លោក គង់ វិបុល ព្រមាន​ចាត់​វិធាន​ការ​អ្នក​គេច​វេះ​បង់​ពន្ធ​និង​ហានិ​ភ័យ​នៃ​ការ​បាត់​ប្រាក់​ពន្ធ

អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​ព្រមាន​ចាត់​វិធាន​ការ​ក្នុង​ករណី​រក​ឃើញ​ថា មាន​អំពើ​គេច​វេះ​ពន្ធ និង​ហានិភ័យ​នៃ​ការ​បាត់​ប្រាក់​ពន្ធ ដោយ​សំអាង​ថា សហគ្រាស​មួយ​ចំនួន ពុំ​ទាន់​បាន​បង់​ពន្ធ​តប​តាម​លិខិត​ជូន​ដំណឹង​របស់​ខ្លួ​ន​នៅ​ឡើយ ។

នេះបើតា​ម​សេចក្តី​ណែនាំ ស្តីពី វិធាន​ការ​រដ្ឋបា​ល​ចំពោះ​ការ​ខក​ខាន​ក្នុង​ការ​អនុវត្ត​លិខិត​ជូន​ដំណឹង ស្តីពី​ការ​ប្រកាស​​បង់​ពន្ធ​មិន​បាន​ត្រឹម​ត្រូវ​លើក​ទី២ ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋ​មន្ត្រី​ប្រតិ​ភូអម​នាយក​រដ្ឋ​មន្ត្រី ទទួល​បន្ទុក​អគ្គ​នា​យក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ លោក គង់ វិបុល ចុះ​ថ្ងៃ​ទី​២២​ ខែ​សីហា ឆ្នាំ​២០២៥ ដែល​វីអូឌី​ទទួល​បាន​នៅ​ថ្ងៃ​ពុ​ធនេះ​។

លោក គង់ វិបុល បាននិយាយក្នុងលិខិតនោះថា អនុលោម​តាម​សៀវភៅណែ​នាំ​ស្តីពី​បែប​បទ​និង​នីតិ​វិធី​នៃ​ការ​ធ្វើ​សវន​កម្ម​ពន្ធ​ដារ សម្រាប់​មន្ត្រី​ពន្ធ​ដារ និង​អ្នក​ជាប់​ពន្ធ អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ដែល​បាន​ជូន​ដំណឹង​ ចុះថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២៥ លោក​ពិនិត្យ​ឃើញ​ថា មាន​សហគ្រាស​មួយ​ចំនួន​ពុំទា​ន់​ធ្វើកា​រ​បង់​ពន្ធ ឬ​ឆ្លើយ​ត​ប​លើ​លិខិត​ជូន​ដំណឹង​នៅ​ឡើយ​ទេ។

លោកគូស​បញ្ជាក់​ថា ដើម្បីព​ង្រឹង​ការ​អនុវត្តច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ស្តីពី​ពន្ធ​ដារ​ប្រក​​បដោ​យ​ប្រសិទ្ធ​ភាព​លើ​ការ​អនុ​វត្ត​លិខិត​ជូន​ដំណឹង​ស្តី​ពី​ការ​ប្រកាស​បង់​ពន្ធ​មិន​បាន​ត្រឹម​ត្រូវ​លើក​ទី២ ចំ​​ពោះ​សហគ្រាស​ដែល​មិន​បាន​បង់​ប្រាក់​ពន្ធ អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់។

ស​ម្រាប់ លោក គង់ វិបុល វិធានការដែលត្រូវធ្វើ គឺ​កត់​ត្រា​ប្រាក់​ពន្ធ ពន្ធ​បន្ថែម និង​ការ​ប្រាក់​ដែល​មា​​ន​​នៅក្នុង​លិខិត​ជូន​ដំណឹង​លើក​ទី២ ជា​បំណុល​ពន្ធ​និង​អនុវត្ត​នីតិវិធី​នៃ​ការ​ប្រមូល​បំណុល​ពន្ធ​ស្រប​តា​​ម​ប្រ​កា​ស​ ចុះ​ថ្ងៃ​ទី២​០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ស្តីពី​កា​រគ្រប់​គ្រង​បំណុល​ពន្ធ​ដារ ព្រម​ទាំង​ជាក​ម្មវត្ថុ​នៃ​ការ​ចុះ​​​ធ្វើ​ស​​វនកម្ម​​ពន្ធ​ដារ។

លើសពីនេះ ត្រូវព្យួរសុពលភាពវិញ្ញាបនបត្រអាករលើតម្លៃ​បន្ថែម ឬ​ចាត់​វិធាន​ការ​ផ្សេងៗ​ស្រប​តាម​ច្បាប់​ និង​លិខិត​​បទ​ដ្ឋាន​គតិ​យុត្ត​ស្តីពី​ព​ន្ធ​ដារ​ជា​ធរមាន ក្នុង​ករណី​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​ពិនិត្យ​ឃើញ​ថា មាន​អំពើ​គេច​វេះ​ពន្ធ និង​ហានិ​ភ័យ​នៃ​ការ​បាត់​ប្រាក់​ពន្ធ។

ទូរទស្សន៍ Al Jazeera អំឡុងខែកក្កដា ឆ្នាំ២០១៨ ធ្លាប់​បាន​ចុះ​​ផ្សាយ​ថា ​លោក គង់ វិបុល មាន​​ទ្រព្យ​សម្បត្តិ​​តម្លៃ​​រាប់​លាន​​ដុល្លារ​​សហរដ្ឋ​​អាមេរិក នៅ​ក្នុង​​ប្រទេស​អូស្ត្រាលី និង​មុខ​​ជំនួញ​​ជាច្រើន​​​ទៀត បើ​ទោះ​បី​ប្រាក់​ខែ​របស់​លោក ​មិនដល់ ១.០០០ដុល្លារ​សហរដ្ឋអាមេរិកក្តី។

ទូរទស្សន៍​នេះ ឱ្យដឹង​ទៀតថា លោក​ គង់ វិបុល បាន​បង្កើត​ក្រុមហ៊ុន​វិនិយោគ ជាមួយប្តី​ប្រពន្ធ​ជនជាតិអូស្ត្រា​លី​​មួយគូ ដែលក្រោយមក​ត្រូវបាន​តុលាការ​កាត់ទោស​ពី​បទប្រព្រឹត្ត​អំពើ​ទុច្ចរិត ​ដោយ​កេង​បនំ្លពន្ធ​របស់​​ប្រទេស​អូស្ត្រាលី ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង ១,៨ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

បើតាមប្រភពនោះ តាមរយៈ​លិខិត​របស់​តុលាការ​ ដែល​ត្រូវបាន​គេ​ជឿ​ថា ​បាន​ចុះ​ហត្ថលេខា​នៅឯ​ស្ថាន​ទូត​អូស្ត្រាលី​ក្នុងទីក្រុង​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា​ លោក គង់ វិបុល ធ្លាប់​បាន​ផ្ទេរ​ប្រាក់​ចំនួន ១,២ លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅកាន់​ក្រុម​ហ៊ុន​ប្តី​ប្រពន្ធ​មួយគូ​នេះ​ទៀត​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ