា។
លោកសង្កត់ធ្ងន់ថា ការប្រើកិច្ចព្រមព្រៀង២៣តុលានេះ នឹងធ្វើឱ្យប្រទេសជាហត្ថលេខីទាំង១៨ប្រទេស ដែលមានមហាអំណាចទាំង៥ មានសហរដ្ឋអាមេរិកផង មានសិទ្ធិចូលរួមដាក់សម្ពាធឱ្យថៃបញ្ឈប់ការឈ្លានពានដីខ្មែរ។
តែលោកថាបើរដ្ឋាភិបាលមិនប្រើកិច្ចព្រមព្រៀងនេះទេ មានន័យថា រដ្ឋាភិបាលខ្លាចបាត់អំណាចជាងបាត់បង់ទឹកដី ព្រោះកិច្ចព្រមព្រៀងប៉ារីសតម្រូវឱ្យគោរពគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សមិនមែនតែការការពារបូរណភាពទឹកដីនោះទេ។
លោកថា៖ «កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសមិនបានធានាត្រឹមតែអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជាប៉ុណ្ណោះទេ គឺធានាឲ្យកម្ពុជាគោរពនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យគោរពនូវសិទ្ធិមនុស្ស។ អំណាចរបស់ពួកគេសព្វថ្ងៃហ្នឹង កើតឡើងដោយសារការ! ប្រើពាក្យមួយថា ទី១គឺបោះឆ្នោតដោយមិនសេរី បោះឆ្នោតមិនយុត្តិធម៌។ កាលណា ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ពួកគាត់នឹងចាញ់! អ៊ីចឹងវាប៉ះពាល់អំណាច អ៊ីចឹងវាងអំណាចនិងអធិបតេយ្យភាព! ខ្ញុំគិតថា ប្រហែលជាគាត់យកអំណាចជាងការការពារអធិបតេយ្យភាព»។
ដោយឡែក អតីតនាយខុទ្ធការល័យ លោក កឹម សុខា គឺ លោក មុត ចន្ថា ក៏បានសរសេរសារនៅថ្ងៃទី២៥ ខែសីហាថា ប្រទេសជាតិកំពុងប្រឈមមុខនឹងអំពើឈ្លានពាន រដ្ឋាភិបាលនិងរដ្ឋសភាបែរជាខំប្រឹងធ្វើច្បាប់ប្រយុទ្ធជាមួយជាតិសាសន៍ឯង។
លោកថា ពលរដ្ឋឈឺចាប់ដោយសារអំពើឈ្លាន ហ៊ានចេញតតាំងប្រឆាំងពួកឈ្លានពានសៀម ដោយអង់អាចក្លាហាន។ រីឯមេដឹកនាំសម្ងំយកសុខធ្វើពុតជាគោរពបទឈប់បាញ់ បណ្តោយឱ្យពួកឈ្លានពានរំលោភយកដីខ្មែរ និងហ៊ុំព័ទ្ធបន្លាលួសយកផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្រេចតែអំពើចិត្ត។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ចាត់ទុកការលើកឡើងទាំងនោះថា មានចេតនាកេងចំណេញនយោបាយ ធ្វើឱ្យពលរដ្ឋបាត់បង់ការជឿជាក់លើរដ្ឋាភិបាលកម្ពុជា។
លោកថា៖ «វាជារឿងមួយដែលគួរឲ្យធុញទ្រាន់! ជារឿងមួយដដែលៗ ដែលមករំខានដល់ប្រជាពលរដ្ឋខ្មែររំខានដល់រដ្ឋាភិបាល ដែលកំពុងតែខិតខំប្រឹងប្រែងក្នុងការការពារនូវបូរណភាពទឹកដី ដែលយើងកំពុងតែប្រឈមនឹងសត្រូវឈ្លានពាន។ សំឡេងរបស់ពួកគេលើកមកហ្នឹងគឺជាសំឡេង ដើម្បីរំខានឬក៏បំបែកនូវការជឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋាភិបាលស្របពេលដែលពលរដ្ឋកំពុងតែវេញគ្នាជាធ្លុងមួយ ជាមួយរដ្ឋាភិបាលជាមួយនឹងកងកម្លាំង»។
យ៉ាងណា សម្រាប់អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ថា ច្បាប់ដកសញ្ជាតិខ្មែរមិនត្រឹមតែជាចេតនា ក្នុងការចង់ក្តោបក្តាប់អំណាចផ្តាច់មុខរបស់គ្រួសារហ៊ុនទេ តែវាក៏បង្កើតឱ្យមានការបែកបាក់ជាតិក្នុងសង្គមថែមទៀត ជាពិសេសចំពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ។
ផ្ទុយទៅវិញ លោកថា បើក្រឡេកទៅមើលប្រទេសថៃវិញ អ្នកនយោបាយថៃដែលធ្លាប់មិនចុះសម្រុងគ្នាមានក្រុមលោក ថាក់ស៊ីន និងក្រុមយោធាវិញ បែរជាកំពុងបង្ហាញសាច់ដុំរួមគ្នាជាធ្លុងមួយទប់ទល់ជាមួយខ្មែរនៅពេលនេះ ដែលផ្ទុយពីកម្ពុជាបែរជាធ្វើច្បាប់ដកសញ្ជាតិខ្មែរសំដៅបង្រ្កាបលើអ្នកនយោបាយប្រឆាំងទៅវិញ។
លោកថា៖ «ទោះជាជំរុញបន្ថែម អនុវត្តច្បាប់ ឬក៏អនុម័តច្បាប់ស្តីអំពីការដកសញ្ជាតិ ហើយវាបានត្រឹមតែបង្ហាញអំពីរូបភាពដែលមិនល្អ សម្រាប់អ្នកនយោបាយស្រុកខ្មែរប៉ុណ្ណោះទេ តែវាធ្វើឲ្យបរទេស ជាពិសេសប្រទេសដែលកម្ពុជាកំពុងតែមានបញ្ហា! គេឆ្លៀតឱកាសចាប់យកអាបញ្ហាបែកបាក់ផ្ទៃក្នុងកម្ពុជាហ្នឹង! យកទៅដើម្បីលាតត្រដាងឲ្យពិភពលោកឃើញថា មិនមែនតែកម្ពុជាមានបញ្ហាជាមួយថៃប៉ុណ្ណោះទេ សូម្បីតែខ្លួនឯងស្ថានភាពនយោបាយផ្ទៃក្នុងក៏មានបញ្ហាដែរ។ ហើយព្យាយាមកម្ចាត់អ្នកនយោបាយមានគំនិតផ្ទុយ ប្រជាពលរដ្ឋដែលមានគំនិតផ្ទុយ ដើម្បីធ្វើម៉េចឲ្យខ្លួនឯងរក្សាអំណាចបានយូរអង្វែង។ បញ្ហាទាំងនេះ គឺជាចំណុចខ្សោយដែលធ្វើឲ្យកម្ពុជា អាចពិបាកក្នុងការរួបរួមតទល់នឹងទង្វើឈ្លានពានរបស់ប្រទេសជិតខាង»។
បន្ថែមលើនេះ លោក សេង វណ្ណលី មើលឃើញថា រដ្ឋាភិបាលកម្ពុជាហាក់កំពុងបារម្ភពីអំណាចខ្លួនខ្លាំង ទើបមិនប្រើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលត្រូវឱ្យគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ខណៈរដ្ឋាភិបាលក៏ធ្លាប់ប្រកាសទាត់ចោលកិច្ចព្រមព្រៀងនេះរួចហើយថាគ្មានសុពលភាព។
លោកថា៖ «[កិច្ចព្រមព្រៀងទីក្រុងប៉ារីស]ក៏អាចក្លាយជាអាវុធដ៏មុតស្រួច ធ្វើស៊ីរដ្ឋាភិបាលបច្ចុប្បន្នជាពិសេសពាក់ព័ន្ធនឹងករណីការរំលោភបំពានសេរីភាព ក៏ដូចជា ការរឹតត្បិតលំហរប្រជាធិបតេយ្យអីជាដើម គឺសុទ្ធតែជារឿងដែលរំលោភទៅលើស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយទន្ទឹមនឹង វាក៏រំលោភទៅលើរដ្ឋធម្មនុញ្ញ ប្រព័ន្ធនយោបាយពហុភាគីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។
ដោយឡែក អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៦ ខែសីហានេះថា ថៃឈ្លានពានកម្ពុជាដោយរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយថៃក៏ជាប្រទេសហត្ថលេខីមួយនៃកិច្ចព្រមព្រៀងមួយថែមទៀត។
លោកគូសបញ្ជាក់ថា ប្រទេសហត្ថលេខីរួមទាំងប្រទេសសហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា គឺមានប្រទេសបារាំង និងឥណ្ឌូនេស៊ី ដែលមានកាតព្វកិច្ចរួមគ្នាជួយដោះស្រាយបញ្ចប់ការរំលោភបំពាននេះបាន។
បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បញ្ជាក់ថា បើមានការគំរាមកំហែងរំលោភលើអធិបតេយ្យភាពកម្ពុជា បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះ ត្រូវពិគ្រោះជាបន្ទាន់ ដើម្បីអនុម័តរាល់វិធានការសមស្រប ដើម្បីដោះស្រាយរាល់ការរំលោភទាំងនេះតាមមធ្យោបាយសន្តិវិធី។
វិធានការដោះស្រាយ រួមមាន រាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬប្រើប្រាស់មធ្យោបាយដំណោះស្រាយនូវទំនាស់ដោយសន្តិវិធី យោងតាមមាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយភាគីពាក់ព័ន្ធក៏អាចសុំការឧបត្ថម្ភពីសហប្រធាននៃសន្និសីទប៉ារីសស្តីពីកម្ពុជា រួមមានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ីផងដែរ។
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ធានាអំពី «អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា និង ការធានាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»៕









