ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់បើកការជជែកអំពីការលុបបំបាត់នុយក្លេអ៊ែរជាមួយប្រទេសរុស្សី និងចិន ដោយលើកយកបញ្ហាដែលលោកធ្លាប់បានលើកឡើងពីមុនមកពិភាក្សា ខណៈដែលលោកក៏ចង់ចាប់ផ្តើមឡើងវិញនូវទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើងផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះថា លោក ត្រាំ បានប្រាប់សារព័ត៌មានមុនកិច្ចប្រជុំរបស់លោក ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង នៅសេតវិមាន កាលពីថ្ងៃចន្ទថា ‘‘រឿងមួយដែលយើងកំពុងព្យាយាមធ្វើជាមួយរុស្សីនិងចិន គឺលុបបំបាត់នុយក្លេអ៊ែរ ហើយវាពិតជាសំខាន់ណាស់’’។
នៅក្នុងព្រឹត្តិការណ៍សេតវិមានដាច់ដោយឡែកមួយ កាលពីថ្ងៃចន្ទ លោក ត្រាំ និយាយថា លោកបានលើកឡើងអំពីបញ្ហានេះ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ប៉ុន្តែលោកត្រាំ មិនបានចែករំលែកព័ត៌មានលម្អិតនៃពេលសន្ទនានោះទេ។
ជាមួយគ្នានេះ ការអធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានបង្ហាញអំពីបំណងចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន(Kim Jong Un) នៅឆ្នាំនេះ។ ដោយឡែក លោក គីម(Kim) ហាក់បីព្រងើយកន្តើយ ចំពោះការអំពាវនាវរបស់លោក ត្រាំ ម្តងហើយម្តងទៀត ចាប់តាំងពីប្រធានាធិបតីសាធារណរដ្ឋរូបនេះ ចូលកាន់តំណែងក្នុងខែមករា ដើម្បីស្តារឡើងវិញនូវទំនាក់ទំនងការទូតដែលលោក ត្រាំ បានអនុវត្តអំឡុងពេលអាណត្តិឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ របស់លោក ។
យ៉ាងណា នៅក្នុងការថ្លែងសារព័ត៌មាននៅក្នុងការិយាល័យ លោក ត្រាំ បាននិយាយថា ការលុបបំបាត់នុយក្លេអ៊ែរនឹងក្លាយជាគោលបំណងរបស់លោកក្នុងអាណត្តិទីពីរនេះ ហើយលោកនឹងចាប់ផ្តើមក្នុងពេលខាងមុខនេះ៕








