មេធាវី និងអង្គការសង្គមស៊ីវិល ស្នើតុលាការក្រុងភ្នំពេញ ដោះលែងសកម្មជនផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស៊្រុន ស្រ៊ន និងសកម្មជនផ្សេងទៀត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយថានីតិវិធីនៃការឃុំខ្លួនបានអូសបន្លាយជាង១ឆ្នាំ ខណៈសវនាការលើអង្គសេចក្តីអាចនឹងអូសបន្លាយពេលយូរទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនៃការឃុំខ្លួនរបស់ជនជាប់ចោទ។
នៅព្រឹកថ្ងៃទី២៧ ខែសីហានេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើអង្គសេចក្តី ជុំវិញសំណុំរឿងរបស់សកម្មជនផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ដែលមានលោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធ និងជនត្រូវចោទផ្សេងទៀតសរុបចំនួន១០រូប ពាក់ព័ន្ធនឹងបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ តែយ៉ាងណា មេធាវីការពារក្តីឱ្យក្រុមលោក ស៊្រុន ស្រ៊ន បានស្នើតុលាការប្តូរនីតិវិធីទៅជាសវនាការសុំនៅក្រៅឃុំបណ្តោះអាសន្នវិញ។
លោក សឺន ជុំជួន មេធាវីការពារក្តីឱ្យសកម្មជន២៣តុលា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញថា ការស្នើសុំទៅកាន់តុលាការ ឱ្យពិចារណាលើនីតិវិធីសុំឱ្យកូនក្តីរបស់លោកនៅក្រៅឃុំជាបណ្តោះអាសន្ននេះ ដោយសារតែកូនក្តីរបស់លោកជាប់ឃុំជាង ១ឆ្នាំមកហើយ ហើយសំណុំរឿងនេះតុលាការបានបំបែកទៅជា ៥សំណុំរឿងទៀត ដែលធ្វើឱ្យដំណើរការនីតិវិធីកាន់តែអូសបន្លាយ អាចនឹងប៉ះពាល់ដល់សិទ្ធិនៃការឃុំខ្លួនកូនក្តីរបស់លោក។
លោកថា៖ «កូនក្តីគាត់ត្រូវបានឃុំខ្លួនហ្នឹងរយៈពេលយូរទៅហើយ ជាង១ឆ្នាំទៅហើយ ចឹងគប្បីមេធាវីហ្នឹងស្នើសុំឱ្យតុលាការហ្នឹងពិចារណាឱ្យដោះលែងស្ថិតនៅក្រៅឃុំទៅ មុនពេលដែលយើងចូលអង្គសេចក្តីផ្សេងៗ ពីព្រោះនៅក្នុងអង្គសេចក្តីហ្នឹងវាអាចអូសបន្លាយពេលវេលាទៀត វាច្រើនសំណុំរឿង ៥សំណុំរឿង[…] ចឹង៥សប្តាហ៍វាអាចអូសបន្លាយពេលវេលាដល់ជាង១ខែទៀត»។
លោកមេធាវី សឺន ជុំជួន សង្ឃឹមថា តុលាការនឹងពិចាណារដោះលែងកូនក្តីរបស់លោកឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ទៅតាមការស្នើសុំ ខណៈកូនក្តីរបស់លោកជាធនធានមនុស្សដែលអាចជួយដល់សង្គម ស្របពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ។
លោកថា៖ «យើងខ្ញុំជាមេធាវីតែងមានក្តីសង្ឃឹមថា តុលាការនឹងពិចារណាដើម្បីឱ្យពួកគាត់បាននៅក្រៅឃុំ ដោយសារហេតុផលដែលយើងលើកឡើងហ្នឹង មានហេតុផលជាច្រើន ទាក់ទងទៅនឹងធនធានសង្គមផង ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ផង ពាក់ព័ន្ធនឹងជីវភាពផង ពាក់ព័ន្ធនឹងបញ្ហាជាច្រើនទៀត ដែលជាហេតុផលមួយដែលតុលាការគប្បី ពិចារណាឱ្យពួកគាត់បាននៅក្រៅឃុំ»។
បើតាមលោកមេធាវី សឺន ជុំជួន ការស្នើសុំឱ្យកូនក្តីលោកនៅក្រៅឃុំនេះ តុលាការនឹងប្រកាសសាលក្រម នៅថ្ងៃទី០៣ ខែកញ្ញា សប្តាហ៍ក្រោយនេះ។
សកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលា លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីពួកគេបាននិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការបញ្ចូលខេត្តចំនួន៤ របស់កម្ពុជា ទៅក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងឡាវ (CLV)។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលតាមដានរឿងនេះ បានកត់សម្គាល់ពីដំណើរការសវនាការនៅព្រឹកនេះ នៅត្រង់ចំណុចដែលព្រះរាជអាជ្ញាបានចោទប្រកាន់ទៅលើសកម្មជន២៣តុលា ជុំវិញការនិយាយរិះគន់របស់ពួកគេពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ(CLV) ដែលព្រះរាជអាជ្ញាថា ការរិះគន់នេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់រាជរដ្ឋាភិបាល។ ប៉ុន្តែមេធាវីការពារក្តីឱ្យសកម្មជន២៣តុលា បានបកស្រាយថា បញ្ហាការអភិឌ្ឍនៅតំបន់ត្រីកោណនោះ ត្រូវបានរដ្ឋាភិបាលលុបចោលហើយ ដូច្នេះអ្វីដែលសកម្មជន២៣តុលា បានបញ្ចេញមតិពីបញ្ហាCLVនេះ គឺវាស្របទៅនឹងទៅអ្វីដែលរដ្ឋាភិបាលបានធ្វើ។
លោកថា៖ «ដូច្នេះការឃុំខ្លួនគាត់មកដល់ពេលនេះ ហើយអ្វីដែលគាត់ធ្វើ គឺធ្វើស្របនឹងរដ្ឋាភិបាលដែរ គាត់អត់មានប្រឆាំងនឹងរដ្ឋាភិបាលទេ គ្រាន់តែគាត់រិះគន់ឱ្យពិចារណា ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍតំបន់[CLV]នេះ»។
ចំណែក កញ្ញា ភឹង សោភ័ណ ដែលជាបងស្រីរបស់កញ្ញា ភឹង សោភា យល់ថា ការបន្តឃុំខ្លួនសកម្មជនផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា មិនមានផលចំណេញណាមួយដល់ជាតិនោះទេ ដែលករណីនេះកញ្ញាស្នើដល់តុលាការពិចាណារក្នុងការដោះលែងពួកគេឱ្យនៅក្រៅឃុំ ដើម្បីឱ្យពួកគាត់អាចបន្តសកម្មភាពជួយដល់សង្គមជាតិ។
កញ្ញាថា៖ «សុំឱ្យលោកតុលាការពិចារណាទៅលើចំណុចដែលបានកត់សម្គាល់ ទាំងផលលំបាក ទាំងកិច្ចការងារល្អៗដែល ភឹង សោភា ស្រ៊ុន ស្រ៊ន និងសាន សិទ្ធិ គាត់ប្រឹងប្រែងធ្វើក្នុងរយៈពេល៥ទៅ៦ឆ្នាំនេះ ដោយអប់រំផ្សព្វផ្សាយអំពីច្បាប់ អីចឹងពួកគាត់បានបញ្ជាក់ហើយៗថា គាត់គ្រាន់តែចង់នៅខាងក្រៅឃុំដើម្បីបន្តការងារសង្គម បន្តការងារជួយសហគមន៍ ទាំងភូមិឃុំនីយកម្ម ទាំងពលរដ្ឋដែលកំពុងមានតម្រូវលើការរៀនអំពីច្បាប់ ចឹងអត់មានផលប្រយោជន៍ណាមួយដែលគិតថាទាំងអស់ហ្នឹង វាមានចេតនានៅក្នុងការបំផ្លិចបំផ្លាញជាតិ ឬក៏ចេតនាញុះញង់ទេ»។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃពុធនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ការឃុំខ្លួនក្រុមលោក ស៊្រុន ស្រ៊ន រហូតលើសនីតិវិធីជាទង្វើខុសច្បាប់ មិនផ្តល់តម្លៃដល់អ្នកដែលស្រឡាញ់ជាតិទឹកដី ខណៈក្រុមលោក ស៊ុ្រន ស៊្រន តែងតែផ្សព្វផ្សាយពីសារសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកិច្ចព្រមព្រៀងនេះ បានការពារបូរណភាពទឹកដី និងបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ជំនួសមករិញដោយការប្រកួតអំណាចការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យ ។
លោកថា៖ «រដ្ឋាភិបាល និងតុលាការហ្នឹង ហាក់មិនយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហានិងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទេ ដូចដែលកន្លងទៅអីចឹង ពួកគាត់បញ្ចេញមតិបញ្ចេញយោបល់ គ្មានបានទៅធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម ដល់ស្ថិរភាពជាតិអីទេ គ្រាន់តែរំលឹកពីក្បួនខ្នាតច្បាប់ទម្លាប់មួយចំនួនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងការពារបូរណភាពទឹកដីកម្ពុជាហ្នឹង ចឹងអ្វីដែលពួកគាត់ធ្វើហ្នឹងដូចជាគ្មានកំហុសអ្វីទាំងអស់[…]អីចឹងរឿងអីដែលត្រូវឃុំខ្លួនគាត់តទៅទៀត ដោះលែងឱ្យគាត់មានសេរីភាពទៅ»។
សម្រាប់ លោក ម៉ែន ណាត ក្រុមលោក ស៊្រុន ស្រ៊ន មិនត្រឹមតែត្រូវដោះលែងឱ្យពួកគាត់មានសេរីភាពវិញទេ តែរដ្ឋាភិបាលត្រូវលើកទឹកចិត្ត ឬផ្តល់ពានរង្វាន់ពីការលះបង់ពេលវេលា ដែលពួកគាត់ធ្លាប់បានចុះបង្រៀនពលរដ្ឋ ឱ្យយល់ដឹងពីសារសំខាន់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាប្រយោជន៍សម្រាប់ជាតិខ្មែរ។
ពាក់ព័ន្ធនឹងរឿងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA នេះ គឺមានមនុស្សប្រហែល ១០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៤ ហើយជាមួយគ្នានោះ មានជាង ៦០នាក់ ដែលត្រូវបានចោទប្រកាន់ និងដាក់ពន្ធនាគារ សម្រាប់ការតវ៉ានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ផែនការប្រមូលផ្តុំ ឬបង្ហាញពីអារម្មណ៍របស់ពួកគេអំពីការជាប់ពាក់ព័ន្ធនៅក្នុងករណី CLV-DTA ។
ដីការបស់តុលាការ បានលើកឡើងថា ជនជាប់ចោទបានបង្កើតព័ត៌មាន«បំភ្លៃ»និង«ប្រឌិត» ដោយមានចេតនាទុច្ចរិត ញុះញង់ឱ្យមានការខឹងសម្បារប្រឆាំងនឹងថ្នាក់ដឹកនាំ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
តែយ៉ាងណា ក្រោយមករដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពី CLV-DTA រយៈពេល ២០ឆ្នាំ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីការតវ៉ា និងការរិះគន់តាមបណ្តាញសង្គម៕









