ថៃគំរាម​ច្បាម​យក​ដី​ខ្មែរ​តាម​បន្ទាត់​ព្រំដែន​ខណៈ​កម្ពុជា​ជំរុញ​ឱ្យ​អនុវត្ត​បទ​ឈប់​បាញ់

យោធា​ថៃ​ព្រមាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​២០០​គ្រួសារ នៅ​ឃុំ​អូរ​បី​ជាន់ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​សម្រេច​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ​តាម​បន្ទាត់​ព្រំដែន តាម​ផែន​ទីដែ​ល​ថៃ​គូស​ដោយ​ឯកតោ​ភាគី ខណៈ​រដ្ឋាភិបាល​ខ្មែរ​កំពុង​តស៊ូនៅ​លើ​សមរភូមិ​ការ​ទូត ជំរុញ​ឱ្យ​ថៃ​គោរព​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ដើម្បី​ធានា​សន្តិ​ភាព​សម្រាប់​ប្រទេស​ទាំង​ពីរ។

ការ​គំរាម​របស់​យោធា​ថៃ​នេះ ហាក់​ស៊ី​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​ថា ថៃ​មា​ន​មហិច្ឆ​តា ដាក់​សម្ពាធ​ឱ្យ​មេដឹក​នាំ​ខ្មែរ ធ្វើ​ផែន​ទី​ព្រំដែន​ថ្មី នាស​ម័យទំ​នើប​នេះ តាម​ដែល​ថៃច​ង់​បាន ដើម្បី​លេប​ទឹក​ដីខ្មែ​រ តាម​បន្ទាត់​ព្រំដែ​ន ដូច​ដែល​ប្រទេស​វៀត​ណាម ធ្វើជា​មួ​យមេ​ដឹក​នាំ​កម្ពុជា​អំឡុង​ទសវត្សរ៍​ទី​៨០។

ជុំវិញ​បញ្ហា​នេះអ្នក​​នាំពា​​ក្យរ​ង​កង​​ទ័ព​​ភូមិ​​ន្ទ​​ថៃ វ៉ាន់​ឆានៈ សៈវ៉ាត់ឌី នៅថ្ងៃទី២៧ ខែសី​ហា ឆ្នាំ២០២៥ បាន​ថ្លែងក្នុ​ង​ពេល​ធ្វើប​ទ​បង្ហាញ​ដល់​អ្នក​កាសែត​ថៃ នៅ​តំបន់​បាន​ណង​ចាន់ ដោយ​ទុក​រយៈ​ពេល​២ទៅ​៣ខែ​ ឱ្យ​ភាគី​កម្ពុជា​រើ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​២០​០​គ្រួសារ នៅ​តំបន់​អូរបី​ជាន់​ចេញ​ជា​បន្ទាន់។ 

ភាគីថៃអះអាងថា ខ្លួន​ធ្លាប់​បង្កើត​តំបន់​ភៀស​ខ្លួន​នៅ​ទី​នោះ ជួយ​ជន​រង​គ្រោះ​កម្ពុជា​សម័យ​ខ្មែរ​ក្រហ​ម​ តែ​ក្រោ​យ​ម​ក​ពលរដ្ឋ​ខ្មែរ​ប្រមាណ​២០​០​គ្រួសារ មិន​ព្រម​ចាក​ចេញ​ទេ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ជោគ​ជ័យ ភូមិ​ណង​ចាន់ និង​ភូមិ​​ព្រៃចាន់​ ក្នុង​ឃុំ​​អូរបី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។

មេទ័ព​ថៃថា ទឹកដីនោះជាទឹកដីថៃដោយយោងលើផែន​ទី​ថៃ គូស​ដោយ​ឯក​តោ​ភាគី​ខ្នាត​១​លើ​៥០​ពាន់ តែ​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន ចាត់ទុ​ក​ថា ជា​ផែន​ទី​ចោរ។

យ៉ាង​ណា អ្នកនាំពាក្យរងកងទ័ពភូមិន្ទ​ថៃ វ៉ាន់ឆានៈ សៈវ៉ាត់ឌី ក៏បាន​ព្រមាន​ចំៗ​ទៅ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថា បើ​មិ​ន​រុះ​រើ​ទេ ក្រុម​យោធា​ថៃ​នឹង​ទៅ​ឈូស​ឆាយ​ដោយ​ខ្លួន​ឯង។

យ៉ាងណា អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ ធ្លាប់​លើក​ឡើង​កាល​ពី​ថ្ងៃទី​២៥ ​ខែ​សីហា​ថា ថៃ​មិន​ដក​ថយ​ការ​ឈ្លាន​ពាន​កម្ពុជា​ទេ ផ្ទុយ​ទៅ​វិញ​ថៃ​នឹង​បន្ត​ធ្វើ​សង្រ្គាម​អុក​ឡុក​កម្ពុជា​ក្នុង​បំណង​ដាក់​សម្ពាធ​ឱ្យ​គ្រួសារ​ហ៊ុន​បង្កើត​ផែន​ទី​ថ្មី ជាមួយ​ថៃ ដូច​លោក ហ៊ុន សែនធ្លាប់​ធ្វើ​ជាមួយ​វៀត​ណាម។

លោកពន្យល់ថា កិច្ចព្រមព្រៀងថ្មីនេះ នឹង​មោឃ​ភាព​ខ្លឹម​សារ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ រួមទាំង​សន្ធិ​សញ្ញាបា​រាំង​សៀម ខ្លឹម​សារ​ច្បាប់ អនុ​សញ្ញាទាំ​ង​ឡាយ​រវាង​ថៃនិ​ង​កម្ពុជា​ចោល​ទាំង​អស់។ 

លោកថា«វៀតណាមបដិសេធកិច្ចព្រមព្រៀងស​ន្តិភា​ព​ទីក្រុង​ប៉ារីស! វៀត​ណាម​យក​កោះ​ត្រល់​ពី​វៀត​ណាម​ធ្វើ​ឲ្យ​រស់​ឡើង​វិញ នូវ​កិច្ច​ព្រម​ព្រៀង​ខុស​ច្បាប់​ដែល​លោក ហ៊ុន សែន ជា​អ្នក​ជួយ។ អ៊ីចឹង​ថៃ​គេ​ចង់​ធ្វើ​បែប​ហ្នឹង​គឺ​គេច​ង់​ធ្វើ​តាម​រយៈ​រដ្ឋាភិ​បាល លោក ហ៊ុន ម៉ាណែត ហ្នឹង​ដើម្បី​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ថ្មីមួ​យ​ ដែល​ថៃ​អាច​គូរ​ផែន​ទី តាម​របៀប​ថៃ​ហើយ​រដ្ឋាភិ​បាល​លោក ​ហ៊ុន ម៉ាណែត យ​ល់​ព្រម​តាម​គេ! ជា​បំណង​របស់​ថៃ​ ដូច្នេះ​សង្គ្រាម​វា​មិន​ងាយ​ចប់​ទេ ខ្ញុំ​គិត​ថា ទោះ​បី​ជា​រដ្ឋាភិបាល​ហ៊ុន សែន ហ៊ុន ម៉ាណែត នេះ​ប្រកាស​ថា​ចុះ​ចាញ់​ក៏​ដោយ តែ​បើ​អត់​មាន​កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ​ ក៏​ថៃ​មិន​បញ្ចប់​សង្គ្រាម​នោះ​ដែរ»

សម្រាប់​លោក គឹម សុខ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជាដួង​ប្រលឹង​ជាតិ​ខ្មែរ​ ហើយ​បើ​រដ្ឋាភិ​បាល​កប់​កិច្ច​ព្រម​ព្រៀង​នេះ​ចោល​ ដូច​រំលាយ​ជាតិ​សាសន៍​ខ្មែរ​ចោល​ដែរ។

លោកថា៖ «ជីវិតជាតិខ្មែរយើងស្ថិតនៅលើកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មាន​ឯកសារ​៤។ ឯកសា​រ​៣​សំខាន់​ គឺ​ដំណោះ​ស្រាយ​កម្ពុជា​ការ​ពារ​បូរណភា​ព​ទឹក​ដី និង​ស្ដារ​កម្ពុជា​ឡើង​វិញ ហើយ​រឿង​ទាំង​អស់​ហ្នឹង គឺ​ដើម្បី​ការ​ពារ​ពូជ​សាសន៍​ខ្មែរកុំ​ឲ្យបា​ត់ប​ង់​ និង​ការ​ពារ​ទឹក​ដី​ខ្មែរ​កុំ​ឲ្យបា​ត់​បង់ ដោយ​ប្រគល់​សិទ្ធិ​ស្វ័យ​សម្រេច​នៃ​ជោគ​វាសនា​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ពេល​ដែល​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត មិនអនុ​វត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ មាន​ន័យ​ថា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត លែង​ប្រគល់​សិទ្ធិ​អំណាច​ឲ្យប្រ​ជាពលរដ្ឋ​ខ្មែរ​ហើយ! កាល​ណា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត លែង​ប្រគល់​សិទ្ធិ​អំណាច​ឲ្យប្រ​ជាពលរដ្ឋ​ខ្មែរ​នោះ មាន​ន័យ​ថា អ្វី​ដែល​គេអ​នុវត្តគឺ​កិច្ច​ព្រម​ព្រៀង​ថ្មីៗ»

យ៉ាងណាអ្នកនាំពាក្យក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​ថ្លែងក្នុង​​សន្និ​សីទ​កាសែត​នៅថ្ងៃ​ទី​២៦ ខែ​សីហា​ថា កម្ពុជា​បាន​ដាក់​លិខិត​ផ្លូវ​ការ​ទៅ​ភាគី​ថៃ​ ដើម្បីប្រ​ឆាំង​ការ​បន្តទន្ទ្រាន​របស់​យោធា​ថៃ​ចូល​ទៅក្នុ​ង​ដែន​​ដី​កម្ពុជា។

លោកថា៖ «ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រសួង​ការបរទេស​និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ បាន​បញ្ជូន​ការ​តវ៉ា​ជា​ផ្លូវ​ការ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ទៅកាន់សមភាគី​ថៃ ប្រឆាំង​នឹង​ការ​បន្តបន្ត​ទន្ទ្រាន​របស់​កង​ទ័ព​ថៃ ចូល​ទៅ​ក្នុង​តំបន់​ព្រំដែន​រវាង​កម្ពុជា-ថៃ ជាពិសេ​ស​តំបន់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​កំពុង​រ​ស់​នៅ»។

កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៥ កង​កម្លាំង​យោធា​របស់​ថៃ បាន​ព្យាយាម​រាយ​បន្លា​លួស​នៅភូមិ​ជោគ​ជ័យ ឃុំ​អូរបី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ប៉ុន្តែ​ត្រូវ​ពលរដ្ឋ​ខ្មែរ​រួម​គ្នាទប់​ស្កាត់​ទើប​យោធា​ថៃ​ដក​ថយ​វិញ។

កម្ពុជាចាត់ទុកថា សកម្មភាពទន្ទ្រានកាន់កាប់​ជាឯ​កតោភាគី​ដោយ​កម្លាំង​យោធាថៃ​ តាម​វិធីដាក់​លួស​បន្លា នៅ​ផ្នែ​ក​​ព្រំដែន​​នេះ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិច្ច​ប្រឹង​ប្រែង​ក៏​ដូច​ជា​ការ​ប្តេជ្ញា​ចិត្ត​រប​ស់​រដ្ឋាភិបាល​ទាំង​ពីរ ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ដែល​បាន​ឯកភាព​គ្នា។

សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់​ថា សារ​ព្រមាន​របស់​យោធា​ថៃ​ឱ្យ​រើ​ផ្ទះ​ពលរដ្ឋ​២០​០គ្រួសារ​នេះ គឺ​ជា​ភា​សា​គំរាម​លើក​ម្ពុជា​ដើម្បី​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​ជា​ថ្មី​បំពាន​បទ​ឈប់​បាញ់។

យ៉ាងណា លោកយល់ថា គ្រួសារហ៊ុនកំពុងសាង​ប្រជា​ប្រិយ​ភាព​ទាញ​ជំនឿ​ចិត្ត​ពី​ពលរដ្ឋ តាម​រយៈ​ជម្លោះ​ព្រំដែន​ជាមួយ​​ថៃ​នេះ ក្រោយ​ជាង​៤០​ឆ្នាំនេះ​ រង​ការ​រិះគ​ន់​ថា មាន​អំពើ​ពុក​រលួយ ឧក្រិដ្ឋក​ម្ម​ឆ្លង​ដែន ជាពិសេស​ការ​កាត់​ទឹក​ដី​ឱ្យ​វៀត​ណាម ជាដើម។

ក្នុងន័យនេះ លោក​វិភាគ​​ថា លោក ហ៊ុន សែន នឹង​មិន​ហ៊ាន​បង្កើត​ផែន​ទី​ថ្មី​ជាមួយ​ថៃ​ដូច​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​ជា​មួយ​វៀត​ណាម​នោះ​ទេ។

លោកថា៖ «លោក ហ៊ុន សែន ជាមួយ​វៀត​ណាម​គាត់​ជាប់​ជំពាក់​នឹង​កិច្ច​សន្យា​លើក​បន្តុប​ឲ្យ​ លោក ហ៊ុន សែន មាន​អំណាច! ជាមួយ​ថៃ​គឺ​លោក​ហ៊ុន សែន អត់​មាន ជាប់​ជំពាក់​អី​ទេ។ គាត់​មាន​តែជា​ប់​ជំពាក់​ដែល​សាច់​ញាតិ​គាត់​រក​ស៊ីជា​មួយ​ថៃ នឹង​ត្រឡង​ដង​ស្នែង​គាត់​រក​ស៊ី​ជា​មួយ​ជាមួយ​សៀម​ជាមួយ​អីហ្នឹង! ប្រាក់​វាល់​លាន​ដុល្លារ​ដែរ។ អាហ្នឹង​វា​ជាប់​ជំពាក់​ដែល​ធ្វើ​ឲ្យ​លោក​ ហ៊ុន សែន ស្ទាក់​ស្ទើរ​ដែល​យើង​សង្ស័យ​ថា ស្ទាក់​ស្ទើរ​នៅក្នុ​ង​រឿង​ដោះ​ស្រាយ​ជម្លោះ​ប្រដាប់​​អាវុធ​ហ្នឹង​ឲ្យ​ដាច់​ស្រេច​ជា​មួយ​សៀម។ ឥឡូវ​លោក​ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ធ្វើបង្កើត​ផែនទី​​ថ្មី ជាមួយ​​ថៃ​លមើល! បឹម! ប្រជាពលរដ្ឋ​ចោត​ប្រកាន់​គាត់​ថា ជា​ជន​ក្បត់​ជាតិ​ ដូច​ប្រជា​ពលរដ្ឋ​ចោទ​ក្រុម​គ្រួសារ​គាត់​ជាមួយ​វៀត​ណាម! មិន​ហ៊ាន​ទេ! អ៊ីចឹង​បាន​រាល់​ថ្ងៃល្បែង​សង្រ្គាម​ជាមួយ​ថៃ​នេះ លោក ហ៊ុន សែន កសាង​កិត្តិ​យស​ឱ្យ​គ្រួសារ​គាត់»។

ប្រធានគណបក្សកាន់អំណាចលោក ហ៊ុន សែន ធ្លាប់​គំរា​ម​​រំលាយ​​របប​​រាជានិ​យម​​អាស្រ័យ​​ធម្ម​នុញ្ញ បើ​​ព្រះ​​អង្គ​​មិន​​​ព្រម​ឡាយ​​ព្រះ​​ហស្ត​លេ​ខា លើ​​សន្ធិ​សញ្ញា​ព្រំដែន​​បំពេញ​​បន្ថែម​​ឆ្នាំ​២០០៥ ដែល​​គណបក្ស​​ប្រឆាំង​​ចោទ​ថា សន្ធិ​​សញ្ញា​​នេះ​រំលោភ​​កិច្ច​ព្រម​​ព្រៀង​​​​សន្តិភាព​​ទីក្រុង​ប៉ារីស ដើម្បី​​សម្រេច​មហិច្ឆ​តា​​​វៀត​ណាម​លេប​ទឹក​ដីខ្មែរ។

ស​ន្ធិសញ្ញាបំពេញបន្ថែម​ឆ្នាំ២០០៥នេះ ត្រូវអ្នកតាមដាន អះ​​​អាង​ថា ធ្វើឱ្យកម្ពុជា​បាត់​បង់​ទាំង​ដែន​​​ដី​គោក និង​ដែន​​សមុទ្រ រួម​​ទាំង​ប្រ​​ជុំ​កោះ​ក្រច​ក​សេះ និង​កោះ​ត្រល់ ជា​ដើម ធ្លាក់​ក្នុង​​ដៃ​វៀត​ណាម​គ្រប់​គ្រង​​​​រហូត​បច្ចុប្បន្ន ។

យ៉ាងណាចំពេលមានជម្លោះព្រំដែនជាមួយថៃនេះ អ្នកឃ្លាំមើលយល់ថា មូល​​ហេ​តុ​​ដែល​​រដ្ឋា​ភិបាល​​កម្ពុជា មិន​​ហ៊ាន​​ប្តឹង​​ថៃ​​​ទៅ​​សហ​ប្រធាន​​កិច្ច​​ព្រម​​ព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស ព្រោះ​គ្រួសារ​ហ៊ុនខ្លាច​​ប៉ះ​​ពាល់​​ដ​ល់​វៀត​ណាម។

បើតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ តម្រូវឱ្យ​​បញ្ចប់​​សន្ធិ​សញ្ញា​ និង​​កិច្ច​​ព្រម​ព្រៀង​​ទាំង​​ឡាយ ដែល​​មិន​​ស្រប​​នឹង​​អធិប​​តេយ្យ​​ភាព ឯករាជ្យ បូរណ​ភាព និង​​ភាព​​មិន​​អាច​រំលោភ​​បាន​​នៃ​ដែន​ដី អព្យា​​ក្រិត​​ភាព និង​​ឯកភាព​​​ជាតិ​របស់​​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ